សមត្ថកិច្ច​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុក​ឈើ​ពីរ​កន្លែង​នៅ ​ត្បូង​ឃ្មុំ

ត្បូងឃ្មុំៈ កាលពី​ម្សិលមិញ​អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​​ឃ្លាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង ​នៅ​​ខេត្ត​ភាគ​ឦសាន​គឺ​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បង្រ្កាប​ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ទៅ​វៀតណាម​ដែល​មិន​អាច​ បង្ក្រាប​បាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​រហូត​ដល់​អ្នក​បរិស្ថាន​ខ្លះ ​បាន​រាយការណ៍​ថា​ព្រៃឈើ​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ត្រូវ​បាន​គេ​កាប់​អស់ ​ហើយ។

ក្នុង​ប្រតិបត្ដិការ​រួម​មួយ​ជាមួយ​ស្ថាប័ន​ជាច្រើន​ក្នុង​នោះ​រួម​មាន​ នគរបាល​ស្រុក​កងរាជ​អាវុធហត្ថ និង​មន្រ្តី​រដ្ឋបាល​ព្រៃឈើ អាជ្ញាធរ បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ឃ្លាំង​ស្តុក​ឈើ​ពីរ​កន្លែង​ក្នុង​ខេត្ត​ ត្បូងឃ្មុំ ដែល​ជា​កម្មសិទ្ធិ​របស់​ពាណិជ្ជករ​ឈ្មោះ លឹម ប៊ុណ្ណា ត្រូវ​បាន​រឹបអូស។

មន្រ្តី​បាន​និយាយ​ថា ​ពួកគេ​នៅ​តែ​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ទំហំ​នៃ​ការ​បង្ក្រាប​ហើយ​មិន​អាច​ ចេញ​ផ្សាយ​សេចក្តី​លម្អិត​ណា​មួយ​បាន​ទេ​ប៉ុន្តែ​រូបភាព​ដែល​បង្ហោះ​ផ្សាយ​ លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​បង្ហាញ​នូវ​ឈើ​រាប់រយ​ម៉ែត្រ​គុប​ ដែល​ដាក់​គរ​គ្នា​ក្នុង​ឃ្លាំង។ អាជ្ញាធរ​មិន​ទាន់​កំណត់​ថា​តើ​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​ដោយ​ខុស​ ច្បាប់​ឬ​យ៉ាង​ណា​ទេ។

លោក ម៉ៅ ពៅ ស្នងការ​ខេត្ត​ត្បូងឃ្មុំ​បាន​ឱ្យ​ដឹង​ថា៖ «ចាប់​តាំងពី​ពេល​ព្រឹក​ព្រលឹម​រហូត​មក​ទល់​ពេល​នេះ (ល្ងាច​ម្សិលមិញ) គ្មាន​ការ​ប៉ាន់​ប្រមាណ​បាន​ត្រឹម​ត្រូវ​ទេ និង​ថា​យើង​ត្រូវ​ពិនិត្យ​មើល​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន»។

កាលពី​ថ្ងៃ​សុក្រ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក្នុង​ការ​ដឹកនាំ​គណៈកម្មការ​ បង្រ្កាប​ការ​រត់​ពន្ធ​ឈើ​ខុស​ច្បាប់​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស ​វៀតណាម។

កងកម្លាំង​ចម្រុះ​បាន​ខ្ចី​ឧទ្ធម្ភាគចក្រ​យោធា​ចំនួន​ពីរ​គ្រឿង​ដើម្បី​ ជួយ​ក្នុង​ការ​ស៊ើប​អង្កេត។ នៅ​ពេល​នោះ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា​ឧកញ៉ា សឿង សំអុល និង​លោក លីម ប៊ុណ្ណា គឺជា​គោលដៅ​ចម្បង​នៃ​ការ​បង្ក្រាប​នេះ។

កាលពី​ម្សិលមិញ​មិន​មាន​ព័ត៌មាន​អំពី​ស្ថានភាព​នៃ​ការ​ស៊ើប​អង្កេត​លើ​ ករណី​លោក សំអុល ទេ​ហើយ​មន្ត្រី​មិន​បាន​បញ្ជាក់​ថា​តើ​ពួកគេ​ត្រូវ​ឃុំ​លោក ប៊ុណ្ណា ឬ​បើ​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ឬ​យ៉ាង​ណា​ទេ។

កាលពី​ម្សិលមិញ​ទាហាន និង​នគរបាល​រាប់រយ​នាក់​ក៏​បាន​ស៊ើបអង្កេត​លើ​ដី​សម្បទាន​ក្នុង​ខេត្ត​ ក្រចេះ​នៅ​ជិត​ព្រំ​ប្រទល់​ខេត្ត​មណ្ឌលគិរី​ផង​ដែរ។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កងរាជ​អាវុធហត្ថ​បាន​ថ្លែង​ថា៖ «យើង​បាន​បញ្ជូន​កងកម្លាំង​របស់​យើង​តាម​បញ្ជា​របស់​គណៈកម្មការ​ហើយ​យើង​បាន ​ចាប់​ផ្តើម​មួយ​ជំហាន​ម្តងៗ»។

លោក សាន ប៊ុនថន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ​បាន​បញ្ជាក់​ថា​កងកម្លាំង​បាន​រឹប ​អូស​យក​បាន​ឈើ​រាប់ពាន់​ដុំ​លើ​ដី​សម្បទាន​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​ចិន ​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​លោក​មិន​អាច​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន​នោះ​បាន​ទេ។

លោក​បន្ត​ថា៖ «យើង​កំពុង​រក្សា​កងកម្លាំង​របស់​យើង​ឲ្យ​ឈរ​ជើង [នៅ​ដី​សម្បទាន​នេះ] ដើម្បី​ត្រួតពិនិត្យ​ឈើ​ និង​ក្នុង​គោលបំណង​អនុញ្ញាត​ឱ្យ​រដ្ឋបាល​ព្រៃឈើ​ពិនិត្យ​មើល​ថា​តើ​វា​ខុស​ ច្បាប់​ឬ​អត់»។

នៅ​ពេល​ទាក់ទង​ពី​ម្សិលមិញ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី​បាន​និយាយ​ថា​អាជ្ញាធរ​បាន​ស៊ើប​ អង្កេត​ទីតាំង​ទាំង​នេះ​យូរ​ហើយ​ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ ភ័ស្តុតាង​រឹងមាំ​ណា​មួយ​បង្ហាញ​ពី​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ទេ។ លោក​បន្ត​ថា៖ «[លោក​នាយក​រដ្ឋមន្ត្រី] បាន​ស្នើ​ឲ្យ [គណៈកម្មការ] បិទ​ព្រំដែន​ទាំង​អស់​ដែល​ពួកគេ​រត់​ពន្ធ​ឈើ​ទៅ​វៀតណាម»។

លោក Marcus Hardtke អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ឲ្យ​អង្គការ​អភិរក្ស​ អាល្លឺម៉ង់ ARA បាន​ថ្លែង​ថា៖ «គួរ​ឱ្យ​ស្តាយ​វា​ជា​ចំណុច​សំខាន់​នៃ​ជម្លោះ»។

លោក Hardtke បាន​ថ្លែង​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នេះ​ពុំ​បាន​ទប់ស្កាត់​ការ​រក​ស៊ី​កាប់​ឈើ​ ខុស​ច្បាប់​នៅ​កម្ពុជា​បាន​ច្រើន​ទេ។ «ខ្ញុំ​មិន​បាន​មើល​ឃើញ​ការ​ផ្លាស់ប្តូរ​គោល​នយោបាយ​ពី​ការ​កាប់​បំផ្លាញ​ ព្រៃឈើ ឬ​ការ​កាប់​ឈើ​ខុស​ច្បាប់​ទេ»៕

 

18 January 2016

From: Postkhmer


Leave a Comment