ប្រាក់​រយ​លាន​ដុល្លារ​អាច​ខាត​បង់​ បើ​ជនបរទេស​ពុំ​ចុះ​បញ្ជី​អចលនទ្រព្យ

ប្រាក់​រយ​លាន​ដុល្លារ​អាច​ខាត​បង់​ បើ​ជនបរទេស​ពុំ​ចុះ​បញ្ជី​អចលនទ្រព្យ

រដ្ឋាភិបាល​កម្ពុជា​អាច​ខាតបង់​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​ដែល ​ប្រមូល​បាន​តាមរយៈ​សេវាកម្ម​ចុះ​បញ្ជី​ប័ណ្ណ​កម្មសិទ្ធិ​អចលនទ្រព្យ​ ជនបរទេស​ប្រសិន​​បើ​វិនិយោគិន​បរទេស​បន្ត​ទិញ​អចលនទ្រព្យ​ដោយ​គ្មាន​ការ​ចុះ ​បញ្ជី​កម្មសិទ្ធិ​ស្រប​ច្បាប់​។

យោង​តាម​ទិន្នន័យ​ដែល​ប៉ុស្តិ៍​អចលនទ្រព្យ​ទទួល​បាន​ពី​មន្ទីរ​រៀបចំ​ ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ខុនដូ​ត្រឹម​តែ ៤៨០ ​ឯកតា​ប៉ុណ្ណោះ​ក្នុង​ចំណោម​ខុនដូ​កាន់កាប់​ដោយ​ជនបរទេស​ត្រូវ​បាន​ចុះ​ បញ្ជី​នៅ​អង្គភាព​ដែនដី​របស់​សាលា​រាជធានី​ភ្នំពេញ​ចាប់​តាំងពី​ច្បាប់​ ស្ដីពី​សិទ្ធិ​កាន់កាប់​កម្មសិទ្ធិ​នៃ​ជនបរទេស​បាន​ចូល​ជា​ធរមាន​កាលពី​ ឆ្នាំ​ ២០១១ ​កន្លង​មក​។

ទោះ​ជា​យ៉ាង​ណា​អចលនទ្រព្យ​ជនបរទេស​ចំនួន ១៥៩ ​ឯកតា​ត្រូវ​បាន​ចុះបញ្ជី​​នៅ​ឆ្នាំ​ ២០១៥ កន្លង​មក​ខណៈ​ឆ្នាំ​ ២០១៤​ មាន​ចំនួន​ត្រឹម​តែ ៦៤ ​ឯកតា​ប៉ុណ្ណោះ​ពោល​គឺ​បាន​កើនឡើង​ស្ទើរ​តែ ១៥០ ​ភាគរយ​។

យោង​តាម​របាយការណ៍​សង្ខេប​មួយ​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​មួយ​សប្ដាហ៍​មុន​បាន​បង្ហាញ​ថា​ក្រសួង​នេះ​ប្រមូល​ចំណូល​ បាន ៤៨ ​លាន​ដុល្លារ​អាមេរិក​តាមរយៈ​ការ​ចុះ​បញ្ជី​កម្មសិទ្ធិ​ជនបរទេស​។

ផ្អែក​តាម​ការ​វាយតម្លៃ​របស់​លោក គឹម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា (CVEA) ខុនដូ​ប្រហែល ៣០០០ ​​ឯកតា​ត្រូវ​បាន​លក់​ចេញ​កាលពី​ឆ្នាំ​មុន​ដោយ​ចំនួន ៧០ ​ភាគរយ​នៃ​ខុនដូ​នោះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ជនបរទេស​។

វា​បាន​ចោទ​ជា​សំណួរ​ឡើង​ថា​ហេតុ​អ្វី​បាន​ជា​អចលនទ្រព្យ​កាន់កាប់​ដោយ​ ជនបរទេស​ត្រឹម​តែ ១៦ ​ភាគរយ​ប៉ុណ្ណោះ​ត្រូវ​បាន​ចុះបញ្ជី​ខណៈ​ចំនួន​លក់​ខុនដូ​កាលពី​ឆ្នាំ​មុន​ មាន​ទំហំ​ដល់​ទៅ ៣០០០ ​ឯកតា​ឯណោះ​។

លោក ស៊ឹង ប៊ុណ្ណា នាយក​ក្រុមហ៊ុន Bonna Realty Group បាន​ឲ្យ​ដឹង​ថា​គម្លាត​រវាង​ការ​ចុះ​បញ្ជី​អចលនទ្រព្យ​កាន់កាប់​ដោយ​ជនបរទេស និង​ចំនួន​ខុនដូ​លក់​ចេញ​គឺ​បណ្ដាល​មកពី​ការ​ប្រកាស​ពី​ភាព​ជោគជ័យ​បែប​ បំប៉ោង​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍។

លោក ស៊ឹង ប៊ុណ្ណា ថ្លែង​ថា​៖ «នៅ​ស្រុក​យើង​តួលេខ​លក់​ជាក់​ស្ដែង និង​តួលេខ​ម៉ាឃីតធីង​ខុស​គ្នា​​ឆ្ងាយ​»​។

ដោយ​បញ្ជាក់​ថា​តួលេខ​លក់​បែប​បំប៉ោង​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជាទូទៅ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​​នោះ​លោក ប៊ុណ្ណា បន្ត​ថា៖ «​តួលេខ​ដែល​យើង​ទទួល​បាន​ជាទូទៅ​មិន​សុក្រឹត ឬ​គួរ​ឲ្យ​ជឿជាក់​ទេ​»។

ទោះ​ជា​យ៉ាង​ណា​លោក ប៉ូ អ៊ាវគង់ នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Asia Real Estate ពន្យល់​ថា​តួលេខ​ដ៏​តិចតួច​នៃ​ការ​ចុះ​បញ្ជី​អចលនទ្រព្យ​ជនបរទេស​នេះ​បណ្ដាល ​មកពី​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​មិន​ទាន់​បញ្ចប់​ការ​សាងសង់​ទាំង​ស្រុង​ នៅ​ឡើយ​ខណៈ​ដែល​​ការ​សាងសង់​ខុនដូ​ដោយ​ពុំ​មាន​ច្បាប់​ត្រឹមត្រូវ និង​ការ​តម្កល់​ប្លង់​រឹង​នៅ​ធនាគារ​ក៏​ជា​ឧបសគ្គ​រារាំង​ដល់​ការ​ចុះ​បញ្ជី ​អចលនទ្រព្យ​របស់​ជនបរទេស​ផង​ដែរ​។

ក្រៅពី​នេះ​កង្វះ​ខាត​ផ្លូវ​ច្បាប់​ត្រូវ​បាន​លោក គឹម ហ៊ាង យល់​ឃើញ​ថា​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ការ​ចុះ​បញ្ជី​អចលនទ្រព្យ​របស់​ជនបរទេស​ មាន​ចំនួន​តិច​បែប​នេះ​ផង​ដែរ​។

លោក ហ៊ាង ថ្លែង​ថា​៖ «ដោយសារ​ច្បាប់​រដ្ឋ​របស់​យើង​អត់​កំណត់​ថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ត្រូវ​តែ​ បំបែក​ប័ណ្ណ​កម្មសិទ្ធិ​ដល់​អ្នក​ទិញ​នោះ​ភាគច្រើន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ខុនដូ​នៅ​កាន់កាប់​ប្លង់​កម្មសិទ្ធិ​ទាំង​អស់​នៅ​ឡើយ​»​។

ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ​លោក ជៀម សុផលមករា អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ទទួល​ស្គាល់​ថា​ច្បាប់​ពុំ​បាន​កំណត់​ពេលវេលា​ជាក់លាក់​ សម្រាប់​ការ​ផ្ទេរ​កម្មសិទ្ធិ​រវាង​ភាគី​អ្នកលក់ និង​ភាគី​អ្នក​ទិញ​អចលនទ្រព្យ​សហកម្មសិទ្ធិ​នោះ​ឡើយ​ដោយសារ​ក្រសួង​ពុំ​អាច​ គ្រប់គ្រង​ទៅ​លើ​ការ​ទិញ​លក់​អចលនទ្រព្យ​រវាង​អ្នក​ទិញ និង​អ្នក​លក់​បាន​ឡើយ។

លោក សុផលមករា ថ្លែង​ថា​៖ «​វា​ជា​លក្ខខណ្ឌ​រវាង​អ្នក​ទិញ និង​អ្នក​លក់​។ ប្រសិន​បើ​អ្នក​ទិញ​ប្រគល់​លុយ​ឲ្យ​គេ​គ្រប់​ហើយ ហើយ​​អគារ​នោះ​បាន​ចុះ​បញ្ជី​សហកម្មសិទ្ធិ​រួច​ហើយ​ភាគី​អ្នក​ទិញ​មាន​ សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​​ស្នើសុំ​ផ្ទេរ​កម្មសិទ្ធិ​មក​ជា​របស់​ខ្លួន​ ។ ចំណែកឯ​ភាគី​អ្នក​លក់​មាន​កាតព្វកិច្ច​ក្នុង​ការ​ផ្ទេរ​ទៅ​ឲ្យ​ភាគី​អ្នក​ ទិញ​ដែល​បាន​ទូទាត់​លុយ​គ្រប់​ហើយ​»​។

ទោះ​ជា​យ៉ាង​ណា​លោក​អំពាវនាវ​ដល់​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ និង​អ្នក​ទិញ​អចលនទ្រព្យ​ទាំង​អស់​ត្រូវ​តែ​ចុះ​បញ្ជី​អគារ​សហកម្មសិទ្ធិ និង​ផ្ទេរ​កម្មសិទ្ធិ​របស់​ខ្លួន​ដើម្បី​ធានា​ថា​អចលនទ្រព្យ​របស់​ពួកគេ​មាន ​សុវត្ថិភាព និង​គាំពារ​ដោយ​ច្បាប់​។

យោង​តាម​របាយការណ៍​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE កាលពី​ឆ្នាំ​មុន​បាន​រក​ឃើញ​ថា​ខុនដូ​ចំនួន ៣០៩០ ​ឯកតា​នៃ​គម្រោង​អភិវឌ្ឍន៍​ចំនួន ១៣ ត្រូវ​បាន​សាងសង់​សម្រេច​ពេញ​លេញ​ចាប់ពី​ឆ្នាំ​ ២០០៨ ដល់​ឆ្នាំ​ ២០១៤ ​។

ជាមួយ​កំណើន​វិនិយោគ​យ៉ាង​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ នេះ​ក្រុមហ៊ុន​​ដដែល​នេះ​បាន​ព្យាករ​ថា​ចំនួន​ខុនដូ​សាងសង់​នៅ​កម្ពុជា​នឹង​ មាន​ចំនួន​ដល់​ទៅ ២ ​ម៉ឺន​ឯកតា​នៅ​ឆ្នាំ​ ២០១៨ ​ខាង​មុខ ឬ​កើនឡើង​ស្ទើរ​តែ ១០០០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥ ​នេះ​៕

ថ្ងៃទី១០ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment