លំដាប់​ស្តង់ដារ​ការិយាល័យ​ជួល​នៅ​កម្ពុជា

លំដាប់​ស្តង់ដារ​ការិយាល័យ​ជួល​នៅ​កម្ពុជា

ថ្នាក់​គ្រប់គ្រង​របស់​អគារ​វឌ្ឍនៈ​ដែល​ជា​អគារ​ថ្មី​ខ្ពស់​ជាង​គេ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​បាន​ឆ្លើយតប​ទៅ​នឹង​​ព័ត៌មាន​ដែល​ថា​ ការិយាល័យ​សម្រាប់​ជួល​នៅ​ក្នុង​អគារ​នេះ​ពុំ​បាន​ផ្តល់​ស្តង់ដារ​លំដាប់ A ដូច​ដែល​ខ្លួន​​បាន​អះអាង​នោះ​ឡើយ​។

កាលពី​ខែ​មុន​អ្នកស្រី Sharon Liew ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Huttons CPL បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​លោកស្រី​មិន​ជឿ​ថា​អគារ​វឌ្ឍនៈ ​បាន​ផ្តល់​ការិយាល័យ​សម្រាប់​ជួល​ដែល​មាន​ស្តង់ដារ​កម្រិត A នោះ​ទេ​។

លោកស្រី Sharon Liew និយាយ​ថា​៖ «​ស្តង់ដារ​នៃ​សេវាកម្ម​នៅ​ទី​នោះ​មិន​មាន​ភាព​គ្រប់គ្រាន់​ឡើយ​។ ឥឡូវ​នេះ​ជម្រើស​​ដែល​ល្អ​​បំផុត​គឺ​ការ​ជួល​ការិយាល័យ​នៅ​​អគារ​វឌ្ឍនៈ​នេះ ​ប៉ុន្តែ​អគារ​នេះ​​នៅ​តែ​ខ្វះ​ចន្លោះ​ដដែល​ដូចជា​ការ​បិទ​ម៉ាស៊ីន​ត្រជាក់​ នៅ​ម៉ោង ៧ ​យប់​ជាដើម​។ ចុះ​បើ​យើង​ត្រូវ​ប្រជុំ​ដល់​ម៉ោង ១០ ​យប់​តើ​គួរ​ធ្វើ​យ៉ាង​ម៉េច​វិញ​? ទោះ​យ៉ាង​ណា​អគារ​នេះ​បាន​ប្រកាស​ខ្លួនឯង​ថា​ជា​អគារ​មាន​ការិយាល័យ​ជួល​ លំដាប់​​កំពូល​»​។

ប៉ុន្តែ​លោក លឹម ថាវរិទ្ធ ដែល​ជា​​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ផ្នែក​ជួល​នៅ​អគារ​វឌ្ឍនៈ​បាន​ច្រាន​ចោល ​នូវ​​ការ​លើក​ឡើង​របស់​លោកស្រី Liew​។

លោក​និយាយ​ថា​៖ «យើង​គឺជា​អគារ​តែ​មួយ​គត់​នៅ​ទីក្រុង​ភ្នំពេញ​ដែល​បាន​បង្កើត​ឡើង​នូវ​ ស្តង់ដារ​កំពូលៗ​នេះ​ដោយ​​ប្រើ TFP Farrells ជា​​ស្ថាបត្យករ​ហើយ​យើង​ក៏​ប្រើ Arup, Posco និង Schindler ដែល​សុទ្ធ​តែ​ជា​ផលិតផល​មាន​គុណភាព​ខ្ពស់ និង​ស្តង់ដារ​អន្តរជាតិ»។

លោក លឹម ថាវរិទ្ធ បន្ត​ថា​៖ «គុណភាព​ដែល​យើង​បាន​ផ្តល់​ទៅ​ឲ្យ​អតិថិជន​ជួល​របស់​យើង យើង​ផ្តល់​ជូន​នូវ​សេវា​សន្តិសុខ​ខ្ពស់​បំផុត​មាន​ចំណត​ត្រឹមត្រូវ​ហើយ​យើង​ ​មាន​ប្រព័ន្ធ​ការពារ​អគ្គិភ័យ​ជាមួយ​នឹង​ក្បាល​បាញ់​ទឹក និង​ប្រព័ន្ធ​រោទ៍​បន្លឺ​សំឡេង​ប្រាប់​ដំណឹង​ផង​ដែរ​។ យើង​មាន​ជណ្តើរ​យន្ត​ប្រអប់​​ល្បឿន​លឿន​ហើយ​យើង​មាន​ការ​ទទួល​ស្គាល់​ សម្រាប់​ប្រព័ន្ធ LEED Silver ដែល​ជា​ប្រព័ន្ធ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ឡើយ​»​។

ដោយ​ទទួល​ស្គាល់​ថា​ម៉ាស៊ីន​ត្រជាក់​ពិតជា​បិទ​ចាប់​ពី​ម៉ោង ៧ ​យប់​​ដល់​ព្រឹក​មែន​នោះ​លោក លឹម ថាវរិទ្ធ បន្ត​ថា​៖ «​យើង​បិទ​ម៉ាស៊ីន​ត្រជាក់​នៅ​ម៉ោង ៧ ​យប់​ហើយ​បើក​វិញ​នៅ​ម៉ោង ៨ ​ព្រឹក​។ តាម​បទពិសោធ​ជាមួយ​នឹង​អតិថិជន​របស់​យើង​នា​ពេល​បច្ចុប្បន្ន​សីតុណ្ហភាព​នៅ​ តែ​ត្រជាក់​យ៉ាង​ហោច​ណាស់ ២ ​ម៉ោង​​ក្រោយ​ម៉ាស៊ីន​ត្រជាក់​ត្រូវ​បាន​បិទ​ហើយ​ប្រសិន​បើ​អ្នក​ជួល​មិន​ ចង់​​បិទ​ម៉ាស៊ីន​ត្រជាក់​ទេ​នៅ​ទី​នេះ​តម្លៃ​ភ្លើង​​ក៏​ថោក​ជាង​តម្លៃ​ ភ្លើង​ទូទៅ​ផង​ដែរ​»​។

លំដាប់​ស្តង់ដារ​នៃ​ការិយាល័យ​ជួល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​ងាយស្រួល​ជាង​អ្វី​ដែល​អ្នក​ឃ្លាំ​មើល​ទូទៅ​យល់​ឃើញ​។ លោក Ross Wheble មកពី​​ក្រុមហ៊ុន​អចលនទ្រព្យ Knight Frank បាន​និយាយ​យ៉ាង​ខ្លី​ថា​៖ «​គ្រប់​ប្រទេស ឬ​ក្រុមហ៊ុន​នីមួយៗ​តែង​មាន​ប្រព័ន្ធ​ស្តង់ដារ​ខុស​គ្នា​បន្តិច​បន្តួច​ហើយ​ ជាធម្មតា​អ្នក​អាច​ជ្រើសរើស​ស្តង់ដា​រអគារ​ទៅ​តាម​តម្លៃ​ឈ្នួល​ព្រោះ​លក្ខណៈ ​​សម្បត្តិ​នៃ​កន្លែង​ជួល​ក៏​ទាក់ទង​នឹង​តម្លៃ​ផង​ដែរ​»​។

នៅ​សហរដ្ឋ​អាមេរិក​សមាគម​អ្នក​គ្រប់គ្រង និង​ម្ចាស់​អគារ (BOMA) បាន​បែងចែក​ប្រភេទ​ការិយាល័យ​ជួល​ជា​ក្រុមៗ​គឺ​ក្រុម A ក្រុម B និង​ក្រុម C​។

យោង​តាម BOMA អគារ​ការិយាល័យ​ជួល​លំដាប់​កំពូល (​ក្រុម A) គឺជា «​អគារ​ដែល​មាន​ភាព​ល្អ​ប្រណីត​ឥត​ខ្ចោះ​សម្រាប់​អតិថិជន​ជួល​លំដាប់​ខ្ពស់​ របស់​ខ្លួន​នៅ​ទី​នោះ​»​។

សមាគម​នេះ​បន្ត​ថា​អគារ​លំដាប់ A នេះ​រួមមាន​នូវ «​ស្តង់ដារ​គុណភាព​លំដាប់​ចុងក្រោយ​បង្អស់​ប្រព័ន្ធ​ការពារ​ច្បាស់​លាស់​ បំផុត​ដែល​ផ្តល់​នូវ​ភាព​ងាយ​ស្រួល និង​ខុស​ដាច់​គេ​ទៀត​ផង»។​

ដោយ​លើក​ឡើង​នូវ​ចំណុច​ទាំងអស់​របស់​អគារ​វឌ្ឍនៈ លោក Wheble បាន​ថ្លែង​ថា​៖ «​តាំងពី​ទីកន្លែង​ដ៏​ងាយស្រួល​ជាមួយ​នឹង​កម្ពស់​ខ្ពស់​ដាច់​គេ​អាច​មើល​ឃើញ ​ពី​ចម្ងាយ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ជួល​អគារ​នេះ​មាន​នូវ​លំដាប់ LEED ដែល​ជា​ទូទៅ​មាន​លក្ខណៈ​ពិសេស​ទាំងអស់​ហើយ​ក៏​រួមមាន​ទាំង​សណ្ឋាគារ Rosewood ដ៏​ទំនើប​ប្រណីត​លំដាប់​ថ្នាក់​ផ្កាយ ៥ ផង​ដែរ​»​។

BOMA ចាត់ទុក​អគារ​លំដាប់ B ជា​ការិយាល័យ​ជួល​ដែល​មាន​តម្លៃ​មធ្យម​មាន «​ប្រព័ន្ធ​ការពារ​គ្រប់គ្រាន់​» និង​ការ​តុបតែង​ដែល «​មាន​លក្ខណៈ​សមស្រប​ទៅ​នឹង​តម្លៃ​ផង​ដែរ​»​។

សមាគម​នេះ​បន្ត​បកស្រាយ​អំពី​អគារ​លំដាប់ C ថា ជា​អគារ​ដែល​មាន «​កន្លែង​ជួល​មាន​លក្ខណៈ​ប្រើ​ការ​បាន​ហើយ​ថ្លៃឈ្នួល​ទាប​ជាង​តម្លៃ​មធ្យម​ សម្រាប់​ទីតាំង​នោះ​»​។

ប្រហែល ៦៣ ​ភាគរយ​នៃ​អគារ​ជួល​នៅ​ទីក្រុង​ភ្នំពេញ​គឺជា​ប្រភេទ​អគារ​នេះ​ (​លំដាប់ C )​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន Knight Frank ស្តី​អំពី​ការិយាល័យ​ជួល​នៅ​ក្នុង​ឆ្នាំ ២០១៥ ​។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ BOMA បាន​ទទួល​ស្គាល់​ថា​៖ «កង្វះ​ចន្លោះ​នៃ​លក្ខណៈ​ទាំង​នេះ​ធ្វើឲ្យ​ការ​ពិចារណា​ទៅ​លើ​ការ​ជួល​ បន្ទប់​មាន​ភាព​រារែក​សម្រាប់​អគារ​មាន​ការិយាល័យ​ជួល​ស្ថិត​ក្នុង​ប្រភេទ​ នេះ​»​។​

ការិយាល័យ​ជួល​របស់​អគារ​វឌ្ឍនៈ​មាន​តម្លៃ​ចាប់ ២៨ ​ដុល្លារ​ក្នុង ១ ​ម៉ែត្រ​ការ៉េ និង​ខ្ពស់​ជាង​នេះ​អាស្រ័យ​ទៅ​តាម​ជាន់​ដែល​អ្នក​ជ្រើសរើស​ចង់​ជួល​។ តម្លៃ​នេះ​ថ្លៃ​ជាង​ថ្លៃ​ជួល​នៅ​អគារ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ទ្វេដង (​ជា​ធម្មតា​តម្លៃ​ ១៤ ​ដុល្លារ​ក្នុង ១ ​ម៉ែត្រ​ការ៉េ​)​។

លោក លឹម ថាវរិទ្ធ បាន​ថ្លែង​បន្ថែម​ថា​ការិយាល័យ​ជួល​នៃ​អគារវឌ្ឍនៈ​ពិតជា​មាន​លំដាប់​ ស្តង់ដារ​កម្រិត A ប៉ុន្តែ​អ្នក​ជួល​ចង់​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។

លោក ថាវរិទ្ធ បញ្ជាក់​ថា​៖ «យើង​ជា​ក្រុមហ៊ុន​មួយ​ហើយ​ជា​ធម្មតា​យើង​ត្រូវ​ការ​រក​ចំណូល​តែ​យើង​ក៏​ចង់ ​ឃើញ​ប្រទេស​កម្ពុជា​មាន​វឌ្ឍនភាព​ឆ្ពោះ​ទៅ​មុខ​ផង​ដែរ​នោះ​គឺជា​ហេតុផល​មួយ ​ដែល​យើង​បាន​ស្ថាបនា​អគារ​នេះ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​លំដាប់​ អន្តរជាតិ​អាច​​មើល​ឃើញ​ថា​យើង​ក៏​អាច​ស្ថាបនា​អគារ​លំដាប់​ស្តង់ដារ​ដោយ​ ពុំ​មាន​ក្តី​កង្វល់​អំពី​សុវត្ថិភាព ឬ​ក៏​បរិស្ថាន​អ៊ីចឹង​ដែរ​»៕

 

ថ្ងៃទី១១ខែកម្ភ​​​ឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment