ក្រុម​អ្នក​ជំនាញ​៖ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទេ

ក្រុម​អ្នក​ជំនាញ​៖ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទេ

នៅ​ឆ្នាំ​ ២០១៥ ​កន្លង​មក​បណ្ដា​ក្រុមហ៊ុន​ចិន​ដែល​បាន​វិនិយោគ​​ក្នុង​វិស័យ​អចលនទ្រព្យ​ បាន​ដណ្តើម​​ចំណាត់​ថ្នាក់​លេខ​ ១ ពី​បណ្ដា​ក្រុមហ៊ុន​កូរ៉េ​ដែល​ធ្លាប់​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​នេះ​ជាង​ មួយ​ទសវត្សរ៍​កន្លង​មក​ប៉ុន្តែ​ចំណាត់​ថ្នាក់​ដែល​ក្រុមហ៊ុន​ចិន​ដណ្តើម​បាន ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​មុន​អាច​ឈរ​ជើង​បាន ឬ​​ អត់​នៅ​តែ​ជា​សំណួរ​ដែល​គ្មាន​ចម្លើយ​ច្បាស់លាស់​នៅ​ទ្បើយ​ដោយសារ​ការ​ ធ្លាក់​ចុះ​សេដ្ឋកិច្ច​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​នេះ​ដែរ​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា​គិត​ចាប់ពី​ឆ្នាំ​ ២០០០ រហូត​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​ចិន​ដែល​បាន​មក​សិក្សា​គម្រោង​ប្លង់ និង​សាងសង់​នៅ​កម្ពុជា​បាន​ឈាន​មុខ​គេ​ដោយ​មាន​ក្រុមហ៊ុន​ចិន​ចំនួន ១៣៥ ​ក្រុមហ៊ុន និង​ស្ថិត​នៅក្នុង​សុពលភាព​ចំនួន ៨៣ ​ក្រុមហ៊ុន​ដោយ​មាន​​ទឹកប្រាក់​វិនិយោគ​សរុប ៩៤៦ ​​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ បើ​គិត​ក្នុង​រយៈពេល​ដូចគ្នា​នេះ​អ្នក​វិនិយោគ​កូរ៉េ​នៅ​តែ​ឈាន​មុខ​គេ​នៅ​ ក្នុង​ការ​វិនិយោគ​ដើមទុន​លើ​វិស័យ​អចលនទ្រព្យ​ដោយ​មាន​ទុនវិនិយោគ​ចំនួន ១៥៦១ ​លាន​ដុល្លារ​អាមេរិក និង​មាន​ក្រុមហ៊ុន​សរុប​ចំនួន ៤៨ ​ក្រុមហ៊ុន​នៅ​មាន​សុពលភាព​។

អ្នកនាង អាន សុធីតា នាយិការង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia ដែល​បាន​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​ ជាច្រើន​បាន​ឲ្យ​ដឹង​ថា​ភាព​ច្របូប​ច្របល់​នៃ​ទីផ្សារ​ហ៊ុនកាល​ពី​ចុង​ឆ្នាំ ​មុន និង​ការ​ថយ​ចុះ​នូវ​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​ចិន​ពិតជា​មាន​ផលប៉ះពាល់​ដល់ ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ប៉ុន្តែ​កម្រិត​នៃ​ផលប៉ះពាល់​មាន​តិចតួច​ ប៉ុណ្ណោះ​ព្រោះ​ទីផ្សារ​អចលនទ្រព្យ​ កម្ពុជា ​នៅ​តែ​មាន​សក្តានុពល​​នៅ​ឡើយ​ក្នុង​ក្រសែ​ភ្នែក​វិនិយោគិន​បរទេស​។

អ្នកនាង សុធីតា និយាយ​ថា៖ «​ខ្ញុំ​បាន​សួរ​វិនិយោគ​គិន​ចិន​អំពី​បញ្ហា​នេះ​ពួកគេ​ប្រាប់​ថា​គម្រោង​ របស់​ពួកគេ​នឹង​មិន​ផ្អាក​ការ​សាងសង់ ឬ​មាន​បញ្ហា​អ្វី​នោះ​ទេ​ប៉ុន្តែ​ប្រសិន​ជា​ពួកគេ​គិតពី​គម្រោង​វិនិយោគ​នៅ​ បរទេស​ពួកគេ​អាច​ពន្យារពេល​សម្រាប់​គម្រោង​របស់​ខ្លួន​»​។

អ្នកនាង​បន្ត​ថា​៖ «​ពេល​មាន​​បញ្ហា​នៅ​ស្រុក​របស់​ពួកគាត់​ពួក​គាត់​​ចង់​ទៅ​វិនិយោគ​នៅ​ ប្រទេស​​ណា​ដែល​ពួកគេ​អាច​ពន្យារ​​ពេល​បន្តិច​ក្នុង​ស្ថានភាព​បែប​នេះ​ព្រោះ ​វិនិយោគិន​តែងតែ​គិត​ពី​ពេលវេលា​មិនមែន​គិតតែ​ពី​តម្លៃ ឬ​ផលិតផល​ទេ​»​។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC ដែល​កំពុង​សហការ​ជាមួយ​វិនិយោគិន​មកពី​ប្រទេស​ចិន​ជាច្រើន​ផង​ដែរ​នោះ​បាន​ ថ្លែង​ថា​ក្រុមហ៊ុន​ចិន​ដែល​កំពុង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កោះពេជ្រ ​នៅ​តែ​ដំណើរការ​ធម្មតា​មិន​មាន​គម្រោង​ណា​ផ្អាក​នោះ​ទេ​ប៉ុន្តែ​លោក​ទទួល​ បាន​ព័ត៌មាន​ថា​ការ​លក់​ផ្ទះ​នា​ពេល​នេះ​គឺ​លក់​មិន​បាន​ច្រើន​ដូច​ពេល​មុន​ នោះ​ទេ។

លោក​បន្ត​ថា ​លោក​បាន​ជ្រាប​​ពី​បញ្ហា​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន​តែ​មិន​មាន​ព័ត៌មាន​លម្អិត​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ​។

ទោះ​ជា​យ៉ាង​ណា​លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណារៀលធីគ្រុប​យល់​ថា​បញ្ហា​នៅ​​ប្រទេស​ចិន​នឹង​ ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​វិស័យ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​កម្ពុជា​ដោយ​លោក​បាន​​ចង្អុល​បង្ហាញ​ទៅ​ការ​ស្រាវជ្រាវ​ ទីផ្សារ​នៅ​តំបន់​ឆ្នេរ​របស់​កម្ពុជា​ដែល​លោក​បាន​មើល​ឃើញ​ថា​មាន​អ្នក​ អង្គុយ​សំកុក​បណ្តើរៗ​ហើយ​ដង់ស៊ីតេ​អ្នក​ទេសចរណ៍​ចិន​ក៏​ហាក់​ដូចជា​ ស្ងប់ស្ងាត់​។

លោក​បន្ត​ថា៖ «​ខ្ញុំ​គិត​ថា​គម្រោង​វិនិយោគ​ធំៗ​មួយ​ចំនួន និង​​មុខ​ជំនួញ​ពាក់ព័ន្ធ​ដទៃ​ទៀត​នឹង​រង​ផលប៉ះពាល់​ខ្លាំង​ពី​ការ​ថយ​ចុះ​ នូវ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​»​។

លោក​បន្ត​ថា​៖ «គម្រោង​អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​ដូចជា​ស្ងប់ស្ងាត់​មិន​គគ្រឹង​គគ្រេង​​ ដូច​ពី​មុន​នោះ​ទេ​ប៉ុន្តែ​លោក​​ថា​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​ភ្នំពេញ​មិន​ ទាន់​លេច​ចេញ​រូបរាង​ពី​បញ្ហា​អវិជ្ជមាន​នេះ​នៅ​ទ្បើយ​ទេ​»​។

ទោះ​ដូច្នេះ​ក៏ដោយ ក៏​លោក ប៊ុណ្ណា បាន​យល់​ឃើញ​ថា​ប្រសិន​វិនិយោគិន​​ចាប់​យក​ឱកាស​នេះ​ជា​រឿង​ល្អ​ព្រោះ​ ទីផ្សារ​តម្លៃ​សម្ភារៈ​សំណង់ និង​កម្មករ​មិន​សូវ​មាន​ភាព​ប្រកួត​ប្រជែង​ដូច​ពី​មុន​នោះ​ទេ​ដោយសារ​តម្លៃ​ សម្ភារៈ​សំណង់​នា​ពេល​នេះ​បាន​ធ្លាក់​ចុះ​ច្រើន​នៅ​លើ​ទីផ្សារ​។

សេដ្ឋវិទូ ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​យល់​ថា​នៅ​ ពេល​ទំហំ​សេដ្ឋកិច្ច​ប្រទេស​ណា​មួយ​មិន​ទាន់​រីកចម្រើន​ខ្លាំង​កំណើន​ សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​មាន​ទំហំ​ធំ​ប៉ុន្តែ​ពេល​សេដ្ឋកិច្ច​កាន់តែ​ធំ​ ទៅៗ​កំណើន​សេដ្ឋកិច្ច​កាន់តែ​​ថយ​ទៅៗ​។ ឧទាហរហ៍​បើ​យើង​មាន​ប្រាក់​ ១០០ ហើយ​ទទួល​បាន​កំណើន ១០ ​ភាគរយ​គឺ​យើង​បាន​ចំនួន​ ១០ បើ​យើង​មាន ១០០០ តែ​ទទួល​បាន​កំណើន ៥ ​ភាគរយ​គឺ​យើង​បាន​រហូត​ដល់​ ៥០ ​។

លោក​បន្ត​ថា​ ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ដូចជា​សហរដ្ឋ អាមេរិក ឬ​ជប៉ុន​ពេល​ទទួល​បាន​កំណើន​សេដ្ឋកិច្ច ១ ​ឬ​ ២ ​ភាគរយ​ពួកគេ​មាន​ភាព​ត្រេកអរ​ជា​ខ្លាំង​។ ជា​រឿង​អស្ចារ្យ​សម្រាប់​ពួកគេ​។

លោក​បន្ត​ថា៖ «​ពេល​សេដ្ឋកិច្ច​ចិន​កាន់​តែ​ធំ​កំណើន​សេដ្ឋកិច្ច​កាន់តែ​ថមថយ​ទៅៗ​គឺ​វា​ មិនមែន​ជា​រឿង​ធំធេង​ប៉ុន្មាន​នោះ​ទេ​ដូច្នេះ​ផលប៉ះពាល់​មក​លើ​កម្ពុជា​មាន​ កម្រិត​តិចតួច​ណាស់​»​។

លោក​បណ្ឌិត​ កល្យាណ បាន​បន្ត​ថា​ក្នុង​ទិដ្ឋភាព​នេះ​យើង​អាច​ក្រទ្បេក​មើល​លំហូរ​វិនិយោគ និង​ជំនួយ​មកពី​ប្រទេស​ចិន​ដូចជា​ទី​ ១ ជំនួយ​សម្រាប់​អភិវឌ្ឍន៍ ចិន​នៅ​បន្ត​ជួយ​កម្ពុជា​ជា​លក្ខណៈ​នយោបាយ ការ​ទូត និង​សេដ្ឋកិច្ច​។ ទី​ ២ លំហូរ​ទុនវិនិយោគ​មកពី​ប្រទេស​ចិន​ភាគ​ច្រើន​គឺ​ផ្តោត​លើ​វិស័យ​កាត់ដេរ និង​ស្បែកជើង​ដែល​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក និង​សហភាព​អឺរ៉ុប និង​ទី​ ៣ សកម្មភាព​​ពាណិជ្ជកម្ម​មិន​មាន​បញ្ហា​ខ្លាំង​នោះ​ទេ​ហើយ​ភ្ញៀវ​ទេសចរ​ចិន​នៅ ​តែ​បន្ត​ចូល​មក​កម្ពុជា​តែ​កំណើន​អាច​ថយ​ចុះ​តិចតួច​។

លោក​បន្ត​ថា៖ «​​វិនិយោគិន​ចិន​មក​ស្រុក​ខ្មែរ​មិនមែន​បោះទុន​វិនិយោគ​រាប់ពាន់​លាន​ ដុល្លារ​នោះ​ទេ​គឺ​វិនិយោគ​ក្នុង​ទំហំ​តូចៗ​នៅ​ទ្បើយ​ដូច្នេះ​ប្រសិន​ជា​មាន ​ឱកាស​ពួកគេ​នឹង​មក​រកស៊ី​ស្រុក​ខ្មែរ​ហើយ​។ ​ទំហំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​ស្រុក​ខ្មែរ​មាន​ទំហំ​តិច​នៅ​ទ្បើយ​ ដូច្នេះ​បើ​គិត​ពី​ផលប៉ះពាល់​តិច​ប៉ុណ្ណោះ​»​។

អ្នកនាង សុធីតា បាន​បន្ថែម​ថា​ប្រសិន​ជា​អចលនទ្រព្យ​នៅ​​កម្ពុជា​មាន​បញ្ហា​គឺ​ដោយសារ​ ទីផ្សារ​ស្រុក​ខ្មែរ​ខ្លួន​ឯង​ដែល​សាងសង់​លើស​តម្រូវការ និង​មាន​អ្នក​ក្រទ្បុក​ទីផ្សារ​ច្រើន​មិនមែន​ជា​កំហុស​របស់​អ្នក​វិនិយោគ​ទេ ​។ ដូច្នេះ​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ឥទ្បូវ​នេះ​គួរ​ផ្តោត​លើ​ទីផ្សារ ​ក្នុង​ស្រុក​ដែល​ជា​មូលដ្ឋាន​រឹងមាំ​ជាង​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​៕

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment