NGO ដាក់​សំណើ​សុំ​សួរ​សុខទុក្ខ​សកម្មជន​ជាប់​ឃុំ

NGO ដាក់​សំណើ​សុំ​សួរ​សុខទុក្ខ​សកម្មជន​ជាប់​ឃុំ

ភ្នំពេញៈ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ដាក់​សំណើ​ទៅ​អគ្គនាយក ​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ដើម្បី​សុំ​ចូល​សួរ​សុខទុក្ខ​ជន​ជាប់​ចោទ​ជា​ សកម្មជន​ការពារ​បរិស្ថាន​ចំនួន​ ៤ ​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​កោះកុង ​ស្រប​ពេល​ដែល​ចៅក្រម​ស៊ើបសួរ​បាន​បញ្ចប់​ការ​​ស៊ើបអង្កេត​​ទៅ​លើ​សំណុំ​រឿង ​ប្រឆាំង​នឹង​សកម្មជន​ទាំងនោះ​ប៉ុន្តែ​សំណើ​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ នៅ​ឡើយ​ទេ។

សកម្មជន​ការពារ​បរិស្ថាន​ទាំង​ ៤ ​នាក់​ដែល​កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​នោះ​រួមមាន​លោក ទ្រី សុវិគា លោក សាន់ ម៉ាឡា និង​ស៊ុម សំណាង ជា​យុវជន​អង្គការ​ចលនា​មាតា​ធម្មជាតិ​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​ខេត្ត​ កោះកុង​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ថា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភា្ជប់​ នឹង​បញ្ជា​អ្វី​មួយ​ក្នុង​អំឡុង​ពេល​ពួកគេ​ធ្វើ​យុទ្ធនាការ​ទប់ស្កាត់​ការ​ បូម​ខ្សាច់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ពាក់​កណ្តាល​ខែ​សីហា​ឆ្នាំ​ ២០១៥។

ចំណែកឯ​ម្នាក់​ទៀត​លោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែង និង​ជា​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​ចាប់​ខ្លួន ​កាលពី​ដើម​ខែ​តុលា​ឆ្នាំ​ ២០១៥ ក្រោម​បទចោទ​ប្រមូល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បទ​លុប​បំបាត់​ភ័ស្តុតាង។

អគ្គលេខាធិការ​​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តកម្ម​នៃ​អង្គការ​សមាគម​ ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក សួន ប៊ុនស័ក្តិ បាន​ឲ្យ​ដឹង​ថា​ក្រុម​សង្គម​ស៊ីវិល​ជាង​ ២០ បាន​ដាក់​លិខិត​​សុំ​សួរ​សុខទុក្ខ​ជន​ជាប់​ចោទ​ទាំង​ ៤ នាក់​ដែល​ជា​សកម្មជន​អង្គការ​ចលនា​មាតា​​ធម្មជាតិ​ទៅ​អគ្គនាយកដ្ឋាន​ ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​ ២៨ ​មករា ហើយ​មក​ទល់​ថ្ងៃ​ម្សិលមិញ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយតប​នៅ​ឡើយ​ប៉ុន្តែ​លោក​ សង្ឃឹម​ថា​អាជ្ញាធរ​នឹង​អនុញ្ញាត​។

លោក​បាន​បញ្ជាក់​ថា៖ ​«រឿង​សំខាន់​គឺ​យើង​បំពេញ​កាតព្វកិច្ច​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​យើង​ បង្ហាញ​សន្តាន​ចិត្ត​សប្បុរសធម៌​ចំពោះ​ពួកគាត់​ដែល​​បាន​ជាប់​ឃុំឃាំង​ ដោយសារ​តែ​ហេតុផល​ការពារ​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​សង្គម ផលប្រយោជន៍​រួម​ទាំងអស់​គ្នា​»។

អគ្គនាយករង​ និង​ជា​អ្នក​នាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សាវនា បាន​ថ្លែង​ថា​អគ្គនាយកដ្ឋាន​នៅ​ពុំ​ទាន់​បាន​ពិនិត្យ​លិខិត​នោះ​នៅ​ឡើយ​។

លោក​ថា៖ «រង់ចាំ​មើល​ថ្ងៃ​ចន្ទ​នេះ​សិន​ព្រោះ​លិខិត​ទើប​តែ​ចូល​មក​ថ្ងៃ​ ២៩ អ៊ីចឹង​ចាំ​មើល​ឯកឧត្តម​អគ្គ​លោក​សម្រេច​សិន​បើ​គាត់​សម្រេច​អនុញ្ញាត​ ឬ​មិន​អនុញ្ញាត​គាត់​នឹង​ឆ្លើយតប​ហើយ​»។

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​សកម្មជន​បរិស្ថាន​ទាំង​ ៤ រូប​នេះ​លោក អំ សំអាត ​ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ និង​ជា​ប្រធាន​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ បាន​ឲ្យ​ដឹង​ថា​យោង​តាម​ការ​ប្រកាស​​របស់​ចៅក្រម​ស៊ើបសួរ​កាលពី​ពេល​ថ្មីៗ​ នេះ​គឺ​តុលាការ​​បាន​បញ្ចប់​ការ​​ស៊ើបសួរ​ទៅ​លើ​​អ្នក​ទាំង​ ៤ នាក់​ហើយ​ដោយ​គ្រោង​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​នៅ​ពេល​ឆាប់ៗ​នេះ។

លោក​ថា៖ «ប៉ុន្តែ​យើង​​អត់​ទាន់​ដឹង​ថា​ថ្ងៃ​ណា​​ដែល​ត្រូវ​លើក​រឿង​នេះ​មក​ជំនុំ​ ជម្រះ​ទេ​តែ​ខ្ញុំ​ជឿ​ថា​មិន​យូរ​ទេ​ប្រហែល​ជា​អាច​ខែ ២ ឬ​ខែ ​៣ ​ខាង​មុខ​នេះ​ព្រោះ​យើង​មើល​ទៅ​កាលបរិច្ឆេទ​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​ក៏​វា​ជិត​ដល់​ពេល​​ដែរ»។

បើ​តាម​លោក សំអាត សាលា​ដំបូង​ខេត្ត​កោះកុង​គ្រោង​នឹង​ជំនុំ​ជម្រះ​​សំណុំ​រឿង​របស់​លោក វ៉ែន វ៉ន នៅ​ថ្ងៃ​ទី​ ១៧ ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កោះកុង​កញ្ញា ឈុន ដាវី មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ទេ។

ប៉ុន្តែ​ប្រធាន​សាលា​ដំបូង​ខេត្ត​កោះកុង​លោក ហួន ម៉ានី បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា​ករណី​លោក វ៉ែន វ៉ន តុលាការ​បាន​បញ្ចប់​ការ​ស៊ើបសួរ​ និង​បើក​សវនាការ​នៅ​ពេល​ឆាប់ៗ​នេះ​ប៉ុន្តែ​សម្រាប់​ក្រុម​ចលនា​មាតា​ ធម្មជាតិ ៣ រូប​ផ្សេង​ទៀត​តុលាការ​នៅ​​មិន​​ទាន់​បាន​បញ្ចប់​ការ​ស៊ើបសួរ​នៅ​ឡើយ។ លោក​បាន​បញ្ជាក់​ថា៖ «រឿង​មួយ​នៅ​អារ៉ែង​ហ្នឹង​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ហើយ​តែ​បី​នាក់​​ [សកម្មជន​ចលនា​មាតា​ធម្មជាតិ] ​នោះ​នៅ​ទេ»។

គួរ​បញ្ជាក់​ថា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​​ទាំង​ ៣ ​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ពី​ពួកគេ​បាន​តវ៉ា​ប្រឆាំង​នឹង​​ការ​ បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម​នៅ​ឃុំ​អណ្តូង​ទឹក ស្រុក​បទុមសាគរ ខេត្ត​កោះកុង ខណៈ​ដែល​អាជ្ញាធរ​ និង​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​ទាំងនោះ​បាន​ធ្វើ​ អាជីវកម្ម​ត្រឹមត្រូវ​ក្នុង​តំបន់​ដែល​កំណត់​ដោយ​ក្រសួង៕

 

ថ្ងៃទី០១ខែកម្ភះឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment