បោះ​ទុន​ ៥ ​លាន​ដុល្លារ​កែ​លម្អ​ផ្សារ​ទំនើប​សូរិយា​ឲ្យ​កាន់​តែ​ទំនើប និង​ទាក់ទាញ​ជាង​មុន

បោះ​ទុន​ ៥ ​លាន​ដុល្លារ​កែ​លម្អ​ផ្សារ​ទំនើប​សូរិយា​ឲ្យ​កាន់​តែ​ទំនើប និង​ទាក់ទាញ​ជាង​មុន

អ្នក​វិនិយោគ​ផ្សារ​ទំនើប​សូរិយា​គ្រោង​បោះ​ទុន​៥​លាន​ដុល្លារ​ អាមេរិក ដើម្បី​ធ្វើការ​កែលម្អ​ផ្សារ​ទំនើប​សូរិយា ឲ្យ​មាន​ភាព​កាន់​តែទំនើប និង​កាន់តែ​ទាក់ទាញ​ជាង​មុន ស្រប​ពេល​ចំនួន​ផ្សារ​ទំនើប​នៅក្នុង​ក្រុង​ភ្នំពេញ​មាន​ចំនួន​កាន់​តែ​ច្រើន និង​ការ​ប្រកួត​ប្រជែង​កើន​ឡើង​។​

លោក ឆារស៍ វ៉ាន់ តំណាង​ភាគហ៊ុ​និក នៃ​ផ្សារ​ទំនើប​សូរិយា សេនធ័រ បាន​ថ្លែង​ឲ្យ​ដឹង​តាមទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​​ថា ដំណើរ​ការ​ចាប់​ផ្តើម​កែលម្អ​ផ្សារ​ទំនើប​នេះ​នឹង​ចាប់ផ្តើម​នៅ​​ខែ​មេសា​ ខាង​មុខនេះ និង​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ ដោយ​ទម្រង់​ផ្សារ​នេះ​​នឹង​រក្សា​ឲ្យ​នៅ​ភាព​ដដែល ប៉ុន្តែ​មាន​ការ​កែលម្អ​ផ្នែក​ខាង​មុខ និង​សោភ័ណភាព​ជុំវិញ​ផ្សារ​​នេះ។

លោក​បន្តថា អំឡុងពេល​ធ្វើការ​កែលម្អ​ផ្សារ​ទំនើប​នេះវា​នឹង​មិនមាន​ផល​ប៉ះពាល់​ដល់​ ដំណើរការ​អាជីវកម្ម និង​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ទំនើប​នេះ​នោះ​ទេ​។​

​លោក​បន្តថា​ ៖ «​តាមរយៈ​ផែន​ការ​​កំណែទម្រង់ និង​កែលម្អ​ខាង​លើ​នេះ ផ្សា​រទំនើប​សូរិយា​សេន​ធ័រ នឹង​ផ្តល់ជូន​នូវ​បទពិសោធ​ដ៏​អស្ចារ្យ​មិន​ធ្លាប់មាន​ពី​មុនមក និង​បរិយាកាស​ពោរពេញ​ទៅដោយ​ផាសុកភាព ព្រម​ទាំង​ផ្តល់ជូន​នូវ​មុខទំនិញ​ដែលមាន​គុណភាព និង​តម្លៃ​សមរម្យ​»​។

លោក​បន្ត​ថា​ ៖ «​ការកែទម្រង់ និង​កែលម្អ​អតីត​ផ្សារ​សូរិយា​ទៅជា សូរិយា​សេនធ័រ ភ័នធ៍ នេះ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើកស្ទួយ​វិស័យ​ទេសចរណ៍ ដែលមាន​សន្ទុះ​យ៉ាង​ខ្លាំង​តម្រង់​មក​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា ដូច្នេះ ចាំបាច់​ត្រូវមាន​ផ្សារ​ទំនើប​លំដាប់​ស្តង់ដា​អន្តរជាតិ ដើម្បី​ទទួល​​នូវ​សេវាកម្ម និង​សេចក្តី​ត្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​»​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ផ្សារ​ទំនើប​នេះ​បាន​ឲ្យ​ដឹង ថា ក្រោយពេល​កែទម្រង់​នេះ ជាន់ផ្ទាល់​ដី​នៃ​ផ្សារ​នេះ​នឹង​ប្រជុំ​ទៅដោយ​ផលិតផល​ម៉ាក​ល្បីៗ​ទាំង​​ ក្នុង និង​ក្រៅប្រទេស ក្នុង​នោះមាន​ភោជនីយដ្ឋាន ហាង​លក់​គ្រឿង​អលង្ការ គ្រឿង​សម្អាង ផ្សារ​ទំនើប ធនាគារ និង​ជាទីប្រជុំ​ជន​ប្រកប​ដោយ​ផាសុកភាព​។ ជាន់​ទី​១ ជាទី​តាំង​លក់​គ្រឿង​ប្រើប្រាស់​សម្រាប់​នារី សម្លៀក​បំពាក់ កាបូប ស្បែកជើង​។​ល​។ ជាន់​ទី​ ២ ជា​កន្លែង​លក់​គ្រឿង​ប្រើ​ប្រាស់​សម្រាប់​បុរស និង​កុមារ ព្រមទាំង​មាន​មណ្ឌល​កម្សាន្ត​សម្រាប់​កុមារ​តូចៗ​ផងដែរ​។​

​ចំណែក​នៅ​ជា​ន់ទី​៣ ជា​កន្លែង​លក់គ្រឿង​អេ​ឡិ​ច​ត្រូ​និក​គ្រប់​ប្រភេទ ជាន់​ទី​៤ ជា​អាហារ​ដ្ឋាន និង​ផ្សារ​ទេសចរណ៍ និង​ជាន់​ទី​៥ ជា​រោង​ភាព​យន្ត និង​មណ្ឌល​កម្សាន្ត ព្រម​ទាំង​បន្ថែម​ឲ្យ​មាន​នូវ​ក្លឹប​ហាត់​ប្រាណ ស្ទី​ម និង​សោណា​ផង​ដែរ​។​

​អភិបាលរង​រាជធានី​ភ្នំពេញ លោក ត្រាក់ ថៃសៀង បាន​ថ្លែងថា សូម​សម្តែង​ការ​កោត​សរសើរ ចំពោះ​គណៈ​គ្រប់គ្រង​ផ្សារ​សូរិយា ដែល​បាន​ប្តូរ​ទៅជា​សូរិយា​សេនធ័រ​ភ័នធ៍ ដែល​នេះ​ជា​ជំ​ហាន​ថ្មី​មួយ​ទៀត ក្នុងការ​កែប្រែ​វិស័យ​ផ្សារ​ទំនើប ក៏​ដូចជា​ចូលរួម​ចំណែក​ លើកស្ទួយ​វប្បធម៌ និង​កិត្យានុភាព​របស់​ប្រទេស​កម្ពុជា​។​

​លោក ត្រាក់ ថៃសៀង ថ្លែង​បន្ថែម​ថា​ ៖ «​ខ្ញុំ​មាន​សុទិដ្ឋ​និយម​ថា ផែនការ​កំណែទម្រង់ និង​ការ​កែលម្អ​ផ្សារ​ទំនើប​សូរិយា ទៅជា​សូរិយា សេន​ធ័​រភ័ន​ធ៍ ពិតជា​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា​»​។ លោក​បន្តថា​ ៖ «​តាមរយៈ​ផែន​ការ​កំណែទម្រង់​នេះ​ផ្សារ​សូរិយា សេនធ័រ​ភ័នធ៍ នឹង​ចូលរួម​ចំណែក​កាន់តែ​សកម្ម​ក្នុង​ការ​លើក​ស្ទួយ​សោភ័ណភាព​រាជធានី​ ភ្នំពេញ ក៏​ដូចជា​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​»​។

​លោកស្រី តឹក​រ៉េត កំ​រ៉ង រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា ធនាគារ​ពិភពលោក​បាន​ហៅ​កម្ពុជាថា គឺជា​ទីកន្លែង​មួយ​ប្រកប​ដោយ​ការវិនិយោគ​កំណែ​ទម្រង់ និង​កែលម្អ​។ ដូច្នេះ វា​ស្របទៅនឹងអ​តី​ត​ផ្សារ​ទំនើប​សូរិយា ប្តូរ​ទៅជា​សូរិយា​ សេន​ធ័​រ ភ័នធ៍ ដែលជា​ការវិនិយោគរ​បស់​ក្រុមហ៊ុន​សូរិយា​ សេនធ័រភ័នធ៍ នៅពេល​នេះដែរ​។ ការ​កែប្រែ​នេះគឺជា​ការ​ចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុងការ​លើក​កម្ពស់​ នៅ​ស្តង់ដារគុណភាព​សេវាកម្ម​របស់​ប្រទេស​ទេស​កម្ពុជា របស់​យើង និង​បំពេញ​សេចក្តី​ត្រូវ​ការ​ក្នុង​ស្រុក ពិសេស​តម្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅ​កម្ពុជា​។​

​លោកស្រី​បន្ត​ថា ក្រុមហ៊ុន​សូរិយា សេនធ័រ​ភ័នធ៍ បាន​រៀបចំ​ធ្វើ​ការ​កែទម្រង់ និង​កែលម្អ​គម្រោង​របស់​ខ្លួន ដើម្បី​ប្រែក្លាយ​ជា​ផ្សារ​ទំនើប​តាម​បែប​ទេសចរណ៍​ថ្មី​ដំបូង​គេ​បង្អស់​នៅ​ ក្នុង​ប្រទេស​កម្ពុជា​ក្នុង​គោល​បំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ក៏​ដូច​ជា​ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​សេដ្ឋកិ​ច្ចជាតិ​»​។​

អតីត​ផ្សារ​ទំនើប​សូរិយា​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​សាង​សង់​ដោយ ​រដ្ឋាភិបាល​កម្ពុជា និង​ដាក់​ឲ្យ​​ដំណើរការ​ក្នុង​ឆ្នាំ​២០០៣ នៅ​លើ​ផ្ទៃដី​សរុប​ប្រមាណ​៤០.០០០ ​ម៉ែត្រ​ការ៉េ និង​មាន​កម្ពស់៨​ជាន់។ ផ្សារ​នេះ​ធ្លាប់​បាន​ដើរ​តួ​ជា​ផ្សារ​ទំនើប​ដំបូង​បំផុត​នៅក្នុង​ទីក្រុង​ ភ្នំពេញ ដោយ​បាន​​ទាក់ទាញ​អតិថិជន​ក្នុង​ស្រុក​ជា​ច្រើន​បន្ទាប់​ពី​ការបើក​ដំណើរ​ ការ​នៅ​ពេល​ដំបូងៗ​។​

​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិល​មិ​ញ សកម្មភាព​អាជីវកម្ម​នៅក្នុង​ផ្សារ​ទំនើប​សូរិយា បាន​ប្រព្រឹត្ត​ទៅជា​ប្រក្រតី​ក្នុង​សភាព​ស្ងប់ស្ងាត់ ខណៈ​ដែល​ក្រុមអាជីវករ​ទាំង​អស់ម្នី​ម្នា​រៀបចំ​ដាក់តាំង​មុខ​ទំនិញ​​របស់​ ពួកគេ​រៀងៗ​ខ្លួន​ដើម្បីលក់​ដូច​ធម្មតា​។

នៅ​ពេល​ដែល ភ្នំពេញ ប៉ុស្តិ៍ អចលនទ្រព្យ សួរ​ទៅកាន់​ពួកគាត់​ថា តើ​អ្នកស្រីបាន​ដឹ​ង​អំពី​ព័ត៌មាន​នៃ​ការ​ជួស​​ជុល​​ផ្សារ​នេះ ឬទេ​? ស្ត្រីៗ​វ័យ​កណ្តាល ជា​អាជីវ​ករ​លក់​កាបូប និង​ប្រដាប់ប្រដា​ក្មេង​លេង បាន​ឆ្លើយ​ថា គាត់​ទើបតែ​ទទួល​បាន​លិខិត​មួយច្បាប់​កាល​ពី​​ព្រឹក​ថ្ងៃ​អង្គារ ដើម្បី​អញ្ជើញ​អាជីវករ​ចូលរួម​ប្រជុំ​អំពី​ដំណើរ​ការ​​ជួស​ជុល​ផ្សារ​ឡើងវិញ ​។

​ស្ត្រី​វ័យ​ជាង៣០​ឆ្នាំ​មួយរូប បាន​ឲ្យ​ដឹងថា​ ៖ «​ផ្សារ​នេះ​មិនមែន​ទើបតែ​ស្ងាត់​ភ្ញៀវ​នៅថ្ងៃនេះ​នោះ​ទេ គឺ​ប្រហែល​ជិត​ ២​ឆ្នាំ​មកហើយ ដែល​សកម្មភាព​លក់​ដូរ​របស់​ពួក​យើងពុំ​សូវ​មាន​ភាព​មមាញឹក​ប៉ុន្មាន​​ទេ​។ ខ្ញុំ​គិតថា មកពី​ប្រជា​ជន​យើង ពួកគាត់​ពុំ​សូវ​រកលុយ​បាន ហើយ​ម្យ៉ាងទៀត​ម៉ូយ​ពី​តាម​ខេត្ត​នានា​ក៏​អត់​សូវ​ឃើញ​មក​ដែរ​ព្រោះ​ប្រហែល​ ដោយសារ​កសិផល​​ធ្លាក់​ថ្លៃ ដូចជា​អ្នក​ដាំ​កៅស៊ូ​ជាច្រើន​កំពុង​ឡុងចុង​»​។

អ្នកស្រី​បន្តថា​ ៖ «​បើ​គិត​ទៅ​ថ្លៃ​ជួល​តូប​លក់​នៅទីនេះ គឺ​ប្រហែល​ជាង ៣០​ដុល្លារ ក្នុង​១​ម៉ែត្រការ៉េ ជា​ប្រចាំ​ខែ រីឯ​ទីកន្លែង​តូប​ខ្លះ​ថ្លៃ​ខ្ពស់​ជាង​នេះ​។ ខែ​ខ្លះ​យើង​ពិបាក​រក​ប្រាក់​ចំណេញ​មក​ទប់ទល់​ណាស់​ដែរ​»​។

​បុរស​វ័យ​ជាង៤០​ឆ្នាំ ជា​អាជីវ​ករលក់​ស្បែកជើង នៅ​ផ្សារ​ទំនើប​សូរិយា​នេះដែរ បាន​ថ្លែងថា​ ៖ «បើនិយាយ​ពី​ការរក​ប្រាក់​ចំណេញ គឺ​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​​នេះ ពួកយើង​ជួប​ផល​លំបាក​ខ្លះៗ​ដែរ ប៉ុន្តែ​ដោយសារ​តែយើង​បាន​ចុះ​ដើម​ទុនទិញ​មុខ​ទំនិញ​របស់ខ្លួន​នៅ​កល់​ច្រើន ​ហើយ​​ទេ ដូច្នេះ​យើង​ចេះ​តែ​​ទ្រាំ​ទប់ទល់​បាន​»​។​

«​ការពិតទៅ​ពុំមែន​មកពី​មាន​ផ្សារ​​អុីអន អ្វី​នោះទេ។ ខ្ញុំ​ដឹង​តាម ​រយៈ​អតិថិជន​របស់ខ្ញុំ​ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា បើ​គេ​ចង់ទៅ​ដើរ​លេង​ផ្សារ គឺ​គេ​នាំគ្នា​ទៅ​ផ្សារ​អុីអន ប៉ុន្តែ​បើ​គេ​ត្រូវ​ការទិញ​ទំនិញ គឺ​គេ​មក​​ទីនេះ​ដដែល​»។ នេះ​បើតាម​ការ​អះអាង​របស់​បុរស​អ្នកលក់​ស្បែកជើង​។

បុរស​រូបនេះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ ៖ «​ជា​រៀងរាល់ថ្ងៃ​មាន​ភ្ញៀវទេសចរ​ច្រើន​បាន​ចូល​មក​​ផ្សារ​នេះ គឺ​ថ្ងៃ​ដើម​សប្តាហ៍​ច្រើន​ភ្ញៀវ​ពួក​អឺ​រ៉ុ​ប ខណៈ​ចុង​សប្តាហ៍​គឺ​ភ្ញៀវ​ចិន ប៉ុន្តែ​ពួកគេ​អត់សូវ​ទិញ​អីវ៉ាន់​ទេ​»​។

​ក្រុមអាជីវករ​បាន​អះអាងថា តម្លៃ​តូប​របស់​ពួកគាត់​មានតម្លៃ​ខ្ពស់​គួរសម (​សម្រាប់​តូប​ទំហំ​ជិត៤ គុណ៥ម៉ែត្រ ចំណាយ​សរុបទាំង​បុគ្គលិក​ផង​ប្រហែល​១​ពាន់​ដុល្លារ ក្នុង​មួយខែ​)​។

​ទាំង​ស្ត្រី​អ្នកលក់​កាបូប បុរស​អ្នកលក់​ស្បែក​ជើង និង​អាជីវករ​ផ្សេងទៀត បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ខណៈដែល​ពួកគាត់​ទទួល​ដំណឹង​អំពី​ការ​ជួសជុល​ ផ្សារ​នេះ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​កន្លងទៅ​។

ពួកគាត់​បាន​លាន់មាត់​ថា​ ៖ «អ៊ី​ចឹង​ហើយ បានជា​ម្ចាស់​ផ្សារ​គេ​​ពុំ​ព្រម​ស៊ី​ញ៉េ​កុងត្រា​ថ្មី​ឲ្យ​ដល់​ពួក​យើង​អស់ ​រយៈពេល២​ឆ្នាំ​មក​ហើយ​»​។ ពួកគាត់​បន្តថា ពួក​យើងសង្ឃឹមថា ក្រោយពេល​អភិវឌ្ឍ​រួច ផ្សារ​នេះ​ទាក់ទាញ​បាន​ភ្ញៀវ​ច្រើន និង​ម្ចាស់​ផ្សារ​អត់​ដំឡើងថ្លៃ​តូប​ថែម​ទៀតទេ​។​

​កាលពី​ម្សិល​មិ​ញ​នេះ ភ្នំពេញ​ប៉ុស្តិ៍ អចលនទ្រព្យ ពុំ​អាច​សុំការ​បំភ្លឺ​ពី​គណៈ​គ្រប់គ្រង​ផ្សារ​ទំនើប​សូរិយា បានទេ ដោយ​ស្ត្រី​អ្នក​លើក ទូរស័ព្ទ​ឆ្លើយ​ប្រាប់ថា ​៖ «​ប្រធាន​គាត់​ជាប់រវល់​ប្រជុំ​។ ចាំ​គាត់​ទូរស័ព្ទ​​ត្រឡប់​ម​កវិញ​»៕

ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment