មន្ត្រី​យក​ផ្សារ​ អ៊ីអន ​ជា​កន្លែង​ធ្វើ​ប័ណ្ណ​បើកបរ

មន្ត្រី​យក​ផ្សារ​ អ៊ីអន ​ជា​កន្លែង​ធ្វើ​ប័ណ្ណ​បើកបរ

ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក​ ស៊ុន ចាន់ថុល និង​អភិបាល​រាជធានី​លោក​ ប៉ា​ សុជាតិវង្ស បាន​សម្រេច​​ដាក់​ម៉ាស៊ីន​បោះពុម្ព​ធ្វើ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ីអន​ ដើម្បី​សម្រួល​ដល់​អ្នក​ចង់​ធ្វើ​ប័ណ្ណ​បើកបរ​ថ្មី និង​ប្តូរ​ប័ណ្ណ​បើកបរ និង​សម្រេច​ធ្វើការ​​ជួសជុល​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​នៅ​ពេល​​យប់​​ បន្ទាប់ពី​មាន​ការ​រិះគន់​ជា​យូរ​មក​ហើយ​ពី​ការ​ជួសជុល​ផ្លូវ​នៅ​ពេល​ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​​កកស្ទះ​ចរាចរណ៍។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី ១៩ ខែ​មេសា​រវាង​លោក ស៊ុន ចាន់ថុល ដែល​​ទើប​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​លោក ប៉ា សុជាតិវង្ស ដើម្បី​ពិភាក្សា​ការងារ​ផ្តល់​សេវា​សាធារណៈ​លើ​កិច្ចការ​សាធារណការ និង​ដឹក​ជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ។

អគ្គនាយក​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ​លោក ចាន់ តារា ឲ្យ​ដឹង​ថា​ក្រសួង​កំពុង​រៀបចំ​នីតិវិធី​ដាក់​ម៉ាស៊ីន​ធ្វើ​ប័ណ្ណ​បើកបរ​ នៅក្នុង​ផ្សារ​ទំនើប​អ៊ីអន​យ៉ាង​យូរ​បំផុត​ត្រឹម​ខែ​ឧសភា​ខាង​មុខ​នេះ​ ដើម្បី​សម្រួល​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដោយ​ចាត់​ទុក​ថា​នៅ​ផ្សារ​ អ៊ីអន​ជា​ទីតាំង​អំណោយផល និង​ក្នុង​ទី​ប្រជុំជន​។​

លោក​ថា៖ «ម្យ៉ាង​ទៀត​សម្រួល​ដល់​ប្រជាពលរដ្ឋ​ព្រោះ​អ៊ីអន​ប្រជាពលរដ្ឋ​ទៅ​លេង​ច្រើន​ អ៊ីចឹង​បើ​សិន​ទៅ​ដល់​ផ្សារ​ហើយ​មាន​បំណង​ចង់​ប្តូរ​ប័ណ្ណ​បើកបរ​អី​ធ្វើ​នៅ ​នោះ​មួយ​​ភ្លែត​បាន​ហើយ​មិន​ចាំបាច់​តែ​ទៅ​ធ្វើ​នៅ​មន្ទីរ​សាធារណការ​មួយៗ​ នោះ​ទេ​វា​ឆ្ងាយ»។

លោក​បញ្ជាក់​ថា​ការ​ដាក់​បញ្ជរ​ធ្វើ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​អ៊ីអន​មិន​ ត្រឹម​តែ​សម្រាប់​អ្នក​ចង់​ប្តូរ​ប័ណ្ណ​បើកបរ​ថ្មី​នោះ​ទេ​តែ​អ្នក​ចង់​ធ្វើ ​ថ្មី​ក៏​បាន​ឱ្យ​តែ​បាន​ប្រឡង​បើកបរ​ជាប់​។

លោក​​ថា​៖ «​​កាល​ណា​ប្រឡង​ជាប់​ហើយ​គេ​មាន​ទិន្នន័យ​ហើយ​គេ​បញ្ជូន​ទិន្នន័យ​ភ្ជាប់​ ទៅ​ហ្នឹង​ (ផ្សារ​អ៊ីអន) ចឹង​គាត់​អាច​ទៅ​យក​នៅ​នោះ​បាន​»។ បើ​តាម​លោក​ តារា ក្រោម​កិច្ចសហការ​គ្នា​ខាង​ផ្សារ​ទំនើប​អ៊ីអន​អាច​នឹង​មិន​គិត​ថ្លៃ​ជួល​ ទីតាំង​នោះ​ទេ។

លោក​ថា​៖ «ជាធម្មតា​ខាង​ផ្សារ​គេ​អាច​ធ្វើ​ជា​កាដូ​ជូន​យើង​​ដែរ​ព្រោះ​អី​គឺ​ដើម្បី​ ទាក់ទាញ​​ភ្ញៀវ​ឱ្យ​ចូល​ទៅ​កន្លែង​គេ​ផង​ហើយ​ខាង​ផ្សារ​អាច​រួម​ចំណែក​មួយ​ ដល់​រដ្ឋាភិបាល​ធ្វើ​ម៉េច​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​សប្បាយ​​ចិត្ត​រឿង​សេវា​ សាធារណៈ​កុំ​ឱ្យ​មាន​ការ​យឺតយ៉ាវ»។

បច្ចុប្បន្ន​ អ្នក​មាន​​ប័ណ្ណ​បើកបរ​ទូទាំង​ប្រទេស​​មាន​​ចំនួន ៨២ ម៉ឺន​ប័ណ្ណ​ដែល​ភាគច្រើន​ជា​ប័ណ្ណ​បើកបរ​ប្រភេទ​រថយន្ត។

ប័ណ្ណ​បើកបរ​បច្ចុប្បន្ន​មាន​សុពលភាព ១០ ​ឆ្នាំ​ចំពោះ​ការ​ប្តូរ និង​ពន្យារ​ប័ណ្ណ​បើកបរ​រថយន្ត​គ្រប់​ប្រភេទ​មាន​​តម្លៃ ៣ ម៉ឺន​រៀល​រយៈពេល​ផ្តល់​សេវា ១០ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ។

បច្ចុប្បន្ន​ចំពោះ​ការ​ប្រឡង​យក​ប័ណ្ណ​បើក​រថយន្ត​ប្រភេទ (ខ) រថយន្ត ៤ កៅអី​ជា​លក្ខណៈ​​គ្រួសារ​​មាន​តម្លៃ ៩ ម៉ឺន​រៀល​មាន​សុពលភាព ១០ ឆ្នាំ​រយៈពេល​ផ្តល់​សេវា ១០ ថ្ងៃ (គិត​តែ​ថ្ងៃ​ធ្វើការ)។ ចំណែកឯ​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​ប្រភេទ (គ) រថយន្ត​ដឹក​ទំនិញ​ធុន​ធំ និង​ (ឃ) រថយន្ត​ដឹក​អ្នក​ដំណើរ​ធុន​ធំ ២០ កៅអី​ឡើង​តម្លៃ ៩៥ ០០០ រៀល​រយៈពេល​នៃ​ការ​ផ្ដល់​សេវា​ ១០ ថ្ងៃ​ និង​មាន​សុពលភាព ៥ ឆ្នាំ​។

ជាមួយ​គ្នា​នេះ​ដែរ​អ្នក​នាំ​ពាក្យ​​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក នូ វឌ្ឍនៈ ​បាន​ឲ្យ​ដឹង​ថា​ក្នុង​កិច្ចប្រជុំ​មន្រ្តី​ជាន់ខ្ពស់​ទាំង​ពីរ​ក៏​បាន​ ឯកភាព​គ្នា​ធ្វើការ​ជួសជុល​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ពេល​យប់​​ដើម្បី ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​។

លោក​ថា៖ «ព្រោះ​យើង​ធ្វើ​ពេល​ថ្ងៃ​អត់​មាន​កន្លែង​គ្រប់គ្រាន់​ព្រោះ​កំពុង​ចង្អៀត​ អ៊ីចឹង​យើង​ដូរ​កម្មវិធី​ទៅ​ធ្វើ​ពេល​យប់​ទៅ​វា​អត់​ស្ទះ​ចរាចរណ៍​យើង​ ជួសជុល​ពេល​យប់​តែ​ក្នុង​ក្រុង​ទេ​ព្រោះ​ផ្លូវ​ជាតិ​មាន​ស្អី​ស្ទះ»។

លោក​បញ្ជាក់​ថា​ដែរ​ការ​ជួស​ជុល​ផ្លូវ​ពេល​យប់ ជួស​ជុល​ផ្លូវ​ដែល​ខូច​ល្មមៗ និង​ផ្លូវ​ខូច​បែប​សម្បុក​មាន់​ប៉ុណ្ណោះ​មិន​អាច​ជួសជុល​ផ្លូវ​ខូច​ខ្នាត​ធំ ​ពេល​យប់​បាន​ទេ​​។​

លោក​បញ្ជាក់​ថា ​ខាង​ក្រុម​ការងារ​បាន​ចាប់​ផ្តើម​ធ្វើការ​ជួសជុល​ផ្លូវ​ពេល​យប់​តាំងពី​ក្រោយ​កិច្ចប្រជុំ​ចប់​។

ចំណែក​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ប៉ា សុជាតិវង្ស បាន​លើក​ឡើង​ថា​ការ​សម្រេច​នេះ​ «កាត់​បន្ថយ​​ពេលវេលា​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដូចជា​ការ​ធ្វើ​ ប័ណ្ណ​បើកបរ​ការ​លក់​ផ្តាច់​ការ​ត្រួតពិនិត្យ​ឈាក ឬ​ការ​ធ្វើ​ស្លាក​លេខ​ជាដើម​។ ម្យ៉ាង​ទៀត​នឹង​ផ្លាស់ប្តូរ​កិច្ចការ​មួយ​ចំនួន​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​ បច្ចេកវិទ្យា​ទំនើប​ (ប្រព័ន្ធ​ IT)។

លោក​បន្ត​ថា​លើស​ពី​​នេះ​ត្រូវ​​ «យក​ចិត្ត​ទុក​ដាក់ និង​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ដែល​​ជា​មូលហេតុ​បណ្ដាល​ឱ្យ​មាន​ ការ​ខូចខាត​ផ្លូវ​ជា​ខ្លាំង​នឹង​សិក្សា​កែប្រែ​ផ្លូវ​រង្វង់​មូល​មួយ​ចំនួន​ ទៅ​ជា​​ភ្លើង​ស្តុប និង​កំណត់​ផ្លូវ​ឯក​ទិស​នៅ​លើ​ផ្លូវ​សំខាន់ៗ​មួយ​​ចំនួន​ធំ​ដើម្បី​កាត់​ បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​»។

នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លោក អ៊ា ចរិយា ថ្លែង​ថា​ការ​ដាក់​ម៉ាស៊ីន​ធ្វើ​ប័ណ្ណ​បើកបរ​ជា​ជំហាន​ថ្មី​មួយ​ក្នុង​ការ​ បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​។

លោក​ថា៖ ​«ជា​ជំហាន​មួយ​នៃ​ការ​សម្រួល​ដល់​សេវា​ហ្នឹង​ហើយ​មាន​ភាព​ល្អ​ប្រសើរ​ សម្រាប់​ដោះស្រាយ​បញ្ហា​យឺតយ៉ាវ និង​​បញ្ហា​ទីតាំង​ឆ្ងាយ​ដែល​កំពុង​មាន​​សព្វ​ថ្ងៃ»​។

លោក​ ចរិយា ​ក៏​បាន​សម្តែង​ការ​គាំទ្រ​ផង​ដែរ​ចំពោះ​ការ​​ជួសជុល​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​យប់​ប៉ុន្តែ​

លោក​ថា៖ «ធ្វើ​ពេល​យប់​គ្រាន់តែ​ការ​ដេញ​ថ្លៃ​អាច​មាន​តម្លៃ​ថ្លៃ​មួយ​ទៀត​ត្រូវ​ ប្រយ័ត្ន​បំផុត​ធ្វើ​ពេល​យប់​កន្លែង​ខ្លះ​ភ្លើង​បំភ្លឺ​អត់​គ្រប់គ្រាន់​ចឹង ​ត្រូវ​បំពាក់​ភ្លើង​ឱ្យ​​បាន​ភ្លឺ​ច្បាស់​ហើយ​ដាក់​សញ្ញា​​ឱ្យ​អ្នក​បើកបរ​ បាន​ដឹង​ពី​ចម្ងាយ​មុន​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​អាច​​កើតឡើង​»៕

ថ្ងៃទី២១ខែមេសាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment