ភាគច្រើន​នៃ​ប្រាក់​ចំណូល​ពី​ក្រសួង MLMUPC ​ចែក​ជា​ប្រាក់​លើក​ទឹកចិត្ត​ឲ្យ​មន្ត្រី​វិញ

ភាគច្រើន​នៃ​ប្រាក់​ចំណូល​ពី​ក្រសួង MLMUPC ​ចែក​ជា​ប្រាក់​លើក​ទឹកចិត្ត​ឲ្យ​មន្ត្រី​វិញ

ខណៈ​ដែល​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) បាន​បញ្ចេញ​នូវ​របាយការណ៍​នៅ​ដើម​សប្តាហ៍​នេះ​ដែល​និយាយ​ថា​ក្រសួង​ប្រមូល​ ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​បាន​ដល់​ទៅ ៩០ ​លាន​ដុល្លារ​ក្នុង​នោះ​ទឹកប្រាក់​ដល់​ទៅ ៨០ លាន​ដុល្លារ​បាន​មកពី​ការ​ប្រមូល​ពន្ធដារ​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​ អចលនទ្រព្យ​នោះ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​របស់​ក្រសួង​នេះ​ដែល​មាន​ បំណង​កែ​សម្រួល​ប្រព័ន្ធ​ការិយា​ធិបតេយ្យ និង​សម្រួល​ដល់​កិច្ចសហប្រតិបត្តិការ​ឆ្លង​កាត់​ក្រសួង​នោះ​បាន​ប្រមូល​ ចំណូល​បាន ១០ ​លាន​ដុល្លារ​ដែល​ក្នុង​នោះ​ទឹកប្រាក់​មួយ​ភាគ​ធំ​លើស​លប់​ត្រូវ​បាន​ផ្ដល់​ ជា​ប្រាក់​រង្វាន់​ទៅ​ដល់​មន្ត្រី​រដ្ឋាភិបាល​នៃ​ក្រសួង​នេះ​ដដែល​។

លោក ជៀម សុផលមករា អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្លែង​ថា​៖ «​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​គឺជា​កន្លែង​ដែល​យើង​ប្រើ​សម្រាប់​ផ្តល់​ សេវា​សុរិយោដី និង​ជួយ​រត់​ឯកសារ​អនុញ្ញាត​ផ្លូវ​ច្បាប់​សម្រាប់​វិស័យ​សំណង់​អចលនទ្រព្យ​ ផ្សេងៗ​។ ការិយាល័យ​នេះ​ជួយ​ដល់​អតិថិជន​ម្ខាង​ទៀត​ជាមួយ​នឹង​ការ​រត់​ឯកសារ​សំណង់​ ផ្សេងៗ​ដោយ​ពុំ​ចាំបាច់​ទៅ​កាន់​ការិយាល័យ​ច្រើន​កន្លែង​»​។

យោង​ទៅ​តាម​របាយការណ៍​ដដែល​នេះ​គម្រោង​ចំនួន ៦៩៩ ក្នុង​ចំណោម​គម្រោង ៧៧៨ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​តាម​សេវាកម្ម​នេះ​ត្រូវ​បាន​អនុម័ត​។ ហើយ​ក្នុង​ចំណោម​ចំណូល ១០ ​លាន​ដុល្លារ​នេះ​ទឹកប្រាក់ ៣ ​លាន​ដុល្លារ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋ​ខណៈ​ដែល ៧ ​លាន​ដុល្លារ​ទៀត​ត្រូវ​បាន​ចាត់​ចែង​ជា​ទឹកប្រាក់ «​លើក​ទឹកចិត្ត​» សម្រាប់​បុគ្គលិក​ស៊ីវិល​នៅ​ទូទាំង​ក្រសួង​នេះ​វិញ​។

លោក មករា ថ្លែង​ថា​ ៖ «​ភាគ​ច្រើន​នៃ​ទឹកប្រាក់​លើក​ទឹកចិត្ត​នេះ​គឺ​សម្រាប់​មន្ត្រី​សាធារណៈ​ ថ្នាក់​ខេត្ត និង​ថ្នាក់​ឃុំ​។ មូលហេតុ​ដែល​យើង​ចេញ​របាយការណ៍​នេះ​គឺ​ដោយសារ​តែ​ការ​ចាត់ចែង​នេះ​ត្រូវ​ ឆ្លងកាត់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ហើយ​ត្រូវ​ផ្ទេរ​បន្ត​ឆ្លង​កាត់​តាម​ធនាគារ​ទៀត​»​។

លោក​បន្ត​ថា​៖ «​ការ​ធ្វើ​បែប​នេះ​វា​ផ្តល់​នូវ​តម្លាភាព​កាន់​តែ​ច្បាស់​ជា​ជាង​ការ​ផ្តល់ ​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ដោយ​ពុំ​មាន​ធ្វើ​របាយការណ៍​។ ការ​ផ្តល់​នេះ​គឺ​សម្រាប់​បុគ្គលិក​របស់​យើង​ដែល​ខិតខំ​ធ្វើការ​ដើម្បី​ជួយ​ រក​ចំណូល​ឲ្យ​ការិយាល័យ​ក្នុង​ស្រុក​របស់​ខ្លួន»។

លោក​បន្ត​ថា​ការ​ផ្តល់​ប្រាក់​លើក​ទឹកចិត្ត​កាន់តែ​ច្រើន​ដល់​បុគ្គលិក​ របស់​​យើង​ក៏​កាន់​តែ​មាន​ទឹកចិត្ត​មាន​ទំនួល​ខុសត្រូវ និង​មាន​តម្លាភាព​ជាង​មុន​ហើយ​វា​ក៏​ចូលរួម​កាត់​បន្ថយ​អំពើ​ពុករលួយ​ផង​ដែរ ​។

បើ​ទោះ​ជា​លោក មករា ពុំ​បាន​ប្រាប់​អំពី​កាលបរិច្ឆេទ​ដំបូង​ដែល​សេវា​ច្រក​ចេញ​ចូល​តែ​មួយ​ត្រូវ ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក៏ដោយ​តែ​លោក​បាន​បញ្ជាក់​ថា​សេវា​ទាំង​នេះ​នឹង​បន្ត​កាត់​បន្ថយ​ ការ​ចំណាយ​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​អនាគត​។

ទោះ​ជា​យ៉ាង​ណា​ខណៈ​ដែល​យុទ្ធសាស្ត្រ​នៃ​ការ​ផ្តល់​ប្រាក់​លើក​ទឹកចិត្ត​ ដល់​បុគ្គលិក​ស៊ីវិល​មាន​ប្រាក់​ខែ​តិច​នេះ​ជា​ទិដ្ឋភាព​ថ្មី​នោះ​លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ស្រាវជ្រាវ Future Forum បាន​និយាយ​ថា​វា​អាច​មិនមែន​ជា​មធ្យោបាយ​ដ៏ល្អ​ប្រសើរ​ក្នុង​ការ​លើក​ ទឹកចិត្ត​ឲ្យ​បុគ្គលិក​ស៊ីវិល​ខិតខំ​រក​ចំណូល​ឲ្យ​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន ​នោះ​ទេ។

លោក វីរៈ ថ្លែង​ថា​៖ «​ទ្រឹស្តី​នៃ​ការ​ផ្តល់​ប្រាក់​លើក​ទឹក​ចិត្ត​នេះ​អាច​ជា​មធ្យោបាយ​មួយ​ ក្នុង​ការ​បង្កើត​សកម្មភាព​ពុករលួយ​តាមរយៈ​រូបភាព​ដែល​មាន​តម្លាភាព​ជា​ជាង​ ការ​កាត់​បន្ថយ​ទៅវិញ​។ វា​អាច​នឹង​កាត់បន្ថយ​បញ្ហា​បាន​ខ្លះ​តែ​វា​មិនមែន​ជា​យុទ្ធសាស្ត្រ​សម្រាប់ ​រយៈពេល​យូរ​អង្វែង​នោះ​ឡើយ​»​។

ខណៈ​ដែល​លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​ចំនួន​ទឹកប្រាក់ ៧ ​លាន​ដុល្លារ​ដែល​ត្រូវ​បាន​បែងចែក​នេះ​លោក​បាន​ថ្លែង​ថា​តាមពិត​ទៅ​តួលេខ​ ចំណូល​ឆ្នាំ​នេះ​វា​មាន​ចំនួន​ទាប​ជាង​ចំណូល​ដែល​ក្រសួង​ប្រមូល​បាន​កាលពី​ ឆ្នាំ​មុន​ទៅ​ទៀត​ហើយ​លោក​ជឿជាក់​ថា​វា​មិន​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​ បុគ្គលិក​ស៊ីវិល​តាម​ផ្លូវ​ច្បាប់​បែប​នេះ​ឡើយ​។

ផ្ទុយ​ទៅ​វិញ​លោក​បញ្ចេញមតិ​ថា​គួរ​តែ​ដំឡើង​ប្រាក់ខែ​សម្រាប់​បុគ្គលិក​ ស៊ីវិល​ជំនួស​វិញ​ខណៈ​ដែល​ក្រសួង​ត្រូវ​រៀបចំ​អាណត្តិ និង​ការ​ជ្រើសរើស​បុគ្គលិក​ឲ្យ​បាន​ច្បាស់លាស់ និង​មាន​ជំនាញ​ដែល​ជា​មធ្យោបាយ​បង្កើន​ប្រសិទ្ធិភាព​សេវា​សាធារណៈ​ឲ្យ​ កាន់តែ​ល្អ​ប្រសើរ​ក៏​ដូចជា​កាត់បន្ថយ​ការ​ចំណាយ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ ​។

លោក វីរៈ ប្រាប់​ថា​៖ «​ប្រាក់ខែ​តិច​ធ្វើ​ឲ្យ​បុគ្គលិក​ស៊ីវិល​ជួប​ការ​លំបាក​ហើយ​ខណៈ​ដែល​ ប្រាក់ខែ​ច្រើន​អាច​ជួយ​ជំរុញ​​ឲ្យ​មាន​គណនេយ្យភាព ការងារ​ជាច្រើន​ទៀត​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​មាន​តម្លាភាព​»​។ លោក​បន្ថែម​ថា​ចំនួន​ទឹកប្រាក់​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​គ្រាន់តែ​ជា​អ្វី​ដែល​ត្រូវ​បាន​កត់ត្រា​ផ្លូវការ​ផ្ទុយ​ពី​ការ​ ប្រមូល​ជាក់ស្ដែង​។

បើ​យោង​តាម​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​​របស់​ប្រទេស​កម្ពុជា​បាន​កើន​ ដល់​ទៅ ៣,៣ ​ពាន់​លាន​ដុល្លារ ឬ​កើនឡើង ៣៣ ​ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៤៕

ថ្ងៃទី៣ខែមិនាភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment