កង្វល់ និង​ភាព​មិន​ទាន់​ច្បាស់​ការ​ចំពោះ​គម្រោង​ផ្លូវ​​​ល្បឿន​លឿន​ស្រប​តាម​ផ្លូវ​រថភ្លើង​ពី​ ភ្នំពេញ​ ទៅ ​ពោធិ៍ចិនតុង

អារម្មណ៍​រំជើបរំជួល និង​កង្វល់​របស់​មហាជន​រស់​នៅ​តាម​បណ្តោយ​កំណាត់​ផ្លូវ​រថភ្លើង​បាន​ ចាប់ផ្តើម​កើត​មាន​តាំងពី​ថ្ងៃ​ទី​ ៥ មករា គឺ​ បន្ទាប់ពី ​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ឯកភាព​លើ​គម្រោង​អភិវឌ្ឍ​សាងសង់​ផ្លូវ​ល្បឿន​លឿន​អាច​សង់​នៅ​ពី​លើ​ ផ្លូវ​រថភ្លើង​ដែល​មាន​តម្រុយ​ថា ​មាន​ទំហំ​ទទឹង​រហូត ១៩ ​ម៉ែត្រ​បណ្តោយ​ប្រវែង ១៣ ​គីឡូម៉ែត្រ និង​ ៦៨៧ ​ម៉ែត្រ​ដោយ​ចាប់ផ្តើម​ចេញ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ព្រលាន ​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។

មក​ទល់​សប្តាហ៍​ទី​ ៣ នៃ​ខែ​មករា​នេះ​ទាំង​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​កំណាត់​ផ្លូវ​រថភ្លើង​ នោះ​ក៏​ដូចជា​អាជ្ញាធរ​មូលដ្ឋាន​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ណា​ផ្សេង​ទៀត ឬ​ភាព​ច្បាស់លាស់​នោះ​ទេ​ខណៈ​ដែល​សាលា​រាជធានី​ភ្នំពេញ​នៅ​ពុំ​ទាន់​ ជ្រើសរើស​បាន​ដៃគូ​អភិវឌ្ឍ​នៅ​ឡើយ​។

លោក ទ្បុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឆ្លើយ​បទសម្ភាស​ជាមួយ​កាសែត ​ភ្នំពេញ ប៉ុស្តិ៍ តាមរយៈ​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​​ថា៖ «​ខ្ញុំ​ពុំ​ទាន់​អាច​ឆ្លើយ​ប្រាប់​បាន​អំពី​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ អនុវត្ត​ពិតប្រាកដ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ​ដោយសារ​កន្លង​មក​យើង​គ្រាន់តែ​បាន​ សុំ​ជា​គោលការណ៍​ឯកភាព​លើ​គម្រោង​នេះ​ពី​សម្តេច​តេជោ​ប្រមុខ​រាជរដ្ឋាភិបាល​ កម្ពុជា​ជា​មុន​សិន​»​។

លោក​​បាន​បន្ត​ថា៖ «ដូច្នេះ​​ក្រោយពី​ទទួល​បាន​ភ្លើង​ខៀវ​ហើយ​ទើប​យើង​ចាប់​ផ្តើម​ជ្រើសរើស​យក​ ក្រុមហ៊ុន​ជា​ដៃគូ​អភិវឌ្ឍ​គម្រោង​នេះ​»​។

លោក ឌីម៉ង់ បាន​បន្ថែម៖ «នៅពេល​នេះ​សាលា​រាជធានី​ភ្នំពេញ​កំពុង​ពិនិត្យ​មើល​អំពី​លក្ខណសម្បត្តិ​ របស់​ក្រុមហ៊ុន​នានា​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​ចូល​មក​អភិវឌ្ឍ​​លើ​គម្រោង ​នេះ​។ យើង​ទទួល​បាន​ក្រុមហ៊ុន​ជាច្រើន​ទាំង​មកពី​ក្រៅ​ប្រទេស និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ផង​ដែរ​»​។

ឆ្លើយ​ទៅ​នឹង​សំណួរ​សួរ​ថា​តើ​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​មាន​រូបសណ្ឋាន​ យ៉ាង​ដូច​ម្តេច​ទៅ​? លោក ឌីម៉ង់ បាន​ឆ្លើយបត​ថា៖ «​យើង​ពុំ​អាច​បញ្ជាក់​ថា​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​នេះ​ថា​ ជា​ផ្លូវ​ស្ពាន​អាកាស ឬ​ផ្លូវ​លើ​ដី ឬ​ក្រោម​ដី​នោះ​ទេ​ព្រោះ​យើង​កំពុង​ពិនិត្យ​អំពី​គុណ​សម្បត្តិ​របស់​ការ​ ឌីហ្សាញ​ពី​ក្រុមហ៊ុន​នីមួយៗ​»​។

ប៉ុន្តែ «​វា​ប្រាកដ​ណាស់​យើង​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ​ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ​នេះ​ព្រោះ​រដ្ឋាភិបាល​កម្ពុជា​បាន​ឯកភាព​រួច​ហើយ»។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ឌីម៉ង់​។ ចំណែកឯ​​ ​គម្រោង​ចំណាយ​ថវិកា​នៅ​ក្នុង​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​មន្ត្រី​អ្នក​នាំ ​ពាក្យ​រូប​នេះ​ពុំ​បាន​បង្ហាញ​តួលេខ​ណា​មួយ​ទេ​ប៉ុន្តែ​ជា​ធម្មតា​ក្រោយពី​ ការ​ឯកភាព​គម្រោង ​គឺ​រាជរដ្ឋាភិបាល​មាន​ត្រៀម​កញ្ចប់​ថវិកា​វិនិយោគ​រួច​ហើយ​។

ទាក់ទង​ទៅ​នឹង​ផលប៉ះពាល់ ឬ​ក៏​សំណង​ទៅ​លើ​ប្រជាជន​ដែល​មាន​លំនៅឋាន​នៅ​អម​កំណាត់​ផ្លូវ​រថភ្លើង​នេះ​ មន្ត្រី​នាំ​ពាក្យ​រូប​នេះ​បាន​ឆ្លើយ​ថា «​យើង​កាន់​តែ​ពុំ​អាច​កំណត់​អំពី​ផលប៉ះពាល់​ថា​មាន​ដូចម្តេច​នោះ​ទេ ​ព្រោះ​យើង​ពុំ​ទាន់​បាន​សម្រេច​យក​ថា ​តើ​ការ​ឌីហ្សាញ​នោះ​ជា​លក្ខណៈ​ផ្លូវ​លើ​ស្ពាន​អាកាស ឬ​ ផ្លូវ​នៅ​អម​នឹង​ផ្លូវ​រថភ្លើង​នោះ​ទេ​?»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ឌីម៉ង់​។

«​ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​ផ្លូវ​រថភ្លើង​នេះ​ត្រូវ​បាន​កំណត់​ដោយ​ អនុក្រឹត្យ​គឺ​មាន​គម្លាត​ចម្ងាយ ៣០ ​ម៉ែត្រ​ម្ខាង​ពី​អ័ក្ស​ផ្លូវ​រថភ្លើង (ទាំង​សង​ខាង ៦០ ​ម៉ែត្រ​)​។ ដូច្នេះ​​មាន​ន័យ​ថា​អ្នក​មាន​លំនៅឋាន​នៅ​ជិត​ផ្លូវ​រថភ្លើង​តិច​ជាង ៣០​ ម៉ែត្រ​គឺ​ប្រហែល​ជា​គេ​ (អាជ្ញាធរ​) ​ពុំ​បាន​ចេញ​ប័ណ្ណកម្ម​សិទ្ធិ​ឲ្យ​នោះ​ទេ​»​។

បុរស​វ័យ ៦៧ ​ឆ្នាំ​ឈ្មោះ មាស ម៉ុន ដែល​មាន​ផ្ទះ​តៀម​នៅ​ចម្ងាយ​ប្រមាណ ៥-៦ ​ម៉ែត្រ​ឃ្លាត​ពី​ដែក​ទម្រ​ផ្លូវ​រថភ្លើង​បាន​អះអាង​ថា​គាត់​បាន​មក​រស់នៅ​ ក្បែរ​ផ្លូវ​រថភ្លើង​នៅ​ម្តុំ​តំបន់​ត្រឡោកបែក​តាំង​ពី​ឆ្នាំ​ ១៩៧៩ មក​ម្ល៉េះ​។ ចំណែកឯ​អាជ្ញាធរ​ក៏​ពុំ​បាន​ចេញ​ប័ណ្ណ​​កម្មសិទ្ធិ​បញ្ជាក់​ឲ្យ​ក្រុម​ គ្រួសារ​គាត់​ដែរ​។

«​ខ្ញុំ​អត់​បាន​ដឹង​អំពី​ព័ត៌មាន​នៃ​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​ពី ​លើ​ផ្លូវ​រថភ្លើង​នេះ​ទេ​។ ប៉ុន្តែ​ កាលពី​ថ្ងៃ​ចន្ទ​ ដើម​សប្តាហ៍​នេះ​ប្រធាន​ភូមិ​បាន​ឲ្យ​ពួកយើង​ផ្តិត​មេដៃ​ដើម្បី​យល់​ព្រម​ ឲ្យ​មាន​ការ​អភិវឌ្ឍ​ផ្លូវ​ចាក់​ផ្លូវ​បេតុង​ទំហំ​ ៤-៥ ​ម៉ែត្រ​សម្រាប់​អ្នក​ភូមិ​ដែល​ផ្លូវ​នោះ​​នៅ​ជាប់​ពី​ខាង​ត្បូង​ផ្លូវ​ រថភ្លើង»។ នេះ​បើ​តាម​សម្តី​របស់​លោក ម៉ុន។

លោក ហៀង ម៉េង ប្រធាន​ភូមិ​ ១៦ សង្កាត់​ទឹកល្អក់​ ១ ខណ្ឌ​ទួលគោក​ដែល​លំនៅឋាន​របស់​គាត់ និង​ប្រជា​សមាជិក​ភូមិ​របស់​គាត់​គឺ​ស្ថិត​នៅ​ជាប់​ពី​ខាង​ត្បូង​ផ្លូវ​ រថភ្លើង​នា​ផ្នែក​ខាង​ជើង​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​។

លោក​បាន​ថ្លែង​ថា៖ «​ពុំ​ដែល​ទទួល​បាន​របាយការណ៍​ពី​ថ្នាក់​លើ​អំពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ ល្បឿន​លឿន​នេះ​ទេ​ក្រៅ​អំពី​ការ​ប្រកាស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​កាលពី ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី ៥ ​មករា​កន្លង​មក​»​។

«​ខ្ញុំ​គិត​ថា​គម្រោង​អភិវឌ្ឍ​នេះ​ទំនង​ជា​ត្រូវការ​ពេល​វេលា​ច្រើន​ ឆ្នាំ​ទៅ​ទៀត​មើល​ទៅ​។ ឥឡូវ​នេះ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​រៀបចំ​អភិវឌ្ឍ​ផ្លូវ​បេតុង​សម្រាប់​ ប្រជាជន​រស់នៅ​ទី​នេះ​»។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ម៉េង​។

បុរស​មេ​គ្រួសារ​មួយ​ផ្សេង​ទៀត​ដែល​ផ្ទះ​របស់​ខ្លួន​មាន​បើក​ហាង​អ៊ុតសក់ ​ស្លាក​យីហោ​រស្មីអានី​នៅ​ជាប់​ពី​ខាង​ត្បូង​ផ្លូវ​រថភ្លើង​ដែរ​បាន​ឲ្យ​ដឹង ​ថា៖ «​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​មក​ទិញ​ផ្ទះ​ចាស់​លើ​ទំហំ​ដី ៥ ​គុណ​ ១៦ ​ម៉ែត្រ​នៅ​ទី​នេះ​កាល​ពី​អំឡុង​ដើម​ឆ្នាំ​ ២០០០»។ ក្រោយ​មក​បាន​វិនិយោគ​ជួសជុល​សង់​ផ្ទះ​នេះ​អស់​ជាច្រើន​ពាន់​ដុល្លារ​ អាមេរិក​។

លោក​បន្ត​ថា៖ «ប្រសិន​បើ​គេ​បង្កើត​ជា​ផ្លូវ​ស្ពាន​អាកាស​ទំហំ ១៩ ​ម៉ែត្រ ឬ​ពង្រីក​ម្ខាង ១០ ​ម៉ែត្រ​មែន​នោះ​ផ្ទះ​របស់​ខ្ញុំ​ប្រហែល​ជា​ត្រូវ​ខូចខាត​ប្រមាណ ៣-៤ ​ម៉ែត្រ​ហើយ​»​។

លោក​បន្ត​ថា៖ «​ប្រជាជន​ភាគច្រើន​ចង់​ឲ្យ​មាន​ការ​ដោះដូរ​សមរម្យ ឬ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​នឹង​ទីកន្លែង​ផ្ទាល់​ជា​ជាង​ការ​ផ្តល់​សំណង​ជា​ ប្រាក់​តិចតួច​នោះ​»។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សុគុណ។

«តាម​ការ​សិក្សា​របស់​អង្គការ​បាន​រកឃើញ​នៅ​ជំហ៊ាន​ដំបូង​នេះ​ថា​ យ៉ាង​ហោច​ណាស់​ មាន​ប្រជាជន​ជាង ១ ២០០ ​គ្រួសារ​នៅ​តាម​បណ្តោយ​កំណាត់​ផ្លូវ​រថភ្លើង​នេះ​អាច​នឹង​ទទួល​រង​ផល​ ប៉ះពាល់​ជា​ពុំខាន​។ ប្រសិន​បើ​ការ​អភិវឌ្ឍ​ផ្លូវ​​ល្បឿន​លឿន​នេះ​ពុំ​បាន​រក​ដំណោះ​ស្រាយ​​ឲ្យ​ សមរម្យ​ទេ​នោះ​វា​នឹង​បង្ក​ឲ្យ​មាន​ផល​លំបាក​ជាច្រើន​នៅ​ថ្ងៃ​អនាគត​ទៀត​ ហើយ»។

លោក សុគន្ធ បាន​បន្ថែម​ថា​ចំពោះ​ប្រជាជន​ដែល​ពួកគេ​ធ្លាប់​បាន​ទទួល​រង​ការ​បង្ខំ​ឲ្យ​ ចាកចេញ​ពី​លំនៅឋាន​របស់​ខ្លួន​នៅ​តំបន់​បឹងកក់​ ​នោះ​ហើយ​បាន​ទៅ​រស់នៅ​តាម​បណ្តោយ​កំណាត់​ផ្លូវ​រថភ្លើង​នេះ​អាច​នឹង​ជួប​ ការ​លំបាក​​ជា​លើក​ទី​ពីរ​ទៀត​។ រីឯ ​«ការ​ដោះដូរ​ដោយ​ពិបាក​ទទួល​យក​​នោះ​គឺ​វា​អាច​នឹង​ប៉ះពាល់​អារម្មណ៍​ កាន់តែ​ខ្លាំង​ដល់​ពួកគាត់​ថែម​ទៀត​»៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment