ផ្លាស់ប្តូរ​តំណែង​ប្រធាន​មន្ទីរ​ដែនដី​ដែល​ស៊ីញ៉េ​លក់​ដី និង​បឹង​ព្រែក​ទប់

ផ្លាស់ប្តូរ​តំណែង​ប្រធាន​មន្ទីរ​ដែនដី​ដែល​ស៊ីញ៉េ​លក់​ដី និង​បឹង​ព្រែក​ទប់

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ​នឹង​ត្រូវ​ដក​ចេញ​ពី​តំណែង​ដោយសារ​គេ​សង្ស័យ​ថា​ប្រធាន​ មន្ទីរ​រូប​នេះ​ជា​អ្នក​ស៊ីញ៉េ​លក់​ដី​ជុំវិញ និង​លក់​បឹងព្រែក​ទប់​ដែល​ជា​បឹង​ស្តុក​ទឹកសាប​ដ៏ធំ​សម្រាប់​បម្រើ​ ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​នេះ​។

លោក ហ៊ុន ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ​នឹង​ត្រូវ​បាន​ក្រសួង​ដាក់​ឲ្យ​ចូលនិវត្តន៍ និង​ជំនួស​​វិញ​ដោយ​លោក នួន ប៉ុក ដែល​បច្ចុប្បន្ន​លោក​កាន់​តំណែង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នេះ​ស្រាប់​។ ពិធី​ផ្ទេរ​តំណែង​នេះ​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​មីនា​នេះ​ប្រសិន​ជា​ គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ​។

យោង​តាម​ប្រភព​ពី​មន្ត្រី​រាជការ​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា​លោក ហ៊ុន ភី បាន​ចូល​កាន់​តំណែង​ជំនួស​លោក សូ សុខ កាលពី​ចុង​ខែ​មីនា​ឆ្នាំ​ ២០១៤ ដោយសារ​លោក សូ សុខ ត្រូវ​បាន​លោក ស្បោង សារ៉ាត អតីត​អភិបាល​ខេត្ត​ព្រះសីហនុ​សុំ​ស្នើ​ទៅ​សាមី​ក្រសួង​ផ្លាស់ប្តូរ​ព្រោះ​តែ ​គាត់​ (​សូ សុខ) មិន​ព្រម​ចុះហត្ថលេខា​ផ្តល់​កម្មសិទ្ធិ​ដី​នៅ​ជុំវិញ​តំបន់​បឹង​ព្រែកទប់​ ដែល​ជា​បឹង​ស្តុក​ទឹក​សាប​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទូទាំង​ក្រុង​ ព្រះសីហនុ​ទៅ​ឲ្យ​បុគ្គល​ជា​ឯកជន​។

ប្រភព​ដដែល​បាន​បន្ត​ថា​មន្ត្រី​មាន​អំណាច​រំលោភ​យក​ដី​ជុំវិញ​បឹង​ ព្រែកទប់ និង​ការ​ចាក់​ដី​លុប​បឹង​នោះ​ក៏​មាន​លោក ស្បោង សារ៉ាត ដែល​បាន​កាន់កាប់​ដី​ទំហំ​ជាង ៦ ​ហិតតា​ព្រម​ទាំង​ឈ្មួញ​ទុច្ចរិត​លោភលន់​ចង់​បាន​ដី​រដ្ឋ​ជាច្រើន​នាក់​ ផ្សេង​ទៀត​ត្រូវ​បាន​លោក ហ៊ុន ភី ចុះ​ហត្ថលេខា​ផ្តល់​កម្មសិទ្ធិ​ឲ្យ​រហូត​ដល់​ជាង ៣០ ​ប័ណ្ណ​រួច​ទៅ​ហើយ​។ មន្ត្រី​រាជការ ប្រជាពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ ចំពោះ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​មិន​ប្រក្រតី​អស់​ទាំង​នេះ​ដើម្បី​មោឃភាព​ ប័ណ្ណ​អស់​ទាំង​នេះ​វិញ​ព្រម​ទាំង​ដាក់​វិន័យ​​ឲ្យ​បាន​ធ្ងន់ធ្ងរ​ចំពោះ​ មន្ត្រី​ណា​ដែល​ពាក់ព័ន្ធ​ឲ្យ​សម​នឹង​អំពើ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត។

ចំពោះ​ការ​តែងតាំង​លោក នួន ប៉ុក ជា​ប្រធាន​មន្ទីរ​នេះ​ក៏​មាន​ការ​រិះគន់​ខ្លះៗ​ពី​សំណាក់​មន្ត្រី​ក្នុង​ អង្គភាព​ដោយសារ​តែ​ការ​តែងតាំង​នេះ​ពុំ​មាន​មន្ត្រី​ក្នុង​អង្គភាព​បាន​ដឹង​ ឮ ឬ​ក៏​ធ្វើការ​គាំទ្រ​ទាល់​តែ​សោះ​។

តាម​ប្រភព​ពី​អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្ត​ព្រះសីហនុ​មួយ​រូប​បាន​និយាយ ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​លោក ហ៊ុន ភី ពិតជា​ពាក់ព័ន្ធ​នឹង​ការ​ស៊ីញ៉េ​លក់​ដី​ជុំវិញ និង​ដី​បឹង​ព្រែកទប់​ពិតប្រាកដ​មែន​គឺ​ក្នុង​អំទ្បុង​ពេល​លោក ស្បោង សារ៉ាត ធ្វើ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ​ដែល​បាន​ឃុបឃិត​គ្នា​ក្នុង​ការ​កាន់កាប់​ដី ​បឹង​នេះ​។

លោក​បាន​និយាយ​ទាំងអស់​សំណើច​ថា៖ «​ដោយសារ​បឹង​ព្រែកទប់​ស្ថិត​នៅ​កណ្តាល​ក្រុង​ព្រះសីហនុ​ទើប​មន្ត្រី​មាន​ អំណាច និង​អ្នក​មាន​ធនធាន​ជាច្រើន​បាន​ហែក​ជា​ចំរៀកៗ​ចែក​គ្នា​ដោយ​មិន​ខ្វល់​ពី​ សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បែប​នេះ​»​។

អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ប្រចាំ​ខេត្ត​ព្រះសីហនុ​អ្នកស្រី ជាប សុធារី បាន​ថ្លែង​ថា​បន្ទាប់ពី​មាន​បញ្ហា​ចម្រូង​ចម្រាស​កន្លង​មក​ទាក់ទង​នឹង​ការ​ ចាក់ដី​លុប​បឹង​នេះ​បច្ចុប្បន្ន​សកម្មភាព​ទន្ទ្រាន​យក​បឹង​នេះ​ហាក់​នៅ​ ក្នុង​សភាព​ទ្រឹង​ហើយ​ក៏​មិន​មាន​មន្ត្រី​ណា​សុំ​ប្តឹង​មោឃភាព​ចំពោះ​ ប័ណ្ណកម្ម​សិទ្ធិ​មិន​ប្រក្រតី​ដែល​ក្រសួង​បាន​ចេញ​ឲ្យ​ប្រជាជន និង​អ្នក​មាន​អំណាច​ទៅ​តុលាការ​នោះ​ទេ​។

អ្នកស្រី​បន្ត​ថា​ មាន​ប្រជាជន​ចំនួន ៥១ ​គ្រួសារ​បាន​ទទួល​ប្លង់​កាន់កាប់​បឹង​នេះ​ជា​យូរ​មក​ហើយ​ប៉ុន្តែ​ក្រោយ​មក​ មាន​ប្រជាជន​ផ្សេងៗ​ទៀត​ និង​អ្នក​មាន​អំណាច​សរុប​ជាង ២០០ ​​គ្រួសារ​ទៀត​បាន​ស្នើសុំ​ប័ណ្ណ​ទទួល​ស្គាល់​ដើម្បី​កាន់កាប់​បឹង​នេះ​ដោយ​ ខុស​ច្បាប់​បន្ថែម​ទៀត​ប៉ុន្តែ​ការ​ស្នើសុំ​ប័ណ្ណ​នេះ​មិន​ទាន់​បាន​ចេញ​នៅ​ ទ្បើយ​ទេ​។

លោក ឯក វិធាន ជា​តំណាង​របស់​សហគមន៍​ស្ពាន​ឆេះ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​បាន​ថ្លែង​ឯកភាព​ ទៅ​នឹង​អ្វី​ដែល​អ្នកស្រី សុធារី បាន​អះអាង​។ លោក​បាន​បន្ថែម​ថា៖ «​ក្រុម​មន្ត្រី​មាន​អំណាច​ដែល​រំលោភ​​យក​ដី​បឹង​ព្រែក​ទប់​នោះ​គឺ​គេ​ ត្រូវរ៉ូវ​គ្នា​ដោយ​បែងចែក​ផល​ចំណេញ និង​ដីធ្លី​ទាំង​នោះ​ទៅ​ជា​បី​ចំណែក​គឺ​របស់​អតីត​អភិបាល​ក្រុង​ព្រះសីហនុ​ (​ស្បោង សារ៉ាត) មន្ត្រី​ (​ប្រធាន​មន្ទីរ​) ​នោះ​ផ្ទាល់ និង​អធិការ​ប៉ូលិស​ផង​ដែរ​»​។

លោក​បន្ត​ថា​ដោយ​ឡែក​សម្រាប់​​ពួកយើង​ជា​ប្រជាជន​រស់នៅ​លើ​ដី​របស់​ខ្លួន ​តាំង​តែ​ពី​ជាង​ដប់​ម្លៃ​ឆ្នាំ​មក​ហើយ​នោះ​គេ​ពុំ​ងាយ​ធ្វើ​ប័ណ្ណ​ កម្មសិទ្ធិ​ឲ្យ​ទេ​។ «ពួកយើង​ម្នាក់ៗ​មាន​ដី​ត្រឹម​តែ​អាច​សង់​ផ្ទះ​សម្បែង​ស្ទើរតែ​ពុំ​បាន។ រស់នៅ​ទាំង​ការ​ភ័យខ្លាច​ដោយសារ​ធ្លាប់​ទទួល​រង​ការ​គំរាម​កំហែង​ពី​មន្ត្រី ​មាន​អំណាច​ចង់​រំលោភបំពាន​យក​ដី​ភូមិ​របស់​ពួក​យើង​»។ នេះ​បើ​តាម​សម្តី​របស់​លោក វិធាន​។ «​ផ្ទុយ​ទៅ​វិញ​ពួកមន្ត្រី​មាន​អំណាច​ទាំង​នោះ​បែរ​ជា​ហ៊ាន​ធ្វើ​ប្លង់​ដី​ រំលោភ​យក​ដី​រដ្ឋ​នៃ​បឹង​ព្រែកទប់​ដែល​ជា​ប្រភព​ទឹកសាប​ដ៏​សំខាន់​បំផុត​ សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ទូទាំង​ក្រុង​នេះ​អត់​មាន​​មន្ត្រី​ ថ្នាក់​លើ​ណា​ធ្វើ​ដឹង ឬ​ថា​ខុស​ច្បាប់​សោះ​»​។

អ្នកស្រី សុធារី បន្ត​ថា៖ «​បឹង​ព្រែក​​​ទប់​ពី​មុន​មាន​ទំហំ​ជាង ១០០ ហិកតា​ប៉ុន្តែ​ពេល​នេះ​ទំហំ​បឹង​​នេះ​បាន​រួម​តូច​មក​នៅ​ត្រឹម​ប្រមាណ ១៥ ​ហិកតា​ប៉ុណ្ណោះ​ដោយសារ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​មន្ត្រី​អ្នក​មាន​ ប្រាក់ និង​អ្នក​មាន​អំណាច​ដើម្បី​កាន់កាប់​ដី​បឹង​នេះ​»​។ អ្នកស្រី​បន្ត​ថា៖ «​បឹង​នេះ​​មាន​សារៈប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ ខេត្ត​ព្រះសីហនុ​ព្រោះ​យើង​​ប្រើប្រាស់​ទឹកភ្លៀង និង​ការ​បុក​អណ្តូង​មិន​អាច​ផ្គត់ផ្គង់​គ្រប់​នោះ​ទេ​»​។

អ្នកស្រី សុធារី បាន​បន្ត​ថា​ខេត្ត​ព្រះសីហនុ​ត្រូវ​យក​ប្រភព​ទឹក​ស្អាត​ពី​ទឹក​ក្បាល​ឆាយ និង​បឹង​ព្រែក​ទប់​នេះ​ហើយ​រដ្ឋាករ​ទឹក​បាន​យក​ទឹក​ពី​បឹង​នេះ​ផ្គត់ផ្គង់​ ការ​ប្រើប្រាស់​ទឹក​ក្នុង​ខេត្ត​ដោយសារ​បឹង​នេះ​ស្ថិត​នៅ​កណ្តាល​ទីក្រុង​ ព្រះសីហនុ​ដែល​ជា​គោលដៅ​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​មក​កម្សាន្ត​មាន​ការ​ កើនទ្បើង​ជា​ប្រចាំ​ជា​រហូត​មក​ទើប​ទី​បឹង​នោះ​ក៏​ក្លាយ​ជា​គោលដៅ​របស់​អ្នក ​លោភលន់​ផង​ដែរ​។

អ្នកស្រី​បន្ត​ថា​ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​ទប់ស្កាត់​ការ​ចាក់​ដី​លុប​ បឹង​នេះ និង​កាយ​ដី​ដែល​បាន​ចាក់​រួច​ទ្បើង​វិញ​ព្រោះ​ប្រសិន​ជា​បឹង​នេះ​ត្រូវ​លុប​ ប្រជាជន​នឹង​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​នោះ​ទេ​ហើយ​ប្រសិន​ជា​ធ្វើការ​ ស្រាវជ្រាវ និង​អនុវត្ត​តាម​ច្បាប់​ភូមិបាល​អ្នក​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់គ្រង​បឹង​ នេះ​ត្រូវ​មាន​ទោស​ព្រោះ​បឹង​នេះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​។

លោក សេង ទ្បូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ថា​លោក​​​មិន​បាន​ដឹង​ពី​ការ​ផ្លាស់ប្តូរ​តំណែង​លោក ហ៊ុន ភី ​ទេ​។ ប៉ុន្តែ​តាម​លោក​ដឹង​គឺ​ប្រធាន​មន្ទីរ​រូប​នេះ​ពិត​ជា​ជិត​ដល់​អាយុ​ត្រូវ​ ចូល​និវត្តន៍​។ លោក​បន្ត​ថា​ ចំណែក​ព័ត៌មាន​ពី​បុគ្គលិក​លក្ខណៈ​របស់​លោក ហ៊ុន ភី តាម​លោក​ដឹង​គឺ​លោក ហ៊ុន ភី ជា​មនុស្ស​មាន​អត្តចរិត​ល្អ ស្លូតបូត និង​​គោរព​ច្បាប់​តែ​ក្នុង​កិច្ចការងារ​ជាក់ស្តែង​របស់​គាត់​លោក​មិន​ស៊ី​ ជម្រៅ​នោះ​ទេ​។

លោក ហ៊ុន ភី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន​៕

ថ្ងៃទី១០ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment