ខេត្ដ​កណ្តាល​រៀបចំ​ប្លង់​មេ​សម្រាប់​ស្រុក​​ មុខ​កំពូល

ខេត្ដ​កណ្តាល​រៀបចំ​ប្លង់​មេ​សម្រាប់​ស្រុក​​ មុខ​កំពូល

ក្នុងគោលដៅ​ធានា​ឲ្យ​មាន​និរន្ដរភាព និង​ភាព​មាន​របៀប​រៀប​រយ​សម្រាប់​ការអភិវឌ្ឍ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានសម្រេច​រៀបចំ​ប្លង់គោល នៅ​​ស្រុក​មុខកំពូល ក្នុង​ខេត្ដកណ្តាល ដែលជា​ស្រុក​មាន​ភូមិសាស្រ្ដ​នៅ​ប្រ៉​ប​តាមផ្លូវ​ជាតិ​លេខ ៦A នា​ភាគ​ឦ​សាន្ដ​នៃរាជធានី​ភ្នំពេញ ហើយ​កំពុង​មានការ​អភិ​វឌ្ឍ​យ៉ាង​ឆាប់​រហ័ស​។​

លោក​បណ្ឌិត វ៉ាន់ វ៉ាត អនុ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ដកណ្តាល បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា ដោយសារ​មានការ​ស្នើសុំ​ពីសាលា​ស្រុក​មុខកំពូល គួបផ្សំ​នឹង​ឆន្ទៈ​រៀបចំ​ប្លង់​មេ សាលា​ខេត្ដ​កណ្តាល បាន​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី ដើម្បី​រៀបចំ​ប្លង់គោល​សម្រាប់​ស្រុក​មុខកំពូល ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឲ្យ​ការ​ប្រើប្រាស់​ដី ការសាងសង់​សំណង់​នានា​នៅ​ក្នុង​​មូលដ្ឋាន​គោរព​តាម​នូវប្លង់​គោល​ត្រឹមត្រូវ ​ប្រាសចាក​បញ្ហា​ទៅ​ថ្ងៃ​អនាគត​។

លោក​បន្ដថា ៖ «​ការរៀបចំ​ប្លង់​មេ​នៅ​ស្រុក​មុខកំពូល នឹង​រៀបចំ​ឲ្យ​មាន​ផែនការ​ប្រើប្រាស់​ដី​លម្អិត​សម្រាប់​ឃុំ​នីមួយៗ ដើម្បី​យើង​អាច​ដឹងថា ទីកន្លែង​ណា​ត្រូវ​សាងសង់​ស្ពាន ទីកន្លែង​ណា​ត្រូវមាន​ការសាងសង់​ផ្លូវ​ក្នុង​ទំហំ​ប៉ុណ្ណា ទីកន្លែង​ណា​ជា​តំបន់​ពាណិជ្ជកម្ម និងជា​តំបន់​កសិកម្ម​​ជាដើម​»​។

ស្រុក​មុខកំពូល​មាន​ឃុំ​ចំនួន ៧ ភូមិ​ចំនួន ៣៩ និង​មាន​ប្រជាជន​ចំនួន ៧០៤៧៧ នាក់​។ ការរៀបចំ​ប្លង់គោល (Master Plan) នេះ​នឹង​បញ្ចប់​នៅ​រយៈពេល ៣ ទៅ ​៤ ឆ្នាំ​ខាងមុខ​។ ការរៀបចំ​ប្លង់គោល​នេះ ធ្វើ​ទ្បើង​ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​បី​ឆ្នាំ​រំកិល​របស់​សាលា​ខេត្ដ​ កណ្តាល​។លោក​បណ្ឌិត វ៉ាន់ វ៉ាត បាន​បន្ដថា ស្រុក​មុខកំពូល​ជា​តំបន់​មានការ​អភិ​វឌ្ឍលឿន ដោយសារ​ការពង្រីក​ផ្លូវជាតិ​លេខ ៦ របស់​រដ្ឋាភិបាល និង​ជា​ស្រុក​ដែល​ស្ថិត​​នៅជាប់​រាជធានី​ភ្នំពេញ​។

ដូច្នេះ​ប្រសិនបើ​យើង​មិន​រៀបចំ​ប្លង់គោល​ជាមុន​ទេ វា​អាច​នឹងធ្វើ​ឲ្យ​មានការ​សាងសង់​សំណង់​មិនមាន​របៀបរៀបរយ ហើយ​ជា​បទពិសោធ​គឺ​នៅ​រាជធានី​ភ្នំពេញ បានជួប​​បទពិសោធ​អាក្រក់​ដោយសារ​ការ​អភិវឌ្ឍ​​ធ្វើ​ទ្បើង​មុន​ចេញ​ប្លង់គោល ទើប​បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ សំណង់​​គ្មាន​របៀបរៀប​រយ និង​មាន​ប្រព័ន្ធ​ផ្លូវ​តូច​ចង្អៀត​ជាដើម​។

លោក​បន្ដថា សាលាខេត្ដ​កណ្តាល មិន​ត្រឹមតែ​រៀបចំ​ប្លង់គោល​តែ​នៅ​ស្រុក​មុខ​កំពូល​នោះទេ កន្លងមក​ខេត្ដ​បាន​រៀប​ចំបញ្ចប់​ប្លង់គោល​ក្រុង​តាខ្មៅ ស្រុក​ស្អាង និង​​បាននិង​កំពុង​រៀបចំ​ប្លង់គោល​នៅ​ស្រុក​កោះធំ និង​ស្រុក​លើកដែក ដែល​ស្ថិត​នៅជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​វៀតណាម​ផងដែរ​។

ខេត្ដកណ្តាល​មាន​ព្រំ​ដែន​ប្រវែង ២៩,៥០ គីទ្បូ​ម៉ែត្រ​ជាប់​ជាមួយ​ប្រទេស​វៀតណាម​។លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​ដ​ថ្លែងថា កាលពី​ឆ្នាំមុន​តម្លៃ​ដីធ្លី​នៅ​ស្រុក​មុខកំពូល​មាន​កំណើនប្រមាណ ២០ ភាគរយ ដោយសារ​ស្ពាន​ជ្រោយចង្វារ​ទី ២ បានដាក់​ឲ្យ​ដំណើរការ ផ្លូវជាតិ​លេខ ៦A បាន​ស្ថាបនា​រួចរាល់ មាន​គម្រោង​បុរី​ប៉េងហួត​, ឌឹមេគ​ង្គ​រ៉ូយ៉ាល់ និង​បុរី​ឌឹផ្លរ៉ា នៅតាម​បណ្តោយ​ផ្លូវ​នេះ ទើប​ធ្វើ​​ឲ្យ​មានការ​ជះ​ចំហាយ​ទៅដល់​ស្រុក​មុខកំពូល ដែល​ធ្វើ​ឲ្យ​ដី​នៅតំបន់​ជាប់​ផ្លូវជាតិ បាន​កើន​តម្លៃ​ចន្លោះ​ពី ៧០ ទៅ ៨០ ដុល្លារ ដល់ ១០០ ដុល្លារ និង​ដី​នៅ​តំបន់​រកា​កោង បាន​ទ្បើង​ពី ២០ ដល់ ៤០ ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ។

លោក​បន្ដថា ៖ «​ការរៀបចំ​ប្លង់​មេ សម្រាប់​ស្រុក​មុខកំពូល នឹងធ្វើ​ឲ្យ​អ្នក​វិនិយោគ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​វិនិយោគ និង​ដូចជា​អាប៉ោង​បើក​គ្រប​អ៊ីចឹង ពេល​ប្លង់​មេ​រៀបចំ​រួចរាល់ ព្រោះ​គេ​នឹង​ដឹងថា តំបន់​ណា​ត្រូវធ្វើ​ផ្សារ ឬ​ធ្វើ​រោងចក្រ»​។

លោក​បន្តថា ៖ «​ការរៀបចំ​ប្លង់​មេ​នឹងធ្វើ​ឲ្យ​តំបន់​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​អ្នក​វិនិយោគ និង​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​កើន​ទ្បើង​បន្ថែមទៀត​»៕

 

ថ្ងៃទី១៨ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏

 


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment