តម្លៃ​ដីធ្លី​ និង​អចលនទ្រព្យ​នៅ​ខេត្ត​ សៀមរាប​ មាន​សភាព​ស្ងប់ស្ងាត់

ការ​ថយ​ចុះ​នូវ​កំណើន​ភ្ញៀវទេសចរ និង​មិន​មាន​ការ​ធ្វើ​ពិពិធកម្ម​នៅ​ក្នុង​វិស័យ​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​ តម្លៃ​ដីធ្លី និង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ក្នុង​ខេត្ត​សៀមរាប​ស្ថិត​ក្នុង​សភាព​ទ្រឹង​នា​ ដើម​ឆ្នាំ​នេះ និង​អាច​បន្ត​រហូត​ដល់​ចុង​ឆ្នាំ​។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេស៊ារៀលអេស្ទេត​លោក ប៉ូ អ៊ាវគង់ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា​ជាទូទៅ​ខេត្ត​ សៀមរាប​មាន​សក្តានុពល​សម្រាប់​តែ​វិស័យ​ទេសចរណ៍​ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​ តម្លៃ​ដីធ្លី​ស្ថិត​ក្នុង​សភាព​ទ្រឹង​ផង​ដែរ​ប៉ុន្តែ​បើ​កើន​ទ្បើង​វិញ​ក៏​ ស្ថិត​ក្នុង​រង្វង់​ពី ៥ ទៅ​ ១០ ​ភាគរយ​ប៉ុណ្ណោះ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក​បន្ត​ថា​ ​សកម្មភាព​វិនិយោគ​នា​ឆ្នាំ​ថ្មី​នេះ​មាន​តែ​បូទិកអូតែល​មាន​ភោជនីយដ្ឋាន និង​ការ​វិនិយោគ​បែប​សេវា​កម្សាន្ត​មួយ​ចំនួន​ប៉ុណ្ណោះ​មិន​មាន​គម្រោង​ សណ្ឋាគារ ឬ​ការ​វិនិយោគ​បុរី​ថ្មីៗ​នោះ​ទេ​។

លោក​បន្ត​ថា៖ «​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​សកម្មភាព​ក្នុង​ខេត្ត​ហាក់​ដូច​មិន​មាន​អ្វី​ ប្លែក​នោះ​ទេ​បើ​ទោះ​ជា​មាន​កំណើន​ភ្ញៀវ​ទេសចរ​ក៏ដោយ​ប៉ុន្តែ​កំណើន​ទេសចរ​ យឺត​ជាង​មុន​ធៀប​ជាមួយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​»​។

លោក​បន្ត​ថា៖ «​នៅ​ឆ្នាំ​នេះ​ខ្ញុំ​សង្កេត​ឃើញ​មាន​ហាង​កាហ្វេ BROWN ភោជនីយដ្ឋាន Malis, និង​សេវា​កម្សាន្ត​មួយ​ចំនួន​ទៀត​បាន​និង​កំពុង​ត្រៀម​បើក​ដំណើរការ​នៅ​ ក្រុង​សៀមរាប​ដែល​ជា​សេវា​ថ្មី​សម្រាប់​ខេត្ត​ទេសចរណ៍​មួយ​នេះ»។

ទាក់ទង​នឹង​តម្លៃ​ដីធ្លី​វិញ​លោក អ៊ាវគង់ បាន​ថ្លែង​ថា​ប្រសិន​ជា​យើង​គិត​ពី​តម្លៃ​ផ្ទះ​ដែល​មាន​តម្លៃ​ពី ៣០ ទៅ​ ៤០ ​ម៉ឺន​ដុល្លារ​នៅ​តំបន់ Pub Street ដី​នៅ​តំបន់​នេះ​​មាន​តម្លៃ ៤០០០ ទៅ​ ៥០០០ ​ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ដី​នៅ​តាម​ផ្លូវ​ស៊ីវុត្ថា​មាន​តម្លៃ​ចន្លោះ​ពី​ ២០០០ ទៅ​ ២៥០០ ដុល្លារ​អាមេរិក​ដី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ មាន​តម្លៃ​ចន្លោះ​ពី​ ១០០០ ទៅ​ ២៥០០ ​ដុល្លារ និង​ដី​នៅ​តាម​ផ្លូវ​តូចៗ​មាន​តម្លៃ​ចន្លោះ​ពី​ ១៥០ ​ទៅ​ ៣០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក ខុម មុនីរតន៍ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន Daily Realty Group បាន​ថ្លែង​ថា​ស្ថានភាព​តម្លៃ​ដីធ្លី​នៅ​ខេត្ត​សៀមរាប​ពិត​ជា​ស្ថិត​ក្នុង​ សភាព​ទ្រឹង​ដោយសារ​មិន​មាន​សកម្មភាព​វិនិយោគ​ធំៗ​នោះ​ទេ​ព្រោះ​សក្តានុពល​ ខេត្ត​សៀមរាប​មិន​មាន​អ្វី​ក្រៅ​ពី​វិស័យ​ទេសចរណ៍​ទ្បើយ​។

លោក​បន្ត​ថា ​តម្លៃ​ដីធ្លី​ នៅ​ក្នុង​ទីក្រុង​សៀមរាប​មាន​តម្លៃ​មិន​ដល់ ១០០០ ​ដុល្លារ​នោះ​ទេ​ក្នុង​មួយ​ម៉ែត្រការ៉េ​ហើយ​មាន​ការ​​ដាក់​លក់​ច្រើន​ ប៉ុន្តែ​មិន​មាន​ការ​ទិញដូរ​ច្រើន​នោះ​ទេ​។

លោក​បន្ត​ថា៖ «​ប្រភេទ​នៃ​ការ​វិនិយោគ​នៅ​ខេត្ត​សៀមរាប​ក្រៅពី​សណ្ឋាគារ ភោជនីយដ្ឋាន​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ទ្បើយ​»​។

ទោះ​ជា​យ៉ាង​ណា​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​បុគ្គល​ធ្លាប់​បាន​ធ្វើការ​អភិវឌ្ឍ​បុរី​ធំ​មួយ​ជាយ​ទីក្រុង​​សៀមរាប ​នោះ​បាន​ថ្លែង​ថា​ការ​វិនិយោគ​អចលនទ្រព្យ​ច្រើន​នៅ​​ឆ្នាំ​មក​នេះ​គម្រោង​ ទាំង​នោះ​សុទ្ធតែ​លក់​ដាច់​អស់ៗ​ ប៉ុន្តែ​ សម្រាប់​លោក​មិន​បន្ត​សាងសង់​លំនៅឋាន​លក់​ថ្មីៗ​នោះ​ទេ​ ប៉ុន្តែ​ លោក​បាន​ធ្វើ​ផ្ទះ​ជួល​សម្រាប់​ប្រជាជន​ក្រីក្រ​ដែល​លោក​ពណ៌នា​ថា ​បី​ដូច​ជា​ការ​ទទួល​បាន​ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​ប៉ុន្តែ​បើ​សាងសង់​ផ្ទះ​ លក់​គឺ​យក​លុយ​មក​ចាយ​អស់​តែ​បើ​សាងសង់​សម្រាប់​ជួល​គឺ​អាច​ស៊ី​បាន​ប្រាក់​ ត​កូន​តចៅ​។

លោក អាង គីមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ថា​ចំនួន​ភ្ញៀវ​មក​ ទស្សនា​ខេត្ត​សៀមរាប​អំទ្បុង​ពេល​នេះ​មាន​ភាព​ស្ងប់ស្ងាត់​ធៀប​រយៈពេល​ដូច​ គ្នា​កាលពី​ឆ្នាំ​មុន​ប៉ុន្តែ​សកម្មភាព​វិនិយោគ​ក្នុង​ខេត្ត​មាន​ច្រើន​ ដូចជា​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​នានា​។

លោក​បន្ត​ថា ​ខេត្ត​ សៀមរាប ​ខ្វះ​ការ​វិនិយោគ​លើ​ផ្នែក​សិប្បកម្ម កែច្នៃ​វត្ថុ​អនុស្សាវរីយ៍​ដែល​អ្នក​វិនិយោគ​ ឬ​តាម​សហគម​និមួយៗ​គួរ​រៀបចំ​ឲ្យ​មាន​សិប្បកម្ម​ប្លែកៗ​ដើម្បី​លក់​ជូន​ ភ្ញៀវទេសចរ​ព្រោះ​ភ្ញៀវទេសចរ​ពួកគេ​មក​ទស្សនា​នៅ​ប្រទេស​ណា​ពួកគេ​ចង់​ទិញ​ ទំនិញ​ ឬ​វត្ថុ​អនុស្សាវរីយ៍​ផលិត​នៅ​ប្រទេស​នោះ​មិន​មែន​ទិញ​វត្ថុ​អនុស្សាវរីយ៍​ នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​នោះ​ទេ​៕

ថ្ងៃទី៣ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment