ក្រុម​អ្នក​ដឹក​នាំ​ជួប​ជុំ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​ទីផ្សារ​អចលនទ្រព្យ

ក្រុម​អ្នក​ដឹក​នាំ​ជួប​ជុំ​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​ទីផ្សារ​អចលនទ្រព្យ

កិច្ច​ប្រជុំ​ទីផ្សារ និង​ទស្សន​វិស័យ​អចលនទ្រព្យ​២០១៦ (REMOC2016) នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១ ខែ​មេសា ​ខាង​មុខ​នេះ​នៅ​ឯ​សណ្ឋាគារ​ភ្នំពេញ ចាប់​ពី​ម៉ោង ៨:៣០​ ព្រឹក​ដល់​ម៉ោង​ ៥:០០​ ល្ងាច​។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ អ្នក​ដឹក​នាំ​ក្នុង​ប្រទេស និង​ក្នុង​តំបន់​ជា​ច្រើន​រូប ត្រៀម​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​គាត់​ទៅ​លើ​ស្ថាន​ភាព​ ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា។

ប៉ុស្តិ៍​អចលនទ្រព្យ​បាន​ជួប​ជាមួយ​នឹង​អ្នក​ពាក់​ព័ន្ធ​របស់ REMOC2016 ដើម្បី​ដឹង​ពី​គំនិត​របស់​ពួក​គាត់​ទាក់ទង​ទៅ​នឹង​ស្ថាន​ភាព​របស់​ទីផ្សារ​ អចលនទ្រព្យ​នា​ពេល​បច្ចុប្បន្ន និង​នៅ​ក្នុង​ពេល​អនាគត។​

Content image - Phnom Penh Post

ស៊ីម ហ៊ុយឈួង ប្រធាន​ប្រតិបត្តិ VTrust Appraisal Co. Ltd.
យើង​គួរ​ចាត់​ទុក​ការ​វាយ​តម្លៃ​អចលនទ្រព្យ ជា​ផ្នែក​សំខាន់​បំផុត​នៃ​សកម្មភាព​អចលនទ្រព្យ​ទាំង​អស់​ ហើយ​កម្ពុជា​គួរ​តែ​អភិវឌ្ឍ​សកម្មភាព​នេះ បាន​ន័យ​ថា អ្នក​គួកជេ​(​អ្នក​ជើងសា​) និង​ភ្នាក់​ងារ​លក់​ទាំង​អស់​ដែល​កំពុង​ផ្តល់​សេវាកម្ម​ដល់​អតិថិជន គួរ​តែ​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​ពី​ការ​វាយ​តម្លៃ​ ដូច​ជា​គំនិត ការ​អនុវត្ត និង​វិធី​វាយ​តម្លៃ​។

តម្លៃ​ដំបូង​ដែល​មិន​សម​ហេតុ​ផល​របស់​អ្នក​លក់​ គឺជា​ឧបសគ្គ​មួយ​ដែល​ភ្នាក់ងារ​មួយ​រូប គួរ​តែ​គេចវេះ ដើម្បី​សន្សំ​ពេល​វេលា និង​កម្លាំង​។ ដោយ​សារ​ធនាគារ​ទទួល​អចលនទ្រព្យ​ជា​វត្ថុ​ទ្រព្យ​បញ្ចាំ​សម្រាប់​ការ​ខ្ចី​ ប្រាក់ ចំណុច​ខ្សោយ​ក្នុង​ដំណើរ​ការ​វាយតម្លៃ​នៅ​ពេល​ដែល​វា​កំពុង​ឡើង​ថ្លៃ​ខ្លាំង វា​អាច​នឹង​នាំ​ឲ្យ​មាន​វិបត្តិ​ធនាគារ​នៅពេល​ក្រោយ ដូច​ដែល​យើង​បាន​រៀន​ពី​ធនាគារ​កណ្តាល​នៃ​ប្រទេស​អៀរ​ឡង់ កាល​ពី​ឆ្នាំ​២០១២ កន្លង​មក​។

Content image - Phnom Penh Post

ធីតា អាន នាយិកា​រង​ជាន់​ខ្ពស់ CBRE Cambodia
ឆ្នាំ​២០១៥ ជា​ឆ្នាំ​មួយ​ដែល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​មាន​សភាព​សកម្ម​យ៉ាង​ខ្លាំង ​នៅ​គ្រប់​វិស័យ។ ដើម្បី​វិភាគ​ពី​និន្នាការ​សំខាន់ៗ​ខ្លះ CBRE បាន​តាម ដាន​ឃើញ​ថា តម្លៃ​ដី​នៅ​ខណ្ឌ​កណ្តាលៗ​ទីក្រុង​ បាន​កើន​ឡើងជា​មធ្យម៨,៤០​ភាគរយ​។ ការ​អភិវឌ្ឍ​ការិយាល័យ​កម្រិត​កណ្តាល ដែល​បាន​ដាក់​លក់​នៅ​ឆ្នាំ​២០១៥ ត្រូវ​បាន​គេ​ទិញ​យក​ច្រើន​។ យូនីត​សម្រាប់​ជួល​កម្រិត B និង C បាន​កើន​ឡើង​៦,២០​ភាគរយ គឺ ២,៣០​ភាគរយ​រៀង​គ្នា​ផង​ដែរ​។ នៅ​ឆ្នាំ​២០១៥ មាន​យូនីត​ខុនដូ​ជា​សរុប​ចំនួន ៧០១៤​យូនីត ត្រូវ​បាន​គេ​ប្រកាស​នៅ​ក្នុង​អគារ​ចំនួន ២៦​អគារ ដែល​នឹង​នាំ​ឲ្យ​មាន​យូនីត​សរុប ២១៤១៤​យូនីត នៅ​ឆ្នាំ​២០១៨ នៅ​ពេល​ដែល​អគារ​ទាំង​អស់​ត្រូវ​បាន​បញ្ចប់​។ ខណ្ឌ​ចំការមន ជា​ខណ្ឌ​មាន​ការ​បើក​សម្ពោធ​គម្រោង​ច្រើន​ជាង​គេ ដែល​មាន​ចំនួន​ស្មើ​នឹង​៣៧​ភាគរយ​នៃ​គម្រោង​សរុប​។

Content image - Phnom Penh Post

ច្រឹក សុខនីម ប្រធាន​ប្រតិបត្តិ Century21 Mekong
ខុនដូ​មិន​មែន​ជា​ទីផ្សារ​ទើប​ចាប់​កំណើត​ទៀត​ទេ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​វា​មាន​អាយុ​ជាង ៨​ឆ្នាំ​ហើយ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​អភិវឌ្ឍន៍​ អតិថិជន និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ ​នៅ​តែ​ត្រូវ​ដឹង​អំពី​រឿង​ខ្លះ ដើម្បី​ទទួល​បាន​ការ​យល់​ដឹង​ពី​ទីផ្សារ​ដែល​នាំ​ឲ្យ​ពួក​គាត់​អាច​ធ្វើ​ ដំណើរ​ទៅ​លើ​ផ្លូវ​ត្រឹមត្រូវ​សម្រាប់​អនុវិស័យ​អចលនទ្រព្យ​មួយ​នេះ​។

ខ្ញុំ​ជឿ​ថា ខុនដូ គឺជា​ដំណោះស្រាយ​មួយ​នៃ​បញ្ហា​ស្ទះ​ចរាចរណ៍ តម្លៃ​ដី​ឡើង​ខ្ពស់ ការ​ងាយ​ស្រួល និង​ស្តង់ដារ​រស់​នៅ​បែប​ទំនើប​ទាន់​សម័យ​ដែល​មាន​សន្ទុះ ​លឿន​របស់​អ្នក​ធ្វើ​ការ​ជំនាន់​ក្រោយៗ​នេះ​។ ក៏​ប៉ុន្តែ ដោយ​សារ​មាន​ការ​កើន​ឡើង​ច្រើន​ហួស​នៃ​ការ​សម្ពោធ​ខុន​ដូ កាលពី​ឆ្នាំ​មុន ទីផ្សារ​នេះ​បាន​ក្លាយ​ទៅ​ជា​ទីផ្សារ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់ ខណៈ​ពេល​ដែល​វា​បាន​ផ្តល់​ជម្រើស​ជាច្រើន​ទៅ​កាន់​អតិថិជន​។

Content image - Phnom Penh Post

James Padden អ្នក​គ្រប់គ្រង​ភ្នាក់ងារ​ពាណិជ្ជកម្ម​នៅ CBRE Cambodia
ខ្ញុំ​គិត​ថា យើង​គួរ​ប្រុងប្រយ័ត្ន​ជាមួយ​នឹង​ទីផ្សារ​គេហដ្ឋាន​។ ពួក​យើង​នៅ​មិន​ទាន់​ឃើញ​មាន​តម្រូវ​ការ​ម្ចាស់​/​អ្នក​រស់​នៅ​ក្នុង​ស្រុក​ ខ្លាំង ដែល​មាន​ភាព​ចាំបាច់​ក្នុង​ការ​ជំរុញ​ទីផ្សារ​ខុនដូ​នៅ​ឡើយ​។ ការ​បណ្តាក់​ទុន​នា​ពេល​បច្ចុប្បន្ន​ភាគ​ច្រើន​ធ្វើ​ឡើង​ដោយ​អ្នក​ បណ្តាក់ទុន​ពី​បរទេស​ដែល​រំពឹង​ថា នឹង​បាន​ចំណេញ​ច្រើន​។ ទីផ្សារ​នេះ​នឹង​ត្រូវ​បាន​ជំរុញ​ជា​រយៈពេល​យូរ​ដោយ​អ្នក​រស់​នៅ​ជា​ជន​ជាតិ ​កម្ពុជា​។ ទោះ​បី​ជា​ស្ថានភាព​នេះ​កំពុង​ផ្លាស់​ប្តូរ​បន្តិច​ម្តងៗ​ក្តី ពួក​គាត់​នៅ​មិន​ទាន់​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​តម្រូវ​ការ​ច្បាស់​លាស់​នោះ ​ទេ​។

យើង​បាន​ឃើញ​ការ​ប្រកាស​ពី​ទីកន្លែង​ការិយាល័យ​កម្មសិទ្ធិ​ជា​ជាន់​ៗ ជា​លើក​ទី​១​នៅ​ឆ្នាំ២០១៤។ គេ​ស្វាគមន៍​និន្នាការ​ថ្មី​នេះ​ដោយ​សារ​ទ្រព្យ​នេះ​មាន​ភាព​ពេញ​និយម​នៅ​ ទីផ្សារ​ផ្សេង​ទៀត​ដូចជា នៅ​ទីក្រុង​ហុងកុង និង​បាងកក​។

Content image - Phnom Penh Post

គីម ហ៊ាង ប្រធាន CVEA និង​នាយក​ប្រតិបត្តិ Khmer Real Estate
វិស័យ​សំណង់ និង​អចលនទ្រព្យ ដើរ​តួនាទី​យ៉ាង​សំខាន់​ ជា​ម៉ាស៊ីន​ជំរុញ​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​បង្កើន​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​វា​ទៅ​លើ​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​ដោយ​ផ្តល់​ការងារ​សំណង់​ទៅ​កាន់​​មនុស្ស​ជាង​១០,០០០​នាក់ នៅ​ពាសពេញ​ប្រទេស​។ វា​ក៏មាន​ឥទ្ធិពល​បន្ទាប់​បន្សំ​ទៅ​កាន់​ផ្នែក ផ្សេងៗ​នៃ​វិស័យ​សេដ្ឋកិច្ច​ផង​ដែរ​។

ពួក​យើង​សូម​អរគុណ​ដល់​អ្នក​ដឹក​នាំ ក៏​ដូច​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​សំខាន់ៗ​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ ដោយ​សារ​ពួក​គាត់ បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដឹក​នាំ​ឲ្យ​វិស័យ​សំណង់ និង​អចលនទ្រព្យ​មក​ដល់​ចំណុច​នេះ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រសិន​បើ​គ្មាន​ការ​ផ្លាស់​ប្តូរ ឯកភាព​គ្នា និង​ការ​សហការ​គ្នា​យ៉ាង​រឹងមាំ នៅ​ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​អស់ ក្នុង​ការ​អភិវឌ្ឍ និង​ការ​អនុវត្ត​ល្អ​សម្រាប់​ឧស្សាហ​កម្ម​នេះ នោះ​យើង​ក៏​ពុំ​អាច អភិវឌ្ឍ​វា​ឲ្យ​ក្លាយ​ជា​ផ្នែក​សំខាន់​នៃ​សេដ្ឋកិច្ច​ដែរ។

Content image - Phnom Penh Post

គុយ វ៉ាត នាយក CVEA និង​នាយក និង​ជា​នាយក​ប្រតិបត្តិ​នៃ Century21 Cambodia
ដោយ​សារ​ការ​រីក​លូត​លាស់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា យើង​ឃើញ​ថា ទីផ្សារ​អចលនទ្រព្យ​ក៏​កំពុង​រីក​លូតលាស់​ខ្លាំង​ទៅៗ ដើម្បី​បំពេញ​តម្រូវ​ការ​ច្រើន ឡើង​ទៅ​លើ​គេហដ្ឋាន ការិយាល័យ ទីកន្លែង​ពាណិជ្ជកម្ម ក៏​ដូច​ជា សម្រាប់​ទីកន្លែង​សម្រាប់​ដើរ​កម្សាន្ត​ បែប​ឧស្សាហកម្ម​ជាដើម​។

ជាមួយ​នឹង​វឌ្ឍនភាព​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​មក​ដល់​ឆ្នាំ​២០១៦​នេះ វា​នឹង​នាំ​មក​នូវ​ឱកាស​ជាច្រើន ទោះ​បី​ជា​មាន​ការ​លេច​ឡើង​នូវ​កត្តា​ប្រឈម​ខ្លះៗ ដែល​អាច​បន្ថយ​កម្តៅ​របស់​ទីផ្សារ​នេះ​ក៏​ដោយ។ ឧទាហរណ៍ ទីផ្សារ​ខុនដូ។ មក​ដល់​ពេល​នេះ​យើង​បាន​ឮ​ពី​បញ្ហា​ខ្លះៗ​អំពី​ទីផ្សារ​ខុនដូ ដូច​ជា​ការ​មាន​ខុនដូ​ច្រើន​ពេក ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​ជាង​មុន សម្រាប់​អ្នក​អភិវឌ្ឍន៍​ក្នុង​ការ​លក់​គម្រោង​របស់​ខ្លួន ប៉ុន្តែ​វា​ក៏​បាន​ផ្តល់​ជា​ជម្រើស​ល្អ​សម្រាប់​អតិថិជន​ដែរ​។

Content image - Phnom Penh Post

ហ៊ឹម សីហា ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ VTrust Appraisal Co., Ltd.
​អ្នក​អភិវឌ្ឍន៍ អ្នក​បង្កើត​គោល​នយោបាយ និង​អ្នក​ជាប់​ទាក់ទង​ផ្សេងៗ​ទៀត ត្រូវ​ការ​ចំណេះ​ដឹង​ច្បាស់​លាស់ និង​ការ​វិភាគ​ជ្រាលជ្រៅ​ទៅ​កាន់​ផ្នែក​លម្អិត​របស់​ទីផ្សារ​អចលនទ្រព្យ ដើម្បី​ឲ្យ​ពួក​គេ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ក្នុង​ការ​អភិវឌ្ឍ ហើយ​នឹង​ដោះ​ស្រាយ​ការ​ប្រឈម​ដែល​កើត​មាន​នៅ​ក្នុង​វិស័យ​នេះ។

វិស័យ​សំណង់ និង​អចលនទ្រព្យ ​បាន​បង្កើន​ភាព​សំខាន់​របស់​ខ្លួន​ទៅ​លើ​សេដ្ឋកិច្ច​ជាតិ ដោយ​ចូលរួម​បង្កើត​ការងារ​រាប់​ម៉ឺន​ការងារ ជំរុញ​ឲ្យ​មាន​តម្រូវ​ការ​សម្រាប់​បំណុល​ទិញ​ផ្ទះ​រហូត​ទៅ​ដល់​១៩​ភាគរយ នៅ​ក្នុង​ឆ្នាំ​២០១៤ ហើយ​នឹង​ទាក់ទាញ​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ហូរ​ចូល​មក​កាន់​ទីផ្សារ​ អចលនទ្រព្យ​កម្ពុជា ដោយ FDI ដែល​វា​អាច​ជះ ឥទ្ធិពល​ទៅ​ដល់​វិស័យ​ផ្សេងៗ​នៃ​សេដ្ឋកិច្ច​ជាតិ​ របស់​កម្ពុជា។

Content image - Phnom Penh Post

សន ស៊ាប នាយក​ប្រតិបត្តិ​របស់ Key Real Estate
តម្លៃ​ដី​នៅ​ទីក្រុង​ភ្នំពេញ​បន្ត​កើន​ឡើង​ក្នុង​អត្រា ១០​ទៅ​២០​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី ទីក្រុង​នេះ​មាន​តំបន់​ជាច្រើន​ដែល​មាន​ការ​កើន​ឡើង​នៃ​តម្លៃ​ខុសៗ​គ្នា ដោយ​សារ​កត្តា​ជាច្រើន​ រួម​មាន​ដូច​ជា ផែនការ​ប្រើប្រាស់​ទីតាំង ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​ត្រូវ​បាន​រៀបចំ​ជា​ផែនការ​រួច​ស្រេច និង​តាម​លក្ខណ​ពិសេស​របស់​ទីតាំង​នីមួយៗ​។

នៅ​ក្នុង​អំឡុង​ពេល​១០​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​បាន​ឃើញ​ភ្នំពេញ រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស។ ប្រជា​ពលរដ្ឋ​មិន​ត្រឹម​តែ​ផ្តោត​ទៅ​លើ​ទីតាំង​ពាណិជ្ជកម្ម​នៅ​ទីប្រជុំជន​ នោះ​ទេ ហើយ​ថែម​ទាំង​បាន​រីក​រាល​ដាល់​ទៅ​កាន់​តំបន់​គេហដ្ឋាន​ថ្មីៗ​នៅ​ជាយ​ក្រុង ដែល​នៅ​ក្នុង​នោះ ទីតាំង​ខ្លះ​មាន​អ្នក​រស់​នៅ​ដល់​ទៅ​រាប់​ម៉ឺន​នាក់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ទីតាំង​ផ្សេងៗ​នឹង មាន​បទពិសោធ​ដូច​គ្នា​នេះ​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ៕

ថ្ងៃទី២៧ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment