អន្តរ​ក្រសួង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​បំពុល​នៅ​តំបន់​ឆ្នេរ​ បន្ទាប់​ពី​កំណើន​វិស័យ​សំណង់

អន្តរ​ក្រសួង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​បំពុល​នៅ​តំបន់​ឆ្នេរ​ បន្ទាប់​ពី​កំណើន​វិស័យ​សំណង់

​បណ្តា​រដ្ឋមន្ត្រី​មកពី​ក្រសួង​ចំនួន​បី​គឺ​ក្រសួង​រៀបចំ​ដែនដី​ ក្រសួង​ទេសចរណ៍ និង​ក្រសួង​បរិស្ថាន​បាន​ខិតខំ​ស្វែងរក​យុទ្ធសាស្ត្រ​រួម​គ្នា​ដើម្បី​កាត់​ បន្ថយ​ផលប៉ះពាល់​បរិស្ថាន​នៅ​តំបន់​ឆ្នេរ​ ដោយសារ​បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​បាន​និង​កំពុង​មាន​ការ​រីកចម្រើន​យ៉ាង​ ខ្លាំង​នៅ​តំបន់​ឆ្នេរ​នៃ​បណ្តា​ខេត្ត​​ទាំង​បួន​នៅ​ជាប់​មាត់​សមុទ្រ។

ថ្លែង​ក្នុង​សិក្ខាសាលា​ក្រោម​ប្រធានបទ៖ «​ការ​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្តិ​ក្នុង​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​​តំបន់​ឆ្នេសមុទ្រ​កម្ពុជា​» និង​ផែនការ​រៀបចំ​កែលម្អរ​តំបន់​ឆ្នេរ​ខ្សាច់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ ចន្ទ​លោក​ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​​មាន​ប្រសាសន៍​ថា ​វិស័យ​សំណង់​បម្រើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​កើនឡើង​ខ្ពស់​មិន​ថា​នៅ​ ទូទាំង​ប្រទេស​ទេ​សូម្បីតែ​ខេត្ត​ព្រះសីហនុ​ក៏​មាន​ការ​កើនឡើង​វិស័យ​សំណង់​ នេះ​គួរ​ឲ្យ​សម្គាល់​ផង​ដែរ ដែល​វិស័យ​នេះ​បម្រើ​ឲ្យ​ភាគ​ច្រើន​លើ​វិស័យ​ទេសចរណ៍​ដែល​ជា​សក្តានុពល​ សេដ្ឋកិច្ច​យ៉ាង​ធំធេង​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា៖ «ទន្ទឹម​នឹង​ការ​កើនឡើង​នៃ​សំណង់​នេះ​បាន​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់​ទៅ​លើ​ បរិស្ថាន​តាម​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ផង​ដែរ ដែល​ទាមទារ​ឲ្យ​យើង​ទាំងអស់​គ្នា​ត្រូវ​សកម្ម​ប្រយុទ្ធ​ និង​ដោះស្រាយ​ដើម្បី​បង្កើត​នូវ​កាលានុវត្តភាព​បន្ថែម​ទៀត​សម្រាប់​ធានា​ការ ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

លោក​បន្ត​ថា៖ «​ដោយ​ផ្អែក​លើ​គោលការណ៍​ច្បាប់ និង​ការ​ចូលរួម​ដោយ​មាន​​ផែនការ​យុទ្ធសាស្ត្រ និង​អភិវឌ្ឍ​ច្បាស់លាស់​ស្រប​តាម​គោលដៅ​អភិវឌ្ឍ​ក្រោយ​ឆ្នាំ​ ២០១៥ ​ដល់​ ២០៣០។ ចំពោះ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​រួមមាន​ទាំង​ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កែប និង​​ខេត្ត​កោះកុង ចក្ខុវិស័យ​សម្រាប់​​ការ​ភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​រហូត​ដល់​ឆ្នាំ​ ២០៣០ ដែល​បាន​កំណត់​នៅក្នុង​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ​សមាហរណកម្ម​សម្រាប់ ​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​»​។

លោក អ៊ឹម ឈុនលឹម បាន​បន្ត​ទៀត​ថា​ក្នុង​ទិសដៅ​បន្ត​លើក​កម្ពស់​​ការ​គ្រប់គ្រង និង​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​បាន​និង​កំពុង​សិក្សា​​រៀបចំ​ច្បាប់​អនុក្រឹត្យ​ ស្តីពី​ការ​គ្រប់គ្រង​តំបន់​ឆ្នេរ​បន្ថែម​ទៀត​។

ជាក់ស្តែង​ខេត្ត​ព្រះសីហនុ​រាជរដ្ឋាភិបាល​បាន​ដាក់​​ចេញ​នូវ​វិធានការ​ ឲ្យ​ធ្វើការ​សិក្សា​ករណី​មួយ​ចំនួន​តាមរយៈ​លិខិត​លេខ ៧២ ​សជណ.ឧស ចុះ​ថៃ្ង​ទី​ ១៩ ​មករា​ឆ្នាំ​ ២០១៦ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​អំពី ១-ករណី​បឹងព្រែកទប់ ២-ករណី​ឆ្នេរឯករាជ្យ ៣-ករណី​ឆ្នេរ​អូរត្រេះ ៤-ករណី​ឆ្នេ​អូរឈើទាល ៥-ករណី​ឆ្វៀល​ដី​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ក្នុង​សង្កាត់​ កោះរ៉ុង​ក្រុង​ព្រះសីហនុ​ករណី​នេះ​ជា​គំរូ​មួយ​សម្រាប់​ដោះស្រាយ​សំណង់​លើ​ ទឹក​លើ​ដី​ចំណី​ឆ្នេរ និង​ឆ្នេរសមុទ្រ​នៅ​តំបន់​ផ្សេង​ទៀត​។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​ថ្លែង​ឲ្យ​ដឹង​ផង​​​ដែរ​ថា៖ «​ត្រូវ​បញ្ឈប់​កុំ​ឲ្យ​មាន​កំពង់ផែ​ច្រើន​តទៅ​ទៀត​ដោយ​ប្រើ​តែ​កំពង់ផែរ​ មួយ និង​ផែ​ដទៃ​ទៀត​​ត្រូវតែ​រុះរើ​ចោល​ហើយ​សុំ​ឲ្យ​​​អាជីករ​ប្រក​រ​រកស៊ី​ដឹក​ ជញ្ជូន​កុងទីន័រ​គួរ​តែ​ដឹក​តាម​ផ្លូវ​ដែក​ទាំងអស់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​។

លោក​ក៏​បាន​ព្រមាន​កុំ​ឲ្យ​​អាជ្ញាធរ​សង្កាត់​នានា​រមាស់​ដៃ​ស៊ីញ៉េ​លក់​ដី​ឆ្នេរ​សមុទ្រ​នានា​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ផង​ដែរ​»​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បាន​លើក​ឡើង​ថា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ការ​ទទួល​ខុស​ត្រូវ​គឺ​ពិតជា​មាន​ភាព​ចាំបាច់ និង​មាន​សារៈសំខាន់​ជា​មូលដ្ឋាន​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ កម្ពុជា​។

លោក​បន្ត​ថា​ការ​អភិវឌ្ឍ​បៃតង​ជា​គំរូ​អភិវឌ្ឍ​ដែល​គិតគូរ​ដល់​ការ​ អភិរក្ស​ថែរក្សា​សម្បត្តិ​វប្បធម៌​ ធនធាន​ធម្មជាតិ និង​បរិស្ថាន​តំបន់​ឆ្នេរ​ដែល​ទាំង​នេះ​ទាមទារ​ឲ្យ​​​មាន​ការ​ដាក់​ចេញ​នូវ​ ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​មាន​ភាព​ប្រាកដប្រជា​ក្នុង​ការ​គ្រប់គ្រង។

លោក ថោង ខុន បាន​បន្ត​ថា​បញ្ហា​បំពុល​បរិស្ថាន​នៅ​តាម​តំបន់​ឆ្នេរ​មិន​ត្រូវ​ឲ្យ​កើត​ មាន​ដូចជា​ករណី​បំពុល​បរិស្ថាន​នៅ​ឆ្នេរ​ប៉ាតាយ៉ា ប្រទេស​ថៃ​ទៀត​ឡើយ។ ចាប់ពី​ឆ្នេរ​អូរត្រេះ​ដល់​ឆ្នេរ​អូរឈើទាល​ត្រូវ​ធ្វើ​ឲ្យ​ឆ្នេរ​ស្អាត​ ជានិច្ច​ហើយ​ត្រូវ​យក​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៦ ធ្វើ​ជា​ការ​​ពង្រឹង​គុណភាព​តំបន់​ឆ្នេរ​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​ក្លាយ​ទៅ​ ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ។

លោក ហូ វណ្ឌី អតីត​សហប្រធាន​ក្រុម​ការងារ​ទេសចរណ៍ និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​សភា​ពាណិជ្ជកម្ម​កម្ពុជា​អបអរ​សាទរ​ចំពោះ​ រាជរដ្ឋាភិបាល​ដែល​បាន​រំដោះ​តំបន់​ឆ្នេរ​ពី​វិស័យ​ឯកជន និង​គិតគូរ​ពី​ផលប៉ះពាល់​បរិស្ថាន​នៅ​តំបន់​នេះ​ដោយ​លោក​បាន​ថ្លែង​ថា​បញ្ហា ​អស់​ទាំង​នេះ​វិស័យ​ឯកជន​ធ្លាប់​បាន​លើក​ទ្បើង​តាំងពី​ឆ្នាំ​ ២០០៧-២០០៨ ​មក​ម្ល៉េះ​។

ថ្លែង​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ស្រូវ​អង្ករ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ សប្តាហ៍​មុន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ទាំងអស់​ធ្វើការ​ផ្លាស់ប្តូរ​ការ​ ដឹក​ជញ្ជូន​ទំនិញ​ធ្ងន់ៗ​របស់​ពួកគេ​តាមរយៈ​ផ្លូវ​ដែក​វិញ​ម្តង​។ ទន្ទឹម​គ្នា​នេះ​ដែរ​ក្រុមហ៊ុន Royal Railway ដែល​នឹង​​ជា​ម្ចាស់​អាជីវកម្ម​ផ្លូវដែក​នេះ​បន្ទាប់ពី​គម្រោង​វិនិយោគ​ ជួសជុល​លើ​កំណាត់​ផ្លូវដែក​ភាគ​ខាង​ត្បូង​ប្រវែង ២៦៦ ​គីឡូម៉ែត្រ​នេះ​ដោយ​តភ្ជាប់​រវាង​រាជធានី​ភ្នំពេញ និង​កំពង់ផែ​សមុទ្រ​នៃ​ក្រុង​ព្រះសីហនុ (​ប៉ុន្តែ​មាន​ស្ថានីយ​របស់​ខ្លួន​នៅ​ក្បែរ​នឹង​កំពង់ផែ​សមុទ្រ​នោះ​)​។ ក្រុមហ៊ុន Royal Railway ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា គិត ម៉េង​។ បើ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​បណ្តា​ក្រុមហ៊ុន​ដឹកជញ្ជូន​ជាច្រើន​បាន​សម្តែង​ ការ​ព្រួយបារម្ភ​ចំពោះ​តម្លៃ​សេវាកម្ម​អាច​ថ្លៃ​ខ្ពស់ និង​ចរាចរណ៍​សេវាកម្ម​នៅ​មាន​កម្រិត​។

គួរ​រំឭក​ថា​ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា គិត ម៉េង ទើប​តែ​ត្រូវ​បាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​កម្ពុជា​បាន​ធ្វើការ​ផ្អាក​ដំណើរការ​សាងសង់​ កំពង់ផែ​ឯកជន​របស់​​ក្រុមហ៊ុន​នេះ​ដែល​សង់​លយ​ចូល​ទៅ​លើ​ផ្ទៃសមុទ្រ​ប្រវែង ៤០ ម៉ែត្រ​នៅ​តំបន់​ឆ្នេរ​អូរត្រេះ​។ គោលដៅ​នៃ​ការ​សង់​កំពង់ផែ​ឯកជន​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​ដើម្បី​គាំទ្រ​ដល់​ គម្រោង​អភិវឌ្ឍ​កោះរ៉ុង​ផង​ដែរ​៕

ថ្ងៃទី០៤ខែកម្ភៈឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment