ការ​វិនិយោគ​វិស័យ​សណ្ឋាគារ​ថ្លៃៗ​នៅ​ ​ភ្នំពេញ ​ហាក់​នៅ​ទ្រឹង

ការ​វិនិយោគ​វិស័យ​សណ្ឋាគារ​ថ្លៃៗ​នៅ​ ​ភ្នំពេញ ​ហាក់​នៅ​ទ្រឹង

ខណៈ​ដែល​ប្រទេស​​ កម្ពុជា ​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយ​ខ្លួន​ជា​តំបន់​ទេសចរ​ដ៏​ទាក់ទាញ​​ មួយ​ប្រចាំ​តំបន់​ដោយ​ព្យាយាម​ងាយ​ចេញ​បន្តិច​ម្តងៗ​ពី​សេវា​ទេសចរ​តម្លៃ​ ទាបៗ​ដោយ​បង្កើន​គុណភាព​របស់​ខ្លួន​សម្រាប់​ភ្ញៀវទេសចរ​លំដាប់​ខ្ពស់ៗ​នោះ​ ទីក្រុង ​ភ្នំពេញ ​ហាក់បី​ដូចជា​ជួប​កង្វះ​ខាត​គម្រោង​វិនិយោគ​សំណង់​អាគារ​ប្រណីតៗ​ធំៗ​ ដោយសារ​នៅក្នុង​ក្រសែ​ភ្នែក​អ្នក​ទេសចរ​ទីក្រុង​ ភ្នំពេញ ​គ្រាន់តែ​ជា​កន្លែង​សម្រាប់​សម្រាក​លំហែ​បណ្តោះ​អាសន្ន​មុន​នឹង​បន្ត​ដំណើរ ​ទៅ​ប្រទេស​មួយ​ទៀត​ប៉ុណ្ណោះ​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​សំណង់ និង​ទេសចរណ៍​នឹង​មាន​សន្ទុះ​កើន​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

នា​ពេល​បច្ចុប្បន្ន​នេះ​ទីក្រុង​ភ្នំពេញ​មាន​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ចំនួន​តែ ៣ ​ប៉ុណ្ណោះ​គឺ​សណ្ឋាគារ​អ៊ិនធើខុនធីណិនថល​សណ្ឋាគារ​សូហ្វីតែល និង Raffles Hotel De Royal ខណៈ​ចំនួន​ផ្ទះសំណាក់ និង​សណ្ឋាគារ​តូចៗ​ដែល​មាន​តម្លៃ​ទីផ្សារ​ពេញ​និយម​កំពុង​កើនឡើង​ជា​លំដាប់​ ។

យោង​តាម​របាយការណ៍​ចុងក្រោយ​ពី​ផ្នែក​អចលនទ្រព្យ​របស់​ក្រុមហ៊ុន Knight Frank ដែល​ជា​ភ្នាក់ងារ​ប្រឹក្សា​អន្តរជាតិ​ផ្នែក​អចលនទ្រព្យ​បាន​បង្ហាញ​ថា​ សណ្ឋាគារ​ផ្កាយ​ ៥ ទាំង​នេះ​កំពុង​ជួប​ឧបសគ្គ​ដោយ​ពុំ​សូវ​មាន​ភ្ញៀវ​មក​ស្នាក់នៅ​ពេញៗ​ដូច​ការ ​រំពឹង​ទុក​។

អត្រា​នៃ​កង្វះខាត​ភ្ញៀវ​ទេសចរ​មក​ស្នាក់​នៅ​នេះ​គឺ​ស្ថិត​ក្រោម ៥០ ​ភាគរយ​សម្រាប់​ក្រុង​ភ្នំពេញ​ដែល​ក្នុង​ចំនួន​ភាគរយ​នោះ ៩៥ ​​ភាគរយ​ជា​សុទ្ធតែ​ភ្ញៀវ​បរទេស​នេះ។​ បើ​យោង​តាម​ការ​បកស្រាយ​របស់​របាយការណ៍​ដោយ​បញ្ជាក់​បន្ថែម​ថា ​ដោយសារ​តែ​ពុំ​មាន​តម្រូវការ​ក្នុង​ស្រុក​សម្រាប់​ប្រភេទ​សណ្ឋាគារ​ទាំង​ នេះ​ច្រើន​នោះ​កម្តៅ​នៃ​ការ​ប្រកួត​ប្រជែង​នឹង​កើនឡើង​ខ្លាំង​នៅ​ពេល​ សណ្ឋាគារ​អន្តរជាតិ​មក​វិនិយោគ​ក្នុង​ទីផ្សារ​កម្ពុជា​។

នៅ​ត្រឹម​ឆ្នាំ​ ២០២២ សណ្ឋាគារ Shangri-La នៅ “The Peak” និង​សណ្ឋាគារ Okura Prestige នៅ “The Bay” នឹង​ចាប់​ដំណើរការ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ ២០១៦ ​នេះ​ចំនួន​បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ​នេះ​នឹង​កើនឡើង​ទ្វេដង​ពិសេស​គឺ​សណ្ឋាគារ Rosewood ដែល​មាន​ដល់​ទៅ ១៧៥ ​បន្ទប់​មាន​ទីតាំង​ក្នុង​អាគារ​វឌ្ឍនៈ និង​បន្ទប់​ចំនួន ១០០០ ថែម​ទៀត​នៅ​ណាហ្គាវើល​។

លោក Ross Wheble នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន Knight Frank ជឿជាក់​ថា​ការ​ពង្រីក​បន្ថែម​ដល់​ទៅ ១០០០ ​បន្ទប់​របស់​ណាហ្គាវើល​ដែល​ជា​ចំនួន​ដ៏​ច្រើន​ក្នុង​ឆ្នាំ​ ២០១៦ អាច​នឹង​មាន​​តម្លៃ​គួរ​សម​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​បាន​ទទួល​ជោគជ័យ​ពី​ ទីផ្សារ​ល្បែង​នៅ​ទី​នោះ​ជា​ស្រេច​រួច​ទៅ​ហើយ​នោះ​។

លោក​បន្ត​ថា៖ «​ការ​ពង្រីក​ចំនួន​បន្ទប់​នេះ​​មាន​ន័យ​ថា​តម្រូវការ​បន្ទប់​ក៏​មាន​ចំនួន​ កើនឡើង​ដែរ​ហេតុ​នេះ​ហើយ​ពួកគេ​ត្រូវ​ធ្វើការ​ពង្រីក​ជា​ចាំបាច់​»​។

ពេល​និយាយ​ដល់​ការ​បំពេញ​តម្រូវការ​ក្នុង​ស្រុក លោក Wheble លើក​ឡើង​ថា​ការ​ស្ទាបស្ទង់​សង្គម និង​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ ស្ថិតិ (National Institute of Statistics) នោះ​បាន​បង្ហាញ​ថា​ ការ​ចំណាយ​របស់​ប្រជាជន​កម្ពុជា​លំដាប់​ខ្ពស់​ចំនួន ២០ ​ភាគរយ​នោះ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៧៤ ​ភាគរយ​ចន្លោះ​ពី​ឆ្នាំ​ ២០១១ និង​ឆ្នាំ​ ២០១៤​។

លោក​បន្ថែម​ថា៖ «​ទាំងនេះ​បង្ហាញ​ថា​ការ​កើនឡើង​នូវ​ខឿន​សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​​ ធ្វើ​ឲ្យ​ស្តង់ដា​នៃ​ការ​រស់នៅ​កើន​ឡើង​ហើយ​ក៏​ដូច​គ្នា​សម្រាប់​ការ​កើនឡើង ​នៃ​តម្រូវការ​ពី​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ​»​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្នុង​ឆ្នាំ​ ២០១៥ គេ​បាន​ឃើញ​នូវ​សញ្ញា​ដំបូង​នៃ​ការ​កើន​ឡើង​​ចំនួន​ទីផ្សារ​សណ្ឋាគារ​នៅ​ កម្ពុជា ​ក្រោយ​​ការ​ធ្លាក់​ចុះ​នៃ​ការ​អភិវឌ្ឍ​ដែល​បាន​កើត​ឡើង​ដោយសារ​តែ​វិបត្តិ​ សេដ្ឋកិច្ច​ពិភពលោក​។

Content image - Phnom Penh Post

ការផ្តត់ផ្គង់បន្ទប់​របស់សណ្ឋាគារ។ Knight Frank Research

ជាមួយ​នឹង​ចំនួន​បន្ទប់​ដែល​បាន​ចុះ​បញ្ចី ៦៤៨៤ ​បន្ទប់​របស់​សណ្ឋាគារ​សរុប​ចំនួន ៤៨ កាលពី​ពាក់កណ្តាល​ឆ្នាំ​កន្លង​ទៅ​ផ្អែក​តាម​ការ​សិក្សា​របស់ Knight Frank បាន​ចាត់​ទុក​ថា​ សណ្ឋាគារ​ទាំង​នេះ​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ ៣ ឬ​ លើស​ពី​នោះៗ​ក្នុង​នោះ​ក៏​មាន​បន្ទប់​របស់​សណ្ឋាគារ​សុខា និង Toyoko Inn ចំនួន ២២៦៧ នៅ​ក្នុង​តួលេខ​នោះ​ផង​ដែរ​។

ខណៈ​ដែល​ការ​ប្រកួតប្រជែង​រយៈពេល​ខ្លី​អាច​ក្លាយ​ជា​ឧបសគ្គ​នោះ​ ភ្នាក់ងារ Knight Frank មាន​ទស្សនៈ​វិស័យ​វិជ្ជមាន​សម្រាប់​សណ្ឋាគារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​ដែល​រួមមាន «​ចាប់ពី​ផល​ចំណេញ​រយៈពេល​ខ្លី មធ្យម ដល់​រយៈពេល​វែង​នោះ» ពិសេស​គឺ​វិស័យ​អាកាសចរ​ដែល​បាន​ចូលរួម​ដោយ​មាន​ការ​ហោះហើរ​ត្រង់​តែ​ម្តង​ ហើយ​មាន​ភ្ញៀវទេសចរ​ជិះ​ញឹកញាប់​មក​កាន់​ប្រទេស ​កម្ពុជា ​ព្រម​ទាំង​ភាព​ល្អ​ប្រសើរ​នៃ​ហេដ្ឋា​រចនាសម្ព័ន្ធ​រវាង​គោលដៅ​ទេសចរ​ចម្បង​ គឺ​ខេត្ត​សៀមរាប ទីក្រុង​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​។

«​ជាមួយ​នឹង​ការ​ពង្រឹង​បន្ថែម​ជា​បន្ត​បន្ទាប់​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​កំណើន​ចំនួន​ជើង​ហោះហើរ​នោះ​យើង​អាច​មើល​ឃើញ​ជា​មុន​នូវ​សន្ទុះ​កំណើន​ នៃ​វិស័យ​ទេសចរណ៍​ដោយសារ​នឹង​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កំសាន្ត​ច្រើន​ ថែម​ទៀត​»។ នេះ​បើ​តាម​​ប្រសាសន៍​របស់​លោក Wheble។ «​កំណើន​នៃ​តម្រូវការ​សណ្ឋាគារ​លំដាប់​ខ្ពស់ៗ​នឹង​កើតមាន​នៅ​ពេល​ភ្ញៀវទេសចរ ​មក​ពី​ទីផ្សារ​ដែល​មាន​តម្លៃ​ខ្ពស់​មក​ដល់​ទី​នេះ​»​។

របាយការណ៍​នេះ​ក៏​បាន​គូសបញ្ជាក់​ថា​ចន្លោះ​ប្រហោង​នៃ​ភាព​ខ្វះខាត​ក្នុង ​វិស័យ​ឧស្សាហកម្ម​នេះ​អាច​ត្រូវ​បាន​បំពេញ​មក​វិញ​ដោយ​សណ្ឋាគារ​អន្តរជាតិ​ លំដាប់​ផ្កាយ​ ៤ ដែល​ចង់​បាន​នូវ «​កំណើន​តម្រូវការ​សណ្ឋាគារ​លំដាប់​អាជីវកម្ម​កំពូលៗ​សម្រាប់​បម្រើ​ថ្នាក់​ ដឹកនាំ​កណ្តាល និង​ជាន់​ខ្ពស់​ហើយ​យើង​មើល​ឃើញ​ចំណុច​នេះ​ជា​​ចំណុច​ដែល​នឹង​ធ្វើឲ្យ​មាន​ ការ​កើនឡើង​នៃ​សក្តានុពល​នៅ​ក្នុង​ពេល​ខាង​មុខ​នេះ»៕

ថ្ងៃទី១៨ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏

 


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment