ស្ថាបត្យករ​ខ្មែរ​ ​ពុំ​ទាន់​បាន​ចូលរួម​ច្រើន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​ទំនើប​បច្ចុប្បន្ន​នៅ​ឡើយ

នៅ​ពេល​ដែល​ឧស្សាហកម្ម​សំណង់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​មាន​ ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ហើយ​នៅ​គ្រប់​ច្រកល្ហក​នៃ​​ទីក្រុង​គេ​ ឃើញ​ការដ្ឋាន​សំណង់​ធំៗ​គ្រប់​ទីកន្លែង​នោះ​វា​ទំនង​ជា​ឱកាស​សម្រាប់​ធនធន​ មនុស្ស​កម្ពុជា​ផ្នែក​ស្ថាបត្យកម្ម​បាន​ចូលរួម​បញ្ចេ​ញ​ទេពកោសល្យ​យ៉ាង​ពេញ​ ទំហឹង​ក្នុង​ផ្នែក​ស្ថាបនា​សំណង់​លំនៅឋាន​ទាំង​នោះ​ប៉ុន្តែ​ជា​ការ​ពិត​ រចនាប័ទ្ម​នៃ​សំណង់ និង​បរិយាកាស​នៅ​ជុំវិញ​លំនៅឋាន​នៅ​តាម​សហគមន៍​ (​បុរី​)​ មួយ​ចំនួន​ត្រូវ​បាន​រចនា​ឡើង​ដោយ​ការ​សំយោគ​ស្ថាបត្យកម្ម​បរទេស​ច្រើន​ជាង​ គំនិត​ក្នុង​ស្រុក​។

លោក អ៊ឹម សុជាតិ ស្ថាបត្យករ​ប្រចាំ​នៅ​ក្រុមហ៊ុន​សំណង់​លំនៅឋាន​បុរី​ភ្នំពេញ​បាន​ពន្យល់​ឲ្យ ​ដឹង​ថា​កិច្ចការ​ដំបូងៗ​នៅ​តាម​គម្រោង​បុរី​នីមួយៗ​គឺ​តែងតែ​ចាប់​ផ្តើម​ពី ​ក្រុម​​ស្ថាបត្យករ​។

លោក​បន្ត​ថា ៖ «ពួកយើង​ត្រូវ​ធ្វើ​ការ​សិក្សា​លម្អិត​ទៅ​តាម​ទីតាំង​ភូមិសាស្ត្រ ស្ថានភាព​ផ្ទៃដី​នីមួយៗ​ថា​តើ​ទី​នោះ​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​អ្វី​ខ្លះ​ របស់​រដ្ឋ​ដូចជា ផ្លូវ​ (​ធំ ឬ​តូច​) ប្រព័ន្ធ​ទឹក ភ្លើង និង​ប្រព័ន្ធ​លូ​ក្រោម​ដី​» ហើយ​ឬ​នៅ​?

លោក សុជាតិ បន្ត​ថា «​តើ​ទី​នោះ​​នៅ​ជិត​ (​តំបន់​សក្តានុពល​) ​សាលារៀន ឬ​ក៏​មាន​ផ្សារ​ដែរ​ឬ​អត់​? មាន​ប្រជាជន​រស់នៅ​អ៊ូអរ​ដែរ​ឬ​ទេ​?»។

លោក​បន្ថែម​ថា​ក្រោយ​ពី​សិក្សា​បាន​ច្បាស់លាស់​អំពី​ព័ត៌មាន​ទាំង​នោះ​ រួច​រាល់​ហើយ​ទើប​ «ក្រុម​ស្ថាបត្យកម្ម​ ក្រុម​ផ្នែក​សោភ័ណភាព ក្រុម​វិស្វករ​ចាប់ផ្តើម​គូស​វាស​ជា​ប្លង់​មេ​ដោយ​បែងចែក​ជា​ទីតាំង​សំណង់​ លំនៅឋាន ទំហំ​ផ្លូវ ទុក​ចន្លោះ​សួនច្បារ​សាធារណៈ ការ​បំពាក់​ប្រព័ន្ធ​លើ​ក្រោម​ដី​»​។

លោក​បន្ត​ថា​បើ​ទី​នោះ​អំណោយ​ផល​សង់​ផ្លូវ​នៅ​ក្នុង​បុរី​ត្រង់ៗ​នោះ​ «​ផ្លូវ​ត្រូវ​មាន​ទំហំ​ឲ្យ​សមល្មម​ទៅ​តាម​សមាមាត្រ​ចំនួន​ប្រជាជន​រស់នៅ​ទី ​នោះ​គឺជា​ការ​ស្រេច​»​។ ប៉ុន្តែ​បើ​ត្រូវ​ស្ថាបនា​ផ្លូវ​របៀប​កោង​កេល​កុង​នោះ​ទំហំ​ផ្លូវ​វា​ត្រូវ​ តែ​មាន​ទំហំ​ធំ​ទូលាយ​ជាង​ផ្លូវ​ត្រង់។

ស្ត្រី​បុគ្គលិក​ជាន់​ខ្ពស់​ ១ ​រូប​របស់​គម្រោង​បុរី​ប៉េងហួត​បាន​ឆ្លើយ​​នឹង​សំណួរ​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ ដោយ​អះអាង​ថា​ក្រុម​ស្ថាបត្យករ​ប្រចាំ​ក្រុមហ៊ុន​របស់​គាត់​ជាប់​រវល់​ ខ្លាំង​ណាស់​។ ប៉ុន្តែ​ក្រុម​របស់​គាត់​​បាន​ឆ្លើយ​តាមរយៈ​សារ​អ៊ីមែល​ដោយ​ធ្វើការ​ពន្យល់​ ថា៖ «ការ​រៀបចំ​ប្លង់​មេ​សម្រាប់​គម្រោង​បុរីប៉េងហួត​គឺជា​រឿង​មួយ​ដែល​សំខាន់​ សម្រាប់​ការ​បង្កើត​សហគមន៍​ (​បុរី​) ដែល​វា​ជា​កត្តា​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​អតិថិជន​។ ដូច្នេះ​ដើម្បី​ឲ្យ​ទទួល​បាន​ការ​​គ្រាំទ្រ​ពី​សំណាក់​អតិថិជន​នៃ​ការ​រស់នៅ ​ប្រកប​ដោយ​ផាសុកភាព សុភមង្គល​ក្នុង​គ្រួសារ បុរីប៉េងហួត ត្រូវ​បំពេញ​ការងារ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​ហើយ​រាល់​ការងារ​​ទាំងអស់​ត្រូវ ​តែ​យក​ចិត្ត​ទុកដាក់ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​សម្រាប់​ការងារ​របស់​ខ្លួន​»​។ ដើម្បី​ឲ្យ​ការងារ​រៀបចំ​ប្លង់​មេ​មាន​ប្រសិទ្ធភាព​ពួកគេ​ផ្តោត​ការ​យក​ ចិត្ត​​ទុក​ដាក់​លើ​កត្តា​ធំៗ​ចំនួន​ពីរ​ចំណុច​គឺ​ផ្នែក​ខាង​លើ​ដី និង​ផ្នែក​ខាង​ក្រោម​ដី​។

ខ្លឹម​សារ​នៃ​សារ​នោះ​ពន្យល់​បន្ត​ថា ៖ «​ផ្នែក​ខាង​ក្រោម​ដី​គឺ​យើង​ត្រូវ​​សិក្សា​លម្អិត​ពី​ប្រព័ន្ធ​លូ​នៃ​ការ​ លម្ហូ​ទឹក​ពី​លំនៅឋាន​ទៅ​កាន់​ប្រព័ន្ធ​លូ​ធំ​រួម​ជាមួយ​ប្រព័ន្ធ​ទឹក​ស្អាត ​រត់​ចូល​ទៅ​កាន់​លំនៅឋាន​​នីមួយៗ។ ប្រព័ន្ធ​ខ្សែ​ចរន្ត​អគ្គិសនី​ខ្សែកាប​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ គម្រោង​មេ​ដោយ​យើង​បាន​ដាក់​ក្នុង​ផ្នែក​ខាង​ក្រោម​ដី​រួច​ជា​ស្រេច​ដោយ​យើង ​មិន​ចាំបាច់​មាន​បង្គោល​ចរន្ត​អគ្គិសនី​ក្នុង​បុរី​ដែល​អាច​ធ្វើឲ្យ​ ប៉ះពាល់​សោភ័ណ​ក្នុង​បុរី និង​អាច​បង្ក​គ្រោះថ្នាក់​ពេល​ខ្លះ​ក៏​មាន​»​។

សារ​ដដែល​បាន​បន្ត​ថា៖ «​ផ្នែក​ខាង​លើ​ដី​គឺ​យើង​ត្រូវ​ផ្តោត​ទៅលើ​គុណភាព​នៃ​សំណង់​រួមផ្សំ​ជាមួយ​ ការ​រចនា​ឌីហ្សាញ​ម៉ូដ​ពី​ប្រភេទ​ផ្ទះ​ផ្សេងៗ​ពី​គ្នា​ស្រប​តាម​តម្រូវ​ការ​ ​របស់​អតិថិជន​ជាក់ស្តែង​។ ផ្ទះ​មិន​ត្រឹមតែ​មាន​គុណ​ខ្ពស់ សោភ័ណភាព​ផ្ទះ​ស្រស់​ស្អាត​ស៊ី​វីល័យ​ប៉ុណ្ណោះ​ទេ​យើង​ត្រូវ​តែ​គិតគូរ​ រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុង​សហគមន៍​ (បុរី) រួម​មាន​ផ្លូវ​ថ្នល់​ធំ​ទូលាយ​សម្រាប់​ចរាចរណ៍​ទៅ​មក​ក្នុង​បុរី និង​ការ​ចត​យានយន្ត​មាន​សួន​កម្សាន្ត ​ក្លិប​កីឡា​សម្រាប់​ លម្ហែកាយ រួមផ្សំ​ដោយ​មាន​​ដាំ​ដើមឈើ​ក្នុង​បុរី​ដើម្បី​ឲ្យ​ក្លាយ​ជា​សហគមន៍​បៃតង​»​ ។

សារ​បន្ត​ថា៖ «​បញ្ហា​សុវត្ថិភាព​គឺជា​រឿង​សំខាន់​ដូច្នេះ​ពេល​រៀបចំ​ប្លង់​មេ​របស់​បុរី​ ត្រូវ​មាន​បំពាក់​កាំម៉េរា​តាម​ដង​ផ្លូវ​នៅក្នុង​បុរី​រៀប​ជា​ប្រព័ន្ធ​ សុវត្ថិភាព​ចាប់​តាំងពី​នៅ​ខ្លោង​ទ្វារ​ចូល​ក្នុង​បុរី​។ និយាយ​រួម​ទាំង​អស់​គឺ​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​របស់​អតិថិជន​នា​ពេល​ បច្ចុប្បន្ន​ដែល​បុរី​ប៉េងហួត​បាន​រៀប​ចំ​ប្លង់​មេ​សម្រាប់​ការ​រស់​ប្រកប​ ដោយ​សុភមង្គល​»។

លោក​បណ្ឌិត ងួន ផានភក្តី ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ ថ្លែង​ថា៖ «​ជាទូទៅ​ដូចជា​ការ​សង់​ផ្ទះ​នៅ​លើ​ដី​ទំហំ​មួយ​ឡូត៍​ដែរ​យើង​គួរ​ឲ្យ​មាន​ របៀប​រៀបរយ​ដោយ​រក្សា​ទុក​ផ្ទៃដី​ជា​សួនច្បារ​ប្រមាណ​ពី ២០ ទៅ ៣០ ​ភាគរយ​ដើម្បី​ឲ្យ​មាន​បរិយាកាស​បៃតង​នៅ​​ជុំវិញ​នោះ​»​។ ប៉ុន្តែ​ទំហំ​នៃ​ការ​រក្សា​ទុក​ជា​សួនច្បារ​នោះ​ក៏​អាច​ប្រែប្រួល​ទៅ​តាម​ ទំហំ​ដី​ជាក់​ស្តែង​ផង​ដែរ​។

ដោយ​ធ្លាប់​បាន​ចុះ​ទៅ​ទស្សនកិច្ច​ដោយ​ឯករាជ្យ​នៅ​តាម​បុរី​មួយ​ចំនួន​ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​លោក​ សាស្ត្រាចារ្យ ភក្តី ធ្លាប់​បាន​ដឹង​ថា​នៅ​តាម​បុរី​ខ្លះ​គេ​បាន​ជួល​ស្ថាបត្យករ​បរទេស​មក​ធ្វើ​ ការងារ​ឲ្យ​ពួកគេ​។

លោក​បាន​ថ្លែង​ថា៖ «ពិនិត្យ​ទៅ​លើ​ផ្នែក​ស្ថាបត្យកម្ម​គឺ​វា​ល្អ​ហើយ​អំពី​ការ​ប្រើប្រាស់​ទំហំ ឬ​វិសាលភាព​ (​នៃ​បន្ទប់​ខាង​ក្នុង) ​គឺ​មាន​លក្ខណៈ​សន្សំ​សំចៃ​ឲ្យ​តូច​បំផុត​ដែល​វា​ចូល​ទៅ​នឹង​ស្តង់ដារ​របស់​ ពិភពលោក​ហើយ​ប៉ុន្តែ​ពុំមែន​​ឲ្យ​តូច​រហូត​ខុស​ពី​ការ​រស់នៅ​របស់​មនុស្ស និង​សេដ្ឋកិច្ច​នោះ​ទេ»​។

ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ផ្នែក​ស្ថាបត្យកម្ម​សំណង់​នៅ​កម្ពុជា​កំពុង​មាន​ សន្ទុះ​ខ្លាំង​លោក​សាស្ត្រចារ្យ ភក្តី បាន​សម្តែង​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា៖ «​បើ​យើង​ពិនិត្យ​មើល​អំពី​ការ​ប្រើប្រាស់ និង​ឲ្យ​តម្លៃ​ធនធាន​មនុស្ស​ជា​អ្នក​ជំនាញ​កម្ពុជា​គឺ​នូវ​មាន​កម្រិត​នៅ​ ឡើយ​»​។

ដោយ​ពួកគេ​ (​អ្នក​វិនិយោគទុន​) ​តែង​គិត​ថា​អ្នក​ជំនាញ​មក​ពី​ក្រៅ​ប្រទេស​តែង​មាន​ទេពកោសល្យ​ខ្ពស់​ជាង​ហើយ ​ការ​ចំណាយ​របស់​ពួកគេ​គឺ​អាស្រ័យ​ទៅ​តាម​ស្តង់​អន្តរជាតិ​តែម្តង​។ លោក​បន្ត​ថា​ដោយ​ឡែក​នៅ​ពេល​អ្នក​វិនិយោគ​រក​ដៃគូរ ឬ​អ្នក​ជំនាញ​ក្នុង​ស្រុក​ឲ្យ​បំពេញ​ការងារ​ឲ្យ​ពួកគេ​នោះ «គេ​តែងតែ​ដាក់​គំនាប​ទៅ​លើ​ផ្នែក​សេដ្ឋកិច្ច​គឺ​ផ្តោត​លើ​ការ​ចំណាយ​តិច​តែ ​ម្តង​»។ ដូច្នេះ​វា​ពុំ​អាច​ទៅ​រួច​ឡើយ​ដែល​អ្នក​មាន​ទេពកោសល្យ និង​ជំនាញ​ខ្ពស់​មក​ធ្វើ​ការងារ​ទទួល​បាន​ប្រាក់​កម្រៃ​តិច​តួច​នោះ​។

លោក ជា សំអាត សាស្ត្រាចារ្យ​ផ្នែក​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ​ភ្នំពេញ​ធ្លាប់​បាន​ផ្តល់​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ចុង​ឆ្នាំ​ ២០១៥ ថា៖ «​សំណង់​ធំៗ និង​ខ្ពស់ៗ​ដែល​កំពុង​រះ​ឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ នេះ​ប្រហែល​ជា​តម្រូវ​ឲ្យ​យើង​មាន​ធនធាន​មនុស្ស​ជា​ស្ថាបត្យករ​ខ្មែរ​ដ៏​ ពូកែៗ​មាន​ទេពកោសល្យ​ខ្ពស់​ដើម្បី​បញ្ចូល​គំនិត​នៃ​អត្តសញ្ញាណ​ខ្មែរ​ទៅ​លើ​ សំណង់​ទាំង​នោះ​»៕

14 January 2016

From: Postkhmer


Leave a Comment