អេស៊ី​លីដា សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​សុវត្ថិ​ភាព​ប្រព័ន្ធ​​ធនាគារ

មន្រីធនាគារ​អេស៊ីលីដា​ម្នាក់បាន​ឲ្យ​ដឹងថា អគារ​មួយ​តម្លៃ​ជាង ៤ លាន​ដុល្លារ​អាមេរិក សម្រាប់​ជា​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្ន​ន័យ​ព័ត៌មាន​វិទ្យា ដែល​វិនិយោគ​ដោយ​ធនាគារ​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុ​ជាមួយនេះ កំពុងស្ថិត​ក្នុង​ដំណើរការ​សាងសង់​លើដី​ទំហំ​ជិត ១ ម៉ឺន​ម៉ែត្រការ៉េ នៅក្នុង​ស្រុក​មុខកំពូល ខេត្ដកណ្ដាល ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការខិតខំ​របស់​ធនាគា​រ​ដើម្បី​ពង្រឹង​​សុវត្ថិភាព​ ប្រព័ន្ធ​ធនាគារ ស្រប​ពេលដែល​ធនាគារ​នេះ​កំពុង​ផ្តោតទៅលើ​សេវា​កម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ ត្រូ​និ​ច​នៅ​ឆ្នាំនេះ។

​​លោក ព្រំ វិសុទ្ធ អនុ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍ថា​ ៖ «ជា​ផ្នែក​មួយ​នៃ​ផែនការ​យុទ្ធសាស្រ្ដ​​រយៈពេល​វែងរ​បស់​យើង យើង​បាន និង​កំពុង​អភិវឌ្ឍ​សេវា​ធនាគារ​អេ​ឡិច​ត្រូ​និ​ក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​ហិរញ្ញវត្ថុ (FinTech) និង​ស្វ័យ​ប្រតិបត្តិការ ដើម្បី​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ និង​បង្កើន​ប្រសិទ្ធភា​ព​បម្រើ​អតិថិជន បង្កើន​កាលានុវត្ដភាព​នៃ​ការលក់​ផ​លិ​ត​ផលជា​ក្ចប់ បង្កើន​ប្រាក់​ចំណូល និង​ឧត្ដមភាព​ក្នុងការ​ប្រកួត​ប្រជែង​ទាំង​ក្នុងស្រុក និង​ក្រៅ​ប្រទេស​»​។

​​អគារ​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌​មានវិទ្យា ត្រូវបាន​ចាប់ដំណើរការ​សាងសង់​កាលពី​ថ្ងៃ​ចន្ទ​​កន្លងមក ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​ការសា​ងសង់​នៅក្នុង​រយៈពេល ១៨ ខែ​។ សាងសង់​នៅលើ​ដី​ដែល​ត្រូវបាន​ធនាគារ​អេស៊ីលីដា​ទិញ​ក្នុងតម្លៃ​ជិត ១ លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៤ អគារ​ថ្មី​ទំហំ ៣២ គុណ ៣៨,៨០ ម៉ែត្រ មាន​កម្ពស់ ៥ ជាន់ សង់​លើ​ផ្ទៃដី​ជិត​មួយ​ម៉ឺន​ម៉ែត្រក្រឡា​​មួយ​នេះ នឹង​សាង​សង់​ឡើងដោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ នឹង​ផ្ដល់​ទីធ្លា​ដ៏​ធំសម្រាប់​ផ្ទុក​ទូ​ឧបករណ៍ Server ចំនួន ៨៨ គ្រឿង​សម្រាប់​តម្រូវការ​រយៈពេល ៣០ ឆ្នាំ និង​អាច​បន្ថែម​ទូឧបករណ៍ Server បាន​រហូតដល់​ចំនួន ១៧២ គ្រឿង​។​​

ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ លោក វិសុទ្ធ បាន​ថ្លែងថា​៖ «​អគារ​ថ្មី​នេះ គឺជា​មជ្ឈមណ្ឌល​ស្ដារ​ព័ត៌មាន​សម្រាប់​ធនាគារ ប្រសិនបើ​មាន​ហានិភ័យ​ណាមួយ​កើតឡើង​ចំពោះ​មជ្ឈមណ្ឌល​កណ្ដាល​។ នៅពេល​ទិន្នន័យ​អតិថិជន និង​ធនាគារ​របស់​យើង មាន​សុវត្ថិភាព ទំនុក​ចិត្ដ​របស់​អតិថិជន និង​សាធារណជន​មកលើ​ធនាគារ​នឹង​កាន់តែ​រឹងមាំ​ថែមទៀត​។ ម្យ៉ាងវិញទៀត អតិថិជន​របស់​ធនា​គារ​អេស៊ីលីដា នឹង​កាន់តែ​ងាយស្រួល​ក្នុង​ការ​ចូល​ទៅ​ប្រើប្រាស់​សេវា​ធនាគារ ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​កាន់​​ ធនាគារ​ដោយផ្ទាល់​នោះ​ឡើយ»។​

លោក​បន្ថែមថា​៖ «​ដើម្បី​សុវត្ថិភាព​ប្រព័ន្ធ​ធនាគារ ក្រុម​អ្នក​ឯកទេស​ព័ត៌មានវិទ្យា បាន​ណែនាំ​ឲ្យបង្កើត​មជ្ឈមណ្ឌល​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ធនាគា​រ ​លើសពី​មួយ​កន្លែង ដើម្បី​បង្ការ​ហានិភ័យ និង​បញ្ហា​អវិជ្ជមាន​ណាមួយ​ដែល​អាច​កើតឡើង ដូច​ជា គ្រោះ​រញ្ជួយ​ដី ទឹកជំនន់ អគ្គីភ័យ ឬ​ការ​បំផ្ទុះ​គ្រាប់បែក​។ យើង​មាន​មជ្ឈមណ្ឌល​រក្សាទុក​ទិន្នន័យ​កណ្ដាល​មួយ​ហើយ ហើយ​យើង​នឹងមាន​មជ្ឈមណញឌល​ស្ដារ​ទិន្នន័យ​មួយ បន្ទាប់ពី​ការ​សាងសង់​ត្រូវបាន​បញ្ចប់​»។​​

យោងតាម​លោក វិសុទ្ធ អគារ​ថ្មី​នេះ នឹង​ត្រូវបាន​សាងសង់ឡើង​យ៉ាង​​ពិសេស​ដើម្បី​ធានា​ស្ដង់ដារ​សុវត្ថិភាព​ខ្ពស់ និង​ផ្ទុក​ទូ​ឧបករណ៍ Server ធំៗ ដែល​នឹង​ផ្គត់​ផ្គង់ និង​បំពាក់​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្ដរជាតិ​។ ទោះជា​យ៉ាងណា លោក​ពុំបាន​ផ្ដល់ព័ត៌មាន​លម្អិត​អំពី​ការចំណាយ​ទៅលើ​ការបំពាក់​សម្ភារ​ បច្ចេក​វិទ្យា​ទាំង​នោះ​ឡើយ។​

​លោក វិសុទ្ធ និយាយថា​ ៖ «អគារ​ថ្មី​នេះ នឹង​សាង​សង់ឡើង​ពី​គ្រឿងសំណង់​ធម្មតា ប៉ុន្តែ រចនាសម្ព័ន្ធ​​អគារ​នឹងត្រូវ​បំពាក់​ទៅដោយ​បច្ចេកវិទ្យា​ទំនើប​ ផ្គត់ផ្គង់ដោយ​ក្រុមហ៊ុន​ល្បីៗ​លើ​ពិភព​លោក​។ ខ្ញុំមិនអាច​លម្អិត​បានទេ ប៉ុន្តែ ការចំណាយ​លើ​គម្រោង​នេះ ស្ថិតក្នុង​រង្វង់ ១៣ លាន​ដុល្លារ​អាមេរិក ក្នុងនោះរួមទាំង​អគារ​ការិយាល័យ​ថ្មី​មួយ​នៅក្នុង​ស្រុក​មុខកំពូល​ផងដែរ​»។​ ​

លោក វិសុទ្ធ ឲ្យ​ដឹង​បន្ថែមថា ធនាគារ​របស់លោក​បាន​ចំណាយ​ប្រាក់​យ៉ាងតិច ៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ទៅលើ​សុវត្ថិភាព​ទិន្នន័យ ដើម្បី​ធានា​សុវត្ថិភាព​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ធនា​គារ​ពី​ការ​វាយ​ ប្រហារ​ណាមួយរ​បស់​ក្រុមហ៊ុន​ហែក​ឃើ​រ​។​​

រហូតមកដល់​សព្វថ្ងៃ​នេះ កាត​អេ​ឡិច​ត្រូ​និ​ក​ប្រហែល ២ សែន​បន្ទះ ក្នុងនោះ​មាន​ទាំង​កាត ATM និង​វី​សា​កាតផងដែរ ត្រូវបាន​ធនាគារ​អេស៊ីលីដា​ចេញ​ឲ្យ​អតិថិជន​របស់ខ្លួន ខណៈដែល​ធនាគារ​នេះ​បានធ្វើ​ប្រតិបត្តិការ​ជាមួយ​សាខា​របស់ខ្លួន​ចំនួន ៣០៤ កន្លែងនៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ធនាគារ​មួយ​នេះ ក៏មាន​សាខា​របស់ខ្លួន​ទៅ​ប្រទេស​ឡាវ និង​ប្រទេស​ភូមា​ផងដែរ​៕

 

១​ មករា ២០១៦

​ប្រភពដើម៖ ភ្នំពេញប៉ុស្ត៏


Leave a Comment