ក្រុមហ៊ុន​សាងសង់​ដ៏​ល្បី​ឈ្មោះ​មួយ​ពី​ សិង្ហបុរី​ បាន​បើក​ដំណើរការ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា

ក្រុមហ៊ុន TA Corporation Ltd គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ និង​ក្រុមហ៊ុន​សាងសង់​មួយ​ដែល​មាន​បទពិសោធ​ក្នុង​វិស័យ​សំណង់​​ជាង ៤០ ​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​​ឧស្សាហកម្ម​សំណង់​នៃ​ប្រទេស​សិង្ហបុរី និង​មាន​បទពិសោធ​ជាង ១៥ ​ឆ្នាំ​ក្នុង​វិស័យ​វិនិយោគទុន​លើ​អចលនទ្រព្យ និង​ការ​អភិវឌ្ឍ​គម្រោង​ពាក់ព័ន្ធ​ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ជំនួញ​ ដែរ​។ ក្រុមហ៊ុន TA ក៏​មាន​ផ្តល់​ជូន​ផង​ដែរ​នូវ​ការ​បណ្តុះបណ្តាល​ជំនាញ​សម្រាប់​បុគ្គលិក​ ទីកន្លែង​ស្នាក់នៅ​ ថ្លៃ​ប្រេងសាំង​ យានយន្ត​សម្រាប់​ធ្វើ​ដំណើរ​ សម្បក​កង់ និង​គ្រឿង​រថយន្ត​ស្រគួរ​ជាដើម​។

នៅ​ដើម​ឆ្នាំ​ ២០១៦ ​នេះ​ក្រុមហ៊ុន​​នេះ​នឹង​ចាប់ផ្តើម​លើ​គម្រោង​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា The Gateway​។

ក្រុមហ៊ុន TA បាន​ហក់​ចូល​ក្នុង​ជំនួញ​​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​សិង្ហបុរី ​ដំបូង​នៅក្នុង​ឆ្នាំ​ ១៩៩៥ ដោយ​មាន​អតិថិជន​ច្រើន​គាំទ្រ​លើ​លក្ខណៈ​ពិសេសៗ​របស់​ខ្លួន​ក្នុង​ជំនួញ​នៃ​ វិស័យ​សំណង់​នេះ​។ តាំង​ពី​ពេល​នោះ​មក​ក្រុមហ៊ុន TA បាន​បង្កើន​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ជា​ក្រុមហ៊ុន​សាងសង់​មួយ​ដែល​ធ្វើការ​ លើ​គម្រោង​សាងសង់​គេហដ្ឋាន​មាន​គុណភាព​ដោយ​ផ្តោត​លើ​ទីផ្សារ​សម្រាប់​ ប្រជាជន​ដែល​មាន​ជីវភាព​មធ្យម និង​ខ្ពស់​។

ជាច្រើន​ឆ្នាំ​មក​នេះ​ក្រុមហ៊ុន TA បាន​បង្កើត​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ជា​ក្រុមហ៊ុន​ម៉ៅការ​សំណង់​មួយ​ប្រកប​ ដោយ​ការ​ជឿ​ទុក​ចិត្ត​ខ្ពស់។ អតិថិជន​ភាគច្រើន​របស់​ក្រុមហ៊ុន TA សុទ្ធ​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ជាក់ស្តែង​ដូចជា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាងសង់​អចលនទ្រព្យ​ធំៗ​មួយ​ចំនួន​ទៀត​នៅ​​ប្រទេស​សិង្ហបុរី និង​នៅ​ក្រៅ​ប្រទេស។ ក្រុមហ៊ុន​សាងសង់​សំខាន់​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន TA គឺ​ក្រុមហ៊ុន​សំណង់ Tiong Aik Pte Ltd ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ក្នុង​វិស័យ​សាងសង់​ទូទៅ​នៅក្នុង​ប្រទេស ​សិង្ហបុរី​ក៏​ដូចជា​មាន​ធនធាន​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​លើ​គម្រោង​ សាងសង់​ក្នុង​វិស័យ​សាធារណៈ​ជាមួយ​នឹង​តម្លៃ​កិច្ចសន្យា​សាងសង់​ឥត​កំណត់​ផង ​ដែរ​។

ជាមួយ​នឹង​ភាព​ជោគជ័យ​នេះ​ក្រុមហ៊ុន​សាងសង់ TA ត្រូវ​បាន​ចុះ​​ក្នុង​បញ្ជី​របស់​គណៈកម្មការ​ទីផ្សារ​ភាគហ៊ុន​ប្រទេស​ សិង្ហបុរី (Singapore Exchange Securities Trading Limited – SGX-ST) កាលពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ​ ២០១១ ​។

ដោយ​ទទួល​ស្គាល់​ជា​កំហិត​នៃ​ទំហំ​ទីផ្សារ​នៅ​ប្រទេស​សិង្ហបុរី​ ក្រុមហ៊ុន TA បាន​ពង្រីក​ជំនួញ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ដូចជា ប្រទេស​ចិន​ កម្ពុជា និង​ប្រទេស​ថៃ​ដែល​ពួកគេ​មាន​គម្រោង​សាងសង់​មួយ​ចំនួន​ដែល​ទទួល​បាន​ភាព​ ជោគជ័យ​នៅ​ក្នុង​ទីផ្សារ​ទាំង​នោះ​ផង​ដែរ​។

ក្នុង​នាម​ជា​ក្រុមហ៊ុន​សាងសង់​ប្រចាំ​តំបន់​ក្រុមហ៊ុន TA ជឿ​ជាក់​ថា​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ​កំពុង​ បង្ហាញ​នូវ​សក្តានុពល​យ៉ាង​ខ្លាំង​សម្រាប់​ការ​វិនិយោគ​ទៅក្នុង​វិស័យ​ អចលនទ្រព្យ​ដែល​វា​ស្តែង​តាមរយៈ​៖ ១- កំណើន​នៃ​ផលិតផល​ក្នុង​ស្រុក​ដែល​មាន​អត្រា​ជា​មធ្យម​ ៧ ​​ភាគរយ​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ស្ថិរភាព​កំណើន​នៅ​ក្នុង​វិស័យ​ ពាណិជ្ជកម្ម​ក្នុង​ស្រុក​។ ២- ​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​ដែល​មាន​ជីវភាព​កណ្តាល​ដែល​អាច​និយាយ​បាន​ថា ​ពួកគេ​មាន​តម្រូវការ​ខ្ពស់​លើ​គេហដ្ឋាន​ដែល​មាន​គុណភាព​ល្អ និង ៣- ​ស្ថិរភាព​នយោបាយ​សង្គម និង​ការ​ទទួល​ស្វាគមន៍​ពី​សំណាក់​អាជ្ញាធរ​ក្នុង​ស្រុក​ចំពោះ​​អ្នក​ វិនិយោគទុន​បរទេស​។ ជាមួយ​នឹង​កំណើន​ដ៏​សម​ប្រកប​ទាំង​នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​សាងសង់ TA សម្រេច​ចិត្ត​ជ្រើសរើស​យក​ទីក្រុង​​ភ្នំពេញ​ជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​ សម្រាប់​គម្រោង​សាងសង់​ថ្មី​របស់​ខ្លួន​។

Gateway នេះ​គឺជា​គម្រោង​សាងសង់​មួយ​ដែល​មាន​អគារ​កម្ពស់​ ៣៦ ​ជាន់ និង​មាន​បន្ទប់​​ការិយាល័យ​ចំនួន ២៩៩ ​ផ្សេងៗ​គ្នា​ដែល​ក្នុង​នោះ​ក៏​មាន​រួម​បញ្ចូល​ទាំង​អគារ​ស្នាក់​នៅ ៣៩ ​ជាន់​នឹង​បន្ទប់​គេហដ្ឋាន​ចំនួន ៥៧២ ​បន្ទប់​អម​ជាមួយ​ហាង​លក់​ទំនិញ​មាន​កម្ពស់​ពីរ​ជាន់​ដែល​មាន​ហាង​លក់​ ផលិតផល​ធំៗ​ផង​ដែរ។

ក្រុមហ៊ុន TA បាន​ធ្វើការ​ពាក់ព័ន្ធ​ក្នុង​​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​អស់​ជាង​មួយ​ ទស្សវត្ស​មក​ហើយ​នឹង​បាន​ឃើញ​ជាក់ស្តែង​នូវ​កំណើន​សេដ្ឋកិច្ច​សង្គម​មួយ​ដ៏​ វិសេស​វិសាល​ដែល​ប្រទេស​នេះ​​សម្រេច​បាន​។ សក្តានុពល​នៃ​​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស និង​ការ​អនុវត្ត​គម្រោង​សាងសង់ Gateway នៅ​ពេល​នេះ​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​ វិនិយោគទុន​នៅ​កម្ពុជា​ក្នុង​រយៈពេល​យូរ​អង្វែង​ក៏​ដូចជា​មាន​គោលបំណង​ក្នុង ​ការ​ពង្រឹង​កិច្ចសហការ​ជា​ដៃគូរ​ជាមួយ​ទីផ្សារ​ជំនួញ​ក្នុង​ស្រុក​ផង​ដែរ​៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment