អនុសញ្ញា UN អាច​ជួយ​ដោះ​

បន្ទាប់​ពី​មាន COP 21 និង​កិច្ច​ព្រម​ព្រៀង​អាកាស​ធាតុ​សកល​ថ្មី​មួយ ឥឡូវ​នេះ​គឺជា​ពេល​វេលា​សម្រាប់​បណ្តា​ប្រទេស​នៃ​អាង​ទន្លេ​មេគង្គ​ក្រោម​ ត្រូវ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ឡើង ដើម្បី​ការពារ​ចាន​បាយ​របស់​អាស៊ី​អាគ្នេយ៍​និង​ប្រជាជន​ជាង​៦០​លាន​នាក់​ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

តំបន់​នេះ​គឺជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ងាយ​រងគ្រោះ​បំផុត​នៅ​លើ​ភព ​ផែនដី​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ជា​ឧទាហរណ៍ ការ​ប្រមូល​ផល​ត្រី កំពុង​ធ្លាក់​ចុះ​ដោយ​សារ​ភាព​រាំង​ស្ងួត​នៅ​បឹង​ទន្លេ​សាប​របស់​កម្ពុជា ដែល​ផ្គត់ផ្គង់​ប្រជាជន​កម្ពុជា​១៥​លាន​នាក់​ដោយ​មាន​ជាង​មួយ​ភាគ​បី​នៃ​ ប្រូតេអ៊ីន​របស់​ពួក​គេ។

ដី​សណ្ត​ទន្លេ​មេគង្គ​និង​ដី​កសិកម្ម​ដែល​មាន​ជីវជាតិ​របស់​ខ្លួន​ក៏​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​ពី​ការ​កើន​ឡើង​នៃ​កម្រិត​ទឹក​សមុទ្រ ព្យុះ ការ​ជន់​លិច និង​ភាព​ងាយ​រងគ្រោះ​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ។

ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម​គឺជា​ការ​គំរាម​ កំហែង​ទ្វេ​គុណ គឺជា​អំបិល​ក្នុង​ដំបៅ​ដែល​វា​ជា​ការ​សាងសង់​ទំបន់​វារី​អគ្គិសនី​គ្មាន​ លក្ខណៈ​ចីរភាព ហើយ​ទំនប់​ជាច្រើន​ក្នុង​ចំណោម​ទំនប់​ទាំង​នោះ​ត្រូវ​បាន​គ្រោង​សាង​សង់​នៅ​ លើ​ទន្លេ​មេគង្គ​ក្រោម​និង​ដៃ​របស់​វា។

ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី និង​ដន​សាហុង​គឺជា​ទំនប់​វារី​អគ្គិសនី​២​ក្នុង​ចំណោម​ទំនប់​វារី​អគ្គិសនី​ ចម្រូង​ចម្រាស​បំផុត​ក្នុង​ប្រទេស​ឡាវ ឥឡូវ​នេះ​កំពុង​ត្រូវ​បាន​សាងសង់ ខណៈ​ទំនប់​ដទៃ​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ធ្វើ​ផែនការ។ វា​កំពុង​បង្ក​បញ្ហា ខណៈ​ទំនប់​វារី​អគ្គិសនី​ត្រូវ​បាន​ជំរុញ​ជា​ថាមពល «បៃតង» គ្មាន​សាយ​ភាព CO2។ ការ​ស្រាវជ្រាវ​ជា​ច្រើន ឥឡូវ​នេះ​បង្ហាញ​ថា តាម​ពិត វា​គ្មាន​អ្វី​បៃតង​ទេ។

តាម​រយៈ​ការ​បិទ​មិន​ឲ្យ​មាន​ការ​បន្លាស់​ទី​ត្រី គម្រោង​ទំនប់​វារី​អគ្គិសនី​ទាំង​នោះ​បង្ក​នូវ​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ ទៅ​លើ​សន្តិសុខ​ស្បៀង​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ចាប់​ត្រី​ពី​ការ​នេសាទ​ ត្រី​ទឹក​សាប​ធំ​បំផុត​របស់​ពិភពលោក​រហូត​ដល់​មួយ​ភាគ​បី​។ ផលិតកម្ម​ស្រូវ​ក៏​រង​ផល​ប៉ះពាល់​ផង​ដែរ​តាម​រយៈ​ការ​រាំង​ស្ទះ​នៃ​ដី​ ល្បាប់​ដែល​សម្បូរ​ជីវជាតិ។

និយាយ​ឲ្យ​ខ្លី​ទៅ សន្តិសុខ​ថាមពល​កើន​ឡើង​តាម​រយៈ​ការ​បង្កើត​ទំនប់​វារី​អគ្គិសនី​គឺ​វា​ ខ្ពស់​ខ្លាំង​ពេក បើ​ធៀប​នឹង​ការ​បាត់បង់​សន្តិសុខ​ស្បៀង បាត់បង់​ជីវភាព ការ​ធ្លាក់​ចុះ​ប្រព័ន្ធ​អេកូឡូស៊ី និង​ហានិភ័យ​កើន​ឡើង​ដែល​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

ថាមពល​ព្រះ​អាទិត្យ​និង​ខ្យល់ គឺ​អាច​រក​បាន​និង​ចំណាយ​ថោក​ជាង រួម​ជាមួយ​គម្រោង​ដាំ​ដើម​ឈើ​ឡើង​វិញ​គឺជា​វិធី​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​ សម្រាប់​ជំនួស​ទំនប់​វារី​អគ្គិសនី​និង​សម្រេច​នូវ​ការ​ទប់​ស្កាត់​ការ​ ប្រែប្រួល​អាកាស​ធាតុ។

ដោយ​ការ​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​អាក្រក់​ទៅ ការ​ស្រាវជ្រាវ​ដែល​ពិនិត្យ​គ្នា​ទៅវិញ​ទៅមក បង្ហាញ​ថា ទំនប់​វារី​អគ្គិសនី​ធំ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បរាជ័យ​ក្នុង​ការ​កាត់​បន្ថយ ​ការ​ប្រែប្រួល​អាកាសធាតុ​ទេ ប៉ុន្តែ​វា​រឹត​តែ​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ។

វា​បង្ក​ភាព​អាក្រក់​តាម​លក្ខណៈ​ពីរ​យ៉ាង គឺ​ទីមួយ តាម​រយៈ​ការ​ធ្វើ​ឲ្យ​ទន់​ខ្សោយ​នៃ​តួនាទី​របស់​ទន្លេ​ក្នុង​ការ​លុប​បំបាត់ ​កាបូន​ប្រមាណ​២០០​លាន​តោន​ពី​បរិយាកាស​ជា​រៀង​រាល់​ឆ្នាំ និង​ទី​ពីរ​តាម​រយៈ​ការ​ធ្វើ​ឲ្យ​សាយ​ភាយ​នៃ​មេតាន ដែល​ជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​៣៤​ដង​ខ្លាំង​ជាង​កាបូន​ឌីអុកស៊ីត ពី​ការ​ពុក​ផុយ​រលួយ​នៅ​ក្នុង​អាង​ទន្លេ។

ទំនប់​វារី​អគ្គិសនី​ទាំង​នេះ​ក៏​កំពុង​បង្ក​បញ្ហា​ដល់​ដី​សណ្ត​ទន្លេ​ មេគង្គ​និង​ការ​សឹក​រេចរឹល​នៃ​ឆ្នេរ​សមុទ្រ ហេតុ​ដូច្នេះ​ហើយ​ធ្វើ​ឲ្យ​វា​រឹត​តែ​ងាយ​រងគ្រោះ​ជាង​មុន​ចំពោះ​ការ​ ប្រែប្រួល​អាកាស​ធាតុ​ធ្វើ​ឲ្យ​មាន​ការ​កើន​នៃ​កម្រិត​ទឹក​សមុទ្រ​និង​ការ​ កើត​មាន​ព្យុះ​ញឹក​ញាប់។

ដំណឹង​ល្អ​គឺថា មាន​យន្តការ​មួយ​រួច​ហើយ​ដែល​កំពុង​ដាក់​ឲ្យ​អនុវត្ត​ដើម្បី​សម្រប​សម្រួល​ កិច្ច​សហ​ប្រតិបត្តិការ​ថ្នាក់​តំបន់​លើ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​នៃ​ទន្លេ​ ដែល​នោះ​គឺ​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ។

នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្មីៗ​បំផុត​របស់​ខ្លួន កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​នេះ​បាន​បញ្ចប់​កាល​ពី​ថ្មីៗ​នេះ​នៅ​រាជធានី​ ភ្នំពេញ​ដែល​រដ្ឋ​មន្ត្រី​ធនធាន​ទឹក​កម្ពុជា ឡាវ ថៃ និង​វៀតណាម បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​ពិភាក្សា​បញ្ហា​ប្រឈម​ដែល​ប្រទេស​ទាំង​នេះ​គួរ​ រួប​រួម​គ្នា មិន​មែន​បែក​បាក់​គ្នា​ទេ។

ដំណឹង​អាក្រក់​គឺថា កិច្ច​ព្រម​ព្រៀង​មេគង្គ សន្ធិ​សញ្ញា​ប្រវត្តិសាស្ត្រ​ដែល​បាន​បង្កើត​គណៈ​កម្មាធិការ​នេះ​ត្រូវ​បាន​ ចុះ​ហត្ថលេខា​កាល​ពី​២០​ឆ្នាំ​មុន នៅ​ពេល​ដែល​រដ្ឋាភិបាល​ភាគ​ច្រើន​បំផុត​មិន​បាន​កត់​សម្គាល់​អំពី​ការ​ប្រែ​ ប្រួល​អាកាសធាតុ។

ដោយ​ជាប់​គាំង​ព្រោះ​តែ​ជម្លោះ​អំពី​នីតិវិធី​និង​បញ្ញត្តិ​លើ​ផល​ ប៉ះពាល់​ទៅ​លើ​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម​ពី​ការ​សាងសង់​ទំនប់​វារី​ អគ្គិសនី​គណៈកម្មាធិការ​ទន្លេ​មេគង្គ (MRC) មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ បង្ក​ឡើង​ដោយ​ការ​បាត់បង់​ជលផល​និង​ដី​សណ្ត ហើយ​បង្ក​ការ​ប៉ះពាល់​ខ្លាំង​ឡើង ដែល​ជា​ផលវិបាក​មិន​អាច​ត្រឡប់​មក​រក​ភាព​ដើម​វិញ​បាន​សម្រាប់​តំបន់។

ខណៈ​វា​នៅ​តែ​ជា​ឧបករណ៍​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​សម្រាប់​កិច្ច​សហ​ ប្រតិបត្តិការ​តំបន់ កិច្ច​ព្រម​ព្រៀង​មេគង្គ​ត្រូវ​ការ​ការ​កែ​លម្អ​ឡើង​វិញ​សម្រាប់​សតវត្សរ៍​ ទី​២១​នេះ។

ជា​សំណាង​ល្អ ដំណោះ​ស្រាយ​មួយ​បាន​កើត​ឡើង​រួច​ហើយ និង​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​វៀត​ណាម​ក្នុង​ឆ្នាំ​២០១៤​នៅ​ពេល​ខ្លួន​ បាន​ក្លាយ​ជា​អ្នក​ទីមួយ និង​រហូត​មក​ដល់​ពេល​នេះ​គឺជា​សមាជិក​តែ​មួយ​នៃ​គណៈ​កម្មាធិការ​ទន្លេ​ មេគង្គ​ដែល​បាន​ផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ ការ​មិន​ប្រើប្រាស់​នាវា​ចរណ៍​នៃ​ផ្លូវ​ទឹក​អន្តរជាតិ (UNWC)។

អនុម័ត​ដោយ​មហា​សន្និបាទ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ​១៩៩៧ UNWC បាន​កំណត់​នូវ​គោល​ការណ៍​មូលដ្ឋាន​និង​ការ​អនុវត្ត​ល្អ​បំផុត​នៃ​ច្បាប់​ដែន ​ទឹក​អន្តរជាតិ និង​ត្រូវ​បាន​សរសេរ​ជាក់​លាក់​ត្រូវ​ពង្រឹង មិន​មែន​ជំនួស​កិច្ច​ព្រម​ព្រៀង​អាង​ទន្លេ​ដែល​មាន​រួច​ហើយ ដូច​ជា​កិច្ច​ព្រម​ព្រៀង​មេគង្គ។ គ្មាន​អ្វី​នៅ​ក្នុង​អនុសញ្ញា​នេះ​ជំនួស​ធ្វើ​ឲ្យ​មោឃភាព​ឬ​ផ្ទុយ​នឹង​ បញ្ញត្តិ​នៃ​កិច្ច​ព្រម​ព្រៀង​នោះ​ទេ។

ដូច្នេះ តើ​អ្វី​ទៅ​ជា​តម្លៃ​បន្ថែម? ទីមួយ​UNWC នឹង​ផ្តល់​នូវ​យន្តការ​និង​គោលការណ៍​ណែនាំ​ច្បាស់​លាស់​សម្រាប់​ដោះស្រាយ​ ជម្លោះ។ ទី​ពីរ វា​នឹង​បំភ្លឺ​ឲ្យ​កាន់​តែ​ច្បាស់​ឡើង​ចំពោះ​វិធាន​និង​នីតិវិធី​ដែល​មាន​ រួច​ហើយ ដែល​មាន​ភាព​ទន់​ខ្សោយ​ត្រង់​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​ផ្ទុយ​ពី​ការ​បក​ ស្រាយ​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ទំនាក់​ទំនង​ក្នុង​ចំណោម​រដ្ឋ​នៃ​ គណៈកម្មាធិការ​ទន្លេ​មេគង្គ ជា​ពិសេស​លើ​បញ្ហា​ប្រឹក្សា​យោបល់​អំពី​ទំនប់​វារី​អគ្គិសនី​និង​ផល​ប៉ះពាល់ ​ដល់​ប្រទេស​ក្រោម​ខ្សែ​ទឹក។

មិន​ដូច​កិច្ច​ព្រម​ព្រៀង​ទន្លេ​មេគង្គ វា​ក៏​អនុវត្ត​វិធាន​ដូច​គ្នា​ចំពោះ​ទំនប់​វារី​អគ្គិសនី​ដែល​នៅ​លើ​ទន្លេ​ និង​ដៃ​ទន្លេ​ដែល​នេះ​ជា​ការ​បិទ​នូវ​ភាព​ខ្វះ​ចន្លោះ​ប្រហោង។

តាម​រយៈ​ការ​ចង​សម្ព័ន្ធ​ភាព​កិច្ច​ព្រម​ព្រៀង​មេគង្គ​ជាមួយ​ច្បាប់​ដែល​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ UNWC នឹង​មិន​ផ្លាស់​ប្តូរ​វិធាន ហើយ​ចង​សមាជិក​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​ទៅ​នឹង​ស្តង់ដារ​គណនេយ្យភាព​ ខ្ពស់​ជាង​មុន។

ការ​ចូល​ទៅ UNWC ដោយ​ប្រទេស​ឡាវ កម្ពុជា និង​ថៃ មិន​ធានា​ថា គម្រោង​ដែល​នាំ​ផ្លូវ​ខុស​នោះ​នឹង​ត្រូវ​បាន​បោះបង់​ចោល​ទេ។ ប៉ុន្តែ​វា​នឹង​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​តាម​រយៈ​ការ​ចង​កាតព្វកិច្ច​ រដ្ឋ​សមាជិក​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​ទាំង​អស់​ឲ្យ​ពិនិត្យ​យក​ចិត្ត​ ទុក​ដាក់​ជាង​មុន​ទៅ​លើ​ភាព​ជាប់​គាំង និង​ពិចារណា​ខ្លាំង​ជាង​មុន​ចំពោះ​ជម្រើស​ថាមពល «បៃតង»។

នៅ​ទីក្រុង​ប៉ារីស រដ្ឋាភិបាល​ពិភពលោក​នៅ​ទីបំផុត​បាន​សម្រេច​ប្រយុទ្ធ​នឹង​ការ​ប្រែប្រួល​ អាកាសធាតុ។ រដ្ឋ​មន្ត្រី​គណៈ​កម្មាធិការ​ទន្លេ​មេគង្គ​ត្រូវ​ការ​បង្ហាញ​ការ​ដោះស្រាយ​ ដូច​គ្នា​ដែរ​នា​ពេល​ឥឡូវ​នេះ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ធនធាន​ទឹក​ ពាក់ព័ន្ធ​នឹង​អាកាស​ធាតុ។

នៅ​ពេល​ពួក​គេ​មក​ជួប​ប្រជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ពួក​គេ​ត្រូវ​តែ​មើល​លើស​ពី​អត្ថប្រយោជន៍​ជាតិ​ខ្លួន​ឯង ហើយ​មើល​ថា យុទ្ធសាស្ត្រ​បង្កើត​ទំនប់​វារី​អគ្គិសនី​មិន​មែន​ជា​វិធី​ឆ្ពោះ​ទៅ​រក​ អនាគត​រុង​រឿង​និង​សុវត្ថិភាព​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​សម្រាប់​ ប្រជាជន​៦០​លាន​នាក់​នៃ​ទន្លេ​មេគង្គ​នោះ​ទេ៕

 

ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment