សំណង់​ខុនដូ​ចាប់​ផ្តើម​បោះ​ជំហាន​ចេញ​ពី​រាជធានី​ទៅ​ទីក្រុង​​ តាខ្មៅ

សំណង់​ខុនដូ​ចាប់​ផ្តើម​បោះ​ជំហាន​ចេញ​ពី​រាជធានី​ទៅ​ទីក្រុង​​ តាខ្មៅ

ព័ត៌មាន​ដ៏​សម្បូរ​បែប​ក៏​ដូចជា​ការ​បង្ហាញ​ជា​រូបវន្ត​ផ្ទាល់​ អំពី​គម្រោង​លំនៅឋាន​ទំនើបៗ ប្រណីតៗ និង​ផ្សារ​ទំនើបៗ​ដែល​នឹង​​ស្ថិត​នៅ​ក្នុង​អនាគត​អគារ​ខ្ពស់ៗ​រាប់​សិប​ជាន់ ​នៅ​រាជធានី​ភ្នំពេញ​គឺជា​រឿង​ដែល​មហាជន​ទូទៅ​បាន​ជ្រាប​ជាច្រើន​ឆ្នាំ​មក​ ហើយ​ប៉ុន្តែ​ព័ត៌មាន​ថ្មី​ច្បាស់​ការណ៍​នៃ​គម្រោង​បែប​ខាង​លើ​នេះ​នៅ​ ទីក្រុង​តាខ្មៅ​បន្ទាប់ពី​ក្រុមហ៊ុន​វិនិយោគ​ចម្រុះ​ជាតិ​កម្ពុជា និង​ម៉ាឡេស៊ី​បាន​ធ្វើ​សន្និសីទ​កាសែត​ប្រកាស​បង្ហាញ​អំពី​គម្រោង Center City Ta Khmav កាលពី​សប្តាហ៍​មុន​។

នៅ​ក្នុង​បទសម្ភាស​ដាច់​ដោយ​ឡែក​ជាមួយ​កាសែត ភ្នំពេញប៉ុស្តិ៍ អចលនទ្រព្យ ពាណិជ្ជករ​កម្ពុជា​រូប​នេះ​ដែល​មាន​បទពិសោធ​ជោគជ័យ​ជាច្រើន​វិស័យ​រួម​ទាំង​ វិស័យ​អចលនទ្រព្យ​ផង​នោះ​គឺ​លោក តាំង គង់ ជា​សហភាគី​កម្ពុជា​នៅ​ក្នុង​គម្រោង​វិនិយោគ​ដ៏ធំ​ឈ្មោះ Center City Ta Khmav គឺជា​ការ​បោះ​ជំហាន​ដ៏ធំ​មួយ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​អចលនទ្រព្យ​នៅលើ​ ទឹកដី​ទីក្រុង​តាខ្មៅ ខេត្ត​កណ្តាល​ដែល​ស្ថិត​នៅ​ចម្ងាយ ១១ ​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​។

លោក តាំង គង់ បាន​ឲ្យ​ដឹង​ថា​គម្រោង Center City Ta Khmav បាន​ប្រកាស​ផ្សព្វផ្សាយ​រួច​ម្តង​ហើយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៥ កន្លង​ទៅ​ប៉ុន្តែ​រហូត​មក​ដល់​ចុង​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៦ នេះ​ក្រុមហ៊ុន​បាន​ធ្វើ​សន្និសីទ​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង​របស់​ ខ្លួន​ដល់​មហាជន​ទូទៅ​ជា​ថ្មី​ទៀត​។

លោក​បន្ត​ថា ​រយៈពេល​មួយ​ឆ្នាំ​នៃ​ភាព​ស្ងប់ស្ងាត់​របស់​គម្រោង​នេះ​គឺ​ពុំ​មែន​មាន​ន័យ​ ថា​ក្រុមហ៊ុន​របស់​យើង​អត់​ដំណើរការ​អ្វី​នោះ​ឡើយ​តែ​ផ្ទុយ​ទៅ​វិញ​ «​ក្រុម​ការងារ​របស់​យើង​បាន​ធ្វើការ​យ៉ាង​ពេញ​ទំហឹង​ដោយ​ស្ងៀមស្ងាត់​បំផុត ​» ដូចជា​ស្ថាបត្យករ​រចនា​លម្អ​ប្លង់​មេ​ពួកគេ​បាន​ធ្វើការ​អភិវឌ្ឍ និង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ផ្នែក​ខ្លះៗ​នៃ​ប្លង់​មេ​របស់​យើង​ដើម្បី​ឲ្យ ​កាន់តែ​ប្រសើរ​ឡើង​ទន្ទឹម​នឹង​នោះ​ដែរ​ផ្នែក​ខាង​សំណង់​នៅ​ក្នុង​ការដ្ឋាន​ ផ្ទាល់​ក្រុម​វិស្វករ និង​កម្មករ​សំណង់​ជាង ៣០ ​នាក់​ទៀត​ពួកគេ​បាន​និង​កំពុង​សម្រុក​ការងារ​បុក​គ្រឹះ​ខាង​ក្រោម​ដី​ដែល​ បញ្ចប់​សព្វ​គ្រប់​នៅ​សប្តាហ៍​នេះ​ទី​ ១ ខែ​មីនា​នេះ​តែ​ម្តង​។

«​ក្រុមហ៊ុន​របស់​យើង​ពុំ​ចង់​ធ្វើ​អ្វីៗ​ឲ្យ​លាន់​ឮ​តែ​ព័ត៌មាន​នោះ​ទេ​ ប៉ុន្តែ​ពួក​ខ្ញុំ​ចង់​ឲ្យ​មហាជន​ទូទៅ​បាន​ឃើញ​ផ្ទាល់​តែ​ម្តង​ដូច្នេះ​ហើយ​ ​បានជា​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន​សម្រេច​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ នៅ​ថ្ងៃ​ទី​ ២០ ខែ​មីនា ឆ្នាំ ២០១៦ ខាង​មុខ​នេះ​វិញ​។ នៅ​ពេល​នោះ​អ្នក​ចូលរួម​នឹង​បាន​ឃើញ​ផ្នែក​ខ្លះ​នៃ​សំណង់​របស់​យើង​បាន​លេច​ ចេញ​ជា​រូបរាង​រួច​ជាស្រេច​ខ្លះៗ​ហើយ​»។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ គង់។ «​ថ្ងៃ​នោះ​ក៏​ជា​ថ្ងៃ​ដែល​ក្រុមហ៊ុន​របស់​យើង​សម្រេច​បើក​លក់​គម្រោង Center City Ta Khmav តែ​ម្តង​ផង​ដែរ​»​។

លោក គង់ បាន​ពន្យល់​អំពី​ការ​រចនា​កែប្រែ​ប្លង់​មេ​របស់ Center City Ta Khmav ថា​ពី​មុន​ក្រុមហ៊ុន​មាន​គម្រោង​ផែនការ​ធ្វើ​ចំណត​​យានយន្ត​នៅ​ខាង​ក្រោម​ដី ​ប៉ុន្តែ​ឥឡូវ​នេះ​ «​យើង​បាន​សម្រេច​ដាក់​ចំណត​នៅ​ជាន់​ទី​ ៣, ៤ និង​ទី​ ៥ វិញ​ហើយ​ជាពិសេស​នោះ​គឺ​នៅ​រាល់​លំនៅឋាន​របស់​យើង​ជាង ៩០ ​ភាគរយ​គឺ​សុទ្ធសឹង​តែ​អាច​មើល​ឃើញ​ផ្ទៃទឹក​ទន្លេ​បាសាក់ និង​ទទួល​បាន​បរិយាកាស​បរិសុទ្ធ​ពី​ទន្លេ​ដូចៗ​គ្នា​តែ​ម្តង។ ចំណែក​នៅ​ផ្នែក​ខាង​លើ​ដំបូល​នៃ​កំពូល​អគារ​ទាំង​ពីរ​គឺ​យើង​បាន​រចនា​ឡើង​ តាម​លំនាំ​កំពូល​ប្រាសាទ​បុរាណ​ខ្មែរ​ដែល​ជា​លក្ខណៈ​ប្លែក​ដាច់​គេ​តែ​ ម្តង»។

លោក គង់ បាន​សង្កត់​ធ្ងន់​ថា «​គ្រាន់តែ​ការ​ចំណាយ​លើ​ផ្នែក​ស្ថាបត្យកម្ម​សិល្បៈ​តាម​រចនាប័ទ្ម​របស់​ កំពូល​ប្រាសាទ​បុរាណ​ខ្មែរ​នោះ​គឺ​យើង​នឹង​ត្រូវ​ចំណាយ​ប្រាក់​ជាង ១ ​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឲ្យ Center City Ta Khmav អាច​​បង្ហាញ​ដោយ​ខ្លួនឯង​អំពី​អត្តសញ្ញាណ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ដើម្បី​ បង្ហាញ​ពី​មុខមាត់​ថ្មី​របស់​ទីក្រុង​តាខ្មៅ​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ រីកចម្រើន​នា​ពេល​បច្ចុប្បន្ន​»។

«​ការ​កែប្រែ​ថ្មី​របស់​យើង​មាន​គោលដៅ​ច្បាស់​លាស់​ដើម្បី​ធ្វើ​យ៉ាង​ណា​ ឲ្យ Center City Ta Khmav ក្លាយ​ទៅ​ជា​ទីកន្លែង​កត់សម្គាល់​ថ្មី ឬ​ជា​និមិត្តសញ្ញា​របស់​ទីក្រុង​តាខ្មៅ​នា​សម័យ​ទំនើប​» នេះ​បើ​តាម​សម្តី​របស់​លោក គង់។ «ដូច្នេះ​យើង​ត្រូវ​តែ​បង្កើត Landmark ថ្មី​នេះ​ឲ្យ​ខាង​តែ​បាន​»​។

លោក​បន្ត​ថា៖ «​ពួកយើង​ចង់​ឲ្យ​​មនុស្ស​ទាំងឡាយ ឬ​ក៏​បណ្តាញ​ផ្សព្វផ្សាយ​នានា​នៅ​ពេល​គេ​និយាយ​ដល់​ទីក្រុង​តាខ្មៅ​គឺ​ពួកគេ ​មិន​អាច​នឹង​មើល​រំលង Center City Ta Khmav បាន​ទេ​»​។

ដោយ​ពន្យល់​អំពី​អ្វី​ដែល​មាន​នៅក្នុង Center City Ta Khmav ជា Landmark នោះ​លោក គង់ បាន​បញ្ជាក់​ថា​នៅ​ក្នុង​បរិវេណ​ផ្ទៃ​ដី​ទំហំ ១៥៤៦៣ ​ម៉ែត្រក្រឡា​ដែល​នឹង​សាងសង់​អគារ​ចម្រុះ​នៅ​លើ​ទំហំ​ផ្ទៃ​បាត ១០៦៦៨ ​ម៉ែត្រក្រឡា​នោះ និង​មាន​អគារ​ភ្លោះ​ពីរ​ធំ​ខ្ពស់​ដាច់​គេ ២៧ ជាន់​មាន​កម្ពស់​រហូត​ដល់ ១១៨ ​ម៉ែត្រ​ដែល​នៅ​ក្នុង​អគារ​ទាំង​ពីរ​នេះ​គឺជា​សំណង់​លំនៅឋាន​ខុនដូ​ទំនើប និង​ប្រណីត​ចំនួន​ជាង ៤០០ ​ឯកតា​ (​ផ្ទះ) ស្ថិត​នៅ​ជាច្រើន​ជាន់។

ខណៈ​ឯ​ជាន់​លើ​បំផុត​គឺ​ប្រភេទ​ផ្ទះ​វិឡា​លើ​អាកាស និង​ផ្នែក​នៃ​ដំបូល​គឺជា​រចនាប័ទ្ម​ដំបូល​អគារ​របស់​យើង​យក​លំនាំ​តាម​ សិល្បៈ​សំណង់​របស់​ប្រាសាទ​បុរាណ​ខ្មែរ​តែ​ម្តង​។ ចំណែកឯ​អគារ​ទាបៗ​នៅ​ព័ទ្ធ​ជុំវិញ​ទី​នោះ​គឺជា​បណ្តុំ​ផ្ទះ​ហាង ផ្សារទំនើប ភោជនីយដ្ឋាន ការិយាល័យ​ធ្វើការ ធនាគារ និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​បាន​ថ្លែង​អបអរសាទរ​ចំពោះ​អ្វី​ដែល​ ក្រុមហ៊ុន​អ្នក​វិនិយោគ​ផ្នែក​អចលនទ្រព្យ​បាន​ចាប់ផ្តើម​បោះ​ជំហាន​របស់​ ខ្លួន​ឆ្ពោះ​ទៅ​អភិវឌ្ឍ​នៅ​ក្រៅ​រាជធានី​ភ្នំពេញ​ដូចជា​ទីក្រុង​តាខ្មៅ​ ជាដើម។

លោក​បន្ត​ថា៖ «​វា​គឺជា​សញ្ញាណ​ល្អ​ដែល​វិស័យ​សំណង់​កំពុង​រីកចម្រើន​ហើយ​រីក​ទៅ​ដល់​ ទីក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល​ដែល​ស្ថិត​នៅ​ជិត​នឹង​រាជធានី​បំផុត​មួយ​ នេះ​»​។

ដោយ​សម្លឹង​អំពី​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ ភ្នំពេញ​លោក ហ៊ាង បាន​ឲ្យ​ដឹង​ថា​៖ «​បច្ចុប្បន្ន​នេះ​នៅ​ក្រុង​តាខ្មៅ​សម្បូរ​ទៅ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ រាជរដ្ឋាភិបាល​ជាច្រើន​រស់នៅ​ទី​នោះ​ទន្ទឹម​នឹង​នេះ​​ទីក្រុង​មួយ​នេះ​ក៏​ សម្បូរ​ទៅ​ដោយ​ក្រុម​គ្រួសារ​អ្នក​មាន​ទ្រព្យសម្បត្តិ​រស់នៅ​យ៉ាង​សុខដុម​»​ ។

«​ប្រទេស​មួយ​ដែល​មាន​ឧស្សាហកម្ម​សំណង់​អភិវឌ្ឍ​ខ្លាំង​ទៅ​គ្រប់​ទិសទី ឬ​ខេត្ត​ខ័ណ្ឌ​នោះ​វា​បង្ហាញ​ពី​ភាព​រឹងមាំ​នៃ​ការ​រីកចម្រើន​នៅ​ក្នុង​ ខ្ទង់​សេដ្ឋកិច្ច​ជាតិ​ជា​ប្រាកដ​។ ទន្ទឹម​នឹង​នេះ​វា​ក៏​ជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការ​ទាក់ទាញ​អ្នក​ វិនិយោគ​ថ្មីៗ​កាន់​តែ​ច្រើន​រួម​ទាំង​វិនិយោគិន​ពី​បរទេស​ថែម​ទៀត​»។ នេះ​បើ​តាម​សម្តី​របស់​លោក ហ៊ាង​៕

ថ្ងៃទី៣ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment