បុរី៖ ការ​រស់នៅ​ជា​សហគមន៍​ពី​អតីតកាល​មក​បច្ចុប្បន្ន

ជាមួយ​នឹង​ការ​កើនឡើង​នូវ​ម៉ូត និង​ការ​រចនា​ផ្ទះ​យ៉ាង​សម្បូរ​បែប​នា​ពេល​ថ្មីៗ​នេះ​ក៏​ដូចជា​សន្ទុះ​​នៃ​ ការ​កើនឡើង​នៃ​តម្លៃ​ដី​ និង​គេហដ្ឋាន​មនុស្ស​ជាច្រើន​នៅ​តែ​ចូល​ចិត្ត​រស់នៅ​បែប​សហគមន៍​ដែល​ជា​ ទម្លាប់​របស់​ពួកគេ (​ដែល​ភាគច្រើន​គឺ​អ្នក​ដែល​មាន​ដី​ច្រើន​កន្លែង​)​។

ខណៈ​ដែល​ន័យ​នេះ​ត្រូវ​បាន​ជំនួស​ដោយ​ពាក្យ​បុរី​នា​ពេល​បច្ចុប្បន្ន​នេះ ​ប៉ុន្តែ​តាម​ពិត​ពាក្យ​នេះ​​មាន​តាំង​ច្រើន​សតវត្សរ៍​មុនៗ​មក​ម្ល៉េះ​។

ពាក្យ​ថា «​បុរី​» មាន​ពណ៌នា​ជាច្រើន​នៅ​ក្នុង​រឿង​ព្រេង​និទាន​ខ្មែរ​ពី​បុរាណ​ដែល​ទាក់ទង​ទៅ​ នឹង​ស្តេច ឬ​សេដ្ឋី ឬ​ក៏ក្តុម្ពី​ជាដើម​។ បើ​យោង​តាម​ការ​ពន្យល់​នៅក្នុង​សៀវភៅ​វចនានុក្រម​ខ្មែរ​របស់​សម្តេច​ ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ថា​៖ បុរី អាន​ថា បុរ៉ី (ន.) (បុរ ឬ បុរិ) ក្រុង; ខែត្រ​ធំ; រដ្ឋមណ្ឌល​។

តើ​ឈ្មោះ «​បុរី​» ជា​ច្រើន​ដែល​កំពុង​សាងសង់​សំណង់​គេហដ្ឋាន​ជាច្រើន​នៅ​ពេញ​រាជធានី​ភ្នំពេញ​ នា​ពេល​បច្ចុប្បន្ន​នេះ​គួរ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​យ៉ាង​ដូច​ម្តេច​ទៅ​ វិញ​? ចម្លើយ​របស់​សំណួរ​នេះ​គឺ​គ្មាន​រណា​ម្នាក់​ហ៊ាន​អះអាង​ថា​ដូច​តាម​ វចនានុក្រម​ខ្មែរ​ដូច្នោះ​ទេ​ប៉ុន្តែ​ពួកគេ​ (​អ្នក​បំពេញ​ការងារ​នៅ​តាម​ក្រុមហ៊ុន​សង់​បុរី​ទាំង​នេះ) បាន​ពន្យល់​ផ្សេងៗ​គ្នា​ដែល​មាន​ន័យ​ថា​ទំនង​ជា​ «​សហគមន៍» ​ដែរ។

ចំណែកឯ​ពាក្យ​ថា «​បុរី​» នៅ​តាម​គម្រោង​សាងសង់​លំនៅឋាន​ដើម្បី​លក់​របស់​ម្ចាស់​វិនិយោទុន​គឺ​វា​មាន​ លក្ខណ​ស៊ីវិល័យ ទំនើប និង​ស្តាប់​ទៅ​មាន​ចំណាប់​អារម្មណ៍​​ជាង​ពាក្យ ​«​សហគមន៍​»។

តាម​ពិត​សំណង់​ជា​ក្រុម​របៀប «​បុរី​» នា​ពេល​បច្ចុប្បន្ន​នេះ​ធ្លាប់​បាន​ចាក់​ប្ញស​នៅក្នុង​សង្គម​ខ្មែរ​ទំនើប​ តាំងពី​ដើម​សម័យ​អាណានិគម​បារាំង​មក​ម្ល៉េះ​។ បើ​យោង​តាម​​ការ​រំឭក​របស់​លោក សុខហេង ប៉ុន វ័យ ៧៤ ​ឆ្នាំ​ជា​អតីត​ប្រធាន​បុរី​កម្មករ​គីឡូម៉ែត្រ​លេខ ៦ ​។ គាត់​បាន​ឲ្យ​ដឹង​ថា​កាលពី​សម័យ​អាណានិគម​បារាំង​គ្រប់គ្រង​តំបន់​ឥណ្ឌូចិន រួមមាន កម្ពុជា ឡាវ និង​វៀតណាម​។ បារាំង​បាន​បង្កើត​រោងចក្រ SKD (Société Khmer des Distilleries) ដែល​ជា​រោងចក្រ​ផលិត​អាល់កុល និង​ស្រា​ដ៏​ធំ​នៅ​តំបន់​ឥណ្ឌូចិន​ព្រោះ​ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​​ អង្ករ​ល្អ​ជាច្រើន​ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​ជា​វត្ថុ​ធាតុ​ដើម​នោះ​។

លោក ប៉ុន បាន​បន្ត​ថា​ក្រុម​មន្ត្រី​បារាំង​ដែល​គ្រប់គ្រង​រោងចក្រ SKD កាល​ជំនាន់​នោះ​គេ​ចង់​ឲ្យ​ការ​ផលិត​ស្រា និង​អាល់កុល​នៅ SKD មាន​សកម្មភាព​ខ្លាំងក្លា​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​ហើយ​គេ​ក៏​បង្កើត​ឲ្យ​មាន​ ក្រុម​កម្មករ​បំពេញ​ការងារ​បី​វេន​ក្នុង​មួយ​ថ្ងៃៗ​ហើយ​ដើម្បី​​ឲ្យ​កម្លាំង ​ពលកម្ម​ (​កម្មករ​) មាន​ភាព​សកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​កម្រិត​ខ្ពស់​នោះ​ពួកគេ​​ក៏​បង្កើត​ ឲ្យ​មាន​ជា​ផ្ទះ​សម្រាប់​ក្រុម​កម្មករ​ទាំង​នោះ​ស្នាក់​នៅ​ក្បែរ​រោងចក្រ​តែ ​ម្តង​។

លោក​បញ្ជាក់​ថា៖ «​បារាំង​ក៏​បាន​ចាប់​ផ្តើម​សាងសង់​ផ្ទះ​អំពី​ឈើ ប្រក់​ក្បឿង មាន​ជើង​តាង​ធ្វើ​អំពី​ឥដ្ឋ ផ្ទះ​ទាំង​នោះ​មាន​លក្ខណ​ជា​ផ្ទះ​ខ្មែរ​ (​កូន​កាត់​) ដោយ​​មាន​កម្ពស់​ជាង​មួយ​ម៉ែត្រ​ផុត​ពី​ដី និង​មាន​ទំហំ​ប្រមាណ ៥ ​គុណ​ ៦ ​ម៉ែត្រ»​។ ផ្ទះ​មួយ​ចំនួន​ត្រូវ​បាន​គេ​ចាប់​ផ្តើម​សង់​នៅ​ក្នុង​ឆ្នាំ​ ១៩២៩ ដោយ​ផ្ទះ​នីមួយៗ​ត្រូវ​បាន​គេ​សាងសង់​ដូចៗ​គ្នា​ទាំង​អស់ ១០០ ​ភាគរយ​ហើយ​គេ​ចែក​ឲ្យ​ក្រុម​គ្រួសារ​របស់​កម្មករ​ដែល​បំពេញ​ការងារ​នៅ​ ក្នុង​រោងចក្រ SKD​។ កម្មករ​ដែល​ស្នាក់នៅ​ក្នុង​ផ្ទះ​នោះ​ឥត​គិត​ថ្លៃ​អ្វី​ទាំងអស់​រួម​ទាំង​​ ថ្លៃ​ទឹក​ភ្លើង​ផង​ដែរ​ប៉ុន្តែ​ម្ចាស់​ផ្ទះ​ត្រូវ​តែ​រស់នៅ​ប្រកប​ដោយ​ អនាម័យ​ខ្ពស់​ទាំង​ទីធ្លា​មុខ​ផ្ទះ​ ផ្លូវ​សាធារណៈ ប្រព័ន្ធ​លូ​ទឹកស្អុយ។ ប្រសិន​បើ​ម្ចាស់​ផ្ទះ​ណា​ខ្វះ​អនាម័យ​នោះ​បារាំង​គេ​មាន​​សិទ្ធិ​ដក​យក​ ផ្ទះ​វិញ​ហើយ​ប្រគល់​ទៅ​ឲ្យ​អ្នក​ផ្សេង​វិញ​។

«​ដូច្នោះ​បរិស្ថាន​នៅ​ក្នុង​បុរី​កម្មករ​នេះ​មាន​បរិយាកាស​ល្អ​ប្រសើរ​ ណាស់​គ្មាន​សំរាម គ្មាន​ក្លិន​អាក្រក់​អ្វី​បន្តិច​ឡើយ​រីឯ​អ្នក​រស់នៅ​ប្រកប​ដោយ​ភាព​ ថ្លៃថ្នូរ​ហើយ​ជារឿយៗ​បុរី​នេះ​តែង​ត្រូវ​បាន​ទទួល​ឈ្មោះ​ថា​ជា​បុរី​គំរូ​ នៅក្នុង​​ក្រុង​ភ្នំពេញ និង​ទូទាំង​ប្រទេស»។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ប៉ុន​។

លុះ​ក្រោយ​ពី​សម័យ​អាណានិគម​ត្រូវ​បាន​បញ្ចប់​ការ​គ្រប់គ្រង​ទាំង​ រោងចក្រ SKD និង​បុរី​កម្មករ​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​រដ្ឋាភិបាល​សង្គម​រាស្ត្រនិយម​ គ្រប់គ្រង​បន្ត​នៅ​ក្នុង​ឆ្នាំ​ ១៩៦៤ ​​។ នៅក្នុង​របប​សង្គម​រាស្ត្រនិយម​មិនមែន​មាន​តែ​បុរី​រោងចក្រ SKD តែ​មួយ​នោះ​ទេ​គឺ​មាន​ទាំង​បុរី​កម្មករ​រោងចក្រ​កែវ​នៅ​ម្តុំ​ចម្ការ​ដូង និង​បុរី​ ១០០ ​ខ្នង​នៅ​​រាជធានី​ភ្នំពេញ​ហើយ​និង​បុរី​កម្មករ​វាយនភ័ណ្ឌ​នៅ​ក្នុង​ខេត្ត​ កំពង់ចាម​ជាដើម​។

លោក ប៉ុន បាន​ចូល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ SKD ឆ្នាំ​ ១៩៦៤ គឺ​នៅ​ចុង​សម័យ​គ្រប់គ្រង​រោងចក្រ​នោះ​ដោយ​បារាំង។ ហើយ​ក្រោយ​​ឆ្នាំ​ ១៩៧៩ គាត់​ក៏​បាន​ត្រឡប់​មក​បំពេញ​ការងារ​នៅ​រោងចក្រ SKD ដដែល​។

លោក​បាន​រំឭក​ថា «​ការ​គ្រប់គ្រង​បុរី​គឺ​ប្រៀប​បាន​ជា​ក្រុម​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ របស់​ភូមិ​។ ប៉ុន្តែ​នៅ​ក្នុង​បុរី​គេ​មាន​ប្រធាន ១ ​រូប និង​អនុប្រធាន ២-៣ ​នាក់​ទៀត​»​។ ប្រជាជន​អ្នក​រស់​នៅក្នុង​បុរី​ភាគ​ច្រើន​គឺជា​មនុស្ស​ដែល​ស្ថិត​នៅក្នុង​ វិជ្ជាជីវៈ​ដូចៗ​គ្នា​មាន​ជីវភាព​រស់នៅ​ប្រហាក់​ប្រហែល​គ្នា និង​មាន​សណ្ដាប់ធ្នាប់​ល្អ​ត្រឹមត្រូវ​ណាស់​។

«​នៅ​ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​វិញ​ក្រោយ​ឆ្នាំ ១៩៧៩ ការ​គ្រប់គ្រង​បុរី​នោះ​គឺជា​ប្រព័ន្ធ​​សហការគ្នា​ក្រោម​ការ​គ្រប់គ្រង​របស់ ​មេភូមិ​ផង​ដែរ​។ អ្នក​ដែល​រស់នៅ​បុរី​ទាំងនោះ​ក៏​ភាគច្រើន​មាន​ជំនាញ​វិជ្ជាជីវៈ​ប្រហាក់​ ប្រហែល​គ្នា​មាន​វិន័យ​ល្អ និង​មាន​ជីវភាព​ល្អ​ផង​ដែរ»។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ប៉ុន​។

សព្វ​ថ្ងៃ​នេះ​លក្ខណៈ​ផ្សេងៗ​របស់​បុរី​ក៏​ដូច​គ្នា​ទៅ​នឹង​និយមន័យ​នោះ​ ដែរ​ប៉ុន្តែ​ម្ចាស់​គម្រោង​សំណង់​បុរី​និយាយ​ថា​និយមន័យ​របស់​វា​នៅ​ពេល​នេះ ​គឺ​សំដៅ​ទៅ​ដល់​ «​សហគមន៍​» ​ដែរ​។ ស្រប​ជាមួយ​នឹង​គម្រោង​សំណង់​ផ្សេងៗ​វាយ​លុក​ទីផ្សារ​របស់​ម្ចាស់​គម្រោង​ សំណង់​នីមួយៗ​ពាក្យ «បុរី​» មាន​ន័យ​ដូច​គ្នា​ទៅ​នឹង​ជីវិត​រស់នៅ​ក្នុង​ភូមិ​ជា​សហគមន៍​ទំនើប​។

បើ​យោង​តាម​លោក អៀ សារ៉ាបុត្រ លោក​បាន​កត់សម្គាល់​ឃើញ​ថា​សន្ទុះ​នៃ​ការ​កើន​ឡើង​នូវ​ចំនួន​បុរី​នេះ​ចាប់​ ផ្តើម​តាំងពី​ប្រហែល​ ១០ ​ឆ្នាំ​មុន​មក​ម្ល៉េះ​។

លោក​ថ្លែង​ថា «​វា​មិនមែន​ជា​បុរី​ដូច​និយមន័យ​បុរី​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​។ តែ​ផ្នត់​គំនិត​នេះ​ចាប់ផ្តើម​តាំងពី​នោះ​។ ទាំង​នោះ​គឺជា​ផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ​ខាង​ក្រៅ​ទីក្រុង​សម្រាប់​អ្នក​ ដែល​ធ្វើការ​នៅ​រោងចក្រ​តាម​បណ្តា​ខេត្ត​ដូច្នេះ​ហើយ​​គេ​ធ្វើ​ផ្ទះ​ជា​ជួរៗ ​ដើម្បី​ជួយ​ដល់​សហគមន៍​»​។

លោក​បន្ត​ថា៖ «​ការ​បង្កើត​នូវ​សហគមន៍​ល្អ​មួយ​ជុំវិញ​សំណង់​ទាំង​នេះ​មាន​សារៈសំខាន់​ ណាស់» ដោយ​និយាយ​សំដៅ​ដល់​តម្រូវការ​ផ្ទះ​ចម្រុះ​គ្នា និង​សហគ្រាស​ពាណិជ្ជកម្ម​ផង​ដែរ​។

ម្ចាស់​គម្រោង​បុរី​ទំនើប​ដ៏ធំ​ដំបូង​​គេ​គឺ​បុរី​ពិភព​ថ្មី​ដែល​ ចាប់ផ្តើម​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ដែល​​ក្រោយ​មក​ត្រូវ​បាន​គេ​ធ្វើ​តាម​ហើយ​បើ​តាម​លោក ភូ សម្បត្តិ ដែល​ជា​ជំនួយការ​នាយក​គ្រប់គ្រង​ទូទៅ​របស់​បុរី​ភ្នំពេញ​ថ្មី​ដែល​មាន​ គម្រោង​បុរី​ជាច្រើន​កន្លែង​ក្នុង​តំបន់​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា​ខណៈ​ដែល​និយមន័យ​បច្ចុប្បន្ន​នេះ​សំដៅ​ដល់«​សហគមន៍​»។

វា​នៅ​តែ​បំពេញ​នូវ​​តម្រូវការ​ដូចជា​សន្តិសុខ​កន្លែង​ចត​យានយន្ត​ ផ្លូវថ្នល់ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​។

អ្នកស្រី អាន់ ធីតា ដែល​ជា​នាយិកា​របស់ CBRE បាន​និយាយ​ថា​មាន​បុរី​ប្រមាណ ៨៥ ​កន្លែង​ដែល​ត្រូវ​បាន​សាងសង់​រួច និង​កំពុង​តែ​ត្រូវ​បាន​សាងសង់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​អ្នក​រស់នៅ​ទីនោះ ​សុទ្ធសឹង​តែ​ជា​ប្រជាជន​ខ្មែរ។

អ្នកស្រី​អះអាង​ថា​អ្នក​វិនិយោគ​បុរី​ជាទូទៅ​ដើរ​តូ​ជា​ចំណែក​មួយ​នៃ​ សហគមន៍​ដោយ​ការ​សាងសង់​កន្លែង​អគ្គិសនី និង​សេវាកម្ម​ឯកជន​សម្រាប់​សហគមន៍​ទាំង​មូល​មិន​ត្រឹម​តែ​នៅ​ក្នុង​បុរី​នោះ ​ទេ​។

«​នេះ​… គឺជា​ជោគជ័យ​មួយ​ព្រោះ​ឥឡូវ​នេះ​មាន​ហាង និង​មុខ​ជំនួញ​ជាច្រើន​នៅ​ខាង​ក្រៅ​បុរី»​។ នេះ​បើ​តាម​សម្តី​របស់​លោក សម្បត្តិ​។

ជីវិត​សហគមន៍​នៅក្នុង​បុរី​ដែល​ត្រូវ​បាន​សាងសង់​រួច​នៅ​អំឡុង​សម័យ​ អាណានិគម​បារាំង​ទៅ​ជា​ផ្ទះ​សម្រាប់​កម្មករ​ដែល​ត្រូវ​ការ​រស់​នៅ​ទី​នោះ​ ដើម្បី​ទៅ​ធ្វើការ​នៅ​រោងចក្រ​។

«​ក្នុង​គម្រោង​ដំបូង​ចំនួន ២ ​របស់​យើង​មាន​គ្រួសារ​ជាច្រើន​ដែល​បាន​នាំ​គ្នា​មក​ទិញ​បុរី​ហើយ​រស់នៅ​ ជាមួយ​គ្នា​ក្នុង​បុរី​តែ​មួយ​តែ​ម្តង​ដូច្នេះ​ហើយ​ការ​បង្កើត​នូវ​ប្រព័ន្ធ ​មួយ​ដែល​រស់នៅ​ជុំ​គ្នា​នេះ​គឺ​សម្រាប់​គ្រួសារ​ធំៗ​តែ​ម្តង​»​។

អ្នកនាង ធន់ សុនីណា ដែល​កំពុង​តែ​រស់​នៅ​បុរី Camko City បាន​ប្រាប់​ថា​គុណប្រយោជន៍​ដែល​ល្អ​បំផុត​សម្រាប់​ការ​រស់នៅ​ក្នុង​បុរី​គឺ​ ការ​រស់នៅ​កន្លែង​នោះ​ផ្តល់​សុវត្ថិភាព​ដល់​អ្នកនាង និង​គ្រួសារ​អ្នកនាង​។ អ្នកនាង​យល់​ថា​ទីកន្លែង​នោះ​ជា​ទីកន្លែង​ល្អ​ដើម្បី​រាប់អាន​ជាមួយ​នឹង​ អ្នក​ដែល​រស់នៅ​ក្នុង​បុរី​នោះ​ដូច​គ្នា​។

អ្នកនាង​បាន​បន្ត​ថា​៖ «​កត្តា​ដែល​ប្រសើរ​មួយ​ទៀត​គឺ​បរិយាកាស​ស្ងប់ស្ងាត់​ដែល​គ្មាន​សំឡេង​ ចរាចរណ៍​ ឬ​សំឡេង​ចម្រៀង​មាន​ខ្យល់អាកាស​ល្អ មាន​ដើមឈើ និង​ទីធ្លា​សាធារណៈ​»​។

លោក​សម្បត្តិ​បាន​មាន​ប្រសាសន៍​ថា​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ប្រជាជន​កម្ពុជា ​នៅ​តែ​ចូលចិត្ត​អចលនទ្រព្យ ដីធ្លី ដែល​មាន​តម្លៃ​ថោក​ជា​ជាង​វីឡា​ដែល​នៅ​ដាច់​តែ​ឯង​។ ពេល​ដែល​រស់នៅ​ក្នុង​បុរី​ដី​ដែល​នៅ​ជុំវិញ​ផ្ទះ​គឺ​សិទ្ធិ​តែ​ជា​ កម្មសិទ្ធិ​របស់​ពួកគាត់​ដែល​ពួកគាត់​អាច​យក​ទៅ​ធ្វើ​អ្វី​បាន​តាម​ចិត្ត​។

លោក​បាន​និយាយ​ជា​ចុង​ក្រោយ​ថា​៖ «​ម្យ៉ាង​វិញ​ទៀត​វា​ជា​រឿង​មួយ​ល្អ​សម្រាប់​អ្នក​ដែល​នៅ​ក្នុង​សហគមន៍​ពេល​ ដែល​ពួកគេ​ចែក​រំលែក​ទំនៀម​ទម្លាប់ និង​តម្លៃ​រួម​»​។ សម្តី​នេះ​ក៏​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ការ​រំឭក​ឡើង​វិញ​របស់​លោក ប៉ុន ផង​ដែរ​៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment