ការ​លុប​ចោល​គម្រោង​សា

ការ​លុប​ចោល​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ជា​គំរូ​អាក្រក់​និង​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​វិនិយោគិន​

វា​ពិតជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​ប្រជា​សហគមន៍​រស់នៅ​តាម​ផ្លូវ​ រថភ្លើង​ក្នុង​ក្រុងភ្នំពេញ គឺ​បន្ទាប់​ការសម្រេចចិត្ត​លុបចោល​គម្រោង​សាងសង់​ផ្លូវ​អ៊ិ​ច​ប្រេ​ស​វេ​យ៍​ ភ្លាមៗ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ វា​ក៏​បាននិងកំពុង​បង្ក​ការរិះគន់​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​ អ្នកវិនិយោគ​ដែល​មានបំណង​វិនិយោគ​នៅ​កម្ពុជា ហើយ​វា​ក៏​បង្ហាញថា រដ្ឋាភិបាល​បច្ចុប្បន្ន​ទំ​នង​ជា​ពុំមាន​ទស្សនវិស័យ​ច្បាស់លាស់​ទេ ក្នុងការ​ស្ថាបនា​គម្រោង​ណាមួយ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​។​

​លោក​បណ្ឌិត វ៉ាន់ វ៉ាត ឯកទេស​គ្រប់គ្រង​ដីធ្លី និង​នគរូបនីយកម្ម​ទីក្រុង បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​នេះ​ថា ការសម្រេច​លុប​ចោល​គម្រោង​នេះ​ជាការ​ធ្វើឡើង​ដោយ​មិនមាន​ផែនការ​ច្បាស់លាស់​ ហើយ​ការសម្រេចចិត្ត​របស់គាត់​(​លោក ហ៊ុន សែន​) ធ្វើឡើង​ដោយ​គិតតែ​ពី​ប្រជាប្រិយភាព​ជាមួយ​ប្រជាពលរដ្ឋ តែ​ការពិត​គ្មាន​ការអភិវឌ្ឍ​ណា​មិនមាន​ផលប៉ះពាល់​នោះទេ ដូច្នេះ​សម្តេច ហ៊ុន សែន គួរ​ឲ្យ​ក្រុមហ៊ុន​ណាមួយ​សិក្សា​ឲ្យ​បានច្បាស់លាស់​សិន​ថា គម្រោង​ផ្លូវអាកាស​ល្បឿន​លឿន​នេះ​ប៉ះ ពាល់​ប្រជាពលរដ្ឋ​កម្រិតណា​។​

​លោក​បន្តថា ៖ «​ទោះជា​យ៉ាងណា​ខ្ញុំ​គិតថា​គម្រោង​នេះ​មិន​បោះបង់​ទាំងស្រុង​នោះទេ អាច​នឹងមាន ការសិក្សា​នៅ​ថ្ងៃក្រោយ​ឡើងវិញ ប៉ុន្តែ​ការសាងសង់​ផ្លូវ​បែបនេះ​ទាល់ តែមាន​ជំហរ​ច្បាស់លាស់​ទើប​អាចធ្វើ​កើត​»​។

លោក​បន្តថា ៖ «​ការសម្រេចចិត្ត​លុបចោល​គម្រោង នេះ​ភ្លាមៗ អាច​កាត់បន្ថយ​ភាព​ជោគជាំ​នៃ​បាតុកម្ម និង​ដើម្បី​ប្រជាប្រិយភាព​របស់គាត់​ច្រើនជាង តែបើ​គម្រោង​នេះ​ធ្វើ​យកលុយ​វា​មិនមាន​បញ្ហា​អ្វី​ស្មុគស្មាញ​នោះទេ ប្រសិនជា​ដោះស្រាយ​គោលនយោបាយ​សមរម្យ ប្រជាពលរដ្ឋ​នឹង​ទទួលយក​»​។​

​លោក​បណ្ឌិត វ៉ាន់ វ៉ាត បាន​បន្តថា វា​ជា​ចំណែក​មួយ​នៃ​ការសម្រេចចិត្ត​លឿន​ពេក វា​ជា​សតិអារម្មណ៍​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​អ្នក​វិនិយោគ ប៉ុន្តែ​បើ​គម្រោង​នេះ​ផ្តល់​ផលប្រយោជន៍​ជាតិ​ជាធំ គួរតែមាន​ការសិក្សា​ឲ្យ​បានច្បាស់លាស់ ហើយ​ប្រសិនជា​លុបចោល​គម្រោង​ផ្លូវ​នេះ​គួរតែ​សិក្សា​ពី​ជម្រើស​ផ្សេង ព្រោះ​ផ្លូវ​ទៅកាន់​ព្រលាន​យន្តហោះ​បច្ចុប្បន្ន​ពោរពេញ​ដោយ​ការកកស្ទះ​ដែល​ អាចធ្វើ​ឲ្យ​អ្នកដំណើរ​ឡើង​យន្តហោះ​មិនទាន់​។​

​គម្រោង​សាងសង់​ផ្លូវអាកាស​ល្បឿន​លឿន​នេះ ធ្លាប់​ត្រូវបាន​សិក្សា​ដោយ​វិទ្យាស្ថាន​ផែនការ​ស្រាវជ្រាវ​គម្រោង​ប្លង់​ គមនាគមន៍ ខេត្ត​ហឺ​ណាន ប្រទេស​ចិន ដែល​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ចំនួន ៣៦២​លាន​ដុល្លារ និង​មាន​ប្រវែង​ផ្លូវ​សរុប​ចំនួន​១០​គីឡូម៉ែត្រ ចាក​ចេញពី​ស្ថានីយ​រថភ្លើង​រាជធានី​ភ្នំពេញ ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា សាលាក្រុង​តែង​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ហើយ​គម្រោង​នេះ​មិនទាន់​បានចេញ​ជា​រូបរាង​អ្វី​នៅឡើយ​ទេ គឺ​ក្រុមហ៊ុន​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ មិន​ទាន់​មាន​គម្រោង​ណាមួយ​បានចេញ​នោះទេ ដូច្នេះ​ក្រុមហ៊ុន​ក៏​មិន​ទាន់​មាន​ការផ្តល់​សំណង​ណាមួយ​ដល់​ប្រជា​ពលរដ្ឋ ដែល​នឹង​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ​នៅ​ឡើយ​ផងដែរ​។​

​លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែងថា ការកសាង​អ្វី​ក៏ដោយ​ដែល​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​វា​ជាការ​ប្រសើរ ប៉ុន្តែ​ប្រសិនជា​ជម្រើស​នេះ​មានការ​លំបាក​គួរ​សិក្សា​ពី​ជម្រើស​ផ្សេងទៀត​ មិន​ថា​នៅ​រាជធានី​ភ្នំពេញ ឬ​ផ្លូវ​ឆ្ពោះទៅ​ខេត្ត​ណា​នោះទេ គួរ​មានការ​ពិចារណា​ឲ្យ​ស៊ីជម្រៅ​លើ​រឿង​នេះ និង​គួរ​ធ្វើតាម​ប្លង់គោល​រាជធានី​ភ្នំពេញ​។

លោក​បន្តថា ប្រទេស​កាន់តែ​ជឿនលឿន​ទៅៗ​ហើយ គួរ​តែមាន​ប្រព័ន្ធ​សម្រាប់​ដោះស្រាយ​ការធ្វើដំណើរ មិនថាតែ​កម្ពុជា​ទេ សូម្បី​ប្រទេស​ថៃ និង​ហ្វីលីពីន ជាដើម​ក៏មាន​បញ្ហា​វិលមុខ​ពី​រឿងនេះ​ដែរ ដូច្នេះ​រដ្ឋា​ភិ បាល​គួរ​សិក្សា​ពី​គេ​ដើម្បី​យកមក​ដោះស្រាយ​នៅ​កម្ពុជា​។​

​លោក​បន្តថា ៖ «​រដ្ឋាភិបាល​គួរ​វិនិយោគ​(​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាមុន​) មុននឹង​ទឹក​មកដល់ ឬ​អ្នកវិនិយោគ​ចូលមក​ដល់​»​។​

​នៅពេល​សួរថា តើ​ការសម្រេចចិត្ត​យ៉ាង​ឆាប់រហ័ស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ះពាល់ ដល់​ទំនុកចិត្ត​អ្នកវិនិយោគ​ឬទេ​? លោក​បណ្ឌិត ម៉ី កល្យាណ បាន​លើក​នូវ​សម្តី​របស់​អតីត​ប្រធានាធិបតី លី ក្វាន់​យូ នៃ​ប្រទេស​សឹង្ហ បុរី ដែល​បាន​និយាយថា [​ប្រសិនជា​ធ្វើ​ឲ្យ​មនុស្ស​សប្បាយចិត្ត​គ្រប់គ្នា​ធ្វើ​អ្វី​ក៏​មិនកើត​ នោះដែរ រដ្ឋាភិបាល​នឹងមាន​បញ្ហា រដ្ឋាភិបាល​អាច​គិត​ខុស​។ រដ្ឋាភិបាល​ធ្វើទៅ​អាចមាន​អ្នក​សប្បាយចិត្ត និង​អ្នក​មិន​សប្បាយចិត្ត​តែ​រដ្ឋាភិបាល​គួរតែ​អារកាត់​]​។​

​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ កាលពីដើម​សប្តាហ៍​នេះ​ថា ៖ «​សូម​បងប្អូន​រស់នៅ​តាម​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ពោធិ៍ចិនតុង​ឈប់​ ធ្វើបាតុកម្ម​ឈប់​ទាមទារ​ធ្វើ​វេទិកាសាធារណៈ​អី​ទៅ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ផ្លូវអាកាស​ហាយ​វេ​យ៍ អ៊ិ​ច​ប្រេ​ស​អីហ្នឹង​ទេ​។ នាំ​ពិបាក​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្តថា លោក​បានចេញ​លិខិត​ហើយ តែ​ក្រែង​មិនទាន់បាន​ផ្សព្វផ្សាយ ព្រោះ​មាន​ក្រុមហ៊ុន​ដល់ទី​បី ទី​បួន​ឯណោះ​កំពុង​សិក្សា​ធ្វើ​ផ្លូវ​អ៊ិ​ច​ប្រេ​ស​វេ​យ៍ ទៅ​ពោធិចិនតុង មិនទាន់បាន​អី​ផង​ទាមទារ​ធ្វើបាតុកម្ម ទាមទារ​ធ្វើ​វេទិកា​សាធារណៈ​។ ឥឡូវ​បើ​យើង​អត់​ធ្វើ មិនបាច់​ធ្វើ​វេទិកាសាធារណៈ​នោះទេ​។ បើ​បងប្អូន​មក​សួរ​ពី​រឿងនេះ​ប្រាប់​ពួកគេ​ថា នាយករដ្ឋមន្ត្រី​ប្រកាស​ហើយ​ថា មិន​ឲ្យ​ធ្វើ​ឯណា វា​ចប់​ត្រឹម​មិន​ធ្វើ​ហើយ​។​

​ទោះជា​យ៉ាងណា​លោក តុល លី​ហូ​វ ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​អភិវឌ្ឍន៍​ថ្មី ដែល​ស្ថិត​នៅក្រោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា មានការ​សប្បាយចិត្ត​ទៅវិញ ដោយ​លោក​បាន​ថ្លែងថា លោក​បាន​ស្តាប់​ប្រសាសន៍​សម្តេច តាម​ទូរទស្សន៍ ហើយ​បានដឹង​ព័ត៌មាន​ដ៏​ល្អ​នេះ ដែល​ធ្វើ​ឲ្យ​លោក និង​ប្រជាពលរដ្ឋ​ដទៃទៀត​រស់នៅក្នុង​សហគមន៍​នេះ​សប្បាយ រីករាយ​យ៉ាងខ្លាំង រក​ពាក្យ​អ្វី​មក​និយាយ​មិន​ចេញ​នោះទេ​។

លោក​បន្តថា កន្លងមក​រហូតមក​ទល់​ពេល នេះ លោក និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នេះ​មិនទាន់​បានទទួល​សំណង​ណាមួយ​ពី​សាលាក្រុង ឬ​ពី​ក្រុមហ៊ុន​នោះទេ តែ​គ្រាន់តែ​ដឹងថា សម្តេច​បាន​ឯកភាព​ឲ្យ​សាងសង់​ស្ពាន​នេះ ទើប​សហគមន៍​របស់​លោក និង​សហគមន៍​ដទៃទៀត សុំ​ឲ្យ​ក្រសួង​សាធារណការ បើក​វេទិកា​សាធារណៈ ដើម្បី​ផ្តល់ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ​។​

​លោក​បន្តថា ៖ «​លោក​មិន​ជំទាស់​ការអភិវឌ្ឍ​ទីក្រុង​ភ្នំពេញ ក៏ដូចជា​អភិវឌ្ឍ​នៅ​កន្លែង​ណា​នោះទេ តែ​សុំ​ឲ្យ​ការអភិវឌ្ឍន៍​នោះ​ធ្វើឡើង​ប្រកបដោយ​តម្លាភាព ប៉ុន្តែ​រវាង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន និង​មិន​សាងសង់ លោក​សម្រេចយក​ជម្រើស​មិន​សាងសង់ ព្រោះ​លោក​មិន​ចង់​បែក​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​លោក​បានមក​រស់នៅ​តាំងពីដើម​ទសវត្សរ៍​ឆ្នាំ​៩០​នោះទេ​»​។

​លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងថា ៖ «​ខ្ញុំ​មិនបាន​ដឹង​ពី​ព័ត៌មាន​នេះ​ទេ លោក​មិនដែល​ទទួល​ព័ត៌មាន​ពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ទេ ឮ​តែ​តាម​សារព័ត៌មាន​ប៉ុណ្ណោះ​»​។​

​គួររំឭកថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ត្រូវបាន​ប្រកាសឡើង​ដោយ​លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ទិវា​ដែល​លោក​ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​ស្ពាន​អាកាស ស្តុ​ប​សាលា​តិច​ណូ កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥ កន្លងមក​នោះឯង​៕

ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment