ក្រុង​ភ្នំពេញ​ឡើង​ចំណាត់​ថ្នាក់ ៧ លេខ​ក្នុង​ការ​ស្ទង់​មតិ​ពី​ស្ថានភាព​រស់នៅ​លើ​ពិភពលោក

ក្រុង​ភ្នំពេញ​ឡើង​ចំណាត់​ថ្នាក់ ៧ លេខ​ក្នុង​ការ​ស្ទង់​មតិ​ពី​ស្ថានភាព​រស់នៅ​លើ​ពិភពលោក

ទី​ក្រុង​ភ្នំពេញ​ត្រូវ​បាន​វាយតម្លៃ​ថា​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​ ១៩០ ថា​ជា​ទីក្រុង​ល្អ​មួយ​សម្រាប់​ការ​រស់នៅ​ នៅក្នុង​ពិភពលោក​ដែល​ជា​ចំណាត់ថ្នាក់​ស្មើ​នឹង​ទីក្រុង Pune នៅ​ប្រទេស​ឥណ្ឌា​ដែល​ជា​តំបន់​ទីប្រជុំជន​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​ គេ​ទី​ ៩ របស់​ពិភពលោក​។

ការ​ស្ទង់​មតិ​ថ្មី​មួយ​នេះ​កើត​ចេញ​​ពី​ទីប្រឹក្សា​ការ​ចំណាកស្រុក ECA International បាន​ដាក់​ចំណាត់ថ្នាក់​ទីក្រុង​ភ្នំពេញ​ថា​ជា​ទីក្រុង​ទី​ ៥១ ល្អ​ជាង​គេ​សម្រាប់​ការ​រស់នៅ​ក្នង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប៉ុន្តែ​ជាប់​ ចំណាត់​ថ្នាក់​ទី​ ១៩០ នៅ​ក្នុង​ពិភពលោក​។

ទោះបី​ជា​ចំណាត់​ថ្នាក់​របស់​ទីក្រុង​ភ្នំពេញ​នៅ​ក្នុង​ពិភពលោក​នៅ​ទាប​ ក៏ដោយ​ប៉ុន្តែ​ចំណាត់​ថ្នាក់​នេះ​បាន​កើនឡើង​ចំនួន ៧ ​លេខ​គឺ​ពី​លេខ​ ១៩៧ កាលពី​ឆ្នាំ​មុន​។

ទីក្រុង​សិង្ហបុរី​ត្រូវ​បាន​វាយតម្លៃ​ថា​ជា​ទីក្រុង​ដែល​ល្អ​ជាង​គេ​ បង្អស់​នៅក្នុង​ពិភពលោក​សម្រាប់​រស់នៅ​ដោយ​បន្ទាប់ពី​នោះ​គឺ​ទីក្រុង Osaka ទីក្រុង Sydney ទីក្រុង Adelaide និង​ទីក្រុង Brisbane។

ការ​ស្ទង់​មតិ ECA បាន​ចេញ​ផ្សាយ​ជា​រៀងរាល់​ឆ្នាំ​ដោយ​បាន​ជ្រើសរើស​យក​កត្តា​មួយ​ចំនួន​ ដើម្បី​វាយតម្លៃ​ពី​គុណភាព​ការ​រស់នៅ នៅ​ទីតាំង​ជាង​ ៤៦០ នៅ​ជុំវិញ​ពិភពលោក​។

កត្តា​ទាំង​នោះ​រួម​មាន​ដូចជា​អាកាសធាតុ សេវា​សុខភាព (បរិក្ខារ​សុខាភិបាល​) លំនៅឋាន និង​ឧបករណ៍​ការ​រស់នៅ​ដាច់​ដោយ​ឡែក​ការ​ទទួល​បាន​ប្រព័ន្ធ​សង្គម និង​ទីតាំង​កម្សាន្ត​ហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព​ផ្ទាល់​ខ្លួន​ស្ថានភាព​នយោបាយ និង​គុណភាព​ខ្យល់​ផង​ដែរ​។

ខណៈ​ដែល​ទីក្រុង​ភ្នំពេញ​បាន​ជាប់​ចំណាត់ថ្នាក់​ទាប​ជាង​ទីក្រុង​ដទៃ​ទៀត ​នៅ​ក្នុង​តំបន់​ដូចជា​ទីក្រុង​​បាងកក​ស្ថិត​នៅ​លេខ​រៀង ១១១ ទីក្រុង​ហូជីមិញ លេខ​រៀង​ ១៥៨ និង​ទីក្រុង​វៀងចន្ទន៍​លេខ​រៀង ១៧២។ ប៉ុន្តែ​ភ្នំពេញ​​មាន​ចំណាត់ថ្នាក់​ដែល​នៅ​ខាង​លើ​ទីក្រុង Port Moresby ទីក្រុង Dhaka និង​ទីក្រុង Pyongyang។

ទីក្រុង​សិង្ហបុរី​បាន​ជាប់​ចំណាត់​ថ្នាក់​លើ​គេ​រយៈពេល ១៧ ​ឆ្នាំ​ជាប់​គ្នា​មក​ហើយ​។ ECA បាន​បញ្ជាក់​ថា​នេះ​គឺ​មកពី «​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ទីក្រុង​ បរិក្ខារ​សុខាភិបាល​ល្អ ចំនួន​ឧក្រិដ្ឋកម្ម​ទាប និង​ហានិភ័យ​សុខភាព​ទាប​» ដែល​កត្តា​ទាំង​នេះ​ធ្វើឲ្យ​ទីក្រុង​សិង្ហបុរី​បាន​រក្សា​ជាប់​ចំណាត់​ ថ្នាក់​កំពូល​នេះ​ជា​រហូត​មក​។

លោក Lee Quane នាយក​ប្រចាំ​តំបន់​របស់ ECA បាន​ថ្លែង​ថា​៖ «​ការ​ដាក់​ចំណាត់ថ្នាក់​របស់​យើង​គឺ​បាន​រួម​បញ្ចូល​ទាំង​ផលប៉ះពាល់​នៃ​ការ ​បំពុល​ខ្យល់​ដែល​មាន​កម្រិត​ខ្ពស់​នៅ​ទីក្រុង Lion កាលពី​ឆ្នាំ​មុន​ប្រសិន​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុនៗ​ទៀត​នោះ​។ បើ​ទោះ​ជា​ចំណុច​នេះ​មាន​ឥទ្ធិពល​លើ​ការ​វាយតម្លៃ​របស់​ទីក្រុង​សិង្ហបុរី​ ក៏ដោយ​ដោយសារ​តែ​ទីក្រុង​នេះ​ទទួល​បាន​ពិន្ទុ​ល្អ​នៅ​ក្នុង​​កត្តា​ផ្សេងៗ​ ទៀត​ក្នុង​ការ​វាយតម្លៃ​របស់​យើង​ទើប​ធ្វើ​ឲ្យ​វា​នៅ​តែ​ទទួល​បាន​ចំណាត់​ ថ្នាក់​លើ​គេ»។

ទីក្រុង Islamabad (​លេខ​ ២៦២) និង​ទីក្រុង Karachi (លេខ​ ២៦៨) របស់​ប្រទេស​ប៉ាគីស្ថាន​នៅ​តែ​ជា​ទីតាំង​ដែល​មិន​សមរម្យ និង​លំបាក​រស់នៅ​ជាង​គេ​នៅក្នុង​តំបន់​ដោយ​បាន​ពិន្ទុ​ទាប​ជាង​គេ​ដែល​ទទួល​ បាន​គឺ​មកពី​កត្តា​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​ស្ថានភាព​សង្គម​នយោបាយ។ ទីតាំង​ទាំង​ពីរ​នេះ​ជា​ទីតាំង​ដែល​អ្នក​ធ្វើ​ចំណាកស្រុក​ពិបាក​សម្រប​ខ្លួន ​ក្នុង​ការ​រស់នៅ និង​ការ​ស្វែងរក​ការ​ធ្វើ​ជាង​គេ​បើ​តាម​ការ​ស្ទង់​មតិ​នៅ​ទ្វីប​អាស៊ី​។

អ្វី​ដែល​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ទីតាំង​ដែល​ពិបាក​សម្រប​ខ្លួន ​ក្នុង​ការ​រស់នៅ និង​ធ្វើការ​ជាង​គេ​នៅ​ក្នុង​ពិភពលោក​គឺ​ទីក្រុង Kandahar (​លេខ​ ២៧៥) និង​ទីក្រុង Lashkar Gah (​លេខ​ ២៧៦) របស់​ប្រទេស Afghanistan​។

លោក Wayne McCallum អ្នក​ធ្វើ​ចំណាកស្រុក​អស់​រយៈពេល​យូរ​មក​ហើយ​បាន​និយាយ​ថា​លោក​មាន​ភាព​ ភ្ញាក់ផ្អើល​នៅពេល​ដែល​លោក​បាន​ឃើញ​ថា​ទីក្រុង​ភ្នំពេញ​ទទួល​បាន​ចំណាត់​ ថ្នាក់​ទាប​នៅក្នុង​តារាង​ស្ថានភាព​រស់នៅ​ក្នុង​ពិភពលោក។

លោក​បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​ប្រសិន​បើ​អ្នក​ធ្លាប់​បាន​ចំណាយ​ពេល​រស់នៅ​ទី​នេះ​អ្នក​នឹង ​ដឹង​ថា​វា​ជា​ទីក្រុង​ល្អ​មួយ​ដែល​គួរ​ឲ្យ​រស់នៅ​។ វា​ប្រាកដ​ជា​ថ្លៃ​ប្រសិន​បើ​អ្នក​មាន​កូន​ប៉ុន្តែ​សម្រាប់​មនុស្ស​ដូច​ ខ្ញុំ​ទីក្រុង​នេះ​មាន​អ្វី​ដែល​ខ្ញុំ​ត្រូវការ​ទាំងអស់​តែ​ម្តង»។

អ្នក​នាង Paula Mottram ដែល​រស់នៅ​ប្រទេស​សិង្ហបុរី​បាន​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​សួរ​សុខទុក្ខ​ មិត្តភក្តិ​បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​នឹង​គ្រឿង​បរិក្ខារ​ផ្សេងៗ​ដែល​មាន ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ «​ប្រាកដ​ហើយ​ដែល​ថា​ឧបករណ៍​នៅ​ទី​នេះ​មិន​សម្បូរ​បែប​ដូច​ទីក្រុង​ សិង្ហបុរី​ប៉ុន្តែ​បើ​និយាយ​ពី​ហាង​​កាហ្វេ បារ៍ និង​ភោជនីយដ្ឋាន​ជាដើម​អ្វីៗ​មើល​ទៅ​ល្អ​ហើយ»​។

អ្នកនាង​បាន​បន្ត​ថា​៖ «ប៉ុន្តែ​បើ​និយាយ​ពី​ការ​អប់រំ ឬ​សេវា​សុខភាព​វា​នៅ​មាន​ចំណុច​កែប្រែ​ច្រើន​ប៉ុន្តែ​វា​កំពុង​តែ​បោះ​ជំហាន ​ទៅ​មុខ​ហើយ​»​។

លោក McCallum ក៏​បាន​និយាយ​ដែរ​ថា​៖ «​បើ​សង្ខេប​មក​វិញ​ខ្ញុំ​គិត​ថា​អ្វីៗ​គឺ​មកពី​ដួង​ព្រលឹង​។ ទីក្រុង​ភ្នំពេញ​មាន​ដួង​ព្រលឹង​។ ខ្ញុំ​អាច​រស់នៅ​ទីក្រុង​ហុងកុង ឬ​ទីក្រុង​សិង្ហបុរី​ប្រសិន​បើ​ខ្ញុំ​ចង់​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទេ​។ អ្នក​អាច​គណនា​លេខ ឬ​មើល​ទៅ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ក៏​បាន​ដែរ​ប៉ុន្តែ​ទីក្រុង​ភ្នំពេញ​មាន​ ដួង​ព្រលឹង»៕

 


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment