អ្នក​វិនិយោគ​វិស័យ​សំណង់​រួម​គ្នា​បង្កើត​សមាគម​ អ្នក​អភិវឌ្ឍ​លំនៅឋាន​កម្ពុជា​

អ្នក​វិនិយោគ​វិស័យ​សំណង់​រួម​គ្នា​បង្កើត​សមាគម​ អ្នក​អភិវឌ្ឍ​លំនៅឋាន​កម្ពុជា​

ក្រុម​អ្នក​វិនិយោគ​វិស័យ​សំណង់​ចំនួន​ជាង​៣០​ក្រុមហ៊ុន​ធំៗ​បានរួម​គ្នា បង្កើត​ជា​សមាគម​អ្នក​អភិវឌ្ឍ​លំនៅឋាន​កម្ពុជា ក្នុង​គោលដៅ​ធ្វើ​ឲ្យ​អ្នក​រក​ស៊ី​នៅ​ក្នុង​វិស័យ​នេះ​អាច​ធ្វើ​ការ​រួម​ គ្នា ដើម្បី​ពង្រឹង​គុណភាព​សំណង់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។​

​លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​សមាគម​អ្នក​អភិវឌ្ឍ​លំនៅឋាន​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា​៖ «​លោក​ឧកញ៉ា លី ហួរ ត្រូវ​បាន​សមាជិក​ភាគច្រើន​បោះឆ្នោត ផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​ធ្វើជា​ប្រធាន​សមាគម​ថ្មី​នេះ ដែល​មាន​អាណត្តិ​៣​ឆ្នាំ​ម្តង​។ សមាជិកសមាគម​នេះ មាន​សមាស​ភាពជា​អ្នក​វិនិយោគ​លើ​វិស័យ​លំនៅឋាន ខុន​ដូ អា​ផាត​មិន និង​ក្រុមហ៊ុន​សាងសង់​។ លោក​បន្តថា សមាគម​នេះ​មាន​ប្រធាន​មួយ​រូប អនុ​ប្រធាន​៨​រូប និង​អគ្គលេខាធិការ​មួយ​ក្រុម ដែល​ធ្វើ​ការងារ​តាម​ជំនាញ​របស់​ពួក​គេ​។​

​លោក​បន្តថា ៖ «​ការ​បង្កើត​សមាគម​នេះ មាន​គោល​ដៅ​ធ្វើ​ការ​ផ្លាស់​ប្តូរ​បទពិសោធ​គ្នា​ទៅវិញ​ទៅមក​ក្នុង​វិស័យនេះ​ ទំនាក់ទំនង​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការ​បង់ពន្ធ ក៏ដូចជា​បញ្ហា​ផ្លូវ​ច្បាប់​ដែល​ពួកគេ​ជួបប្រទះ​»​។ លោក​បន្តថា ៖ «​សមាជិក​នឹង​ធ្វើ​ការរួម​គ្នា​ធ្វើ​យ៉ាង​ណា​អភិវឌ្ឍន៍​លំនៅឋាន​ឲ្យ​មានគុណ​ ភាព និង​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ចូលរួម​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​សង្គម​»​។​

​គួរ​រំឭក​ថា តាម​អ្វីដែល​ជាការ​ចងចាំ​រប​ស់​អ្នកតាមដាន​នៅក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សមាគម​អ្នក​អភិវឌ្ឍ​លំនៅឋាន​កម្ពុជា បាន​បង្កើតឡើង​តាំងពី​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ គឺមាន​អាយុ​កាល​ប្រហាក់​ប្រហែល​និង​សមាគម​អ្នកវាយតម្លៃ​អចល​ទ្រព្យ​កម្ពុជា (CVEA) ផង​ដែរ​។ ប៉ុន្តែ​សមាគម​អ្នក​អភិវឌ្ឍ​លំនៅឋាន​កម្ពុជា ដែល​អះអាង​ថា ទើបនឹង​បង្កើត​ថ្មី​នោះ​ក៏ត្រូវ​ម្យ៉ាងដែរ ព្រោះ​តាំង ពី​អតីតកាល​នៃ​ការបង្កើត​សមាគម​អ្នក​អភិវឌ្ឍ​លំនៅឋាន​កម្ពុជា នោះមក​គឺ​គេ​ពុំ​សូវ​ឃើញ​សកម្មភាព​របស់​ស្ថាប័ន​នេះ​ទេ​។​

​នៅពេល​សួរថា ប្រសិនជា​ក្រុមហ៊ុន​ណាមួយ​ជា​សមាជិកសមាគម​អភិវឌ្ឍ​លំនៅឋាន​មាន​កំហុស​នោះគេ​ នឹង​ទទួលរង​ពិន័យ​ផ្សេងៗ ឬ​ដក​ចេញពី​សមាជិក​សមាគម​ដែរឬទេ​?​លោក ហ៊ុយ វណ្ណា បាន​ថ្លែងថា ៖ «​យើង​មិន​ទាន់​គិតដល់​បញ្ហា​នេះ​នៅឡើយ​ទេ​គឺ​យើង​ដោះស្រាយ​បញ្ហា​ប្រឈម​ ជាមួយ​សមាជិក​ដែល​មាន​បញ្ហា​ច្បាប់ ឬ​កា​របង់ពន្ធ​ជាមុនសិន​»​។​

​លោក ហ៊ុយ វណ្ណា បាន​បន្ត​ថា សមាគម​នឹង​បើកទ្វារ​ពង្រីក​សមាជិក​ភាព​របស់​ខ្លួន​បន្ត​ទៀត ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន អាច​ចូល​ជា​សមាជិក​សមាគម​នេះ​បាន​គឺជា​ក្រុមហ៊ុន​ស្រប​ច្បាប់​និង​ត្រូវ​ បង់ប្រាក់​សមាជិក​ភាព​ចំនួន​៣០០០​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​លោក​ឧកញ៉ា លី ហួរ ម្ចាស់​បុរី​វិមាន​ភ្នំពេញ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​លី​ហួរ​គ្រុប ដែលជា​ប្រធាន​សមាគម​នេះ​បាន​ថ្លែងថា​៖ «​ស្របពេល​នឹង​ការរីកចម្រើន​របស់​ប្រទេសជាតិ​យើង​វិស័យសេដ្ឋកិច្ច​ដែល​ឈាន​ ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ជា​ពិសេស​នៅ​ក្នុង​នោះ ក៏មាន​វិស័យ​សំណង់ អ៊ីចឹង​ម្ចាស់​ក្រុមហ៊ុន​នានា ដូចជា​ម្ចាស់​បុរី​ជាច្រើន​បាន​មូលមតិ​គ្នា ដើម្បី​បង្កើតជា [​សមាគម​អ្នក​អភិវឌ្ឍ​លំនៅឋាន​កម្ពុជា​] ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការងារ​រួមគ្នា​»​។​

​លោក​បន្តថា ៖ «​និន្នាការ​របស់​យើង​សព្វ​ថ្ងៃនេះ​វិស័យ​សំណង់​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ នៅ​ប្រទេស​កម្ពុជា មាន​ទាំង​អ្នក​អភិវឌ្ឍ​ក្នុង​ស្រុក​ក៏ដូចជា​បរទេស​បាន​ចូលរួម​ចំណែក​យ៉ាង​ ច្រើន​»​។​

​លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​ថ្លែងថា លោក​សូម​អបអរ​សាទរ​ចំពោះ​ការបង្កើត​សមាគម​នេះ ដែល​នឹងធ្វើ​ឲ្យ​មាន​សំឡេង​ផ្សេងៗ​គ្នា​អាច​លើក​ជា​សំណូមពរ​អ្វី​មួយ​ទៅ​ រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព ព្រោះ​ពេល​ណា​មាន​បណ្តុំ​សំឡេង​មួយ គឺ​ចំណេញ​ដល់​រដ្ឋាភិបាល​អាច​គ្រប់​គ្រង​ទិន្នន័យ​អភិវឌ្ឍ​បាន និង​ដឹង​ពី​ការអភិវឌ្ឍ​លំនៅឋាន​ស្ថិតនៅ​ទីតាំង​ណាមួយ​។​

​លោក​បន្តថា ៖ «​ទោះជា​យ៉ាងណា​សមាគម​ថ្មី​នេះ គួរ​ធ្វើការ​សិក្សា​ជាមួយ​គណៈ​ស្ថាបត្យករ​កម្ពុជា ទាក់ទង​នឹង​សោភ័ណភាព​គុណភាព​សំណង់ ដើម្បី​ធ្វើ​ឲ្យ​ចរន្ត​នៃ​ការអភិវឌ្ឍ​មាន​ភាព​ស្ថិតស្ថេរ​ចីរកាល​»​។

លោក​បន្តថា ៖ «​បច្ចុប្បន្ន​មាន​បុរី​មួយចំនួន​បាន​បិទ​ច្រកចេញ​ចូលក្នុងរង្វង់​បុរី​ របស់ខ្លួន មិនអាច​ភ្ជាប់​ទៅកាន់​សហគមន៍ ឬ​បុរី​ផ្សេង​ទៀត​នេះ​ជាការ​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព ប៉ុន្តែ​ពួកគេ​គួរ​គិតគូរ​ផងដែរ ប្រសិន​ជាមាន​បញ្ហា​ចរាចរណ៍ ឬ​បញ្ហា​ណាមួយ​ពួកគេ​គួរ​មាន​ផ្លូវ ឬ​ច្រក​ចេញ​ណា​ផ្សេង​ដែរឬទេ​?»​។​

​លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ​អចលនទ្រព្យ​កម្ពុជា (CVEA) បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ដំណឹង​ថ្មី​នេះ ហើយ​លោក​សង្ឃឹមថា នឹង​បាន​សហការ​ជា​ដៃគូ​ដើម្បី​ការអភិវឌ្ឍ​នៅក្នុង​ឧស្សាហកម្ម​អចលនទ្រព្យ​ កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។ លោក​បន្តថា ៖ «​វា​ពិតជា​ល្អ​សម្រាប់​ពួក​យើង​ទាំង​អស់​គ្នា ព្រោះ​ការរៀបចំ​ឲ្យ​មានដំណើរ​ការ​សមាគម​នេះ​(​សាជាថ្មី​ឡើងវិញ​)​ដោយ​ពួក​ គាត់​គឺជា​ក្រុម​អ្នក​សាងសង់ រីឯ​ពួកយើង (CVEA) គឺជា​ភ្នាក់ងារ​អ្នកលក់​។ ដូច្នេះ​យើង​ទាំងពីរ​ពិតជា​ដៃគូ​សហការ​គ្នា​យ៉ាង​ល្អ​នៅ​ថ្ងៃ​ខាង​មុខ​»​។​

​ដោយមាន​បទពិសោធ​ច្រើន​នៅក្នុង​វិស័យ​អចលនទ្រព្យ រួម​ទាំង​បទពិសោធ​នៃ​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​នៅ​ខាងក្រៅ​ប្រទេស​ កម្ពុជា​ផង​នោះ លោក ហ៊ាង បាន​បញ្ជាក់​ថា ៖ «​ចលនា​សកល​ភា​វូ​នីយកម្ម នាពេល​បច្ចុប្បន្ន​នេះ គឺ​តម្រូវ​ឲ្យ​អ្នករកស៊ី​ត្រូវតែ​សហការគ្នា​ជា​ធ្លុង​មួយ​ជាមួយគ្នា ដូចជា ការ​[​បង្កើត​សមាគម​អ្នក អភិវឌ្ឍ​លំនៅឋាន​កម្ពុជា​] នេះ​ឡើង គឺ​ដើម្បី​ធ្វើ​ឲ្យ​ពួកគាត់​មាន​សំឡេង​រួម​ខ្លាំង​តែមួយ (One Voice and Strong)»៕

ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment