ក្រុម​អ្នក​ជំនាញ​និយាយ​ថា​​ តម្លៃ​ដីធ្លី​ឆ្នាំ​នេះ​ទំនង​ស្ថិត​ក្នុង​សភាព​ទ្រឹង

មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​កំណើន​យឺត​នៃ​សេដ្ឋកិច្ច​កម្ពុជា​នា​ឆ្នាំ​នេះ​ទំនង​ជា​​ធ្វើ​ឲ្យ​ការ​ ដោះដូរ និង​តម្លៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ក៏​ដូចជា​នៅ​តាម​​បណ្តា​ខេត្ត​មាន​ សក្តានុពល​សេដ្ឋកិច្ច​ស្ថិត​ក្នុង​សភាព​ទ្រឹង​។ នេះ​បើ​យោង​តាម​ការ​វាយតម្លៃ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​នានា។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេស៊ារៀលអេស្ទេត លោក ប៉ូ អ៊ាវគង់ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា​តាមរយៈ​ការ​ព្យាករ​ទុក​ជា​មុន និង​កម្លាំង​ទិញ​លក់​ដីធ្លី​កាលពី​ចុង​ឆ្នាំ​មុន និង​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ដូចជា​សេដ្ឋកិច្ច​ កម្ពុជា​ធ្វើឲ្យ​អ្នក​វិនិយោគ​លើ​តម្លៃ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​មួយ​ចំនួន​​មាន​ការ​ ប្រុងប្រយ័ត្ន​គួរ​ឲ្យ​កត់សម្គាល់​។

លោក​បន្ត​ថា ​បើ​មើល​ពី​តម្លៃ​ដីធ្លី​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​បាន​ទ្បើង​ដល់​កម្រិត​ ពី ៨ ​ទៅ​ ៩ ភាគ​ ១០ ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​មាន​ការ​ប្រុងប្រយ័ត្ន​ព្រោះ​តាម​ការ​ព្យាករ​ពី ​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​នេះ​នឹង​ថយ​កំណើន​ពី ៣,៥ ​ភាគរយ​កាលពី​ឆ្នាំ​មុន​មក​នៅ​ត្រឹម​កម្រិត​ ២,៨​ ​ភាគរយ​នា​ឆ្នាំ​នេះ​។

លោក អ៊ាវគង់ បន្ត​ថា៖ «កំណើន​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​សកល​នា​ឆ្នាំ​នេះ​ធៀប​នឹង​ឆ្នាំ​ចាស់​នឹង​ជះ​ ឥទ្ធិពល​មិន​ល្អ​ដល់​អចលនទ្រព្យ​នៅ​កម្ពុជា​ខណៈ​ផ្សារហ៊ុន​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ និង​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ផ្សារហ៊ុន​របស់​ប្រទេស​ចិន​បាន​និង​កំពុង​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​នៅក្នុង​សេដ្ឋកិច្ច​»​។

លោក​បន្ត​ថា «​ដូច្នេះ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​ស្ថិត​ក្នុង​កម្រិត​ថេរ ឬ​ទាប​ជាង​ឆ្នាំ​មុន​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​អាច​កើន​ក្នុង​កម្រិត​ក្រោម ១០ ​ភាគរយ​ប៉ុណ្ណោះ​»​។

លោក អ៊ាវគង់ បាន​បន្ត​ថា៖ បច្ចុប្បន្ន​នៅ​កម្ពុជា​កំពុង​មាន​និន្នាការ​បំប៉ោង​តម្លៃ​អចលទ្រព្យ​ពី​ អ្នក​លក់​នានា​ដែល​ពួកគេ​ចង់​លក់​អចលនទ្រព្យ​របស់​ពួកគេ​ក្នុង​តម្លៃ​ថ្លៃ​ ខ្ពស់​ខុស​ពី​តម្លៃ​ទីផ្សារ​ប្រមាណ​ពី ៣០ ទៅ​ ៤០ ​ភាគរយ​ផង​ដែរ​ទាំង​នៅ​ក្នុង​ទីផ្សារ​អចលនវត្ថុ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ដែល​ការ​ដាក់​លក់​បែប​នេះ​ មាន​ផល​អវិជ្ជមាន​ច្រើន​ជាង​ផលវិជ្ជមាន​។

លោក ខុម មុនីរតន៍ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន DAILY REALTY GROUP បាន​យល់​ស្រប​នឹង​ការ​លើក​ទ្បើង​ខាង​លើ​ដោយ​លោក​បាន​ថ្លែង​ថា​តម្លៃ​ដីធ្លី​ នៅ​ឆ្នាំ​នេះ​អាច​ស្ថិត​ក្នុង​សភាព​ទ្រឹង​ដូចជា​តំបន់​បឹងកេងកង​ ១ តម្លៃ​ដី​លែង​ទ្បើង​ថ្លៃ​ហើយ​ព្រោះ​តម្លៃ​បច្ចុប្បន្ន​អ្នក​ទិញ​យក​មក​​ វិនិយោគ​ពិបាក​រក​ប្រាក់​ចំណេញ​ណាស់​ប៉ុន្តែ​ដី​នៅ​​តំបន់​ខ្លះ​ដូចជា​តំបន់ ​ទន្លេ​បាសាក់ ដូនពេញ និង​ជ្រោយចង្វារ​អាច​បន្ត​កើន​ទ្បើង​ក្នុង​កម្រិត ១៥ ទៅ​ ២០ ​ភាគរយ​ទៀត​ដោយសារ​មាន​ការ​វិនិយោគ​ពី​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស​។

លោក​បន្ត​ថា​ចំណែក​តំបន់​ភ្នំពេញ​ថ្មី​ទំនង​ជា​ស្ងប់ស្ងាត់​នា​ឆ្នាំ​នេះ ​ដោយសារ​កំណើន​នៅ​តំបន់​ទួលគោក​បាន​ថមថយ​ល្បឿន​ព្រោះ​តម្រូវការ​បាន​ថយ​ចុះ​ ធៀប​នឹង​ឆ្នាំ​ ២០១៥ ដែល​ដីធ្លី​បាន​កើនទ្បើង​ក្នុង​កម្រិត ១០០ ​ភាគរយ​នៅ​តំបន់​ទួលគោក និង​តំបន់​មួយ​ចំនួន​ទៀត​។

លោក​បន្ត​ថា៖ «​តម្រូវការ​ដីធ្លី​នៅ​ក្នុង​ឆ្នាំ​នេះ​អាច​ធ្លាក់​ចុះ​សន្ទុះ​នៃ​​ការ​ទិញ​ មិន​សូវ​បង្ខំ​ដូច្នេះ​ពេល​តម្រូវការ​ថយ​ចុះ​តម្លៃ​ដី​ធ្លី​អាច​ស្ថិត​ក្នុង ​សភាព​ទ្រឹង និង​ប្រឈម​ជាមួយ​ការ​ធ្លាក់​ចុះ​នៅ​តំបន់​មួយ​ចំនួន​»​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក គីម ហ៊ាង បាន​ថ្លែង​ថា​តម្លៃ​ដីធ្លី​នៅ​ក្រុង​ភ្នំពេញ​ឆ្នាំ​នេះ​ពិតជា​ប្រឈមមុខ​នឹង​ ភាព​មិន​ប្រាកដប្រជា​ដោយសារ​បច្ចុប្បន្ន​មាន​អ្នក​លក់​ច្រើន​ជាង​អ្នក​ទិញ​ ហើយ​អ្នក​លក់​បាន​ដាក់​តម្លៃ​លើស​​ពី​ទីផ្សារ​ពី ៣០ ទៅ​ ៤០ ​ភាគរយ​ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​ក៏​រក​ទិញ​មិន​បាន​អ្នក​លក់​ក៏​លក់​មិន​ចេញ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​លោក​នៅ​តែ​មើល​ឃើញ​ថា​តម្លៃ​ដីធ្លី​ឆ្នាំ​នេះ​នៅ​ តែ​កើន​ទ្បើង​ក្នុង​កម្រិត​ប្រមាណ ២០ ​ភាគរយ​នៅ​តំបន់​ជាយក្រុង និង​កំណើន​ក្នុង​រង្វង់ ៥ ទៅ​ ១០ ​ភាគរយ​នៅ​តំបន់​កណ្តាល​ក្រុង​។

លោក ហ៊ាង បន្ត​ថា​តម្រូវការ និង​ចលនា​ដោះដូរ​ដីធ្លី​ឆ្នាំ​នេះ​ទំនង​ជា​មិន​មាន​សញ្ញា​ល្អ​នោះ​ទេ​ធៀប​ នឹង​ឆ្នាំ​មុន​ដោយសារ​អ្នក​មាន​បំណង​ទិញ​ដី​ដើម្បី​វិនិយោគ​បាន​ចាប់ផ្តើម​ ទិញ​តាំង​ពី​ឆ្នាំ​ ២០១៣ ដល់​ដើម​ឆ្នាំ​ ២០១៥ ​មក​ម្ល៉េះ​»​។ លោក​បន្ត​ថា «​អំទ្បុង​ឆ្នាំ​នោះ​តម្រូវការ​ដី​បាន​កើនទ្បើង​យ៉ាង​គំហុក​។ តំបន់​ណា​ដែល​មាន​ដី​ទំនេរ​ដែល​អាច​សាងសង់​ខុនដូ​បាន​គឺ​តែងតែ​ទទួល​​​ការ​ ទិញ​អស់​ស្ទើរតែ​រក​ដី​ទំនេរ​គ្មាន​»​។

លោក ហ៊ាង បាន​ធៀប​តម្លៃ​ដី​នៅ​តំបន់​មួយ​ចំនួន​ដូចជា​តំបន់​បឹងកេងកង​១ ដូច​ស្រី​ក្រមុំ​វ័យ ២៥ ​ទៅ​ ២៧ ​ឆ្នាំ​ដី​នៅ​តំបន់​ទួលគោក​ដូច​ស្រី​វ័យ​ ២២ ​ទៅ​ ២៣ ​ឆ្នាំ​ដី​នៅ​តំបន់​ភ្នំពេញថ្មី​ដូច​ស្រី​វ័យ​ ១៨ ​ទៅ​ ២០ ​ឆ្នាំ​ដី​នៅ​តំបន់​ជ្រោយចង្វារ​ដូច​ស្រី​វ័យ​ ២០ ​ទៅ​ ២៤ ​ឆ្នាំ និង​ដី​នៅ​តំបន់​ជុំវិញ​ក្រុង​ភ្នំពេញ​ដូច​ស្រី​វ័យ​ ១៣ ​ទៅ​ ១៥ ​ឆ្នាំ​៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment