សមត្ថកិច្ច​បន្ត​បង្ក្រាប​ បែរ​ជា​ឈើ​បន្ត​ឆេះ

សមត្ថកិច្ច​បន្ត​បង្ក្រាប​ បែរ​ជា​ឈើ​បន្ត​ឆេះ

មណ្ឌលគិរីៈ ខណៈ​ដែល​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​កំពុង​តែ​បន្ត​ប្រតិបត្តិការ​ បង្ក្រាប​បទល្មើស​នោះ​បែរ​ជា​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ពីរ​ ផ្សេង​ទៀត​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដក​ហូត​អាជ្ញាប័ណ្ណ​ហើយ​នោះ​ត្រូវ​បាន​ ភ្លើង​ឆេះ​ជា​បន្តបន្ទាប់​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា​បណ្តាល​មកពី​ ភ្លើង​ឆេះ​ព្រៃ​ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ឃើញ​ផ្ទុយ​ពី​នោះ។

បញ្ហា​ភ្លើង​ឆេះ​ឈើ​ជា​បន្តបន្ទាប់​ក្នុង​ដីសម្បទាន​កាលពី​សប្តាហ៍​មុន និង​សប្តាហ៍​នេះ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ វង្ស ពិសេន មេបញ្ជាការ​រង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដឹកនាំ​កម្លាំង​ជិះ​ ឧទ្ទម្ភាគចក្រ​ទៅ​មើល​ក្នុង​តំបន់​នោះ។ ប៉ុន្តែ​មិន​មាន​ព័ត៌មាន​ណា​មួយ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​នោះ​ទេ។

ខណៈ​អ្នក​ដុត​បំផ្លាញ​ឈើ​ក្នុង​ក្រុមហ៊ុន​វៀតណាម​ ប៊ិញហ្វៀក១ មិន​ទាន់​ត្រូវ​បាន​រកឃើញ​នោះ​ស្រាប់​តែ​​ឈើ​ជា​ច្រើន​គំនរ​ផ្សេង​ទៀត​ នៅក្នុង​ក្រុមហ៊ុន​ ដាយណាម និង​ក្រុមហ៊ុន​ កសិកម្ម​ខ្មែរ​អង្គរ​ ត្រូវ​បាន​ឆេះ​កាលពី​ដើម​សប្តាហ៍​នេះ​។

លោក​ សាក់ សារ៉ាង មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​បាន​អះអាង​ថា​ការ​ឆេះ​ឈើ​នៅ​ ពីរ​ក្រុមហ៊ុន​ក្រោយ​នេះ​បណ្តាល​មកពី​ឧប្បត្តិហេតុ​ភ្លើង​ឆេះព្រៃ​ដែល​មិន​ ទំនង​ជា​មកពី​គេ​លួច​ដុត​ដូច​នៅ​ក្រុមហ៊ុន​ ប៊ិញហ្វៀក១ នោះ​ទេ។

លោក​ថា៖ ​«អាហ្នឹង​មិនមែន​គេ​លួច​ដុត​ទេ​វា​ជា​ភ្លើង​ឆេះ​ព្រៃ​រាលដាល។ នៅ​ ប៊ិញហ្វៀក ​ប្រហែល​គេ​លួច​ដុត​តែ​នៅ​ខ្មែរ​អង្គរ​ និង​ដាយណាម​ហ្នឹង​វា​ភ្លើង​ឆេះ​ព្រៃ​ទេ»។ ទោះ​យ៉ាង​ណា​លោក​មិន​អាច​ប៉ាន់​ស្មាន​ពី​ចំនួន​ឈើ​ដែល​ត្រូវ​បាន​ឆេះ​នោះ​ ទេ។

លោក​ សាក់ សារ៉ាង បន្ត​ថា​លោក​ និង​កងកម្លាំង​របស់​លោក​​បាន​ទៅ​បាញ់​ទឹក​ពន្លត់​ភ្លើង​ទាំង​នោះ​ពេញ​មួយ​ ថ្ងៃ​ដើម្បី​កុំ​ឲ្យ​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «ឈើ​ហ្នឹង​មាន​តែ​របស់​ក្រុមហ៊ុន​ហ្នឹង​មិនមែន​របស់​អ្នក​ណា​ផ្សេង​ទេ។
តែ​ខ្ញុំ​មិន​អាច​ដឹង​ទេ​ថា​ឈើ​ហ្នឹង​វា​ស្រប​ច្បាប់ ឬ​យ៉ាង​ណា​នោះ​ទេ»។

លោក​ឧត្តម​សេនីយ៍​ វង្ស ពិសេន បាន​ថ្លែង​ថា​លោក​បាន​ទៅ​មើល​កន្លែង​ដែល​កងកម្លាំង​ឃាត់​ឈើ​នៅ​ក្នុង​ព្រៃ​ របស់​ក្រុមហ៊ុន​មួយ​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ប្រាប់​ពី​ឈ្មោះ​ក្រុមហ៊ុន និង​បរិមាណ​​ឈើ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «​យើង​ឃើញ​មាន​ឆេះ​ដែរ។ វា​អាច​រាល​ពី​ព្រៃ​។ យើង​កំពុង​តែ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នេះ។ អ្វី​ដែល​គ្មាន​ភ័ស្តុតាង​ច្បាស់លាស់​យើង​អត់​អាច​ចោទប្រកាន់​បាន​ទេ»។

ប៉ុន្តែ​លោក​ សុក រដ្ឋា អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ខេត្ត​មណ្ឌលគិរី​បាន​ចាត់​ទុក​ការ​លើក​ ឡើង​ថា​ឈើ​ឆេះ​មកពី​ភ្លើង​ឆេះ​ព្រៃ​នោះ​ថា ​«ជា​ការ​គេចវេះ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​គ្រង់គ្រង និង​ទប់ស្កាត់​តែ​ប៉ុណ្ណោះ»។

លោក​ រដ្ឋា ​​កត់សម្គាល់​ថា​ជា​ធម្មតា​ឈើ​របស់​ក្រុមហ៊ុន​បែប​នោះ​គឺ​មាន​ការ​យាម​ ការពារ​ដោយ​កម្មករ និង​សន្តិសុខ​តឹងតែង​ណាស់​ដែល​មិន​អាច​ត្រូវ​បាន​ភ្លើង​ឆេះ​ដោយ​ងាយៗ​បែប​ នោះ​ទេ។ «មែនទែន​ទៅ​អា​ឧប្បត្តិហេតុ​ដែល​កើត​មាន​ហ្នឹង​វា​មិន​មែន​គាប់​ជួន​អី​ដល់​ ថ្នាក់​ហ្នឹង​ទេ​។ បើ​ភ្លើ​ង​​ឆេះ​ព្រៃ​មែន​ក៏​វា​មិន​អាច​រាលដាល​ដល់​គំនរ​ឈើ​គរ​ទុក​នោះ​ដែរ​ ព្រោះ​គេ​មាន​ការ​យាមកាម​តឹងតែង​ណាស់​សូម្បី​សហគមន៍​ក៏​មិន​អាច​ចូល​បាន​ដែរ ​ថា​ភ្លើង​ឆេះ​ព្រៃ​ទៅ​រាលដាល​ដល់​ឈើ​នោះ​វា​មិន​អាច​ទៅ​រួច​ទេ»​។

ក្រុមហ៊ុន​ ដាយណាម និង​កសិកម្ម​ខ្មែរអង្គរ ត្រូវ​បាន​រដ្ឋាភិបាល​ដក​ហូត​អាជ្ញា​ប័ណ្ណ​រួច​ហើយ​ដោយសារ​តែ​មិន​គោរព​តាម​ លក្ខខណ្ឌ និង​កិច្ចសន្យា​ជាមួយ​នឹង​រដ្ឋាភិបាល។ ទោះ​យ៉ាង​ណា​លោក​ សុករដ្ឋា បាន​ថ្លែង​ថា​បើ​ទោះបី​ជា​មាន​ការ​ប្រកាស​ដកហូត​យ៉ាង​ណា​ក៏ដោយ ​ក៏​នៅ​តែ​មាន​ការ​ប្រមូល​ឈើ និង​កាប់រាន​ដី​ព្រៃ​ដែរ។

ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ដែរ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា (CCHR) បាន​ផ្ញើ​លិខិត​ចំហ​មួយ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ សាយ សំអាល់ កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ស្នើសុំ​ការ​បំភ្លឺ​ពី​ការ​ផ្តល់​ដី​សម្បទាន​ជា​ ថ្មី​ទៅ​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី ភាព និង​ លឹម ប៊ុណ្ណា បន្ទាប់ពី​ដី​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ដកហូត​ដី ​ទុក​ជា​សម្បត្តិ​រដ្ឋ។ ការ​ស្នើសុំ​ការ​បំភ្លឺ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ចុះ​ផ្សាយ​ថា​ ដីសម្បទាន​ដែល​បាន​ដក​ហូត​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា ​ទាំង​ពីរ​ទៅវិញ​ដែល​នោះ​វា​ផ្ទុយ​ទៅ​នឹង​​បទបញ្ជា ០១ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ខែ​ឧសភា​ឆ្នាំ ២០១២។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​នាយិកា​លោកស្រី​ ចក់ សុភាព បាន​សរសេរ​ថា៖ «នាង​ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រសួង​បរិស្ថាន​​មេត្តា​បំភ្លឺ​​ពី​ការ​ផ្តល់​ ដីសម្បទាន​​នោះ​ថា​ពិត​ ឬ​មិន​ពិត បើ​មិនមែន​ជា​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មី​នោះ​ទេ​សូម​ក្រសួង​ផ្តល់ ​ព័ត៌មាន​អំពី​សិទ្ធិ​ដែល​ក្រុមហ៊ុន​ទាំង​នោះ​មាន​ និង​ធានា​ថា​មិន​ឲ្យ​មាន​ការ​កាប់​​បំផ្លាញ​ព្រៃឈើ​ជាថ្មី​ទៀត​ឡើយ​»។

លោកស្រី​ ចក់ សុភាព បន្ត​ក្នុង​លិខិត​​នោះ​ថា​ការ​ព្រួយបារម្ភ​លើ​ការ​ប្រើប្រាស់​ដីសម្បទាន​ដែល ​ដកហូត​នោះ​គឺ​មាន​កាន់​តែ​ខ្លាំង​​ឡើង​ដោយ​ហេតុ​ថា​កន្លង​មក​លោក​ ទ្រី ភាព ត្រូវ​បាន​រាយការណ៍​ថា​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ប្រើប្រាស់​ដី «ក្នុង​បំណង​កាប់​ឈើ​ខុស​ច្បាប់»។ រីឯ​លោក​ លឹម ប៊ុណ្ណា ​វិញ​ត្រូវ​បាន​គេ​លើក​ឡើង​ចំ​ឈ្មោះ​ថា​ជា​មុខ​សញ្ញា​មួយ​របស់​គណកម្មការ​ ស៊ើប​អង្កេត​បទល្មើស​ព្រៃឈើ។

ទោះបី​យ៉ាង​ណា​លោក​ សៅ សុភាព អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ពន្យល់​ថា​ការ​ចុះ​ផ្សាយ​ពី​រឿង​ផ្តល់​ ដីសម្បទាន​នោះ​គឺជា​រឿង​ភាន់ច្រឡំ​នោះ​ទេ។

លោក​ថា​ ការ​ផ្តល់​ដីសម្បទាន​ថ្មី​ទៅ​ឲ្យ​ក្រុមហ៊ុន​ ទ្រី ភាព និង​ លឹម ប៊ុណ្ណា ​គឺ​គ្មាន​នោះ​ទេ។ បន្ទាប់ពី​ក្រុមហ៊ុន​ចាស់​ត្រូវ​​បាន​លុប​ចោល​គឺ​មាន​ឈើ​សេសសល់​ក្នុង​ដី​ ទាំង​នោះ​ពី​ម្ចាស់​សម្បទាន​មុន​ហើយ​ក៏​ត្រូវ​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ ទ្រី ភាព និង​ លឹម ប៊ុណ្ណា ​ធ្វើការ​ប្រមូល​ដោយ​មាន​ការ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​៕

 

ថ្ងៃទី២៧ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment