ច្បាប់​គ្រប់គ្រង​ថ្លៃ​ជួល​ផ្ទះ​ ពុំ​ទាន់​បាន​ប្រគល់​ជូន​ទៅ​ក្រសួង​ណា​មួយ​ទេ ​ហើយ​រដ្ឋ​នៅ​តែ​ពុំ​ទាន់​បាន​អនុវត្

ច្បាប់​គ្រប់គ្រង​ថ្លៃ​ជួល​ផ្ទះ​ ពុំ​ទាន់​បាន​ប្រគល់​ជូន​ទៅ​ក្រសួង​ណា​មួយ​ទេ ​ហើយ​រដ្ឋ​នៅ​តែ​ពុំ​ទាន់​បាន​អនុវត្ត

មាន​របាយការណ៍​ទាក់ទង​នឹង​ច្បាប់​គ្រប់គ្រង​ថ្លៃ​ជួល​ផ្ទះ​ដែល​បាន​ចុះ​ ផ្សាយ​ជាច្រើន​តាំងពី​ការ​ចាប់ផ្តើម​ច្បាប់​នេះ​កាលពី​ដើម​ខែ​កក្កដា​ឆ្នាំ​ ២០១៥ ដោយ​មាន​ទាំង​ការ​ពិភាក្សារ​បស់​រដ្ឋសភា​ជាតិ​ព្រម​ទាំង​មាន​ ឡាយព្រះហស្ថលេខា​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពី​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា​។

ប៉ុន្តែ ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​មាន​អ្នក​ជួល​ផ្ទះ​ជាច្រើន​ជាពិសេស​កម្មករ​រោងចក្រ​ក៏​ដូចជា​អ្នក​ជួល​ដែល​ រក​កម្រៃ​បាន​តិចតួច​ជាច្រើន​នាក់​នៅ​តែ​ពុំ​ទាន់​បាន​ដឹង​ឮ​អំពី​ច្បាប់​ នេះ​ក៏​ដូចជា​សិទ្ធិ​របស់​ពួកគេ។ នេះ​បើ​យោង​តាម​លោក សៀ ភារម្យ នាយក​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​ (HRTF)​។

លោក ភារម្យ បាន​មាន​ប្រសាសន៍​ថា​៖ «​រដ្ឋាភិបាល​មិន​បាន​សកម្ម​ក្នុងការ​អនុវត្ត​ច្បាប់​នេះ​​ទេ​ហើយ​នៅ​មាន​ ប្រជាជន​ច្រើន​ណាស់​ដែល​មិន​ទាន់​បាន​ដឹង​ពី​ច្បាប់​​នេះ​។ អ្វី​ដែល​ខ្ញុំ​បាន​ដឹង​ចុង​ក្រោយ​​អំពី​ច្បាប់​នេះ​គឺ​កាលពី​ចុង​ឆ្នាំ​មុន ​»​។

ខណៈ​ពេល​ដែល​អ្នក​ជួល​ផ្ទះ​ពុំ​ទាន់​​បាន​ដឹង​អំពី​ច្បាប់​នេះ​ការ​ទំនាក់​ទំនង​ទៅ​កាន់​ក្រសួង​នានា​ក៏​នៅ​តែ​ចោទ​ជា​ចម្ងល់​ផង​ដែរ​។

បើ​យោង​តាម​នាយក​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​ពុំ​មាន​ស្ថាប័ន​ ជាក់លាក់​ណា​មួយ​នៃ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើការ​អនុវត្ត​ច្បាប់​មួយ​នេះ​ ទេ​។ HRTF យល់​ថា​ច្បាប់​នេះ​គួរ​តែ​ត្រូវ​បាន​ចាត់​តាំង​តាមរយៈ​ការ​សហការ​គ្នា​រវាង​ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ជាមួយ​នឹង​ក្រសួង​​ការងារ​។

នៅពេល​ដែល Post Property បាន​សួរ​ទៅ​កាន់​លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​អំពី​ដំណើរការ​នៃ​ច្បាប់​នេះ​លោក​ប្រាប់​ឲ្យ Post Property ទៅ​សួរ​ខាង​ក្រសួង​ការងារ​ ខណៈ​អ្នក​តំណាង​​ក្រសួង​ការងារ​គឺ​លោក ហេង សួរ ក៏​បាន​ឆ្លើយតប​មក​វិញ​ដែរ​ថា​៖ «​ក្រសួង​ការងារ​មិនមែន​ជា​ស្ថាប័ន​ដែល​ត្រូវ​អនុវត្ត​ច្បាប់​នេះ​​ទេ​»​។ ​លោក សួរ ថែម​ទាំង​បាន​បដិសេធ​រាល់​សំណួរ និង​សំណូមពរ ឬ​ការ​បញ្ជាក់​ផ្សេងៗ។

នៅ​ក្នុង​ប្រទេស​ដែល​មាន​ច្បាប់​ជាច្រើន​ដែល​នៅ​តែ​អសកម្ម​ក្នុង​ការ​ អនុវត្ត​ដោយ​សារ​ផល​លំបាក​ក្នុង​ការិយាធិបតេយ្យ​បើ​ទោះ​ជា​ច្បាប់​ទាំង​នោះ​ ត្រូវ​បាន​អនុម័ត​ក៏ដោយ​ដូចជា​ច្បាប់​ស្តីពី​តម្លៃ​ជួល​នេះ​ក៏​ប្រហែល​នឹង​ ក្លាយ​ជា​ច្បាប់​មួយ​ក្នុង​ចំណោម​ច្បាប់​អត់​សុពលភាព​ដដែល​។

លោក ភារម្យ បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​នឹង​មិន​បន្ត​​អនុវត្ត​ច្បាប់​នេះ​ទេ​ដោយ​វា​មិន ​ផ្តល់​ផលប្រយោជន៍​ទៅ​ដល់​ពួកគេ​។ ពួកគេ​ចាប់​អារម្មណ៍​លើ​តែ​ការ​អនុវត្ត​ច្បាប់​ណា​ដែល​អាច​ផ្តល់​ជា​ផល​ ចំណេញ ឬ​ផលប្រយោជន៍​សម្រាប់​ពួកគេ​ទេ​»​។

លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ការ​សកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចេញ​ ច្បាប់​នេះ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​គឺ​ក្នុង​គោលបំណង​ទាក់ទាញ​ការ​គាំទ្រ ​ពី​​អ្នក​បោះឆ្នោត​សម្រាប់​គណបក្ស​កាន់កាប់​អំណាច​ជា​ជាង​ការ​ផ្តល់​ជា​ ដំណោះស្រាយ​ដែល​មាន​និរន្តរភាព​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​បាន​បន្ត​ថា​ប្រសិន​បើ​ក្រសួង​មិន​ធ្វើ​ សកម្មភាព​ខ្លាំង​ដើម្បី​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ​ការ ​មិន​យល់​ដឹង និង​ភាព​ចលាចល​ទាក់ទង​នឹង​ច្បាប់​ផ្ទះ​សំបែង​នឹង​នៅ​តែ​មាន​ក្នុង​ចំណោម​ កម្មករ​។

ក្នុង​ករណី​នោះ​ម្ចាស់​ផ្ទះ​ជួល​ជាច្រើន​អាច​នឹង​យក​ចំណាញ​ព្រោះ​ច្បាប់​ថ្លៃ​ជួល​នេះ​ពុំ​ទាន់​ត្រូវ​បាន​អនុវត្ត​។

កញ្ញា ជាតិ សុខេង កម្មការិនី​នៅ​រោងចក្រ​មួយ​ដែល​មាន​ទីតាំង​នៅ​តំបន់​ទឹកថ្លា​គឺជា​កម្មករ​ ម្នាក់​ក្នុង​ចំណោម​កម្មករ​មួយ​ចំនួន​ដែល​បាន​ដឹង​អំពី​ច្បាប់​នេះ​។

កញ្ញា​បាន​និយាយ​ថា​៖ «​ខ្ញុំ​និយាយ​ប្រាប់​ម្ចាស់​ផ្ទះ​ថា​ប្រាក់ខែ​ឡើង​តែ ៥ ​ដុល្លារ​ទេ​ហេតុអ្វី​បាន​ជា​ថ្លៃ​ជួល​ផ្ទះ​ឡើង​ថ្លៃ​ដែរ​? ប៉ុន្តែ​គេ​និយាយ​ថា​គេ​ត្រូវ​ធ្វើ​អ៊ីចឹង​។ កន្លែង​ជាច្រើន​នៅ​ម្តុំ​នេះ​សុទ្ធតែ​ឡើង​ថ្លៃ​ផ្ទះ​ដូច​គ្នា​ដែរ​»​។

កញ្ញា​នឹង​មិន​មាន​ការ​ត្អូញត្អែរ​ពី​ការ​ឡើង​ថ្លៃ​ជួល​ផ្ទះ​នោះ​ទេ​ ប្រសិន​បើ​ប្រាក់​នោះ​នឹង​យក​ទៅ​ប្រើ​ក្នុង​ការ​អភិវឌ្ឍ​សំណង់​អគារ​ផ្ទះ​ ជួល​នោះ​ប៉ុន្តែ​កញ្ញា​បាន​ប្រាប់​ថា​វា​មិន​បែប​នោះ​ទេ​។

កញ្ញា ស្រីណូ កម្មការិនី​រោងចក្រ​នៅ​តំបន់​ដដែល​នេះ​ក៏​បាន​ឮ​អំពី​ច្បាប់​នេះ​ដែរ​ ប៉ុន្តែ​កញ្ញា​បាន​និយាយ​ថា​៖ «​ឲ្យ​តែ​រដ្ឋាភិបាល​ប្រកាស​ដំឡើង​ប្រាក់​ខែ​ម្ចាស់​ផ្ទះ​ក៏​ដំឡើង​ថ្លៃ​ជួល ​ដែរ​»​។

បើ​ទោះបី​ជា​កញ្ញា ប៉ុន ស្រីពេជ្រ ដែល​ជា​កម្មការិនី​នៅ​ទី​នោះ​ដូច​គ្នា​មិន​ធ្លាប់​បាន​ឮ​ពី​ច្បាប់​នេះ ឬ​ក៏​ស្គាល់​ម្ចាស់​ផ្ទះ​ដែល​អនុវត្ត​ច្បាប់​នេះ​​ក៏ដោយ​ក៏​កញ្ញា​បាន​និយាយ ​ថា​ថ្លៃ​ជួល​ផ្ទះ​របស់​កញ្ញា​បាន​ឡើង​ចំនួន ៥ ​ដុល្លារ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ខែ​របស់​កម្មករ​។

កញ្ញា​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ឮ​គេ​និយាយ​ថា​គេ​ដំឡើង​ថ្លៃ​ជួល ៥០ ​ភាគរយ​នៃ​ប្រាក់​ខែ​ដែល​ឡើង​ប៉ុន្តែ​​មិនមែន​ម្ចាស់​ផ្ទះ​ជួល​ទាំងអស់​គឺ​ សុទ្ធតែ​បែប​នោះ​ទេ​»៕

 

ថ្ងៃទី១៨ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment