សម្ព័ន្ធ​និយោជក​ស្នើ​សម្រួល​មាត្រា​ច្បាប់​សហជីព

ភ្នំពេញៈ សហព័ន្ធ​និយោជក​ និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ស្នើ​ដល់​គណៈកម្មការ​ ជំនាញ​នៃ​រដ្ឋសភា​កែ​សម្រួល​​​មាត្រា​​ចំនួន​​ ៧ ក្នុង​ចំណោម​ ១០០ មាត្រា​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​ខណៈ​ពួកគេ​យល់​ថា​សេចក្តី​ ព្រាង​​ច្បាប់​នេះ​នៅ​មិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការ​ និង​ធានា​នូវ​បរិយាកាស​ឧស្សាហកម្ម​រស់រវើក​នៅ​ឡើយ។

ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​រដ្ឋសភា​រវាង​សហព័ន្ធ​ និយោជក ​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) ជាមួយ​គណៈកម្មការ​​ជំនាញ​​រដ្ឋសភា​មកពី CPP ពាក់ព័ន្ធ​សំណើ​ ៧ ​ចំណុច​ចំពោះ​​​សេចក្តី​ព្រាង​ច្បាប់​សហជីព។

ភាគី​និយោជក​បាន​លើក​ឡើង​ពី​មាត្រា​ ១០ ដែល​និយាយ​​ពី​សហជីព​មូលដ្ឋាន​មួយ​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​កម្មករ​ និយោជិត​ក្នុង​សហគ្រាស ឬ​គ្រឹះស្ថាន​មូលដ្ឋាន​មាន​ចំនួន​យ៉ាង​តិច​ ១០ ​នាក់​នោះ​ភាគី​និយោជិក​បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​ថា​សហជីព​មូលដ្ឋាន​មួយ ​ត្រូវ​បាន​បង្កើត​ដោយ​កម្មករ​​យ៉ាង​​តិច ២០ ​ភាគរយ​នៃ​ចំនួន​​​​សរុប​ក្នុង​សហគ្រាស ឬ​គ្រឹះស្ថាន​មួយ។ ចំណែក​មាត្រា ១៣ ដែល​កំណត់​កូរ៉ុម​ប្រជុំ​ចំនួន​ភាគច្រើន​ដាច់​ខាត (​យ៉ាង​តិច​ ៥០%​ បូក ១ ) នៃ​សមាជិក​សហជីព​សរុប​សម្រាប់​រាល់​ប្រជុំ​សម្រេច​ធ្វើ​កូដកម្ម​កែប្រែ​ លក្ខន្តិកៈ និង​មហា​សន្និបាត​សហជីព និង​មាត្រា​​ ១៧ ដែល​តម្រូវ​ឲ្យ​សហជីព ឬ​សមាគម​និយោជក​នីមួយៗ​ត្រូវ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​ចំណូល​ចំណាយ​នោះ​ គឺ​ភាគី​និយោជក​បាន​គាំទ្រ​មាត្រា​ទាំង​នេះ​ទាំង​ស្រុង​ខណៈ​ដែល​ក្រុម​សហជីព ​ធ្លាប់​បាន​ជំទាស់​។

ការ​ស្នើ​នេះ​ត្រូវ​បាន​ភាគី​និយោជក​ថា​ជា​ដំណោះស្រាយ​​មួយ​ក្នុង​ការ​ទប់ស្កាត់​ ឬ​កាត់​បន្ថយ​ការ​ធ្វើ​កូដកម្ម​មិន​ស្រប​ច្បាប់។

ក្រៅពី​នោះ​ភាគី​និយោជក​បាន​លើក​ឡើង​នូវ​មាត្រា​ផ្សេង​ទៀត​ស្ដី​ពី​ការ​ លុប​បញ្ជិកា​សហជីព​ដោយ​ស្នើ​ឲ្យ​ដាក់​ខ្លឹមសារ​ថា​ក្រសួង​​ការងារ​ក៏​មាន​ អំណាច​ក្នុង​ការ​សម្រេច​ព្យួរ​បញ្ជិកា​សហជីព​ដែរ​មិនមែន​មាន​តែ​តុលាការ​ទេ។ ភាគី​និយោជក​ក៏​បាន​ស្នើ​កែប្រែ​លក្ខខណ្ឌ​ដែល​តម្រូវ​​ឲ្យ​ថ្នាក់​ដឹកនាំ​ និង​អ្នក​ទទួល​ខុស​ត្រូវ​កិច្ចការ​រដ្ឋបាល​របស់​សហជីព​ត្រូវ​មាន​កម្រិត​ វប្បធម៌​យ៉ាង​តិច​ថ្នាក់​ទី​ ៩ និង​​ត្រូវ​មាន​លិខិត​ថ្កោលទោស​ខណៈ​សេចក្តី​ព្រាង​ច្បាប់​គ្រាន់តែ​ចែង​ថា​ យក​ត្រឹម​ចេះ​អាន និង​សរសេរ​ភាសា​ខ្មែរ និង​ប្រកាស​ថា​ខ្លួន​មិន​ធ្លាប់​ទទួល​ទោស​ពី​បទ​ឧក្រិដ្ឋ​ ឬ​បទមជ្ឈិម​។

ចំពោះ​មាត្រា ៥៤ ចែង​ពី​តំណាង​បំផុត​ក្នុង​សហគ្រាស​ ឬ​គ្រឹះស្ថាន​មួយ​ដែល​តម្រូវ​ឲ្យ​​​មាន​សមាជិក​ត្រឹម​តែ ៣០ ភាគរយ​នៃ​ចំនួន​កម្មករ​និយោជិត​សរុប​​នោះ​ភាគី​រោងចក្រ​បាន​ស្នើ​កែ​ថា​ សហជីព​នោះ​ត្រូវ​មាន​សមាជិក​ ៥១ ភាគរយ​នៃ​និយោជិត​សរុប​របស់​សហគ្រាស សហជីព​នោះ​ត្រូវ​តែ​មាន​សមាជិក​យ៉ាង​ហោច​​ ៣៣ ​ភាគរយ​នៃ​សមាជិក​សរុប​ដែល​បាន​បង់​ប្រាក់​វិភាគទាន​ជូន​សហជីព។ ភាគី​និយោជក​ក៏​បាន​ស្នើ​ឲ្យ​លុប​ឃ្លា​មួយ​ពី​មាត្រា​ ៧៧ ចែង​ពី​ការ​បង់​ប្រាក់​ពិន័យ​អន្តរកាល​នាំឲ្យ​រំលត់​បណ្តឹង​អាជ្ញា​ផង​ដែរ​ ដោយសារ​ចំណុច​នេះ​មាន​ភាព​មិន​ច្បាស់​លាស់​។

លោក វ៉ាន់ សូអៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​ជា​តំណាង​ CAMFEBA បាន​ថ្លែង​ថា​និយោជក​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ស្តីពី​សហជីព​នេះ​ ដើម្បី​ជួយ​ការពារ​សិទ្ធិ​កម្មករ​ និង​ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យ​កាន់​តែ​ច្រើន។

លោក​ថា៖ «ឥឡូវ​ឈ្មោះ​ស្រុក​ខ្មែរ​យើង​គេ​អត់​ហ៊ាន​មក​ហើយ​និយោជក​ផ្នែក​កាត់ដេរ​គេ​ ខ្លាច​ហើយ​គេ​ចាំ​មើល​​ច្បាប់​​ហ្នឹង​បើ​ច្បាប់​អត់​ជួយ​ការពារ​ខ្ញុំ​ខ្លាច ​ថា​ការ​ដេរ​ជាមួយ​នឹង​ស្បែក​ជើង​គេ​ទៅ​កន្លែង​ផ្សេង​គេ​ចាប់​អារម្មណ៍​ ច្បាប់​ហ្នឹង​គេ​ចង់​ស្តាប់​ពី​យើង​ថា​ច្បាប់​ហ្នឹង​យ៉ាង​ម៉េច?»។

អ្នក​នាំពាក្យ​ CPP លោក សុខ ឥសាន បាន​ទទួល​យក​ការ​ស្នើ​ទាំង​ ៧ ចំណុច​នេះ​ដាក់​ក្នុង​ការ​​ពិភាក្សា​របស់​គណៈកម្មការ​ដែល​មាន​សមាសភាព​មកពី​ គណបក្ស​ទាំង​ពីរ​ក្នុង​រដ្ឋសភា​ដើម្បី​សម្រួល​យ៉ាង​ណា​ឲ្យ​ច្បាប់​នេះ​ទទួល​ យក​បាន​ពី​គ្រប់​ភាគី​។

លោក​ថា «យើង​​នឹង​សម្រប​សម្រួល​ធ្វើ​​​ម៉េច​​ឲ្យ​ធានា​ផល​ប្រយោជន៍​ ៣ ​ភាគី​គឺ​ផលប្រយោជន៍​កម្មករ​ជា​សំខាន់​ហើយ​យើង​ក៏​ធានា​អំពី​សិទ្ធិ​ ផលប្រយោជន៍​របស់​និយោជក​ដើម្បី​ឲ្យ​ដំណើរការ​ផលិតកម្ម​អាជីវកម្ម​កុំ​ឲ្យ​ មាន​បញ្ហា​ព្រោះ​បើ​បាតុកម្ម​ច្រើន​វា​ខាត​ផលប្រយោជន៍​ច្រើន»។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់ បាន​លើក​ឡើង​ថា​ការ​ស្នើ​របស់​និយោជក​ដែល​ថា​សហជីព​មូលដ្ឋាន​មួយ​អាច​​ បង្កើត​បាន​លុះត្រា​តែ​មាន​ចំនួន​កម្មករ​ ២០ ​ភាគរយ​នៃ​ចំនួន​កម្មករ​សរុប និង​ការ​ដែល​ឲ្យ​​ក្រសួង​ការងារ​មាន​អំណាច​លើ​​ការ​ព្យួរ​បញ្ជិកា​សហជីព​នោះ ​គឺជា​ចេតនា​អាក្រក់​​ក្នុង​ការ​ទប់ស្កាត់​ការ​បង្កើត​សហជីព​ និង​រំលោភ​ទៅ​លើ​អនុសញ្ញា​​ស្តីពី​សេរីភាព​សហជីព។

លោក​ថា​ ​អ្វី​ដែល​ភាគី​និយោជក​ស្នើ​ឲ្យ​កែប្រែ​នោះ​គឺ​ផ្ទុយ​នឹង​អ្វី​ដែល​​សហជីព​ បាន​ស្នើ​សុំ និង​ជា​ការ​ចូល​ជ្រៀតជ្រែក​​ទៅ​លើ​ការ​តាក់តែង​ច្បាប់​ដែល​​​ផ្តោត​ទៅ​លើ​ សហជីព​ និង​កម្មករ។

លោក​បញ្ជាក់​ថា «ច្បាប់​សហជីព​គឺ​ធានា​សិទ្ធិ​សេរីភាព​សហជីព​អ៊ីចឹង​មាន​តែ​សហជីព និង​រដ្ឋ​ និង​រដ្ឋសភា​ដែល​ត្រូវ​ជជែក​គ្នា​ខាង​និយោជក​មិន​មាន​សិទ្ធិ​អី​មក​ស្នើ​ឲ្យ ​សហជីព​យ៉ាង​ម៉េច​ទេ​ព្រោះ​ខ្លួន​ឯង​រំលោភ​សិទ្ធិ​កម្មករ​សិទ្ធិ​ជា​ មូលដ្ឋាន​របស់​ពលរដ្ឋ​ក្តែងៗ​ហើយ​នៅ​មក​ស្នើ​ឲ្យ​គេ​រឹត​បន្តឹង​​សហជីព​ថែម​ ទៀត»៕

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment