ទុន​វិនិយោគ​ក្នុង​វិស

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ឆ្នាំ​ ២០១៥ មាន​ទឹក​ប្រាក់​ចំនួន ៣៣៣៨ ​លាន​ដុល្លារ​អាមេរិក​កើនទ្បើង ៣៣,១៤ ​ភាគរយ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ ២០១៤ ដែល​មាន​ទឹកប្រាក់​ប្រមាណ ២៥០០ ​លាន​ដុល្លារ​អាមេរិក​។

លោក សេង ទ្បូត អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា​ក្នុង​ឆ្នាំ ​២០១៥ មាន​គម្រោង​សាងសង់​ចំនួន​ជិត ២៣០៥ ​គម្រោង​ត្រូវ​បាន​អនុម័ត​ដែល​ស្មើ​នឹង​ទំហំ​ផ្ទៃ​ក្រទ្បា​សំណង់​មាន​ចំនួន ៧,៧ ​លាន​ម៉ែត្រការ៉េ និង​មាន​ចំនួន ១៣៤២៣ ​យូនីត និង​មាន​អគារ​កម្ពស់​ចាប់​ពី​ ៥ ​ជាន់​ដល់ ៥៥ ​ជាន់​មាន​ប្រមាណ ៧០០ ​អគារ​ដែល​បាន​បញ្ចប់​ការ​សាងសង់ និង​កំពុង​បន្ត​ដំណើរការ​សាងសង់​នៅ​កម្ពុជា​។

លោក​បន្ត​ថា៖ «​ការ​ហក់​ទ្បើង​ខ្លាំង​​នូវ​ទំហំ​វិនិយោគ​ឆ្នាំ​ ២០១៥ ដោយសារ​ផ្លែផ្កា​នៃ​កំណើន​សេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេច​បាន​ជាង ៧ ​ភាគរយ​ជាច្រើន​ឆ្នាំ​មក​នេះ និង​រំពឹង​ទទួល​បាន​កំណើន​ខ្ពស់​បន្ត​ទៀត​​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​»​។

លោក​បន្ត​ថា៖ «​ក្រុម​អ្នក​វិនិយោគ​មាន​ការ​ជឿជាក់​លើ​ស្ថិរភាព​នយោបាយ​ ស្ថិរភាព​សង្គម ពិសេស​រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​វិស័យ​សំណង់​»​។

លោក​បន្ត​ថា៖ «​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ធំៗ​ភាគច្រើន​ធ្វើ​ទ្បើង​ដោយ​ វិនិយោគិន​ខ្មែរ​ និង​អ្នក​វិនិយោគ​មកពី​ប្រទេស​ចិន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ »​។

លោក​បន្ត​ថា៖ «​សម្រាប់​ឆ្នាំ​នេះ​ក្រសួង​មាន​សុទិដ្ឋិនិយម​ថា​ទុនវិនិយោគ​ក្នុង​វិស័យ​ នេះ​នឹង​កើនទ្បើង​ខ្លាំង​ជាង​ឆ្នាំ​ ២០១៥ ​ថែម​ទៀត​ជាក់​ស្តែង​គម្រោង​វិនិយោគ ៣ ​ទៅ​ ៤ ​គម្រោង​ដែល​បាន​ដាក់​មក​ក្រសួង​សុទ្ធតែ​ជា​គម្រោង​ធំៗ​ដែល​មាន​ទុន​រាប់រយ​ លាន​ដុល្លារ​អាមេរិក​»​។

លោក សេង ទ្បូត បាន​បន្ត​ថា​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​និង​កំពុង​ប្រឹងប្រែង​ការ​សម្រួល​និតិវិធី​ព្រម​ទាំង​បទដ្ឋាន ​គតិយុត្តិ​ពាក់ព័ន្ធ​វិស័យ​សំណង់​ជាច្រើន​ផង​ដែរ​ ដើម្បី​ឆ្លើយតប​តាម​ស្ថានភាព​កំណើន​នៃ​ការ​វិនិយោគ​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century21 Mekong បាន​ថ្លែង​ថា​ការ​រីកចម្រើន​ខ្លាំង​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាលពី​ឆ្នាំ​មុន​ដោយសារ​មាន​ការ​គាំទ្រ​ទុន​ច្រើន​ពី​វិស័យ​ ធនាគារ និង​អ្នក​វិនិយោគ​នានា​បាន​បង្វែរ​ទិសដៅ​មក​កាន់​កម្ពុជា​ដោយសារ​ពួកគេ​មើល​ ឃើញ​ទីផ្សារ​អាស៊ាន​ខណៈ​ការ​ផ្គត់ផ្គង់​លំនៅឋាន​នៅ​កម្ពុជា​មិន​ទាន់​មាន​ ចំនួន​ច្រើន​នៅ​ទ្បើយ​។

ប៉ុន្តែ​សម្រាប់​ឆ្នាំ​ ២០១៦ ​នេះ​លោក សុខនីម មិន​មាន​សុទិដ្ឋិនិយម​ខ្ពស់​នោះ​ទេ​ដោយ​លោក​បាន​ថ្លែង​ថា​ការ​វិនិយោគ​ក្នុង ​វិស័យ​នេះ​នៅ​ឆ្នាំ​នេះ​ហាក់​មាន​ភាព​យឺត​បន្តិច​ដោយសារ​ការ​ដំទ្បើង​អត្រា ​ការប្រាក់​របស់​សហរដ្ឋ​អាមេរិក និង​ការ​ច្របូក​ច្របល់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​កំពុង​មាន​ផលប៉ះពាល់ ​ដល់​វិស័យ​នេះ​។

ចំណែក​លោក ស៊ឹង ប៊ុណ្ណា អគ្គនាយក​ក្រុមហ៊ុន​ប៊ុណ្ណា​រៀលធីគ្រុប​មិន​សូវ​មាន​សុទិដ្ឋិនិយម​អំពី​ទុន​ វិនិយោគ​ក្នុង​វិស័យ​នេះ​នោះ​ទេ​ដោយ​លោក​បាន​ថ្លែង​ថា​តាម​ពិត​កញ្ចប់​ថវិកា ​ក្នុង​វិស័យ​នេះ​មាន​ទំហំ​ល្មម​ទេ​ប៉ុន្តែ​ដោយសារ​ពី​មុន​មក​អ្នក​វិនិយោគ​ ក្នុង​វិស័យ​នេះ​​ធ្វើ​តែ​ផ្ទះ​ល្វែង និង​ផ្ទះ​វីទ្បា​ដែល​មាន​កម្ពស់​ទាបៗ​តែ​ឆ្នាំ​ ២០១៥ ​នេះ​ទំហំ​ដី​ដែល​អភិវឌ្ឍ​មិន​ខុស​គ្នា​ទេ​ប៉ុន្តែ​ទំហំ​ទឹកប្រាក់​ច្រើន​តែ ​យើង​មិន​ដឹង​ទឹក​ប្រាក់​ទាំង​នោះ​បាន​មក​យ៉ាង​ដូចម្តេច និង​បាន​ពី​ណា​មក​នោះ​ទេ​ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ពេល​ពួកគេ​ឮ​ពី​ ទំហំ​ទឹកប្រាក់​រាប់រយ​លាន​ដុល្លារ​ពួកគេ​ពិតជា​ជញ្ជក់​មាត់​ហើយ​។

លោក​បាន​ប្រៀបធៀប​ទំហំ​ទឹកប្រាក់​វិនិយោគ​នេះ​ថា៖ «​វា​ប្រៀប​ដូចជា​សាច់​ឈាម​ដែល​យើង​​មិន​ដឹង​ថា​វា​មាន​សភាព​ដូច​ម្តេច​ ទ្បើយ​ព្រោះ​អ្វី​ដែល​យើង​ឃើញ​​គឺជា​ស្រោម​របស់​វា​ប៉ុណ្ណោះ​ប៉ុន្តែ​យើង​ អបអរសាទរ​បើ​ទឹក​ប្រាក់​នោះ​បាន​ហូរ​ចូល​មក​កម្ពុជា​ពិតប្រាកដ​»​។

លោក​បន្ត​ថា៖ «អ្វី​ដែល​យើង​បារម្ភ​គឺ​ខ្លាច​តែ​បាំង​ស័ង្កសី​ប៉ុន្តែ​ទ្បើង​មិន​រួច​តែ​ បើ​វា​ទ្បើង​រួច​វា​ជា​ការ​ល្អ​ព្រោះ​វា​នឹង​បាន​ផលប្រយោជន៍​ដល់​ ប្រជាពលរដ្ឋ​»៕

​ 14 January 2016

From: Postkhmer


Leave a Comment