ចំនួន​ក្រុមហ៊ុន​ចិន​ច

រយៈពេល​ចុង​ក្រោយ​នេះ​ចំនួន​ក្រុមហ៊ុន​ចិន​បាន​ដណ្តើម​យក​ចំណាត់​ ថ្នាក់​លេខ​ ១ ពី​អ្នក​វិនិយោគ​កូរ៉េ​ដែល​ធ្លាប់​បាន​ឈរ​ជើង​នៅ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​។

លោក ហ៊ុយ ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សំណង់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​គិត​ចាប់​ពី​ឆ្នាំ ​២០០០ រហូត​មក​ទល់​​ពេល​នេះ​ក្រុមហ៊ុន​ចិន​បាន​ឈាន​មុខ​គេ​ដែល​បាន​មក​សិក្សា​ គម្រោង​ប្លង់ និង​សាងសង់​នៅ​កម្ពុជា​ដោយ​មាន​ក្រុមហ៊ុន​ចិន​ចំនួន​ ១៣៥ ប៉ុន្តែ​ស្ថិត​នៅក្នុង​សុពលភាព​ចំនួន ៨៣ ​ប៉ុណ្ណោះ​ដែល​ពួកគេ​កំពុង​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា​ដោយ​មាន​ទំហំ​ទឹក​ ប្រាក់​វិនិយោគ​សរុប​ចំនួន​ ៩៤៦ ​លាន​ដុល្លារ​អាមេរិក​។

ប៉ុន្តែ​បើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​អ្នក​វិនិយោគ​កូរ៉េ​នៅ​តែ​ឈាន ​មុខ​គេ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដោយ​មាន​ទុនវិនិយោគ​សរុប​ ចំនួន ១៥៦១ ​លាន​ដុល្លារ​អាមេរិក និង​មាន​ក្រុមហ៊ុន​សរុប​ចំនួន​តែ ៤៨ ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ស្ថិត​នៅ​មាន​សុពលភាព​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​សំណង់​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ វៀតណាម​ជាប់​ចំណាត់​ថ្នាក់​ទី​ ៣ ដោយ​មាន​ក្រុមហ៊ុន​មក​ចុះ​បញ្ជី​ចំនួន​ ៣៨ និង​ស្ថិត​នៅ​មាន​សុពលភាព​ចំនួន​ ២៥ ទី​ ៤ ​ជា​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​ក្រុមហ៊ុន​ចំនួន​ ៣៥ និង​ស្ថិត​នៅ​មាន​​សុពលភាព​ចំនួន​ ២៦ និង​ក្រុមហ៊ុន​ជាប់​ចំណាត់​ថ្នាក់​ទី​ ៥ គឺ​ក្រុមហ៊ុន​ថៃ​ដែល​មាន​ក្រុមហ៊ុន​ចំនួន​ ៣២ និង​ស្ថិត​នៅ​មាន​សុពលភាព​ចំនួន​ ១៩ ​។

ទោះ​ជា​យ៉ាង​ណា​លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) បាន​យល់​ឃើញ​ផ្ទុយ​ពី​នេះ​ដោយ​លោក​បាន​ថ្លែង​ថា​បើ​និយាយ​ពី​ទឹកប្រាក់​ដែល​ ហូរ​​ចូល​មក​ក្នុង​វិស័យ​សំណង់ និង​​អចលនទ្រព្យ​នា​ពេល​ថ្មីៗ​នេះ​គឺ​អ្នក​វិនិយោគ​ជនជាតិ​ចិន​ព្រោះ​មាន​ដី និង​គម្រោង​ជាច្រើន​ដែល​បាន​ចាប់ផ្តើម​វិនិយោគ និង​សាងសង់​ដោយ​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​ជាក់​ស្តែង​ក្រុមហ៊ុន​ចិន​មួយ ​បាន​ទិញ​ដី ៨ ​ហិកតា​នៅ​បឹងកក់ ទិញ​សណ្ឋាគារ​រណសិរ្ស និង​​ទិញ​ដី​នៅ​ទល់​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ​រាប់​រយ​លាន​ដុល្លារ​។ នេះ​​មិន​ទាន់​គិត​ដល់​ក្រុមហ៊ុន​ដទៃ​ទៀត​ផង​។

លោក​បន្ត​ថា៖ «​អ្នក​វិនិយោគ​ចិន​ឈរ​ចំណាត់​ថ្នាក់​លេខ​ ១ ហើយ​ប៉ុន្តែ​បើ​និយាយ​ពី​អ្នក​មាន​ទឹក​ប្រាក់​នៅ​កប់​ក្នុង​វិស័យ​នេះ​ច្រើន ​គឺ​អ្នក​វិនិយោគ​ជនជាតិ​កូរ៉េ​ដូច​ជា​ម្ចាស់​គម្រោង​ The Gold Tower42, The Booyoung Town ជាដើម​»​។

លោក​បន្ត​ថា ​រីឯ​អ្នក​វិនិយោគ​ជនជាតិ​សឹង្ហបុរី​ក៏​មាន​ច្រើន​ផង​ដែរ​ដូចជា​គម្រោង The Bridge, The Peak, និង​គម្រោង The Bay ជាដើម​។ ចំណែក​អ្នក​វិនិយោគ​នៅ​ឈរ​លេខ​រៀង​បន្ទាប់​គឺ​ជនជាតិ​តៃវ៉ាន់​ដែល​មាន​ គម្រោង​ធំៗ​ចំនួន​ប្រមាណ ១០ ​គម្រោង​បាន​និង​កំពុង​ដំណើរការ​សាងសង់​នៅ​កម្ពុជា​។ ក្រៅ​ពី​នេះ​មាន​គម្រោង​របស់​អ្នក​វិនិយោគ​ជប៉ុន និង​ម៉ាទ្បេស៊ី​ជាដើម​។

លោក ប៉ូ អ៊ាវគង់ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេស៊ារៀលអេស្ទេត​បាន​ថ្លែង​ស្រដៀង​គ្នា​ នឹង​លោក គីម ហ៊ាង ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ប្រសិន​ជា​គិត​នៅ​ឆ្នាំ​ ២០១៥ កន្លង​មក​ប្រហែល​ជា​ក្រុមហ៊ុន​ចិន​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​គ្រាន់​តែ​ចិន​មាន​បី​ ប្រភេទ​ដូចជា ចិន​តៃវ៉ាន់ ចិន​ហុងកុង និង​ចិន​ដីគោក​។ ចំណែក​ក្រុមហ៊ុន​កូរ៉េ​យើង​ឃើញ​មាន​តែ​គម្រោង CAMKO City ប៉ុណ្ណោះ​នៅ​បន្ដ​ដំណើរការ​រីឯ​ក្រុមហ៊ុន Booyoung ដែល​បាន​ប្រកាស​គម្រោង​ជាង ១០០០ ​លាន​ដុល្លារ​គឺ​នៅ​តែ​ស្ងៀមស្ងាត់​នៅ​ទ្បើយ​។

លោក​បន្ត​ថា៖ «​កំណើន​នៃ​ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ដោយសារ​តែ​ចំណង​កាទូត​រវាង​ ប្រទេស​ទាំង​ពីរ​កាន់​តែ​ស្អិតល្មួត និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពិសេស​ខុនដូ​ហើយ​ ជនជាតិ​ចិន​បាន​ទទួល​យក​វប្បធម៌​នៃ​ការ​រស់នៅ​តាម​ខុនដូ​»​។

លោក​បន្ត​ថា៖ «កត្តា​​ដទៃ​ទៀត​គឺ​ដោយសារ​សង្គម​​ចិន​មាន​ការ​ប្រែប្រួល​ព្រោះ​រដ្ឋាភិបាល​ ចិន​បាន​ធ្វើឲ្យ​សង្គម​របស់​ខ្លួន​កាន់តែ​មាន​តម្លាភាព​ដែល​ធ្វើ​ឲ្យ​អ្នក​ វិនិយោគ​ទាំង​ល្អ និង​មិន​សូវ​ល្អ​បាន​សម្លឹង​មក​កម្ពុជា​ក៏​ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​ហើយ​ក៏​ គួប​ផ្សំ​ដោយ​ការ​កកស្ទះ​អចនលទ្រព្យ​នៅ​ប្រទេស​ចិន និង​កម្ពុជា​មិន​ទាន់​បាន​ដកហូត​ពន្ធ​លើ​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​លើ​ វិស័យ​អចលទ្រព្យ​សុទ្ធ​តែ​ជា​កត្តា​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​មក​កម្ពុជា​»។

បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ខណៈ​ពេល​ដែល​គេ​ រាយការណ៍​ថា​អំឡុង​រយៈពេល​ ៤ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៤ វិស័យ​សាធារណៈ និង​ឯកជន​ចិន​បាន​វិនិយោគ​ប្រហែល ១,៤ ពាន់​លាន​ដុល្លារ​នៅក្នុង​គម្រោង​សាងសង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​តម្លៃ ​គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​សរុបចំនួន ២,៧ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៣ វិបត្តិ​ថ្មីៗ​នេះ​បាន​នាំ​ឲ្យ​អ្នក​ជំនាញ​ជាច្រើន​សង្ស័យ​ថា​តើ​និន្នាការ​ នេះ​នឹង​បន្ត​កើតឡើង​ឬ​យ៉ាង​ណា។

លោក David Van នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​យោបល់​ធុរៈកិច្ច Bower Group Asia បាន​សង្ស័យ​ទៅ​លើ​តម្លៃ​នៃ​ការ​តាំង​ចិត្ត​របស់​ចិន​នៅក្នុង​គម្រោង​សាងសង់។

លោក​និយាយ​ថា៖ «ខ្ញុំ​តែងតែ​សង្ស័យ​យ៉ាង​ខ្លាំង​ទៅ​លើ​គម្រោង​សាងសង់​តម្លៃ​រាប់​ពាន់​លាន​ ដុល្លារ​ទាំង​នោះ​ដែល​ប្រកាស​ដោយ​ក្រុម​វិនិយោគិន​ចិន។ សព្វថ្ងៃ​វិបត្តិ​នោះ​បាន​លេច​ឡើង​កាន់តែ​ខ្លាំង។ គម្រោង​ទាំង​នោះ​ដែល​មើល​ទៅ​ដូច​ទទួល​បាន​ការ​វិនិយោគ​កាលពី​ដំបូងៗ​នោះ​អាច ​មិន​ទទួល​បាន​មូលនិធិ​បន្ថែម​ឡើយ​ខណៈ​អ្នក​ទាំង​ឡាយ​ជាប់​ពាក់​ក្នុង​ គម្រោង​ទាំង​នោះ​ហាក់​មិន​អាច​ទទួល​បាន​មូលនិធី​កម្ចី​ពី​ប្រទេស​ចិន​តទៅ​ ទៀត​ឡើយ»។

បើ​ទោះបី​ជា​មិន​បាន​ដឹង​អំពី​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ផលប៉ះពាល់​របស់​ ទីផ្សារ​អចលនទ្រព្យ​ដែល​បណ្ដាល​មកពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ចិន​ ក៏ដោយ ក៏​លោក Van មិន​ច្បាស់​ថា​តើ​ទីផ្សារ​អចលនទ្រព្យ​នឹង​ទទួល​រង​ផលប៉ះពាល់​អ្វី​ខ្លះ​ទេ​ ប្រសិន​បើ​មូលនិធិ​មកពី​ប្រទេស​ចិន​រីង​ស្ងួត​ដែល​នឹង​ផ្អាក​ការ​វិនិយោគ។

លោក​និយាយ​ថា៖ «ដោយ​ស្មោះត្រង់​ខ្ញុំ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ​ប៉ុន្តែ​យើង​គួរ​តែ​ឃើញ​លទ្ធផល​នៅ​ក្នុង​ឆ្នាំ​នេះ»៕

14 January 2016

From: Postkhmer


Leave a Comment