តម្លៃ​ដីធ្លី​នៅ ​​ភ្នំពេញ ​ឡើង​ខ្ពស់​បំផុត​ក្នុង​តំបន់

តម្លៃ​ដីធ្លី​នៅ ​​ភ្នំពេញ ​ឡើង​ខ្ពស់​បំផុត​ក្នុង​តំបន់

របាយការណ៍​ចុង​ក្រោយ​បំផុត​ពី​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ អចលនទ្រព្យ​លំដាប់​អន្តរជាតិ Knight Frank បាន​បង្ហាញ​ថា​តម្លៃ​អចលនទ្រព្យ​ទូទៅ​នៅ​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​គួរ​ ឲ្យ​ភ្ញាក់​ផ្អើល​ដល់​ទៅ ២៦,២០ ​ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០១៥ ដែល​តួលេខ​នេះ​ខ្ពស់​ជាង​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​ ប៉ាស៊ីហ្វិក​។

យោង​តាម​សន្ទស្សន៍​អភិវឌ្ឍន៍​ដីធ្លី​នៅ​អាស៊ី Frank Knight បាន​​ឲ្យ​ដឹង​ថា​តម្លៃ​នៃ​ដី​លំនៅឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង ១០,៦០ ​ភាគរយ​នៅ​ពាក់​កណ្តាល​ទី​ពីរ​នៃ​ឆ្នាំ ២០១៥ ដែល​ធ្វើ​ឲ្យ​ទីក្រុង​មួយ​នេះ​ស្ថិត​នៅ​លំដាប់​បន្ទាប់ពី​ទីក្រុង​តូក្យូ និង​ក្លាយ​ជា​ទីក្រុង​មាន​តម្លៃ​ដីធ្លី​កើនឡើង​ខ្ពស់​បំផុត​នៅក្នុង​តំបន់​។

លោក Nicholas Holt ប្រធាន​ស្រាវជ្រាវ​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់ Knight Frank បាន​ថ្លែង​ថា​៖ «​ចំណុច​ប្រសព្វ​នៃ​ការ​ធ្លាក់​ចុះ​ការ​ចំណាយ​លើ​ការ​សាងសង់ និង​ការ​កើនឡើង​នូវ​តម្លៃ​លំនៅឋាន​ព្រម​ទាំង​ការ​ជួល​ការិយាល័យ​បាន​ជំរុញ​ ឲ្យ​តម្លៃ​ដី​នៅ​​រាជធានី​ភ្នំពេញ​ឡើង​ថ្លៃ​»​។

លោក​បន្ត​ថា​៖ «​ទោះបី​ជា​អត្រា​កំណើន​នៅ​ក្នុង [​ពាក់​កណ្តាល​] ឆ្នាំ​ ២០១៥ នៅ​មាន​ស្ថានភាព​មធ្យម​​មិន​សូវ​ខុស​ពី​រយៈពេល​ប្រាំ​មួយ​ខែ​មុន​ក៏ដោយ​នោះ​ ជា​ការ​កើនឡើង​ខ្លាំង​ក្នុង​ចំណោម​ទីក្រុង​មាន​កំណើន​តម្លៃ​អចលនទ្រព្យ​លឿន​ បំផុត​នៅ​ក្នុង​តំបន់​»​។

បើ​និយាយ​អំពី​តម្លៃ​ការិយាល័យ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​ ២០១៥ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ឆ្នាំ​មិន​សូវ​មាន​ការ​ជួប​ប្រទះ​នឹង​តម្លៃ​ អតិផរណា​នោះ​ទេ​ប៉ុន្តែ​បាន​កើនឡើង​យ៉ាង​ខ្លាំង​ចំនួន​ ១៩,២០ ​ភាគរយ​។

លោក Holt កត់​សម្គាល់​ថា​មាន​តែ​ទីក្រុង​តូក្យូ​មួយ​ទេ​ដែល​ឈាន​មុខ​លើ​ទីក្រុង​ ភ្នំពេញ​ក្លាយ​ជា​ទីក្រុង​មាន​តម្លៃ​ដីធ្លី​ខ្ពស់​បំផុត​នៅ​ក្នុង​ចំណោម​ ទីក្រុង​រីក​លូតលាស់​លឿនៗ​កាលពី​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​ ២០១៥ ​កន្លង​មក​។

លោក​រៀប​រាប់​ក្នុង​របាយការណ៍​ថា​៖ «​នៅពេល​ដែល​ជប៉ុន​បាន​ក្លាយ​ជា​ប្រទេស​មាន​អត្រា​ការប្រាក់​អវិជ្ជមាន​វា​ នឹង​មាន​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​តម្លៃ​ដីធ្លី​»​។

ទោះ​ជា​យ៉ាង​ណា​អ្នក​គ្រប់គ្រង Frank Knight នៅ​កម្ពុជា​លោក Ross Wheble បាន​និយាយ​ថា៖ «​ជា​អំណះ​អំណាង​នៃ​កំណើន​មធ្យម​​នៅ​ឆមាស​ទី​ពីរ​​ក្នុង​ឆ្នាំ​ ២០១៥ យើង​រំពឹង​ថា​និន្នាការ​កំណើន​ផ្នែក​ការិយាល័យ​ទំនើប និង​លំនៅឋាន​នឹង​បន្ត​កើនឡើង​នៅ​ឆ្នាំ​ ២០១៦ ដោយសារ​តម្លៃ​ដីធ្លី​នៅ​ទីតាំង​សំខាន់ៗ​ចាប់ផ្ដើម​ឡើង​ដល់​កម្រិត​កំពូល​»​។

ទោះបី​ជា​ទីក្រុង​ភ្នំពេញ​ហាក់​នឹង​​មិន​អាច​រក្សា​តំណែង​ខ្ពស់​នេះ​តទៅ​ ទៀត​នោះ​លោក Wheble និយាយ​ថា​៖ «​យើង​ព្យាករ​ថា​ចំណាត់ថ្នាក់​ទីក្រុង​ភ្នំពេញ​នឹង​ធ្លាក់​ចុះ​នៅ​ពីរ​ឆ្នាំ ​ខាង​មុខ​ទៀត​» ដោយ​តម្លៃ​ដីធ្លី​នឹង​មិន​ធ្លាក់​ចុះ​ឡើយ​។

លោក Whelble និយាយ​ថា​៖ «​ប្រទេស​កម្ពុជា​មាន​សក្តានុពល​យ៉ាង​ខ្លាំង​នា​ពេល​អនាគត​លើ​គ្រប់​វិស័យ​ នៃ​សេដ្ឋកិច្ច​ដែល​នឹង​បន្ត​ទាក់ទាញ​វិនិយោគិន និង​ជំរុញ​ដល់​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​រួម​ទាំង​អគារ​លំនៅឋាន និង​ពាណិជ្ជកម្ម​»៕

ថ្ងៃទី១០ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏

 


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment