ពលរដ្ឋ​រង់ចាំ​សំណង​ ខណ

ពលរដ្ឋ​រង់ចាំ​សំណង​ ខណៈ​គម្រោង​សាងសង់​ទីក្រុង​ត្បូងឃ្មុំ​សម្រេច​បាន​ ៦០ ​ភាគរយ

មន្ត្រី​សាលា​ខេត្ត​ត្បូងឃ្មុំ​បាន​អះអាង​ថា​អគារ​រដ្ឋបាល​ប្រមូល​ ផ្ដុំ​នៃ​ខេត្ត​ត្បូងឃ្មុំ​ដែល​ជា​ខេត្ត​ទើប​បាន​បង្កើតឡើង​កាលពី​ជាង ២ ​ឆ្នាំ​មុន​នោះ​ត្រូវ​បាន​សាងសង់​សម្រេច​បាន​ប្រហែល ៦០ ​ភាគរយ​ហើយ​ខណៈ​ដែល​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ កំពុង​ទន្ទឹង​រង់ចាំ​សំណង​។

លោក ទៀង ណារិទ្ធ នាយក​រដ្ឋបាល​សាលា​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ដើម​សប្ដាហ៍​នេះ​ថា៖ «​ដំណើរការ​សាងសង់​អគារ​រដ្ឋបាល​របស់​ខេត្ត និង​មន្ទីរ​ជុំវិញ​ខេត្ត​សម្រេច​បាន​ប្រហែល ៥៥ ​ភាគរយ​ទៅ ៦០ ភាគរយ​ហើយ​។ អគារ​ស្នាក់នៅ​របស់​មន្ត្រី​រាជការ​ចំនួន ៦ ​អគារ​ដែល​សព្វថ្ងៃ​ទើប​តែ​សាងសង់​បាន ២ ​អគារ​ប៉ុណ្ណោះ​»​។

លោក ណារិទ្ធ បន្ថែម​ថា​៖ «បច្ចុប្បន្ន​យើង​សាងសង់​គម្រោង​អាទិភាព​ជា​មុន​សិន​ដូចជា​អគារ​សាលា​ខេត្ត ផ្លូវ ហើយ​គម្រោង​អាទិភាព​ទាំង​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ​ ២០១៨»​។

ខេត្ត​ត្បូងឃ្មុំ​ដែល​មាន​ផ្ទៃដី​ជិត ៥ ​ពាន់​គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​ជាង ៧៥ ​ម៉ឺន​នាក់​ត្រូវ​បាន​បំបែក​ចេញ​ពី​ខេត្ត​កំពង់ចាម​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៣ តែ​ប៉ុន្មាន​ខែ​ក្រោយពី​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាត់បង់​អាសនៈ​ជាច្រើន​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៣​។

ដោយ​ទើប​ត្រូវ​បាន​បង្កើត​ឡើង​កាលពី ២ ​ឆ្នាំ​មុន​ខេត្ត​ថ្មី​នេះ​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ ហេរដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជាពិសេស​អគារ​រដ្ឋបាល​សម្រាប់​បុគ្គលិក​ មន្ត្រី​រាជការ​។

លោក ណារិទ្ធ និយាយ​ថា​៖ «មន្ត្រី​របស់​យើង​កំពុង​ប្រឈម​នឹង​បញ្ហា​​កន្លែង​ស្នាក់នៅ​ដោយសារ​ផ្ទះ​ សំបែង​របស់​ពួកគេ​នៅ​ឆ្ងាយ។ យើង​កំពុង​តែ​ជួល​ផ្ទះ​ប្រជាពលរដ្ឋ​ធ្វើ​ជា​ការិយាល័យ​បណ្ដោះ​អាសន្ន។ នៅ​ពេល​យើង​សាងសង់​អគារ​​សាលា​ខេត្ត​រួចរាល់​យើង​នឹង​មាន​អគារ​គ្រប់គ្រាន់​ សម្រាប់​មន្ត្រីរាជការ​»​។

បើ​តាម​លោក ណារិទ្ធ គម្រោង​អភិវឌ្ឍន៍​អគារ​រដ្ឋបាល​ប្រមូលផ្ដុំ​របស់​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​ បាន​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន លី ឈួង ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​ទទួល​បាន​សិទ្ធិ​សាងសង់​អគារ​មន្ទីរ​រដ្ឋសភា​កាលពី ​ជាង ១០ ​ឆ្នាំ​មុន។ សាលា​ខេត្ត​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ទីតាំង​ថ្មី​ស្ថិត​ក្នុង​ឃុំ​ ស្រឡប់​ដែល​មាន​ចម្ងាយ​ប្រហែល ២០ ​គីឡូម៉ែត្រ​ពី​ទីក្រុង​សួង និង​ប្រហែល ១៥ ​គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ពញាក្រែក​ដែល​ជា​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ បណ្ដោះ​អាសន្ន​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក គឹម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ​អចលនទ្រព្យ​កម្ពុជា​បាន​សម្ដែង​ភាព​ងឿង​ឆ្ងល់​ ចំពោះ​ការ​អភិវឌ្ឍ​អគារ​រដ្ឋបាល​ប្រមូល​ផ្ដុំ​នៅ​តំបន់​ដាច់​ឆ្ងាយ​ពី​ ទីប្រជុំជន​បែប​នេះ​ហើយ​លោក​ក៏​សង្ស័យ​ថា​ការ​ជ្រើសរើស​ទីតាំង​នោះ​អាច​ ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ម្ចាស់​ដី​ធំៗ​នៅ​តំបន់​នោះ​។

លោក គឹម ហ៊ាង និយាយ​ថា​៖ «​គម្រោង​អភិវឌ្ឍន៍​គួរ​តែ​ធ្វើ​ឡើង​នៅ​ទី​រួម​ស្រុក​ពញាក្រែក​ដោយសារ​​ទី​ នោះ​ជា​ទីប្រជុំជន​ស្រាប់ និង​អាច​សាងសង់​អគារ​បន្ថែម​បាន​។ ទីតាំង​ថ្មី​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជាង ១៥ ​គីឡូម៉ែត្រ​នោះ​ក៏​នឹង​បង្ក​ការ​លំបាក​ដល់​មន្ត្រីរាជការ​ផង​ដែរ​»​។

ពាក់ព័ន្ធ​នឹង​ការ​ជ្រើសរើស​ទីតាំង​ថ្មី​នេះ​លោក ណារិទ្ធ ពន្យល់​ថា​៖ «​ក្រុម​មួយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចុះ​សិក្សា និង​សម្រេច​យក​តំបន់​ព្រៃ​ម៉ៃសាក់​ធ្វើ​ជា​តំបន់​រដ្ឋបាល​ពីព្រោះ​ទីតាំង​ នោះ​គឺជា​កម្មសិទ្ធិ​របស់​រដ្ឋ​ហើយ​ការ​សាងសង់​នឹង​មិន​សូវ​ប៉ះពាល់​ព្រម​ ទាំង​បាន​អគារ​ធំ​ទូលាយ​ទាំង​អគារ​រដ្ឋបាល​សាលា​​ខេត្ត និង​មន្ទីរ​ទាំងអស់​។ បើ​​និយាយ​អំពី​ភូមិសាស្ត្រ​ទីតាំង​នោះ​គឺ​ជា​ចំណុច​កណ្ដាល​នៃ​ខេត្ត​ ត្បូងឃ្មុំ​»​។

លោក ណារិទ្ធ ជឿជាក់​ថា​ក្រោយ​​ការ​សាងសង់​ត្រូវ​បាន​បញ្ចប់​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​នឹង ​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ថ្មី​មួយ​ប្លែក​ពី​ខេត្ត​ដទៃ​ទៀត​ក្នុង​ប្រទេស​ កម្ពុជា​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទី​រួម​ខេត្ត​ថ្មី​នេះ​ត្រូវ​បាន​ ធ្វើ​ឡើង​ទៅ​តាម​ប្លង់​គោល​។

លោក ណារិទ្ធ ពន្យល់​ថា​៖ «ក្រុម​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី​បាន​មក​សិក្សា និង​រៀបចំ​ប្លង់​គោល​ដ៏​ច្បាស់លាស់​មួយ​ឲ្យ​យើង​។ អ៊ីចឹង​ការ​សាងសង់​ក៏​ស្ថិត​នៅ​ក្នុង​ប្លង់គោល​ដែល​គិត​វែង​ឆ្ងាយ​​ទៅ​មុខ​ ផង​ដែរ​ដោយ​មិន​ឲ្យ​មាន​ផលប៉ះពាល់​ដូច​ខេត្ត​ដទៃ​ទៀត​»​។

ទី​រួម​ខេត្ត​ត្បូងឃ្មុំ​ថ្មី​ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី ៣ ​ពាន់​ហិកតា​នោះ​ត្រូវ​បាន​បែងចែក​ជា ៤ ​តំបន់​ក្នុង​នោះ​មាន​តំបន់​រដ្ឋបាល​ប្រមូល​ផ្ដុំ​តំបន់​ពាណិជ្ជកម្ម តំបន់​ឧស្សាហកម្ម និង​តំបន់​អប់រំ និង​បរិស្ថាន​ហើយ​តំបន់​នីមួយៗ​ត្រូវ​បាន​កំណត់​សម្រាប់​ការ​ប្រើប្រាស់​តាម ​គោលបំណង​ជាក់លាក់​។

ទោះ​ជា​យ៉ាង​ណា​ទំហំ​ទឹកប្រាក់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ដ៏ធំ​នេះ​មិន​ ត្រូវ​បាន​គេ​ដឹង​​នោះ​ឡើយ​ខណៈ​ក្រុម​មន្ត្រី​បញ្ជាក់​ថា​វា​ត្រូវ​បាន​​ កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន លី ឈួង ក្នុង​នោះ​រួម​បញ្ចូល​ទាំង​ការ​ទូទាត់​សំណង​ផលប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ មូលដ្ឋាន​ផង​ដែរ។

លោក ណារិទ្ធ បញ្ជាក់​ថា​៖ «ខ្ញុំ​ក្ដាប់​តួលេខ​មិន​បាន​ច្បាស់​ទេ​ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន លី ឈួង ជា​អ្នក​កំណត់​ [​ថវិកា​ចំណាយ​] ​ទៅ​តាម​ជំហាន​នីមួយៗ​»​។

ខណៈ​ពេល​ដែល​ការ​សាងសង់​បាន​និង​កំពុង​ដំណើរការ​ទៅ​មុខ​ក្រុម​ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​បាន​អះអាង​ថា​ ពួកគាត់​ពុំ​ទាន់​ទទួល​បាន​សំណង​នៅ​ឡើយ​ទេ​។

លោក ហួត ដន ជា​ពលរដ្ឋ​ម្នាក់​មកពី​ភូមិ​និគម​ក្រោម​ដែល​មាន​ដី​ចម្ការ​ប្រហែល ៣ ​ហិកតា​ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​អគារ​រដ្ឋបាល ​ប្រមូលផ្ដុំ​ខេត្ត។ លោក​បាន​និយាយ​ថា​គាត់​កំពុង​រង់ចាំ​មើល​សំណង​ដែល​ត្រូវ​បាន​អាជ្ញាធរ​សន្យា ​ទូទាត់​ជូន​ជា​ថ្នូរ​ទៅ​នឹង​ការ​ស្ថាបនា​អាង​ទឹក​។

លោក ហួត ដន និយាយ​ថា​៖ «​គេ​ឈូសឆាយ​រួច​ហើយ​តែ​អត់​មាន​សំណង​ទេ​។ កន្លង​មក​តែ​គេ​ឈូស គេ​ទូទាត់​សំណង​ហើយ​ប៉ុន្តែ​គេ​មិន​ទាន់​ទូទាត់​ឲ្យ​ខ្ញុំ​នៅ​ឡើយ​ទេ​»​។

លោក នាង សាវ៉ាត់ អ្នក​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ​បាន​ ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ប្រហែល ៨០ ​គ្រួសារ​បាន​និង​កំពុង​រង់ចាំ​សំណង​ពី​សាលា​ខេត្ត​បន្ទាប់ពី​អ្នក​ភូមិ​បាន ​យល់​ព្រម​​ទទួល​យក​ការ​ទូទាត់​សំណង​ថោកៗ​ពី​អាជ្ញាធរ​ខេត្ត​។

លោក នាង សាវ៉ាត់ និយាយ​ថា៖ «​អ្នក​ភូមិ​រង់ចាំ​មើល​សំណង​យ៉ាង​អន្ទះសា​ដោយសារ​ពួកគាត់​ត្រូវការ​​លុយ​យក ​ទៅ​ទិញ​ដី​នៅ​កន្លែង​ថ្មី​ដើម្បី​ប្រកបរបរ​ចិញ្ចឹម​ជីវិត​បន្ទាប់ពី​ ពួកគាត់​យល់​ព្រម​លក់​ទៅ​​ឲ្យ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នោះ។ អាជ្ញាធរ​ខេត្ត​បាន​ពន្យារ​ការ​ទូទាត់​សំណង​ម្ដង​ហើយ​ម្ដង​ទៀត​»​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ណារិទ្ធិ បាន​ទទួល​ស្គាល់​ថា​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា ផ្លូវ អាងទឹក ប្រឡាយទឹក លូទឹក បាន​ប៉ះពាល់​ដល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ហើយ​អាជ្ញាធរ​កំពុង​ព្យាយាម​ ដោះស្រាយ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទៅ​តាម​ច្បាប់​អាសាមិករណ៍​។

លោក ណារិទ្ធ ថ្លែង​ថា​៖ «​ក្រុម​ការងារ​អន្តរ​ក្រសួង​បាន​ស្រង់​ដី​ប៉ះពាល់​រួច​ហើយ​ប៉ុន្តែ​យើង​ រង់ចាំ​ក្រុម​ការងារ​ដាក់​គោលការណ៍​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ស្នើសុំ​ថវិកា​ យក​មក​សង​ប្រជាពលរដ្ឋ​។ យើង​រង់ចាំ​ថវិកា​ធ្លាក់​មក​ដើម្បី​ទូទាត់​ជូន​ប្រជាពលរដ្ឋ​»​។

កាសែត ​ភ្នំពេញ ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប៉ុន្តែ​លោក​បាន​បដិសេធ​ឆ្លើយតប​ដោយ​ប្រាប់​ថា​កំពុង​ជាប់​ រវល់​ប្រជុំ​ពេញ​មួយ​ថ្ងៃ​ហើយ​ក្រុមហ៊ុន លី ឈួង បាន​បដិសេធ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​៕

ថ្ងៃទី២៥ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment