​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​ថយ​ចុះ​ ខណៈ​ដី​ស្រែ​ចម្ការ​មាន​តម្លៃ​ខ្ពស់ ​ដោយសារ​រោងចក្រ​ឧស្សាហកម្ម​ពង្រីក​ទៅ​កាន់​ទី​ជនបទ

​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​ថយ​ចុះ​ ខណៈ​ដី​ស្រែ​ចម្ការ​មាន​តម្លៃ​ខ្ពស់ ​ដោយសារ​រោងចក្រ​ឧស្សាហកម្ម​ពង្រីក​ទៅ​កាន់​ទី​ជនបទ

ទោះបី​ជា​ការ​នាំ​ចេញ​នៃ​ផលិតផល​ស្រូវ​មាន​ការ​កើនឡើង​ចំនួន ៣៩ ​ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៥ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៤ ក៏ដោយ​ក៏​ផល​ចំណេញ​ដែល​មិន​មាន​ស្ថិរភាព​របស់​កសិករ​ជា​​លក្ខណៈ​គ្រួសារ​ ខ្នាត​តូច និង​ការ​ហូរចូល​នៃ​រោងចក្រ​បាន​និង​កំពុង​តែ​ធ្វើ​ឲ្យ​កសិករ​បែរ​ចេញ​ពី​ វិស័យ​កសិកម្ម​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ដី​ដែល​មាន​តម្លៃ​ហើយ​ឡើង​ថ្លៃ​ ជា​បន្តបន្ទាប់​ទន្ទឹម​នឹង​នោះ​ការ​រក​ប្រាក់​ចំណូល​តាមរយៈ​ការ​ធ្វើការ​នៅ​ តាម​រោងចក្រ​ដែល​នាំឲ្យ​មាន​ការ​ខ្វះខាត​កម្លាំង​​ពលកម្ម និង​ផលិតផល​កសិកម្ម​ខ្នាត​តូច​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​តម្លៃ​ដី​នៅ​តាម​​ ផ្លូវ​ជាតិ​លេខ​ ២ និង​ផ្លូវ​ជាតិ​លេខ​ ៣ បាន​ឡើង​ថ្លៃ​ពី ២០ ទៅ​ ៣០ ភាគរយ​នៅ​ឆ្នាំ​មុន​ដែល​បណ្តាល​មកពី​ការ​លក់​ដី​របស់​កសិករ​ក៏​ដូចជា​ការ​ កើន​ឡើង​នៃ​ចំនួន​អ្នក​វិនិយោគ និង​ម្ចាស់​រោងចក្រ​ដែល​កំពុង​តែ​ស្វែងរក​ទីតាំង​ដើម្បី​បើក​អាជីវកម្ម​នៅ​ ដង​ផ្លូវ​សេដ្ឋកិច្ច​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​ហូជីមិញ​ជាដើម។

លោក យិន លន កសិករ និង​ជា​អ្នក​គួកជេ​ដី​នៅ​ខេត្ត​តាកែវ​មាន​ដី​ចម្ការ​មួយ​នៅ​តាម​ដង​ផ្លូវ​ ជាតិ​លេខ​ ២ ខាង​ត្បូង​រោងចក្រ​កាត់ដេរ និង​ស្បែក​ជើង​បាន​និយាយ​ថា​៖ «​តម្លៃ​ដី​ពី​មុន​គឺ​ត្រឹម​តែ​ ១០ ទៅ​ ២០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ទេ​ប៉ុន្តែ​ឥឡូវ​បាន​ឡើង​ដល់​ទៅ​ជិត ៣០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ហើយ​»​។

លោក លន បាន​និយាយ​ថា​នៅ​ក្នុង​ភូមិ​របស់​លោក​មាន​កសិករ​តិចតួច​ណាស់​ដែលមាន​គោ​ ក្របី​។ ហេតុ​នេះ​ហើយ​ពួកគេ​ត្រូវ​ជួល​គោយន្ត​ដើម្បី​ធ្វើ​ស្រែ​ដែល​ជា​ធម្មតា​អាច​ មាន​តម្លៃ​បន្ថែម​ដល់​ទៅ ១០ ​ដុល្លារ​ក្នុង​មួយ​ហិកតា​។

កញ្ញា ភិន ស្រីឡា និស្សិត​សាកលវិទ្យាល័យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​មកពី​ខេត្ត​ត្បូងឃ្មុំ​ បាន​និយាយ​ថា​កសិករ​ជាច្រើន​នៅក្នុង​ភូមិ​របស់​កញ្ញា​បាន​លក់​ដី​របស់​ពួកគេ ​ទៅ​ឲ្យ​រោងចក្រ​ក្នុង​តម្លៃ ២,៥០ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។ នៅ​ប៉ុន្មាន​​ឆ្នាំ​ក្រោយ​នេះ​កញ្ញា​បាន​ចាប់​អារម្មណ៍​ឃើញ​មាន​រោងចក្រ​ ថ្មីៗ​នៅ​ទី​នោះ​ចំនួន​ ៤ ដែល​ក្នុង​នោះ​មាន​ឡឥដ្ឋ និង​រោងចក្រ​ឈើ​។

លោក សែម វិទូ នាយក​ប្រតិបត្តិ​នៅ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CEDAC) បាន​មាន​ប្រសាសន៍​ថា ៖ «​ដី​នៅ​តាម​បណ្តា​ផ្លូវ​ជាតិ​ទាំង​នោះ​​ត្រូវ​បាន​លក់​ហើយ​។ ដី​មួយ​ចំនួន​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​កសិករ​វិញ​ដោយ​ម្ចាស់​ដី​ចាំ​ដី​ឡើង​ ថ្លៃ​ជាង​នោះ​។ ទាំង​នេះ​ធ្វើ​ឲ្យ​​មាន​ផលប៉ះពាល់​ទៅ​ដល់​កសិករ​ដែល​បាន​លក់​ដី​ស្រែ​ចម្ការ ​របស់​ពួកគេ​»​។ លោក​បាន​បន្ត​ថា​ការ​លក់ និង​ជួល​បន្ត​នេះ​អាច​ធ្វើឲ្យ​កសិករ​ត្រូវការ​ចំណាយ​ប្រាក់​ច្រើន​ជាង​មុន​ ដើម្បី​ធ្វើ​ស្រែ​។

លោក ហ៊ាង បាន​បញ្ជាក់​ថា​ដី​ចម្ការ​ភាគច្រើន​ដែល​នៅ​តាម​ដង​ផ្លូវ​ជាតិ​គឺ​ត្រូវបា​ន​ ទិញ​ដោយ​អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​តាំង​ពី​ឆ្នាំ​ ២០០៥ និង ​២០០៦ មក​ម្ល៉េះ​ដោយ​ពួកគេ​បាន​ប្រមើល​ឃើញ​ថា​នឹង​មាន​ការ​ឡើង​ថ្លៃ​ដី​បន្ទាប់ពី​ ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បាន​បញ្ចប់​រួចរាល់​ដែល​ទាក់​ទាញ​ឲ្យ​ រោងចក្រ​ចូល​មក​ និង​ធ្វើ​ឲ្យ​តម្លៃ​ដី​ឡើង​ថ្លៃ​។

សំណង់​រោងចក្រ​ឧស្សាហកម្ម​ដែល​បាន​ខិត​កាន់​ទីជនបទ​នៅ​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន។

សំណង់​រោងចក្រ​ឧស្សាហកម្ម​ដែល​បាន​ខិត​កាន់​ទីជនបទ​នៅ​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន។ រូបថត ឌិត សុខធី

លោក វិទូ ក៏​ជឿ​ជាក់​ដែរ​ថា​កសិករ​ដែល​មាន​ដី​ខ្នាត​តូច​ជា​លក្ខណៈ​គ្រួសារ​ពួកគាត់​ កម្រ​នឹង​វិនិយោគ​លើ​ដី​ចម្ការ​ម្តង​ទៀត​ណាស់​ដោយ​ភាគច្រើន​ពួកគាត់ «​ប្រើប្រាស់​ផលចំណេញ​ពី​ការ​លក់​ដី​នោះ​សម្រាប់​ធ្វើ​ផ្ទះ ទិញ​ម៉ូតូ ឬ​សម្រាប់​មូលហេតុ​ផ្សេងៗ​ទៀត [​ដែល​ជួយ​សម្រួល​ដល់​ការ​រស់នៅ​របស់​ពួកគាត់​]»​។

លោក​បាន​បន្ត​ថា​៖ «​ពួកគាត់​ខ្លះ​ទៅ​ធ្វើការ​ឲ្យ​ម្ចាស់​ (​ស្រែ​) ​ចម្ការ​ផ្សេងៗ​ជាពិសេស​នៅ​រដូវវស្សា​ប៉ុន្តែ​ជាពិសេស​ស្ត្រី​ពួកគាត់​ទៅ​ ធ្វើការ​ក្នុង​រោងចក្រ​។ មាន​ករណី​ខ្លះ​កសិករ​ទាំង​នោះ​ក៏​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ផង​ដែរ​»​។

បើ​តាម​អ្នកស្រី អោម ពៅ ដែល​ជា​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​បង្ហាញ​ថា​ការ​ធ្វើ​ចំណាក​ស្រុក​នេះ ​បាន​នាំ​ឲ្យ​មាន​កង្វះ​ខាត​កម្លាំង​ពលកម្ម។

អ្នកស្រី​បាន​ពន្យល់​ថា​ ៖ «​មាន​យុវវ័យ​ទៅ​ធ្វើការ​នៅ​រោងចក្រ​រាល់​ព្រឹក​ទាំង​ឡានៗ​ដូច្នេះ​ពុំ​សូវ​ មាន​អ្នក​ជួយ​ធ្វើការ​នៅ​ស្រែ​ចម្ការ​ទេ​»​។

អ្នកស្រី​បន្ត​ថា​នៅ​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ស្ទើរតែ​អ្នក​ រស់នៅ​ក្នុង​​ភូមិ​របស់​អ្នកស្រី​ទាំងអស់​បាន​បោះបង់​ចោល​ការ​ធ្វើ​ស្រែ​ ចម្ការ​ហើយ​ទៅ​ធ្វើការ​ក្នុង​រោងចក្រ​កាត់ដេរ និង​រោងចក្រ​ស្បែក​ជើង​។

លោក វិទូ បាន​មាន​ប្រសាសន៍​ថា​កសិករ​​ភាគ​ច្រើន​ដែល​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​បាន ​លើក​ឡើង​ពី​ហេតុផល​នៃ​ការ​លក់​ដី​គឺ​មកពី​ការ​ទទួល​បាន​ផលកម្រៃ​តិចតួច​ពី​ ការ​ផលិត​ស្រូវ​ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល​ដូចជា ទឹកជំនន់ និង​គ្រោះ​រាំង​ស្ងួត​នៅ​រយៈពេល​ ៤ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

បន្ថែម​ពី​នេះ​ទៅ​ទៀត​ការ​ថយ​ចុះ​នៃ​ការ​ចិញ្ចឹម​ជីវិត​ដោយ​វិស័យ​ កសិកម្ម​នេះ​ក៏​ថយ​ចុះ​ដោយសារ​តែ​អាជីព​នេះ​កំពុង​តែ​បាត់បង់​ចំណុច​ទាក់ទាញ ​ហើយ​ក៏​មាន​ឱកាស​ការងារ​ថ្មីៗ​កំពុង​តែ​កើនឡើង​ជាពិសេស​ក្នុង​ចំណោម​យុវវ័យ ​សម័យ​ក្រោយ​នេះ​។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​មាន​ឈ្មោះ​ថា ៖ «ការ​បង្ហាញ​ពី​ចន្លោះ​នៃ​ជំនាញ Addressing the skills gap» បាន​បង្ហាញ​ពី​និន្នាការ​នៃ​ការ​ផ្លាស់ប្តូរ​អាជីព​ចេញ​ពី​វិស័យ​កសិកម្ម​។ ការ​ស្រាវជ្រាវ​នេះ​បាន​ឲ្យ​ឃើញ​ថា​មាន​ការ​ថយចុះ​នៃ​ការងារ​ក្នុង​​វិស័យ​ កសិកម្ម​នៅ​ទូទាំង​ប្រទេស​ដោយ​កាលពី​ឆ្នាំ​ ២០១២ អត្រា​ការងារ​នេះ​​មាន ៥១ ​ភាគរយ​ហើយ​បាន​ចុះ​មក​ត្រឹម ៤៨,៧ ​ភាគរយ​នៅ​ក្នុង​ឆ្នាំ​ ២០១៣។ ជាមួយ​គ្នា​នេះ​ផង​ដែរ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ដូចជា​ការងារ​រោងចក្រ​ អត្រា​នេះ​​បាន​កើនឡើង​ពី​ ១៨,៦ ​ភាគរយ​ទៅ​ ១៩,៩ ​ភាគរយ​ពី​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ ២០១៣ ​។

របាយការណ៍​នេះ​ក៏​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ដែល​ ចំនួន​អ្នក​ដែល​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់​ចុះ ២,៨ ​ភាគរយ​ពី​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ​ ២០១៣ ដោយ​ឡែក​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​អត្រា​នេះ​បាន​កើន​ឡើង​ដល់​ទៅ ១៩ ​ភាគរយ។

លោក ដេវីដ វ៉ាន់ នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ទីប្រឹក្សា​ជំនួញ Bower Group Asia បាន​មាន​ប្រសាសន៍​ថា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ មាន​ការ​ធ្លាក់​ចុះ​នៃ​កម្លាំង​ពលកម្ម​ពី​ក្នុង​វិស័យ​កសិកម្ម​គឺ​ដោយសារ​ កសិករ​បាន​ឲ្យ​ដី​ចម្ការ​របស់​ពួកគេ​ទៅ​ដល់​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​ ហើយ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ដែល​លោក​ហៅ​ថា «​ឥទ្ធិពល​ដុំ​ព្រឹល​» អាច​បណ្តាល​មក​ពី​មិន​បាន​បង់​ប្រាក់​ទៅ​តាម​ចំនួន​ថ្ងៃ​កំណត់​។

លោក វិទូ បាន​បន្ថែម​ថា​កត្តា​សំខាន់ៗ​ផ្សេង​ទៀត​​ដែល​មាន​ឥទ្ធិពល​លើ​ផលិតផល​កសិកម្ម ​ទាប​នៅ​ប្រទេស​កម្ពុជា​គឺ​ដោយសារ​តែ​ការ​កើនឡើង​នៃ​តម្លៃ​ពលកម្ម និង​ការ​កើនឡើង​នៃ​តម្លៃ​ជី និង​សាំង​បើ​ប្រៀបធៀប​នឹង​ប្រទេស​ជិត​ខាង​។ កត្តា​ទាំង​អស់​នេះ​បាន​ជំរុញ​ឲ្យ​កសិករ​លក់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​។ ​

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​គឺជា​និន្នាការ​ដែល​កើត​ឡើង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដោយ​ចំនួន​ កសិករ​គឺ​ចេះ​តែ​មាន​ការ​ថយ​ចុះ​។ បើ​តាម​ការ​វាយ​តម្លៃ​ក្នុង​រយៈពេល ១០ ​ឆ្នាំ​ខាង​មុខ​របស់​ពួកយើង​គ្រួសារ​ជាង ២៥ ​ភាគរយ​នឹង​នៅ​តែ​បន្ត​ចិញ្ចឹម​ជីវិត​តាមរយៈ​ការ​ធ្វើ​ស្រែចម្ការ​ក្នុង​ វិស័យ​កសិកម្ម​ហើយ​ប្រហែល​ជា ៣៥ ភាគរយ​នឹង​នៅ​តែ​បន្ត​ការ​ធ្វើ​ស្រែ​ចម្ការ​។ ប៉ុន្តែ​ប្រាក់​ចំណូល​សំខាន់​របស់​ពួកគាត់​នឹង​មិន​បាន​មក​ពី​ការ​ធ្វើ​ កសិកម្ម​នោះ​ទេ​។ ចំណែកឯ​ក្រុម​គ្រួសារ​ដែល​នៅ​សល់​នឹង​បន្ត​បោះបង់​ចោល​ការងារ​ធ្វើ​កសិកម្ម​ »​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​បង្ហាញ​ពី​អារម្មណ៍​សុទិដ្ឋិនិយម​ក្នុង​បញ្ហា​នេះ​។

លោក​បាន​និយាយ​ថា​៖ «​ប្រសិន​បើ​កសិករ​លក់​ដី​ស្រែ​ចម្ការ​របស់​ពួកគេ​ហើយ​ទៅ​ធ្វើការ​ក្នុង​​ រោងចក្រ​ក្នុង​ស្រុក និង​ឧស្សាហកម្ម​នេះ​វា​ជា​រឿង​ល្អ​មួយ​ព្រោះ​កម្លាំង​ពលកម្ម​ជា​កត្តា​ សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឧស្សាហកម្ម​។ សូម្បី​តែ​នៅ​ប្រទេស​អភិវឌ្ឍ​ដែល​មាន​​ការងារ​ជាច្រើន​នៅ​ក្នុង​រោងចក្រ​ដែល ​អាច​ធ្វើ​បាន​ដោយ​ស្វ័យប្រវតិ្ត ឬ​ប្រើប្រាស់​មនុស្ស​យន្ត​ក៏ដោយ​កម្លាំង​ពលកម្ម​នៅ​តែ​មាន​លក្ខណៈ​សំខាន់​»​ ។

លោក​បាន​បន្ត​ថា​នៅ​ពេល​ដែល​ប្រទេស​មួយ​មិន​មាន​គោលនយោបាយ​អភិវឌ្ឍ​វិស័យ ​ឧស្សាហកម្ម​ដែល​មាន​និរន្តរភាព និង​អាច​ស៊ាំ​បាន​នឹង​អាកាសធាតុ​ហើយ​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម​លុប​ពី​ លើ​ក៏​ដូចជា​មិន​អើពើ​នឹង​សារ​សំខាន់​នៃ​វិស័យ​ឧស្សាហកម្ម​នោះ​ការ​អភិវឌ្ឍ​ ជា​រួម​ក៏​នឹង​ទទួល​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផង​ដែរ​៕

ថ្ងៃទី២៨ខែមករាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment