សមត្ថកិច្ច​ថា​ការ​ដឹកឈើ​ទៅ​វៀតណាម​លែង​មាន​ទៀត​ហើយ

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​អះអាង​ថា​ការ​ដឹក​ ជញ្ជូន​ឈើ​​ខុស​ច្បាប់​តាម​ច្រក​ព្រំដែន​នានា​ទៅ​កាន់​ប្រទេស​វៀតណាម​ត្រូវ​ បាន​បិទ​ទាំង​ស្រុង​ហើយ ហើយ​មាន​រថយន្ត​ដែល​ធ្លាប់​តែ​ដឹកឈើ​រាប់រយ​គ្រឿង​បាន​បើក​ចេញ​ពី​ព្រៃ​ដោយ​ ពុំ​មាន​ដឹក​ឈើ។

យ៉ាង​ណា​ក៏ដោយ​នៅឯ​ខេត្ត​ព្រះវិហារ​​ប្រជាសហគមន៍​បាន​ចាប់​ឃាត់​រថយន្ត​ ដឹក​ឈើ​ហ៊ុប​ចំនួន​ ៣ គ្រឿង និង​កម្មករ​កាប់​ឈើ​ ១០ នាក់​ហើយ​កាលពី​ម្សិលមិញ​មាន​តំណាង​ក្រុមហ៊ុន​ទៅ​ចរចា​សុំ​យក​ឈើ​ និង​ដោះលែង​កម្មករ​ទាំង​នោះ​វិញ​។

លោក​ឧត្តមសេនីយ៍​ វង្ស ពិសេន មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ ថា​ បណ្តា​ខេត្ត​ដែល​​បាន​​បិទ​ច្រក​ព្រំដែន​នាំ​ឈើ​ចេញ​រួម​មាន ខេត្ត​​មណ្ឌលគិរី រតនគិរី ក្រចេះ ព្រៃវែង ត្បូងឃ្មុំ ដោយ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ចំនួន ២០៥ នាក់​។​

លោក​បញ្ជាក់​ថា​៖ «​នៅ​​យប់​​ថ្ងៃ​​ទី ១៥ ខែ​មករា​យើង​បាន​​ឃើញ​​រថយន្ត​ប្រហែល ៣០០ គ្រឿង​បើក​ចេញ​​ពី​​ព្រៃ​ដោយ​គ្មាន​ដឹក​អ្វី​ទេ​ពី​ខេត្ត​​ក្រចេះ​ និង​​​មណ្ឌលគិរី គ្មាន​ការ​ដឹកជញ្ជូន​​ឈើ​​​ទៅ​​​ព្រំដែន​ហើយ​​ព្រំដែន​ត្រូវ​​បាន​​បិទ​​ ទាំង​ស្រុង​»​។

បើ​តាម​លោក ពិសេន យោង​​តាម​របាយការណ៍​​កម្លាំង​កងរាជ​អាវុធហត្ថ​បាន​​ផ្តល់​​ទីតាំង​ឃ្លាំង​ ស្តុក​ឈើ​មួយ​​ចំនួន​ខណៈ​​ដែល​​ឈើ​ក្នុង​​ព្រៃ​មិន​មាន​ការ​ដឹក​ចេញ​ទៀត​។

លោក​បញ្ជាក់​ថា​៖ «យើង​​បាន​​មើល​​ឃើញ​​ទីតាំង​ក្នុង​​ខេត្ត​ក្រចេះ ស្រុក​សំបូរ យើង​បាន​​មើល​​ឃើញ​​ឈើ​​ជាច្រើន​ក្នុង​​ទីតាំង​ដែល​​បាន​ដឹក​ពី​ខេត្ត​​ ស្ទឹងត្រែង មណ្ឌល​គិរី និង​​ក្រចេះ​ហើយ​​រក្សា​​ទុក​​នៅ​​ទីតាំង​​នេះ​..»។

លោក​ ពិសេន ​បាន​ឲ្យ​ដឹង​ទៀត​ថា​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ក្នុង​ឃុំ​ស្រែឈូក​ និង​ស្រុក​​កែវសីមា​មាន​ទីតាំង​ស្តុក​ឈើ​​​បី​​កន្លែង​ត្រូវ​បាន​បិទ​ហើយ​ ទីតាំង​ទាំង​នោះ​ស្ថិត​ក្រោម​​ការ​គ្រប់គ្រង​​របស់​​កងរាជ​អាវុធហត្ថ​ដោយ​ មាន​ឈើ​ប្រហែល​ពី​មួយ​ពាន់​ទៅ​ពីរ​ពាន់​ម៉ែត្រ​គុប។

លោក​បញ្ជាក់​ថា៖ «​ចំពោះ​ឧកញ៉ា​ អុល យើង​បាន​​គ្រប់គ្រង​ឃ្លាំង​គាត់​មាន​ទីតាំង​ស្ថិត​នៅ​​ក្បែរ​​ព្រំដែន​ ប៉ុន្តែ​យើង​បាន​​ឆែក​ហើយ​តែ​មិន​​បាន​​ឃើញ​​ឈើ​ច្រើន​ទេ ខណៈ​ពេល​​ដែល​ឧកញ៉ា ខ្នា ​យើង​​បាន​ឆែក​ឃើញ​មាន​ឈើ​​ច្រើន​​ណាស់​នៅឯ​ព្រំដែន​ហើយ​យើង​​បាន​​រាប់​​ឈើ ​ហើយ​មាន​ឈើ​ជាង ២០០ ដុំ​ស្មើ​នឹង ៨១៥ ម៉ែត្រ​គុប​ហើយ​យើង​មិន​ទាន់​រាប់​ចប់​ទេ​»។

លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហតុ​លើ​ផ្ទៃ​ប្រទេស​ក៏​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ ផង​ដែរ​ថា​បន្ទាប់ពី​កម្លាំង​យោធា​បាន​ចុះ​ទៅ​ប្រតិបត្តិការ​ចាប់​តាំងពី​ ថ្ងៃ​ទី​ ១៥ ខែ​មករា​មក​បាន​រកឃើញ​​ឈើ​ជា​ច្រើន​ជាពិសេស​នៅ​ក្នុង​ខេត្ត​បី​គឺ​ក្រចេះ មណ្ឌលគិរី និង​ត្បូង​ឃ្មុំ​។ ​«​អ្វី​ដែល​យើង​​បាន​ដឹង​ក្នុង​អំឡុង​ពេល​​ពិនិត្យ​របស់​យើង​ទៅលើ​ឈើ​របស់​ ពួកគេ​គឺ​មាន​ឯកសារ​មួយ​ចំនួន​ដែល​​បាន​ចេញ​ឲ្យ​ពួកគេ​ដោយ​​ស្ថាប័ន​រដ្ឋ​ មួយ​ចំនួន​របស់​យើង​…​​»។

កាលពី​ថ្ងៃ​សុក្រ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ទប់ស្កាត់​ការ​ដឹក​ឈើ​ខុស​ច្បាប់​ទៅ​ កាន់​ប្រទេស​វៀតណាម។

លោក សៅ សុខា បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា​ចាប់​តាំងពី​មាន​បទបញ្ជា​ពី​លោក​នាយក​ រដ្ឋមន្ត្រី​មក​លោក​បាន​បញ្ជូន​កងកម្លាំង​​ទៅ​តាម​គោលដៅ​ដើម្បី​ទប់ស្កាត់​ ការ​នាំ​ឈើ​ចេញ​ហើយ​លោក​ថា​៖ «​ស្ថានភាព​បាន​ក្លាយ​ជា​ស្ងប់ស្ងាត់​ហើយ​មិន​មាន​ការ​ដឹក​ឈើ​ពី​កម្ពុជា​​ ទៅ​វៀតណាម​ទេ​»។

ចំណែក​នៅឯ​ស្រុក​គូលេន ខេត្ត​ព្រះវិហារ​កាលពី​ម្សិលមិញ​ប្រជាសហគមន៍​បាន​បដិសេធ​ការ​ចរចា​ដោះដូរ​ ក្រៅ​ផ្លូវការ​ជាមួយ​ភាគី​ក្រុមហ៊ុន​ពាក់ព័ន្ធ​ករណី​​អ្នក​ភូមិ​បាន​ចាប់​ រថយន្ត​ដឹក​ឈើ​ហ៊ុប​ចំនួន​ ៣ គ្រឿង និង​កម្មករ​ចំនួន ១០ នាក់​កាលពី​រសៀល​ថ្ងៃ​អាទិត្យ​គ្រា​ដែល​ពួកគេ​កំពុង​ដឹក​ជញ្ជូន​ឈើហ៊ុប​ចេញ​ ពី​តំបន់​ព្រៃ​អភិរក្ស​គូលេន​ព្រហ្មទេព​។

លោក ឡៃ វ័ន្ត តំណាង​ប្រជាសហគមន៍​ព្រៃឈើ​ពោធិ៍រៀង​ស្ថិត​ក្នុង​ឃុំ​គូលេន​ខាង​ជើង​បាន​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​មាន​តំណាង​ក្រុមហ៊ុន​ចំនួន​ពីរ​បាន​មក​ចរចា​ ជាមួយ​ពួកគាត់​ដោយ​ស្នើ​សុំ​ដោះលែង​គ្រឿងចក្រ និង​កម្មករ​ឲ្យ​ត្រឡប់​ទៅវិញ​ជា​ថ្នូរ​នឹង​ប្រាក់​មួយ​ចំនួន​ប៉ុន្តែ​ ពួកគាត់​បាន​បដិសេធ។

លោក​ថា​៖ ​«យើង​ខ្ញុំ​មិន​ត្រូវ​ការ​លុយ​ល្មើស​ច្បាប់​របស់​ពួកគេ​ទេ​យើង​ចង់​ឲ្យ​ ពួកគេ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ និង​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ហើយ​ចង់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ផាកពិន័យ​ពួកគេ ​ទៅ​តាម​ច្បាប់​ដើម្បី​ទុក​ជា​ការ​ព្រមាន​ដល់​ពួកគេ»៕

 

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment