អ្នក​អភិវឌ្ឍ​បុរី​នានា​មិន​ទាន់​បង្ហាញ​គម្រោង​ច្បាស់លាស់​សម្រាប់​ឆ្នាំ​នេះ

អ្នក​អភិវឌ្ឍ​បុរី​នានា​មិន​ទាន់​បង្ហាញ​គម្រោង​ច្បាស់លាស់​សម្រាប់​ឆ្នាំ​នេះ

កំណើន​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ភាព​ពេញ​ប្រៀប​នៃ​ទីផ្សារ​នេះ​បាន​ធ្វើឲ្យ​អ្នក​អភិវឌ្ឍ​បុរី​នានា​ហាក់ ​អង្គុយ​ស្ងៀម​មួយ​រយៈ​ដើម្បី​សង្កេត​មើល​ទីផ្សារ និង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​ជាក់ស្តែង​អ្នក​អភិវឌ្ឍ​បុរី​នានា​មិន​ ទាន់​បាន​បង្ហាញ​​ពី​គម្រោង​របស់​ខ្លួន​ច្បាស់លាស់​នៅ​ទ្បើយ​នៅ​ដើម​ឆ្នាំ​ ២០១៦ ​នេះ​។

អ្នកនាង ឆាយ ស៊ីណា ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ ថា​ក្រុមហ៊ុន​កំពុង​គ្រោង​ពង្រីក​បុរី​នៅ​ទីតាំង​ថ្មីៗ​បន្ថែម​ទៀត​នៅ​ឆ្នាំ ​នេះ​ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ចាប់ផ្តើម​នៅ​ពេល​ណា​​ជាក់លាក់​នោះ​ទេ​ព្រោះ​ ក្រុមហ៊ុន​កំពុង​សិក្សា និង​ពង្រឹង​គុណភាព​រចនាប័ទ្ម​លំនៅឋាន និង​រៀបចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​។

អ្នកនាង​បន្ត​ថា​ធៀប​នឹង​ឆ្នាំ​ ២០១៤ និង​ឆ្នាំ​ ២០១៥ ​កន្លង​មក​ថ្មីៗ​នេះ​ការ​លក់​ផ្ទះ​ក្នុង​បុរី​វិមានភ្នំពេញ​កើន​ឡើង​​ចន្លោះ ​ ១៨ ទៅ​ ២០ ​ភាគរយ​ជាក់ស្តែង​គម្រោង​ទី​ ៥ របស់​បុរី​វិមានភ្នំពេញ​ដែល​ផ្តោត​លើ​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម​បាន​លក់​ អស់​ ៩០ ​ភាគរយ​ចំណែក​គម្រោង​ទី​ ៤ និង​ទី​ ៣ ​ក៏​លក់​អស់​ចន្លោះ​ពី ៩០ ទៅ​ ៩៥ ​ភាគរយ​ផង​ដែរ​។

អ្នកនាង បិច សុគន្ធារី នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​ដូនពេញ​លែនដ៍​ដែល​កំពុង​សាងសង់​បុរី​ វីទ្បាថោន​នៅ​តំបន់​ចាក់អង្រែ​លើ​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ក្រុមហ៊ុន​មិន​ទាន់ ​ចាប់ផ្តើម​សាងសង់​បុរី​ថ្មី​នោះ​ទេ​ដោយ​កំពុង​​សង្កេត​មើល​​ស្ថានភាព​ ទីផ្សារ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្រុមហ៊ុន​គ្រោង​ចាប់ផ្តើម​គម្រោង​ថ្មី​នៅ​ ពាក់​កណ្តាល​ឆ្នាំ​នេះ​ព្រោះ​ក្រុមហ៊ុន​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា​នៅ​ ទ្បើយ​។

អ្នកនាង​បន្ត​ថា ​គម្រោង​​ថ្មី​ដែល​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​គ្រោង​បោះ​ទុន​ វិនិយោគ​ច្រើន​ជាង​មុន និង​ស្ថិត​នៅ​លើ​ទំហំ​ដី​ធំ​ជាង​មុន​ដោយ​មាន​ប្រភេទ​ផ្ទះ​ចម្រុះ​ដូចជា​ផ្ទះ ​ល្វែង វីទ្បា និង​វីទ្បា​ភ្លោះ​ជាដើម​។

កញ្ញា​បន្ត​ថា​៖ «​​គម្រោង​ទី​ ១ របស់​យើង​ដែល​មាន​ផ្ទះ​ចំនួន ២០០ ​ខ្នង​បាន​លក់​អស់​ ១០០ ​ភាគរយ​ហើយ​ដោយ​ផ្ទះ​ទាំង​នោះ​លក់​ក្នុង​តម្លៃ​ចាប់​ពី ១៥ ​ម៉ឺន ដល់ ៦០ ម៉ឺន​ដុល្លារ​អាមេរិក​»​។

លោក ង៉ែត ពិសិដ្ឋ ជំនួយការ​អគ្គនាយក​បុរី​ពិភពថ្មី​បាន​ថ្លែង​ឲ្យ​​ដឹង​ផង​ដែរ​ថា​បុរី​ពិភព​ ថ្មី​មិន​មាន​ផែនការ​ពង្រីក​ទីតាំង​ថ្មី​នោះ​ទេ​ប៉ុន្តែ​បុរី​នឹង​ពង្រីក​នៅ ​លើ​ដី​ដែល​មាន​ស្រាប់​នៅ​តំបន់​ចំការដូង និង​សង្កាត់​កំបូល​តាម​ផ្លូវ​ជាតិ​លេខ​ ៤ បន្ថែម​ទៀត​សម្រាប់​ប្រភេទ​ផ្ទះ​ល្វែង​ដែល​មាន​តម្លៃ​ចន្លោះ​ពី​ជាង ៥ ​ម៉ឺន​ដុល្លារ​ដល់​ ១០ ​​ម៉ឺន​ដុល្លារ​អាមេរិក​។

លោក​បន្ត​ថា៖ «​ការ​លក់​បុរី​ពិភពថ្មី​នៅ​តែ​ល្អ​ជាធម្មតា​កាលពី​ឆ្នាំ​ចាស់​ហើយ​ឆ្នាំ​ ថ្មី​​ ២០១៦ ​នេះ​យើង​រំពឹង​ថា​ការ​លក់​នឹង​បន្ត​មាន​ភាព​ប្រសើរ​បន្ថែម​ទៀត​»​។

បុរី​ប៉េងហួត​ដែល​ជា​បុរី​ធំ​ជាង​គេ​នៅ​កម្ពុជា​ក៏​មិន​ទាន់​បង្ហាញ​គម្រោង​របស់​ខ្លួន​ច្បាស់លាស់​ផង​ដែរ​សម្រាប់​ឆ្នាំ​ ២០១៦ ​នេះ​។

បុគ្គលិក​មួយ​រូប​នៃ​បុរី​ប៉េងហួត​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ ឈ្មោះ​ថា​រហូត​មក​ទល់​ពេល​នេះ​បុរី​ប៉េងហួត​មិន​ទាន់​បញ្ចេញ​គម្រោង​របស់​ ខ្លួន​ជាក់លាក់​នៅ​ទ្បើយ​ទេ​។

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ប៊ុណ្ណារៀលធីគ្រុប​ដែល​បាន​បញ្ចប់​ កាលពី​ចុង​ឆ្នាំ​នេះ​បាន​រក​ឃើញ​ថា​គិត​ត្រឹម​ចុង​ត្រីមាស​ទី​ ៣ ឆ្នាំ ២០១៥ ចំនួន​បុរី​នៅ​កម្ពុជា​បាន​កើនទ្បើង​ពី ៧៤ ​បុរី កាលពី​ឆ្នាំ ២០១៤ ដល់ ១១០ ​បុរី​នៅ​ឆ្នាំ​ ២០១៥ កន្លង​មក​នេះ និង​មាន​គម្រោង​លំនៅឋាន​សរុប​ចំនួន ១៥១ ​គម្រោង​ និង​ចំនួន​លំនៅឋាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​បាន​កើន​រហូត​ដល់​ ៤៧០០០ ​ខ្នង​ធៀប​នឹង​ឆ្នាំ​មុន​ ​(២០១៤) ​​មាន​លំនៅឋាន​ប្រមាណ ៤២០០០ ​ខ្នង​។

ការ​សិក្សា​ក៏​បាន​រកឃើញ​ផង​ដែរ​​ថា​អត្រា​នៃ​ការ​លក់​ចេញ​នៃ​លំនៅឋាន​ ទាំង​នោះ​បាន​កើនទ្បើង​ដល់ ៨០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​ដែល​អត្រា​លក់​លំនៅឋាន​មាន​ចំនួន​ទាប​ជាង​នេះ​។ លំនៅឋាន​​ដែល​លក់​ដាច់​ជាង​គេ​គឺ​ប្រភេទ​ផ្ទះល្វែង​ដែល​មាន​តម្លៃ​ជា​មធ្យម ៤៤ ​ពាន់​ដុល្លារ​ដល់​ ១៩ ​ម៉ឺន​ដុល្លារ​អាមេរិក​។ ចំណែក​ប្រភេទ​ផ្ទះ​វីទ្បា​ក៏​មាន​ការ​កើន​ទ្បើង​ផង​ដែរ ដែល​ផ្ទះ​វីទ្បា​មាន​តម្លៃ​ចាប់ពី​ជាង ៦ ម៉ឺន​រហូត​ដល់​​ជាង ១ ​លាន​ដុល្លារ​អាស្រ័យ​លើ​ប្រភេទ​ផ្ទះ ទំហំ និង​រចនាប័ទ្ម​ផ្ទះ​នីមួយៗ​។

លោក សេង សុភ័ក្រ អគ្គនាយករង​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា ស៊ីភីអ៊ិល បាន​ថ្លែង​ថា​ចរន្ត​នៃ​ការ​ទិញ​លក់​លំនៅឋាន​បាន​ថយ​ល្បឿន​បន្តិច​នៅ​ឆ្នាំ​ នេះ​ធៀប​នឹង​ឆ្នាំ​មុន​ដោយសារ​បញ្ហា​មួយ​ចំនួន​ដូចជា កម្ដៅ​នយោបាយ ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច និង​ធនាគារ​មួយ​ចំនួន​បាន​បិទ​បញ្ជីរ​នៅ​​ចុង​ឆ្នាំ​ ២០១៥ ដោយសារ​ពួកគេ​បាន​ផ្តល់​ឥណទាន​ដល់​កម្រិត​កំណត់​របស់​ខ្លួន​ហើយ​មិន​ទាន់​ បាន​​បញ្ចេញ​ឥណទាន​ថ្មី​សម្រាប់​ឆ្នាំ​ ២០១៦ ​នេះ​នៅ​ឡើយ​ទេ​។

លោក​បន្ត​ថា​ការ​ចង់​ឆ្អែត​នៃ​ការ​ទិញ​លក់​នៅ​ក្នុង​ទីផ្សារ​នេះ​ក៏​កំពុង​ធ្វើ​ឲ្យ​តម្រូវការ​បុរី​នានា​ថយ​ចុះ​ល្បឿន​ផង​ដែរ​។

លោក សុភ័ក្រ បន្ត​ថា៖ «​បើ​ទោះបី​ជា​ដំណើរការ​នៃ​ការ​ទិញ​លក់​យឺត​ជាង​ឆ្នាំ​មុន​ក្តី​តែ​បរិយាកាស ​ទូទៅ​នៃ​ការ​វិនិយោគ​លើ​បុរី​នានា​នៅ​កម្ពុជា​មិន​មាន​បញ្ហា​អ្វី​ធំដុំ​ នោះ​ទេ​»៕

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment