អ្នក​ភូមិ​ឃាត់​កម្មករ​ក្រុម​ហ៊ុន​លី យ៉ុងផាត់​សង់​របង​ហ៊ុំ​ព័ទ្ធ​ដី​ជម្លោះ

អ្នក​ភូមិ​ឃាត់​កម្មករ​ក្រុម​ហ៊ុន​លី យ៉ុងផាត់​សង់​របង​ហ៊ុំ​ព័ទ្ធ​ដី​ជម្លោះ

កោះកុងៈ ប្រជាពលរដ្ឋ​ជាង ៣០ នាក់​ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ដែល​មាន​វិវាទ​ដីធ្លី ជាមួយ​ក្រុម​ហ៊ុន​លោក ឧកញ៉ា លី យ៉ុងផាត់ បាន​នាំគ្នា​ទៅ​រារាំង​កម្មករ​សំណង់​របស់​ក្រុម​ហ៊ុន ដែល​កំពុង​សាងសង់​របង​​បេតុង​​ហ៊ុំ​ព័ទ្ធ​លើ​ដី​របស់​ពួកគាត់​ដែល​ពុំ​ទាន់​ បាន​ទទួល​សំណង​នៅ​ឡើយ។

តំណាង​ប្រជាពលរដ្ឋ អ្នក​ស្រី ព្រាប រដ្ឋា បាន​ឲ្យ​ដឹង​កាល​ពីថ្ងៃ​ម្សិល​មិញ​ថា ក្នុង​អំឡុង​ពេល​ដែល​ពួក​គាត់​ធ្វើ​យុទ្ធនាការ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​រឿង​វិវាទ​ដីធ្លី​នេះ ស្រាប់តែ​កម្មករ​សំណង់​របស់​ក្រុម​ហ៊ុន ​​លោក​ឧកញ៉ា លី យ៉ុង​​ផាត់ បាន​​ទៅ​សាង​សង់​របង​បេតុង​ ក្នុង​គោលបំណង​ហ៊ុំ​ព័ទ្ធ​យក​ដី​របស់​ពួកគាត់ ដែល​ធ្វើ​ឲ្យ​ពួក​​គាត់​មាន​ក្តី​បារម្ភ​ជា​ខ្លាំង ពីការ​បាត់​បង់ដី។

អ្នកស្រី​ថា៖ «ដី​ខ្ញុំ​អត់​ទាន់​បាន​ដោះស្រាយ​រួច​រាល់​ផង គេ​ធ្វើ​របង​ព័ទ្ធ​​លើ​ដី​ខ្ញុំ​​ហ្នឹង​បាន​ពី​ ៤០០ ទៅ ៥០០ ម៉ែត្រ​ហើយ ខ្ញុំ​មាន​ការ​​ព្រួយ​បារម្ភ​ខ្លាំង​​ណាស់ ខ្លាច​គេ​យក​ដី ហើយ​បិទ​ផ្លូវ​ចេញ​ចូល​ដី​របស់ខ្ញុំ​ ទើប​ពួកខ្ញុំ​ មក​ធ្វើការ​ហាម​ឃាត់​សកម្មភាព​ពួកគេ​ ហើយ​​ពួក​គេ​ក៏​បាន​ផ្អាក»។
ទោះ​យ៉ាង​ណា​ អ្នក​សម្រប​សម្រួល​ដោះស្រាយ​វិវាទ​ដីធ្លី​ នៃ​ក្រុម​ហ៊ុន​ លី យ៉ុងផាត់ លោក ​ស៊ិន ​សត្ថា បាន​បដិសេធ​ថា ក្រុមហ៊ុន​ពុំ​បាន​ធ្វើ​របង​លើ​ដី​របស់​ពលរដ្ឋ​ទេ គឺ​ធ្វើ​នៅ​លើ​ដី​ដែល​ក្រុម​ហ៊ុន​បាន​ទិញ​រួច​ប៉ុណ្ណោះ។

លោក​ថា៖ «ដីដែល​គាត់​ [ពលរដ្ឋ] ​ដែល​ពាក់​ព័ន្ធ​ហ្នឹង​នៅ​ចំ​កណ្តាល​ទេ​ ហើយ​ដី​ដែល​គេ​ធ្វើរបង ដែលក្រុម​ហ៊ុន​បាន​ទិញ​រួច​ហើយ​ហ្នឹង វា​មាន​ចម្ងាយ​ពី​គ្នា​​ជិត​ ១ ​គីឡូ​ម៉ែត្រ​ឯណោះ អីចឹង​យើង​អត់​មាន​ទៅ​ធ្វើ​របង​ប៉ះ​ពាល់​ដី​គាត់​ទេ»។

លោក​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ ក្រុម​ហ៊ុន ​នៅ​តែ​មាន​ឆន្ទៈ ​ក្នុងការ​ដោះ​ស្រាយ​ចរចា​រឿង​សំណង​ជាមួយ​ប្រជាពលរដ្ឋ​ ដែល​នៅ​សេស​សល់​ចំនួន​ ៥ គ្រួសារ​ទៀត ដើម្បី​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​។

អ្នក​សម្រប​សម្រួល​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកា​ដូ លោក ​អ៊ិន គង់​ជិត ​យល់​ថា ក្រុម​ហ៊ុន​ គួរ​ផ្អាក​ការ​សាងសង់​របង​នេះ ដោយសារ​មាន​ផល​ប៉ះ​ពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​គ្នា​រួច​ ហើយ​គួរ​ពន្លឿន​ការ​ចរចា​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​​នេះ​ ឲ្យ​បាន​ឆាប់។

លោក​ថា៖ «ក្រុម​ហ៊ុន​មិន​គួរ​ប្រញាប់​ប្រញាល់​ធ្វើ​របង​ពេក​ទេ​ គួ​រតែ​ដោះ​ស្រាយ​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​នៅ​សល់​ឲ្យ​ចប់​សិន​ ​ចាំ​ធ្វើ​ក៏​មិន​យឺត​ពេល​ដែរ ព្រោះ​ពលរដ្ឋ​ដែល​នៅសល់​ហ្នឹង​​តិច​គ្រួសារ​ទេ»។

គួរ​បញ្ជាក់​ថា វិវាទដីធ្លី​ទំហំ​ ៥៨៦ ​ហិកតា រវាង​ប្រជាពលរដ្ឋ ១៣៥ ​គ្រួសារ នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុកគិរីសាគរ​ ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញា លី យ៉ុង​​ផាត់ នោះ​ត្រូវ​បាន​ភាគី​​ក្រុម​ហ៊ុន​អះអាង​ថា​បាន​ដោះស្រាយ​​សំណង​ជូន​ពលរដ្ឋ​ បាន​ ១៣០ ​គ្រួសារ​ហើយ នៅ​​សល់​ ៥ គ្រួសារ​​ទៀត​ប៉ុណ្ណោះ​ដែល​​កំពុង​ចរចា​រកដំណោះ​ស្រាយ។

ប៉ុន្តែ​ ភាគី​ប្រជាពលរដ្ឋ​បាន​អះ​អាង​ថា នៅ​សល់ ​១០ គ្រួសារ​ លើ​​​ទំហំ​ដី ៩៥.៨ហិកតាទៀត ដែល​មិន​ទាន់​ដោះស្រាយ​ក្នុង​ចំណោម ១៤០ គ្រួសារ​ដែល​មាន​​វិវាទ៕

 

ថ្ងៃទី០១ខែកម្ភះឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment