«មហាវិថី​សម្តេច​តេជោ​» ជា​ផ្លូវ​ធំ​ជាង​គេ​នៅ​ភ្នំពេញ​ នឹង​បញ្ចប់​ការ​ស្ថាបនា​ទាំង​ស្រុង​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ

«មហាវិថី​សម្តេច​តេជោ​» ជា​ផ្លូវ​ធំ​ជាង​គេ​នៅ​ភ្នំពេញ​ នឹង​បញ្ចប់​ការ​ស្ថាបនា​ទាំង​ស្រុង​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ

«​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន​» ដែល​ជា​មហាវិថី​ធំ​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ​ដែល​ប្រជាពលរដ្ឋ​​បាន​ ទន្ទឹងរង់ចាំ​ជាយូរ​មក​ហើយ​នោះ​គ្រោង​នឹង​បញ្ចប់​ការ​ស្ថាបនា​ទាំង​​ស្រុង​ នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ។

លោក មាស វីរីយ៉ា ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រុមហ៊ុន ING Holding Co., Ltd. បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន​ថា​ការ​សាងសង់​ មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ដែល​មាន​ទទឹង​ទំហំ​ ៦០ ​ម៉ែត្រ​ចាក់​កៅស៊ូ​ ៣០ ​ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​ម្ខាងៗ ១៥ ​ម៉ែត្រ​គ្រោង​នឹង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​ខណៈ​​ពេល​បច្ចុប្បន្ន​ ក្រុមហ៊ុន​បាន​និង​កំពុង​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ជាង ៦០ ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ប៉ុន្តែ​ក្នុង​ចំណោម​ ប្រជាពលរដ្ឋ​ទាំង​នោះ​មាន​ជាង ៦០ ​ភាគរយ​បាន​ទទួល​យក​ការ​ដោះស្រាយ​សំណង​របស់​ក្រុមហ៊ុន​រួច​ហើយ​។

មហាវិថី​សម្តេច​តេជោ​មាន​ប្រវែង​សរុប ៩១៦០ ​ម៉ែត្រ​ដែល​ផ្តើម​ចេញ​ពី​តំបន់​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់ និង​តភ្ជាប់​ទៅ​សង្កាត់​ព្រែកកំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ មហាវិថី​នេះ​លូន​កាត់​តំបន់​បឹងទំពុន និង​បឹង​ជើងឯក​ក្នុង​រាជធានី​ភ្នំពេញ និង​មួយ​ផ្នែក​នៃ​​ខេត្ត​កណ្តាល​រួច​បន្ត​ភ្ជាប់​ទៅ​នឹង​​ផ្លូវជាតិ​លេខ​ ២ តែ​ម្តង​។

លោក មាស វិរីយ៉ា បាន​បន្ត​ថា​ចំណែក​មហាវិថី​អ្នក​ឧកញ៉ា​ ហ៊ុននាង ដែល​មាន​ប្រវែង​ ២១៤០ ម៉ែត្រ​ចេញ​ពី​តំបន់​ចាក់អង្រែ​ក្រោម​ឆ្ពោះ​ទៅ​ផ្លូវ​លេខ​ ៣៧១ បាន​បញ្ចប់​ការ​សាងសង់​ ៥០ ​ភាគរយ​ហើយ​។ រីឯ​ផ្លូវ​កាត់​ទទឹង​ទី​ ២ ចេញ​ពី​មុខ​សាលា​ខេត្ត​កណ្តាល និង​បញ្ចប់​នៅ​ម្តុំ​រោងចក្រ​ស្រាបៀរ​កម្ពុជា​ក៏​សម្រេច​បាន​នូវ​ការ​សាងសង់ ​ប្រមាណ ២០ ​ភាគរយ​ផង​ដែរ។

មហាវិថី​សម្តេច​តេជោ​ជា​មហាវិថី​ថ្មី​មួយ​ដែល​ស្ថាបនា​កាត់​ទីក្រុង​រណប ING CITY ដែល​បាន និង​កំពុង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន ING Holding Co., Ltd.​។ ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​នេះ​មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ២៥៧២ ​ហិកតា​ក្នុង​នោះ​ផ្ទៃដី ១៤២៣ ​ហិកតា ស្មើនឹង ៥៥,៣១ ​ភាគរយ​នឹង​ប្រើប្រាស់​សម្រាប់​សាងសង់​អគារ​ផ្សេងៗ និង​តំបន់​ផ្ទៃ​បឹងប្រទ្បាយ និង​លម្ហ​បៃតង​មាន​ទំហំ​ ១១៤៩ ​ហិកតា​ស្មើ​នឹង​ ៤៤,៦៧ ​ភាគរយ​ហើយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​តម្រូវ​ឲ្យ​បរិច្ចាគ​ដី ៣៥ ​​ភាគរយ​ទៅក្នុង​គម្រោង​អភិវឌ្ឍន៍​នេះ​។ គម្រោង​ទីក្រុង​រណប​នេះ​គ្រោង​នឹង​បោះទុន​វិនិយោគ ៦៩៦ ​លាន​ដុល្លារ​អាមេរិក​។

លោក ទ្បុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ថ្លែង​ថា​មហាវិថី​នេះ​ជា​ ការ​តភ្ជាប់​យ៉ាង​សំខាន់​រវាង​តំបន់​កណ្តាល​ក្រុង​ភ្នំពេញ និង​ភាគ​ខាង​ត្បូង​រាជធានី​ដែល​ជួយ​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ យ៉ាង​សំខាន់​ជាពិសេស​វា​ជួយ​រំលែក​ចរាចរណ៍​នៅ​តាម​ផ្លូវជាតិ​លេខ​ ២ និង​ផ្លូវ​លេខ​ ៣៧១ ជា​ផ្លូវ​មាន​ចរាចរណ៍​យ៉ាង​មមាញឹក​។

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេស៊ារៀលអេស្ទេត បាន​ថ្លែង​ថា​ប្រសិន​បើ​ពិនិត្យ​មើល​ទីតាំង​របស់​គម្រោង​នេះ​នា​ពេល​ បច្ចុប្បន្ន​គឺជា​ទីតាំង​ដែល​មាន​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​ និង​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​ហើយ​វា​ជា​កត្តា​ អំណោយផល​ដល់​ការ​អភិវឌ្ឍ​ដោយ​សារ​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​រៀបចំ​ ហេដ្ឋារចនាសម្ព័ន្ធ​ជា​មុន​រួច​ស្រេច​។

លោក​បន្ត​ថា៖ «​ការ​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​តំបន់​នេះ​បាន​ធ្វើឲ្យ​តំបន់​ជុំវិញ​ នេះ​កាន់តែ​មាន​ការ​ពេញនិយម​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដី​មាន​កំណើន​ទ្វេដង​ក្នុង​ រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ»៕

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment