តំបន់​អរិយក្សត្រ​កាន់​តែ​ស្ងប់​ស្ងាត់​ ​ស្រប​ពេល​គម្រោង​សាង​សង់​ស្ពាន​មិន​ច្បាស់​លាស់

តំបន់​អរិយក្សត្រ​កាន់​តែ​ស្ងប់​ស្ងាត់​ ​ស្រប​ពេល​គម្រោង​សាង​សង់​ស្ពាន​មិន​ច្បាស់​លាស់

ភាព​មិន​ច្បាស់​លាស់​អំពី​គម្រោង​សាងសង់​ស្ពាន​ចំនួន​ពីរ​ឆ្ពោះ​ទៅ ​កាន់​តំបន់​អរិយ​ក្សត្រ ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល បាន​និង​កំពុង​ធ្វើ​ឲ្យ​សកម្មភាព​វិនិយោគ និង​តម្លៃ​ដីធ្លី​នៅ​តំបន់​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​។

តំបន់​ទាំង​ពីរ​ដែល​ខណ្ឌ​ចែក​ដាច់​ពី​គ្នា​ដោយ​គ្រាន់​តែ​ឆ្លង​ទន្លេ​ ប្រវែង​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​នេះ​មាន​ការ​អភិវឌ្ឍ​ខុស​គ្នា​ដូច​មេឃ​ និង​ដី នេះ​បើ​ធៀប​ទីក្រុង​ភ្នំពេញ និង​តំបន់​អរិយក្សត្រ​ដែល​ជា​តំបន់​ធ្លាប់​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ គ្រោង​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​រាជធានី​ភ្នំពេញ ផង​ដែរ​។

បច្ចុប្បន្ន​គមនាគមន៍​ឆ្លង​កាត់ ទៅ​-​មក រវាង​រាជធានី​ភ្នំពេញ និង​តំបន់​អរិយក្សត្រ គឺ​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ទន្លេ​មេគង្គ ដោយ​ជិះ​ស្រឡាង ឆ្លង​នៅ​ពីរ​បី​កន្លែង ដូច​ជា​នៅ​កំពង់​ចម្លង​អរិយក្សត្រ​នៅ​ម្តុំ​សួន​ច្បារ​សម្តេច ហ៊ុន សែន ខាង​ក្រោយ​សណ្ឋាគារ​កាំបូឌីយ៉ាណា និង​កំពង់​ចម្លង​កោះ​ឧកញ៉ាតី​ជាដើម។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា តំបន់​អរិយ​ក្សត្រ​បច្ចុប្បន្ន​នេះ​មាន​ភាព​ស្ងប់​ស្ងាត់ ការ​ទិញ​លក់​ដី​ធ្លី​ធំៗ​មិន​មាន​នោះ​ទេ គឺ​មាន​តែ​សកម្មភាព​ពុះ​ដីឡូត៍​តូចៗ​លក់​តែ​ប៉ុណ្ណោះ​។ តំបន់​នេះ​មិន​មាន​ភាព​ពុះ​កញ្ជ្រោល​ដូច​កាល​ពី​ឆ្នាំ​២០១៤ និង​ដើម​ឆ្នាំ ២០១៥ ខណៈ​ពេល​រាជរដ្ឋាភិបាល ​បាន​ប្រកាស​គម្រោង​សាងសង់​ស្ពាន ​ទៅ​តំបន់​នេះ​នោះ​ទេ​។

លោក​បន្ត​ថា តម្លៃ​ដីធ្លី​នៅ​តាម​ផ្លូវ​កៅស៊ូ​ខាង​មុខ​ជាប់​ក្បែរ​មាត់​ទន្លេ​មាន​តម្លៃ​ ចន្លោះ​ពី​៨០ ​ទៅ​១២០​ដុល្លារ និង​ដី​នៅ​តំបន់​ខាង​ក្នុងៗ​មាន​តម្លៃ​ចន្លោះ​ពី២០ ​ទៅ​៣០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

លោក​បន្ត​ថា​ ៖ «​សម្រាប់​រយៈ​ពេល​វែង​ការ​វិនិយោគ​នៅ​តំបន់​នោះ​ល្អ ប៉ុន្តែ​ពេល​នេះ​មិន​ល្អ​ទេ វា​ពិត​ជា​មាន​ភាព​ស្ងប់ស្ងាត់​»​។

ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេស៊ា​រៀល​អេស្ទេត លោក ប៉ូ អ៊ាវគង់ បាន​ថ្លែងថា ក្នុង​រយៈ​ពេល​ ១ ​ឆ្នាំ ទៅ​ ២​ ឆ្នាំ ខាង​មុខ​ប្រសិន​ជា​គម្រោង​សាងសង់​ស្ពាន​នៅ​តំបន់​នេះ​មិនមាន​គម្រោង​ច្បាស់​ លាស់​ទេ ម្ចាស់​ដី​នៅ​តំបន់​នេះ​នឹង​ទម្លាក់​តម្លៃ​ដី​របស់​ខ្លួន។ ប៉ុន្តែ​សម្រាប់​អ្នក​វិនិយោគ​រយៈ​ពេល​វែង​ដែល​មិន​ត្រូវ​ការ​លុយ​បង្វិល​ ពួក​គេ​នឹង​មិន​បញ្ចេញ ឬ​ទម្លាក់​តម្លៃ​ដី​របស់​ខ្លួន​នោះ​ទេ​។

លោក​បន្ត​ថា ការ​បង្ហាញ​ពី​គម្រោង​សាងសង់​ស្ពាន​កន្លង​មក គឺ​គ្រាន់​តែ​ជា​ព័ត៌មាន​បំប៉ោង ដើម្បី​លក់​ដី​តែ​ប៉ុណ្ណោះ​។ ព័ត៌មាន​ពី​ការ​សាង​សង់​ស្ពាន​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តំបន់​នោះ​មាន​ កំណើន​ឡើង​ខ្ពស់​ទ្វេ​ដង​។

លោក​បន្តថា ​៖ «​អនាគត​តំបន់​នេះ​មាន​សក្តានុពល​ឬ​អត់ វា​អាស្រ័យ​លើ​រដ្ឋាភិបាល​មាន​គម្រោង​រៀបចំ​អភិវឌ្ឍន៍ តំបន់​នេះ​យ៉ាង​ដូច​ម្តេច​ប៉ុណ្ណោះ​»​។

កញ្ញា លីលី បម្រើ​ការ​ងារ​នៅ​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន ​ដែល​បាន​ទិញ​ដី​នៅ​តំបន់​អរិយក្សត្រ បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ដោយ​បាន​និយាយ​ថា ការ​ទិញ​លក់​ដីធ្លី​នៅ​តំបន់​នេះ​ពិត​ជា​មិន​មាន​ភាព​ពុះ​កញ្ជ្រោល​ដូច​កាល​ ពី​ដើម​ឆ្នាំ​មុន​នោះ​ទេ ព្រោះ​គម្រោង​សាង​សង់​​ស្ពាន​ទៅ​តំបន់​នេះ​មិន​មាន​ព័ត៌​មាន​ជាក់​លាក់​នៅ​ ឡើយ​ទេ​។

កញ្ញា​បន្ត​ថា កញ្ញា​បាន​ទិញ​ដី​នៅ​តំបន់​នោះ​ជា​យូរ​មក​ហើយ​កាល​ពី​ពេល​ដី​នៅ​តំបន់​នោះ​ មាន​តម្លៃ​ថោកៗ​នៅ​ឡើយ ប៉ុន្តែ​កំឡុង​ពេល​ដី​តំបន់​នេះ​ពុះ​កញ្ជ្រោល​ខ្លាំង​តម្លៃ​ដី​របស់​កញ្ញា​ ក៏​បាន​ឡើង​ថ្លៃ​ខ្ពស់​ដែរ​។​

កញ្ញា​បន្ត​ថា​ ៖ «​ពេលនេះ​ខ្ញុំ​កំពុង​សម្រេច​ចិត្ត​ថា បន្ត​រក្សា​ទុក​ដី ឬ​លក់​ចេញ ប៉ុន្តែ​អ្នក​ជំនាញ​បាន​ប្រាប់​ខ្ញុំ​មិន​ឲ្យ​លក់​ដី​នេះ​ទេ​ប្រសិន​ជា​មិន​ ត្រូវ​ការ​លុយ​ចាំបាច់​ទេ​នោះ»​​។

លោក វ៉ា ស៊ីម​សូរិយា អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា គម្រោង​សាងសង់​ស្ពាន​ចំនួន​ពីរ​ចេញ​ពី​តំបន់​ជ្រោយ​ចង្វារ ទៅ​កាន់​តំបន់​ស្វាយជ្រំ និង​ចេញ​ពី​ម្តុំ​ក្តី​តា​កុយ ទៅ​កាន់​តំបន់​អរិយក្សត្រ​ មិន​ទាន់​កំណត់​ពេលវេលា​ជាក់​លាក់​នៅ​ឡើយ​ទេ ព្រោះ​ពេល​នេះ​ក្រុម​ហ៊ុន​ចិន​កំពុង​ធ្វើ​ការ​សិក្សា​នៅ​ឡើយ​។

លោក​បន្ត​ថា ថវិកា​សម្រាប់​សាងសង់​ស្ពាន​នេះ ជា​គម្រោង​ហិរញ្ញប្បទាន​របស់​ប្រទេស​ចិន ដូច្នេះ​ចិន​ជា​អ្នក​សិក្សា និង​វាយតម្លៃ​គម្រោង​នេះហើយ​ថវិកា​សម្រាប់​សាងសង់​ស្ពាន​ទាំង​ពីរ​នេះ​ក៏​ មិនទាន់​ដឹង​ច្បាស់​លាស់​ផង​ដែរ​។

លោក​បន្ត​ថា​ ៖ «​តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ គម្រោង​នេះ​ទំនង​ជា​មិន​ងាយ​ចាប់​ផ្តើម​នោះ​ទេ ព្រោះ​គម្រោង​សាងសង់​ស្ពាន​ទាំង​ពីរ​នេះ និង​ស្ពាន​ឆ្លង​កាត់​ទន្លេមេ​គង្គ​ពីរ​ទៀត​អាស្រ័យ​លើ​អាទិភាព​របស់​ រដ្ឋាភិបាល​»៕

ថ្ងៃទី២៤ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment