រាជរដ្ឋាភិបាល​​ផ្អាក​គម្រោង​ថ្មី​​របស់​សណ្ឋាគារ​ សុខា ​នៅ​តំបន់​ជ្រោយចង្វារ

ដោយ​លើក​ឡើង​ពី​ក្ដីបារម្ភ​អំពី​សមត្ថភាព​របស់​សណ្ឋាគារ​ សុខា ​ក្នុង​ការ​អភិវឌ្ឍ​លើ​ផ្ទៃដី​រហូត​ដល់​ទៅ ១៤ ​ហិកតា​យ៉ាង​ស្អេកស្កះ​នៅ​តំបន់​ជ្រោយ​ចង្វារ​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​របស់ ​រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​នូវ​គម្រោង​សំណង់​ផ្សេងៗ​ដែល​ស្ថិត​នៅ​ទល់ ​មុខ​គ្នា​នឹង​មហាវិថី​ព្រះស៊ីសុវត្ថិ និង​ចំ​ពី​មុខ​ព្រះបរម​រាជរាំង​។

លោក អ៊ឹង សុធារិទ្ធ មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ថា​ ​ខណៈ​ដែល​សណ្ឋាគារ​ សុខា បាន​ដាក់​បញ្ចូន​នូវ​​គម្រោង​របស់​ខ្លួន​ដែល​រួមមាន​គម្រោង​សំណង់​ចម្រុះ​ គ្នា​ជាមួយ​នឹង​គម្រោង​អាផាតមិន​ខុនដូ​លំដាប់​កំពូល និង​ទីតាំង​សម្រាប់​លក់រាយ ឬ​សម្រាប់​កន្លែង​កម្សាន្ត​នោះ​គម្រោង​នេះ​ពុំ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ អនុញ្ញាត​ឲ្យ​ដំណើរការ​នោះ​ទេ​។

លោក អ៊ឹង សុធារិទ្ធ និយាយ​ថា​៖ «​យើង​មិន​ឯកភាព​លើ​គម្រោង​នេះ​ដោយសារ​តែ​មាន​ការ​តវ៉ា​ជំទាស់​ពី​ក្រសួង និង​សមាជិក​ភាគហ៊ុន​ផ្សេងៗ​ទៀត​នៅ​អំឡុង​ដំណើរការ​សាងសង់​របស់​សណ្ឋាគារ​ សុខា ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​បាន​សម្រេច​ចិត្ត​ថា​មិន​ឯកភាព​ឲ្យ​ពួកគេ​ ធ្វើការ​សាងសង់​នោះ​ទេ​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​នៅ​តែ​មិន​ប្រាកដ​ថា​តើ​សណ្ឋាគារ​ប្រណីត​តម្លៃ ១២០ ​លាន​ដុល្លារ​កម្ពស់ ១៨ ​ជាន់​កម្រិត​ផ្កាយ ៥ ដែល​បាន​បើក​ដំណើរការ​កាលពី​ខែ​មីនា​ឆ្នាំ​កន្លង​មក​ក្រោយពី​​ចំណាយ​ពេល​ សាងសង់​អស់​រយៈពេល ៦ ​ឆ្នាំ​នោះ​ត្រូវ​បាន​សាងសង់​ទៅ​តាម​គម្រោង​ដែល​ពួក​យើង​បាន​​ឯកភាព​ឬ​ក៏​ យ៉ាង​ណា​នោះ​ទេ»​។

លោក សុធារិទ្ធ បន្ត​ថា​៖ «​យើង​ត្រូវ​ធានា​ថា​រាល់​គម្រោង​សំណង់​ទាំងអស់​នៅ​ថ្ងៃ​អនាគត​ត្រូវ​តែ​ ស្រប​គ្នា​ទៅ​នឹង​ប្លង់​មេ​របស់​ទីក្រុង​ភ្នំពេញ​»​។

ដោយ​មាន​ក្រុមហ៊ុន​ចំនួន ១៣ ​ចូលរួម​ដេញ​ថ្លៃ​លោក សុធារិទ្ធ បាន​ថ្លែង​ថា​បាន​ជម្រុះ​នៅ​ត្រឹម​តែ ៥ ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​អន្តរជាតិ​មកពី​ប្រទេស​ ម៉ាឡេស៊ី កូរ៉េ និង​សិង្ហបុរី​ហើយ​ក៏​មាន​ក្រុមហ៊ុន​ស្រប​ច្បាប់​ក្នុង​ស្រុក​មួយ​ចំនួន​ផង​ ដែរ​។

ដោយ​បញ្ជាក់​ពី​ការ​បញ្ចប់​រួចរាល់​​ហើយ​នូវ​ការ​ចូលរួម​ប្រកួត​ប្រជែង​​ នោះ​លោក សុធារិទ្ធ ប្រាប់​ថា​៖ «​គណៈកម្មការ​នឹង​ធ្វើការ​ណាត់​ជួប​នៅ​ថ្ងៃ​ទី​ ២៥ ខែ​មករា​ខាង​មុខ​នេះ​ដើម្បី​ជម្រុះ​ឲ្យ​នៅ​ត្រឹម​តែ ៣ ​ក្រុមហ៊ុន​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​ដែល​ត្រូវ​បាន​ជម្រុះ​ចេញ​នឹង​ទទួល​បាន​សំណង​ខ្លះៗ​សម្រាប់​ ស្នាដៃ​របស់​ពួកគេ​»​។

គណៈកម្មការ​នេះ​រួម​មាន​ប្រតិភូ​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​បរិស្ថាន ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​គណៈវិស្វករ និង​សមាគម​អ្នក​សាងសង់​កម្ពុជា​ផង​ដែរ​។

លោក ហឺ ហេង អនុប្រធាន​ផ្នែក​​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ប្រេង​សូគីមិច​គ្រុប​ដែល​ជា​ ក្រុមហ៊ុន​មេ​របស់​សណ្ឋាគារ​ សុខា និង​​រីសត បាន​​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ជុំវិញ​មូលហេតុ​ដែល​នាំ​ឲ្យ​គម្រោង​​ដើម​ មិន​បាន​ទទួល​ការ​ឯកភាព ឬ​ថា​តើ​គម្រោង​នេះ​បាន​ស្វែងរក​ដៃគូ​សហការ​ដើម្បី​ផ្តល់​ជំនួយ​ដល់​គម្រោង​ សំណង់​នេះ​ឲ្យ​បន្ត​ទៅ​មុខ​ទៀត​ឬ​ក៏​យ៉ាង​ណា​ទេ​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ថ្លែង​ថា​គម្រោង​ដែល​បាន​ដាក់​ស្នើ​ទៅ​នោះ​ នឹង​មិន​មាន​ទំហំ​ដី​ដល់​ទៅ ១៤ ​ហិកតា​នោះ​ទេ​ហើយ​ភាគច្រើន​គឺ​មាន​ទាំង​សំណង់​អគារ​លំនៅដ្ឋាន​ខ្ពស់ៗ​ចំនួន ​ ៥ ដែល​មាន​ទីតាំង​សម្រាប់​លក់​រាយ​ផង​ដែរ​។

លោក ហឺ ហេង និយាយ​ថា​៖ «​ប្លង់​គម្រោង​សំណង់​ចុង​ក្រោយ​គឺ​អាស្រ័យ​ថា​តើ​អ្នក​ណា​ដែល​នឹង​ឈ្នះ​ការ ​ប្រកួត​ពី​ការ​ជម្រុះ​នេះ។ សេចក្តី​ប្រកាស​ផ្លូវការ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​ថ្ងៃ​អនាគត​នៅ​តំបន់​ ជ្រោយ​ចង្វារ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ ​»​។

លោក សុធារិទ្ទ មាន​ប្រសាសន៍​ថា​ដំណើរការ​សំណង់​នេះ​នឹង​អាស្រ័យ​ទៅ​តាម​ការ​សម្រេច​ចិត្ត​ ចុង​ក្រោយ​លើ​ការ​ចំណាយ​ការ​វិនិយោគ​ដោយ​សណ្ឋាគារ​ សុខា និង​រីសត ហើយ​អាស្រ័យ​លើ​ក្រុមហ៊ុន​ឯកជន​មួយ​ណា​ដែល​នឹង​ត្រូវ​បាន​ជ្រើសរើស​។

លោក​និយាយ​ថា៖ «​សម្រាប់​តម្លៃ​វិនិយោគ​នៃ​សំណង់​នេះ​យើង​ពុំ​បាន​ដឹង​នោះ​ទេ​។ គណៈកម្មការ​នេះ​គឺ​មាន​តែ​តួនាទី​ក្នុង​ការ​​ធានា​ថា​ដំណើរការ​គម្រោង​សំណង់ ​ (​នៅ​តំបន់​ជ្រោយចង្វារ​) ​នេះ​អាច​បន្ត​ទៅ​មុខ​បាន​ដោយ​មិន​ផ្ទុយ​នឹង​ច្បាប់​ណា​មួយ​នោះ​ទេ»។

នៅ​ពេល​ទាក់ទង​សុំ​សម្ភាស​កាលពី​រាត្រី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​លោក​ទើប​តែ​បាន​ឮ​ អំពី​ការ​ជម្រុះ​នេះ​នា​ពេល​ថ្មីៗ​នេះ​តែ​ប៉ុណ្ណោះ​ប៉ុន្តែ​ពុំ​បាន​ដឹង​ អំពី​ព័ត៌មាន​លម្អិត​នោះ​ទេ​ព្រោះ​វា​​ជា​ដី​ឯកជន​កាន់កាប់​ដោយ​ក្រុមហ៊ុន​ សុខា​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ថ្លែង​បន្ត​ថា​បើ​តាម​ការ​យល់​ឃើញ​របស់​គាត់​ការ​ជម្រុះ​នេះ​នឹង​ផ្តល់​ផល​វិជ្ជមាន​ដល់​សាលា​ក្រុង​។

លោក ឌីម៉ង់ និយាយ​ថា​៖ «ទីតាំង​នេះ​គឺជា​ទីតាំង​ដែល​ល្អ​ជាង​គេ​បំផុត​ក្នុង​ទីក្រុង​ភ្នំពេញ​ ដូច្នេះ​ក្រុមហ៊ុន​ សុខា ​ត្រូវ​តែ​មាន​ភាព​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​តំបន់​​នេះ​សម្រាប់​ អគារ​ដែល​ជា​និមិត្តរូប​ឲ្យ​ទីក្រុង​របស់​យើង​»​។

សណ្ឋាគារ​ សុខា និង​រីសត របស់​លោក​ឧកញ៉ា សុខ គង់ នោះ​បាន​ប្រកាស​នា​ពេល​ថ្មីៗ​នេះ​អំពី​គម្រោង​រីសត​ទី ២ របស់​លោក​ស្ថិត​ក្នុង​ខេត្ត​សៀមរាប​។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​សូគីមិច​មាន​សណ្ឋាគារ​ចំនួន​ ៥ ស្ថិត​ក្នុង​ទីក្រុង​សំខាន់ៗ​ចំនួន ៤ ​នៃ​ប្រទេស​កម្ពុជា៕

ថ្ងៃទី២១ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Leave a Comment