ដីធ្លី​នៅ​តំបន់​ភាគ​ខាង​លិច​នៃ​ក្រុង ​ភ្នំពេញ ​កាន់តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍

ដីធ្លី​នៅ​តំបន់​ភាគ​ខាង​លិច​នៃ​ក្រុង ​ភ្នំពេញ ​កាន់តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍

ការ​លើកលែង​ការ​បង់​ប្រាក់​តាមផ្លូវ​ជាតិ​លេខ​ ៤ ​កាលពី​ពេល​ថ្មីៗ​នេះ និង​ការ​រីក​សាយភាយ​នូវ​រោងចក្រ សហគ្រាស និង​កំណើន​ប្រជាសាស្ត្រ​បាន​និង​កំពុង​តភ្ជាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ​កាន់តែ​ខិតជិត​គ្នា​បន្ថែម​ទៀត​។

លោក នីម នីរ៉ាដេត អភិបាល​ស្រុក​​អង្គស្នូល ខេត្ត​កណ្ដាល​ជា​ស្រុក​មួយ​ស្ថិត​នៅ​ចន្លោះ​កណ្តាល​រាជធានី​ភ្នំពេញ និង​ខេត្ត​ភាគ​លិច​ក្រុង​ភ្នំពេញ​ហើយ​ស្រុក​នេះ​ក៏​ស្ទើរតែ​ជា​ស្រុក​តែ​មួយ ​គត់​ដែល​ហ៊ុមព័ទ្ធ​ជាប់​ព្រំប្រទល់​ភាគ​ខាង​លិច​​​រាជធានី​ទាំង​ស្រុង​ផង​ ដែរ​។

លោក​អភិបាល​រូប​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​ ថា ​បច្ចុប្បន្ន​ ស្រុក​អង្គស្នួល​មាន​រោងចក្រ សហគ្រាស​ចំនួន​ ៧០ និង​មាន​ប្រជាជន​រស់នៅ​អចិន្រៃ្តយ៍​ចំនួន​ ៨៩៤៧៦ ​នាក់ និង​មាន​មាន​កម្មករ​ចំនួន ៤៩២៩២ ​នាក់​ហើយ​​ចំនួន​នេះ​មិន​ទាន់​រាប់​បញ្ជូល​ប្រជាជន​ចំណូល​ថ្មី​នៅ​ទ្បើយ​ទេ ​។ ស្រុក​អង្គស្នូល​មាន​ឃុំ​ចំនួន​ ១០ និង​​ភូមិ​ចំនួន​ ២០០ ​។

លោក​បន្ត​ថា​៖ «​ស្រុក​នេះ​ (ស្រុក​អង្គ​ស្នូល​) ​នឹង​មាន​ការ​អភិវឌ្ឍ​​កាន់តែ​ខ្លាំង​ថែម​ទៀត​ប្រសិន​ជា​មាន​ការ​វិនិយោគ​ កាន់តែ​ច្រើន​ចូល​មក​តំបន់​នេះ​ប៉ុន្តែ​តម្លៃ​ដី​នៅ​តំបន់​នេះ​មិន​មាន​ កំណើន​​ខ្លាំង​នោះ​ទេ​គឺ​មាន​សន្ទុះ​ប្រហាក់​ប្រហែល​ចន្លោះ​ឆ្នាំ​ ២០១២ និង ​២០១៣ ​កន្លង​មក​នេះ​»​។

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេស៊ារៀលអេស្ទេត​បាន​ថ្លែង​ស្រដៀង​ទៅ​ នឹង​ការ​លើក​ទ្បើង​ខាង​លើ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ប្រសិន​ជា​យើង​ ពិនិត្យ​មើល​ចលករ​នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​យើង​មើល​ឃើញ​មាន​កត្តា​ គាំទ្រ​មួយ​ចំនួន​​រួច​ជា​ស្រេច​ដូចជា ទី​ ១ ការ​ប្រើប្រាស់​ដីធ្លី​នៅ​តំបន់​នេះ​មាន​សកម្មភាព​កាន់តែ​ច្រើន​ដោយសារ​ កំណើន​ប្រជាសាស្ត្រ​ដែល​ភាគច្រើន​ជា​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម និង​ចំណូល​ទាប​។ ទី​ ២ កំណើន​តម្រូវការ​ដីធ្លី​នៃ​ការ​ធ្វើ​រោងចក្រ សហគ្រាស​នានា​ ការ​ធ្វើ​ផ្ទះ​ជួល​សម្រាប់​កម្មករ សម្រាប់​សាងសង់​ផែស្ងួត​ជាដើម និង​ទី​ ៣ ការ​លើកលែង​ការ​យក​ប្រាក់​ពី​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​ ៤ ក៏​ជា​ផ្នែក​មួយ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ផង​ដែរ​។

លោក​បន្ត​ថា​៖ «​ជាទូទៅ​កាលពី​ឆ្នាំ​មុន​តម្លៃ​ដី​នៅ​ជាប់​តាម​ផ្លូវជាតិ​​នៅ​តំបន់​នេះ​ មាន​កំណើន​ប្រមាណ​ ១០ ​ភាគរយ និង​ដី​នៅ​តាម​​ផ្លូវ​តូចៗ​នៅ​តំបន់​នេះ​មាន​កំណើន​ចន្លោះ​ពី​ ៥ ​ទៅ​ ១០ ​ភាគរយ​ប៉ុណ្ណោះ​»​។

លោក ប៉ូ អ៊ាវគង់ បញ្ជាក់​ឲ្យ​ដឹង​ថា​ដី​ទំហំ​ធំៗ​គិត​ពី​ចោមចៅ​ដល់​តំបន់​កំបូល​មាន​តម្លៃ​ ចន្លោះ​ពី​ ១៥០ ​ដល់​ ៣០០ ​ដុល្លារ និង​ដី​លំនៅឋាន​នៅ​តំបន់​ផ្សារ ឬ​ដី​សម្រាប់​សាងសង់​ជា​ហាង​ផ្សេងៗ​មាន​តម្លៃ​ចន្លោះ​ពី​ ៣០០ ​ដល់​ ១០០០ ​ដុល្លារ និង​ដី​ធំៗ​នៅ​តំបន់​កំបូល​ដល់​ខេត្ត​កំពង់ស្ពឺ​មាន​តម្លៃ​ចន្លោះ​ពី​ ៣០ ​ទៅ​ ៧០ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​បន្ត​ថា​៖ «​ប្រសិន​ជា​សម្លឹង​​ពី​ចលករ​នៃ​ការ​អភិវឌ្ឍ​នៅ​​តំបន់​នោះ​ខ្ញុំ​នៅ​តែ​មាន ​សុទិដ្ឋិនិយម​សម្រាប់​អនាគត​ដោយសារ​ការ​បញ្ឈប់​បង់​ប្រាក់​នៅ​ផ្លូវ​ជាតិ​ លេខ​ ៤ ដែល​ធ្វើ​ឲ្យ​រោងចក្រ​សហគ្រាស​ថ្មីៗ​កាន់តែ​ច្រើន​អាច​នឹង​ធ្វើការ​សាងសង់​ នៅ​តំបន់​នេះ​»​។

លោក​បន្ត​ថា​៖ «​ការ​រីកចម្រើន​នៅ​តំបន់​នេះ​ក៏​បាន​ធ្វើ​ឲ្យ​មាន​ចរន្ត​នៃ​ការ​ពុះ​ ដីទ្បូត៍​លក់​កាន់តែ​ច្រើន​ហើយ​ដំណើរការ​បាន​ល្អ​ផង​ដែរ​»៕

ថ្ងៃទី០៤ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment