តំបន់​នៅ​អម​លូ​ទឹកស្អុយ​នៅ​តែ​ទាក់ទាញ​សម្រាប់​អាជីវកម្ម​សេវាកម្ម និង​ភោជនីយដ្ឋាន

តំបន់​នៅ​អម​លូ​ទឹកស្អុយ​នៅ​តែ​ទាក់ទាញ​សម្រាប់​អាជីវកម្ម​សេវាកម្ម និង​ភោជនីយដ្ឋាន

ទោះ​បី​ជា​មាន​ជះ​ក្លិន​មិន​សូវ​ល្អ លិច​ទឹក ក៏​ដូច​ជា​តម្លៃ​ថ្លៃ​ជួល​ថោក​វា​គឺជា​ហេតុផល​ដែល​ហាង Beer Garden ភោជនីយដ្ឋាន និង​ហាង Karaoke ជាច្រើន​បាន​បើក​អាជីវកម្ម​នៅ​តាម​បណ្តោយ​ផ្លូវ​លូ​ (ទឹក​ស្អុយ​) ​នៅ​ម្តុំ​បឹងត្របែក​។

ការ​អភិវឌ្ឍ​លំនៅឋាន​ដែល​បណ្តាល​មកពី​ការ​វិនិយោគ​ដោយ​​ផ្ទាល់​ពី​បរទេស (Foreign Direct Investment) បាន​នាំ​ឲ្យ​មាន​ការ​កើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់​ស្ថិត​នៅ​ ឆ្ងាយ​ពី​លូ​នេះ​បន្តិច​ហើយ​វា​ក៏​បាន​ធ្វើ​ឲ្យ​​​មាន​ចម្ងល់​ថា​តើ​លូ​នេះ​ គួរ​តែ​ត្រូវ​បាន​បិទ ឬ​កែលម្អ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​លំនៅឋាន​បន្ថែម​ទៀត​នៅ​តំបន់​ នេះ​។

លោក វ៉ន ច៉ាន់ថន នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Towncity Real Estate បាន​និយាយ​ថា​អាជីវកម្ម​លក្ខណៈ​បម្រើ​សេវាកម្ម​កម្សាន្ត​នៅ​ទី​នោះ​មិន​ ព្រួយបារម្ភ​អំពី​លូ​នៅ​ទី​នោះ​ក៏​ដូចជា​ក្លិន​មិន​ល្អ​ដែល​ជះ​មកពី​លូ​នោះ​ ដែរ​។

ខណៈ​អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង​មាន​តម្លៃ​ចន្លោះ​ពី​ ១៥០០ ទៅ​ ៣៥០០ ​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រការ៉េ​អចលនទ្រព្យ​នៅ​តាម​ផ្លូវ​ខាង​ក្នុង​នៃ​ តំបន់​ដដែល​ដែល​មាន​ទីតាំង​នៅ​ជិត​លូ​មាន​តម្លៃ​ពី​ ១៥០០​ ទៅ​ ២២០០ ​​ដុល្លារ ឬ​ពី​ ១២០០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​គឺ​ចំពោះ​អចលនទ្រព្យ​នៅ​តាម​បណ្តាយ​ផ្លូវ​ លូ​នៅ​បឹង​ត្របែក​។

«​អចលនទ្រព្យ​ដែល​នៅ​តាម​បណ្តាយ​ផ្លូវ​លូ​នោះ​មាន​ភាព​ទាក់ទាញ​សម្រាប់​ អាជីវកម្ម​លក្ខណៈ​សេវាកម្ម​ព្រោះ​ផ្លូវ​នោះ​មាន​មនុស្ស​ធ្វើ​ដំណើរ​ញឹកញាប់​ »។ នេះ​បើ​តាម​​សម្តី​របស់​លោក ច៉ាន់ថន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ក៏​​បាន​បញ្ជាក់​ដែរ​ថា «នេះ​គឺ​សម្រាប់​តែ​ផ្លូវ​មួយ​ខាង​នៃ​លូ​តែ​ប៉ុណ្ណោះ​»​។

លោក​បាន​ពន្យល់​ថា​៖ «​ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​ពី​សាលា​យុគន្ធរ​ផ្លូវ​នៃ​ខាង​ឆ្វេង​លូ​ពិបាក​ ជាង​ព្រោះ​វា​នៅ​ជាប់​មាត់​លូ​តែ​ម្តង។ ប៉ុន្តែ​ផ្លូវ​នៅ​ខាង​ស្តាំ​លូ​វិញ​គឺ​មាន​ផ្លូវ​ធំ​ទូលាយ​ដូច្នេះ​វា​មាន​ ភាព​ងាយស្រួល​ជាង​ក្នុង​ការ​បើករបរ​រកស៊ី​ដូចជា​បើក Beer Garden» ជាដើម​។

លោក ម៉ែន ឌីណា អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន​លក់​គ្រឿង​សមុទ្រ​មួយ​នៅ​តាម​បណ្តាយ​ផ្លូវ​លូ​ ធំ​នេះ​បាន​និយាយ​ថា​ការ​លិច​ទឹក​មាន​លក្ខណៈ​ខ្លាំង​ជាង​មុន​ក្នុង​រយៈពេល​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជាពិសេស​នៅ​ក្រោយ​ពេល​ដែល​បឹង​ទំពុន​ត្រូវ​ បាន​លុប​បំពេញ​ដោយ​ការ​ចាក់​ដី​ហើយ​រដូវ​ភ្លៀង​នោះ​ហើយ​វា​ធ្វើឲ្យ​លោក​ ពិបាក​ក្នុង​ការ​បើក​ធ្វើ​អាជីវកម្ម​ជាពិសេស​នៅពេល​ដែល​មាន​ភ្លៀង​ធ្លាក់​។

លោក ឌីណា បាន​និយាយ​ថា៖ «​នៅ​កន្លែង​នេះ​ឲ្យ​តែ​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​គឺ​លិច​ទឹក​ហើយ​ទឹកជន់​​ លិច​ចូល​ទៅ​ដល់​ក្នុង​ផ្ទះ​ទៀត​»​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​នៅពេល​ដែល​មាន​ធ្លាក់​ភ្លៀង​ខ្លាំង​លោក​អាច​នឹង​ ត្រូវ​បិទ​ទ្វារ​ភោជនីយដ្ឋាន​របស់​លោក​ផង​ដែរ​។

បងប្អូន​របស់​លោក ឌីណា បាន​ជួល​ផ្ទះ​ពីរ​ល្វែង​ដែល​បាន​សង់​បញ្ចូល​គ្នា​ដើម្បី​បើក​ជា​ភោជនីយដ្ឋាន ​នេះ​អស់​រយៈពេល​ពីរ​បី​ឆ្នាំ​មក​ហើយ​។ តម្លៃ​ជួល​បាន​កើន​ឡើង​ពី ៨៥០ ទៅ​ ៩៥០ ​ដុល្លារ​ក្នុង​មួយ​ខែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​​នេះ​តែ​លោក​ ប្រាប់​ថា​តម្លៃ​នេះ​មាន​លក្ខណៈ​ទាប​បើ​ប្រៀប​ធៀប​​នឹង​តម្លៃ​ទីផ្សារ​។

លោក​បាន​និយាយ​ថា​តម្លៃ​ជួល​ទាប​នេះ​មាន​ភាព​ទាក់ទាញ​បើ​ទោះ​ជា​តំបន់​នោះ​លិច​ទឹក ឬ​មាន​ជះ​ក្លិន​ពី​លូ​ក៏ដោយ​។

អាជីវករ​អាហារដ្ឋាន​មួយ​រូប​កំពុង​អាំង​ត្រី​សម្រាប់​អតិថិជន​របស់​ខ្លួន។

អាជីវករ​អាហារដ្ឋាន​មួយ​រូប​កំពុង​អាំង​ត្រី​សម្រាប់​អតិថិជន​របស់​ខ្លួន។ រូបថត សហការី

លោក​បាន​បន្ត​ថា​៖ «​ពី​ដំបូង​ខ្ញុំ​ខ្លាច​​ថា​មាន​ក្លិន​ស្អុយ​ដែល​ធ្វើ​ឲ្យ​​ភ្ញៀវ​មិន​ចូល​ មក​ញ៉ាំ​តែ​តម្លៃ​ជួល​​មាន​លក្ខណៈ​សមរម្យ​»​។

«​វា​ពិបាក​ក្នុង​ការ​រក​ទីកន្លែង​ប្រហែល​នេះ​ក្នុង​តម្លៃ​នេះ​ណាស់»។ លោក​បាន​បន្ត​ថា​តម្លៃ​ជួល​នៅ​កន្លែង​​ដទៃ​ទៀត​អាច​ចាប់​ពី ១៥០០ ​ទៅ​ ២០០០ ​ដុល្លារ​ក្នុង​មួយ​ខែ​។

កញ្ញា អ៊ឹម សុគន្ធា អ្នក​លក់​ចាប់​ហួយ​នៅ​តាម​ផ្លូវ​លូ​នៅ​ម្តុំ​បឹងត្របែក​ដែល​បាន​រស់នៅ​ទី​ នោះ​អស់​រយៈពេល​ជាង ២០ ​ឆ្នាំ​បាន​និយាយ​ថា​ពេល​ខ្លះ​អ្នក​ធ្វើ​ដំណើរ​តាម​​ដង​ផ្លូវ​នោះ​យក​ដៃ​ ខ្ទប់​ច្រមុះ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​នោះ​។

កញ្ញា​បាន​បន្ត​ថា​៖ «​វា​ [​លូ និង​ការ​លិច​ទឹក​] ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​​ដី​។ ភាគ​ច្រើន​ជនបរទេស​ពួកគេ​មិន​ចង់​មក​រស់នៅ​ជិត​នេះ​ទេ​»​។

លោក ចាន់ថន ក៏​បាន​បញ្ជាក់​បន្ថែម​ថា​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​សម្រាប់​អចលនទ្រព្យ​នៅ​ តាម​បណ្តាយ​ផ្លូវ​លូ​នោះ​គឺ​មិន​មាន​ការ​អភិវឌ្ឍ​ទំនើប​ដូចជា ខុនដូ ឬ​កន្លែង​ការិយាល័យ​ដែល​គម្រោង​មួយ​ចំនួន​ធំ​គឺ​ផ្តោត​ទៅ​កាន់​អតិថិជន​ បរទេស​នោះ​ទេ​។

លោក​បាន​បន្ត​ថា​៖ «​ដោយសារ​តែ​​តម្លៃ​សាងសង់​ដូច​គ្នា​អ្នក​ខ្លះ​គេ​សុខចិត្ត​ចូល​ទៅ​ខាង​ ក្នុង​ឆ្ងាយ​ពី​លូ​បន្តិច​ដើម្បី​រក​កន្លែង​ល្អ​ទោះ​ជា​ត្រូវ​ចំណាយ​ច្រើន​ ជាង​ក៏ដោយ»​។

ទោះ​ជា​យ៉ាង​នេះ​ក្តី​លោក ចាន់ថន បាន​និយាយ​ដែរ​ថា​ប្រសិន​បើ​មាន​​កន្លែង​ទំនេរ​នៅ​តំបន់​ជាប់​លូ​នោះ​គឺ​ ច្បាស់​ជា​មាន​អ្នក​មាន​បំណង​​ចង់​ទិញ​ហើយ​។ លោក​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​គេ​បិទ​លូ​ផ្លូវ​នឹង​ត្រូវ​ពង្រីក​ធំ​។ ក្នុង​ករណី​នោះ​តំបន់​នោះ​អាច​ជា​ក្លាយ​ទៅ​ជា​តំបន់​ពាណិជ្ជកម្ម​មួយ​»​។

ប៉ុន្តែ​គេ​ប្រមើល​មើល​ថា​លូ​នោះ​ប្រហែល​ជា​មិន​អាច​នឹង​មាន​ការ​បិទ​ទេ​ ។ លូ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ជន់​លិច​ទឹក​ ខ្លាំង​នៅ​បឹង​ត្របែក។ នេះ​បើ​តាម​របាយការណ៍ «​គម្រោង​ប្រភព​ទឹក និង​ការ​បង្ហូរ​កាកសំណល់​នៅ​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​» នៅ​ឆ្នាំ​ ២០០៥ ។

គម្រោង​រៀបចំ​កែលម្អ​លូ​បង្ហូរ​កាកសំណល់​នៅ​បឹងត្របែក​ត្រូវ​បាន​បញ្ចប់​ នៅ​ចុង​ឆ្នាំ​ ២០០២ ជាមួយ​គ្នា​នឹង​លូ​នៅ​ទួលសែន​ដែល​លូ និង​កំណាត់​លូ​ភ្ជាប់​គ្នា​ទាំង​នោះ​មាន​ប្រវែង ៣,៥០ ​គីឡូម៉ែត្រ​ហើយ​ត្រូវ​បាន​ចំណាយ​អស់​ទឹកប្រាក់​ ៤,៧០ ​លាន​ដុល្លារ​អាមេរិក​។

បន្ទាប់ពី​គម្រោង​កែលម្អ​ទាំង​នេះ​ត្រូវ​បាន​បញ្ចប់​លូ​បង្ហូរ​កាកសំណល់​ នេះ​បាន​ជួយ​កាត់​បន្ថយ​ការ​ជន់​លិច​ទឹក​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​ប្រមាណ ៤០ ​ភាគរយ​។

ទាក់ទង​ និង​បញ្ហា​នេះ​លោក ឡង់ ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​នេះ​ ពុំ​ទាន់​មាន​​គម្រោង​ក្នុង​ការ​បិទ គ្រប ឬ​កែលម្អ​លូ​នេះ​ទេ​។ ដូច្នេះ​វា​នឹង​នៅ​តែ​ជា​តំបន់​សម្រាប់​អាជីវកម្ម​លក្ខណៈ​សេវាកម្ម​ក្នុង​ ស្រុក​នៅក្នង​​តំបន់​ដែល​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​លំនៅឋាន​នេះ​៕

ថ្ងៃទី១១ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment