អគារ​កម្ពស់​ ៥០០ ​ម៉ែត្រ​នឹង​សង់​នៅ​ឆ្នាំ​នេះ

អគារ​កម្ពស់​ ៥០០ ​ម៉ែត្រ​នឹង​សង់​នៅ​ឆ្នាំ​នេះ

ដំណឹង​នៃ​ការ​សាងសង់​អគារ​ខ្ពស់ ១៣៣ ​ជាន់ និង​មាន​កម្ពស់ ៥០០ ​ម៉ែត្រ​ពី​ដី​កាន់​តែ​លេច​រូប​រាង​ច្បាស់លាស់​នៅ​ពេល​មន្ត្រី​ជាន់​ខ្ពស់​ រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ នឹង​ចូលរួម​សម្ពោធ​គម្រោង​អគារ​ពាណិជ្ជកម្ម​ ថៃ ប៊ុនរ៉ុង នៅ​ថ្ងៃ​ទី​ ១០ ខែ​មីនា​នេះ​។

លោក ទូស សាភឿន អគ្គលេខាធិការរង​គណៈស្ថាបត្យកម្ម​កម្ពុជា និង​ជា​ព្រឹទ្ធ​បុរស​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​ បញ្ញាសាស្ត្រ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​ ៩ ខែ​មីនា​នេះ​ថា​នៅ​ថ្ងៃ​ស្អែក​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​នឹង​ចូលរួម​សម្ពោធ​អគារ​តាំង​ពិព័រណ៍​អគារ​ ពាណិជ្ជកម្ម​ ថៃ ប៊ុនរ៉ុង ដែល​នឹង​ចំណាយ​ទុន​ជាង ១ ០០០ ​លាន​ដុល្លារ​ហើយ​ត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​គម្រោង​នេះ​នៅ​ក្នុង​អគារ​ មាន​ទីតាំង​នៅ​ទល់មុខ​ស្ថានទូត​ចិន​។

លោក​បន្ត​ថា ​ការ​ចាប់​ផ្តើម​សាងសង់​អគារ​នេះ​អាច​ចាប់ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ​ ព្រោះ​ក្រុមហ៊ុន​ថៃ ប៊ុនរ៉ុង បាន​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​សួន​កម្សាន្ត​ឌ្រីមលែន​ធ្វើការ​រុះរើ​ឧបករណ៍​ កម្សាន្ត​របស់​ខ្លួន​​ចេញ​រួច​រាល់​សិន។

អគារ​នេះ​មាន​ចំនួន ១៣៣ ​ជាន់​ និង​​មាន​កម្ពស់​ ៥០០ ​ម៉ែត្រ​ដោយ​មិន​ទាន់​គិត​បញ្ចូល​អង់តែន​កម្ពស់​ ២៥ ​ម៉ែត្រ​នៅ​ខាង​លើ​នៅ​ទ្បើយ​ទេ​។

លោក ទូស សាភឿន បាន​បន្ត​ថា៖ «​អគារ​នេះ​នឹង​ប្រើប្រាស់​ធ្វើ​ជា​សណ្ឋាគារ​ផ្កាយ​ប្រាំមួយ​អាផាតម៉ិន អគារ​ការិយាល័យ​កម្រិត​ខ្ពស់ និង​ផ្សារ​ទំនើប​ផង​ដែរ»​។

Content image - Phnom Penh Post

លោក​បន្ត​ថា​៖ «​ការ​សាងសង់​អគារ​នេះ​ធ្វើ​ទ្បើង​ដើម្បី​ប្រវត្តិសាស្ត្រ និង​លើក​កម្ពស់​មុខមាត់​ប្រទេស​ជាតិ​ទាំង​មូល​ព្រោះ​វា​ជា​អគារ​ខ្ពស់​ជាង​ គេ​នៅ​អាស៊ី​ដែល​នឹង​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ​ទាក់ទាញ​ ភ្ញៀវទេសចរ​ឲ្យ​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់​ថែម​ទៀត​»​។

លោក ទូស សាភឿន បាន​បន្ត​ថា​អគារ​នេះ​សាងសង់​នៅ​លើ​ផ្ទៃដី​ជិត ៥ ​ហិកតា​ដែល​ជា​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​ ថៃប៊ុនរ៉ុង និង​ក្រុមហ៊ុន​ ទុនជៀនអ៊ីបគ្រុប​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន និង​ជា​ក្រុមហ៊ុន​ជាប់​លំដាប់​លេខ​ ១ ដែល​មាន​ជំនាញ​ខាង​អចលនទ្រព្យ​។

លោក​បន្ត​ថា​អគារ​នេះ​ជា​អគារ​ដែល​មាន​រចនាប័ទ្ម​ស្ថាបត្យកម្ម​ទំនើប និង​មាន​ការ​រួម​បញ្ចូល​គ្នា​នូវ​ស្ថាបត្យកម្ម​បែប​ខ្មែរ​ផង​ដែរ​។ អគារ​នេះ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​ ២០១៩ ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​លោក សេង ទ្បូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ថា​រហូត​មក​ទល់​ពេល​នេះ​ក្រសួង​មិន​ទាន់​បាន​ទទួល​ លិខិត​ស្នើសុំ និង​មិន​ទាន់​បាន​អនុញ្ញាត​ច្បាប់​សម្រាប់​សាងសង់​អគារ​នេះ​នៅ​ទ្បើយ​ទេ​។

ចំណែក​លោក ទ្បុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា​បច្ចុប្បន្ន​អ្នក​ជំនាញ​ កំពុង​សិក្សា និង​ស្នើសុំ​គោលការណ៍​ទៅ​រដ្ឋាភិបាល​មុន​នឹង​បញ្ជូន​លិខិត​បន្ត​ទៅ​កាន់​ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម បាន​ថ្លែង​ថា​បើ​កម្ពុជា​មាន​អគារ​នេះ​ពិតជា​រឿង​ដ៏ល្អ​បំផុត​សម្រាប់​លើក​ កម្ពស់​មុខមាត់​ប្រទេស​ជាតិ។ ទី​ ១ វា​អាច​មើល​ឃើញ​ទិដ្ឋភាព​រាជធានី​ភ្នំពេញ​រហូត​ដល់ ៣៦០ ​ដឺក្រ​ទី​ ២ ជា​អគារ​ខ្ពស់​ដែល​អាច​បង្អួត​គេ​នៅក្នុង​តំបន់ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ទី​ ៣ មិន​ត្រឹម​តែ​លើក​កម្ពស់​មុខមាត់​ប្រទេស​ជាតិ​នោះ​ទេ​ប៉ុន្តែ​វា​ហុច​ សក្តានុពល និង​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ខ្លាំង​។

លោក​បន្ត​ថា​ប្រសិន​ជា​អគារ​នេះ​បញ្ចប់​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​ ២០១៩ វា​ជា​ល្បឿន​ដ៏​លឿន​មែនទែន​ដូច្នេះ​ក្រុមហ៊ុន​សាងសង់​ប្រហែល​អាច​ប្រើប្រាស់ ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ និង​ទាមទារ​ការ​គ្រប់គ្រង​ការដ្ឋាន​សាងសង់​ច្បាស់លាស់​បំផុត​ទើប​ការ​បញ្ចប់ ​ការ​សាងសង់​អគារ​នេះ​ធ្វើ​ទ្បើង​ទាន់​ពេលវេលា​។

អ្នកនាង អាន សុធីតា នាយិកា​រង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា​វា​ជា​ការ​ល្អ​ដែល​មាន​អ្នក​អភិវឌ្ឍន៍​សាងសង់​អគារ​មួយ​តំណាង​ ឲ្យ​ប្រទេស​ជាតិ​នៅ​ពេល​ឃើញ​អគារ​នេះ​គេ​នឹក​ឃើញ​ដល់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​ត្រូវ​សិក្សា​ទីផ្សារ​ឲ្យ​បាន​ច្បាស់​លាស់​ព្រោះ​ ភាព​ជោគជ័យ​របស់​អគារ​នេះ​មិន​ត្រឹម​តែ​ការ​សាងសង់​បាន​បញ្ចប់​ជោគជ័យ​តាម​ ការ​គ្រោង​ទុក​នោះ​ទេ​ប៉ុន្តែ​វា​ត្រូវ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថា​តើ ​អគារ​នេះ​នឹង​ត្រូវ​គេ​ប្រើប្រាស់​បាន​ក្នុង​កម្រិត​ណា​។

អ្នកនាង​បន្ត​ថា​៖ «​បើ​គម្រោង​នេះ​សាងសង់​បញ្ចប់​វា​នឹង​ជា​ជោគជ័យ​មួយ​បើ​គុណភាព​អគារ​ ឆ្លើយតប​នឹង​ទីផ្សារ​វា​នឹង​ជោគជ័យ​មួយ​ទៀត និង​តើ​អគារ​នេះ​នឹង​ឆ្លើយតប​នឹង​អ្វី​ដែល​គេ​ចង់​បាន​ឬ​ទេ​?»​។

អ្នក​នាង​បន្ត​ថា​៖ «​អ្នក​អភិវឌ្ឍន៍​ក៏​បាន​ចំណេញ និង​អ្នក​វិនិយោគ​ក្នុង​គម្រោង​នេះ​ក៏​ចង់​ចំណេញ​ដូច្នេះ​អ្វី​​ដែល​សំខាន់​ គឺ​ថា​តើ​អ្នក​អភិវឌ្ឍន៍​ធ្វើ​បាន​ល្អ​ក្នុង​កម្រិត​ណា?»​។

នៅ​ពេល​និយាយ​ពី​ទំហំ​ទីផ្សារ​នៅ​កម្ពុជា​អ្នកនាង អាន សុធីតា បាន​បញ្ជាក់​ថា៖ «​ទីផ្សារ​របស់​យើង​បច្ចុប្បន្ន​ពិត​ជា​មាន​ភាព​លូតលាស់​មែន​ប៉ុន្តែ​វា​នៅ​ តូច​បើ​ប្រៀបធៀប​នឹង​ទំហំ​អគារ​នេះ​ដូច្នេះ​ប្រសិន​ជា​ពេល​អនាគត​កម្ពុជា​ មាន​អ្វី​ដែល​ទាក់ទាញ​ជាង​បច្ចុប្បន្ន​វា​មិន​មាន​បញ្ហា​នោះ​ទេ​សម្រាប់​ការ ​សាងសង់​អគារ​នេះ​ប៉ុន្តែ​បើ​ទីផ្សារ​មាន​ស្ថានភាព​ដូច​ពេល​បច្ចុប្បន្ន​ការ ​ផ្គត់ផ្គង់​អគារ​នេះ​ចូល​ទីផ្សារ​វា​នឹង​លើស​តម្រូវការ​»៕

ថ្ងៃទី១០ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment