ក្រសួង​នឹង​កោះ​ហៅ​អ្នក​គ្រប់គ្រង​អគារ Gold Tower42 ពិភាក្សា​អំពី​ការ​ចាប់​ផ្តើម​សាងសង់​ជា​ថ្មី

​ក្រសួង​នឹង​កោះ​ហៅ​អ្នក​គ្រប់គ្រង​អគារ Gold Tower42 ពិភាក្សា​អំពី​ការ​ចាប់​ផ្តើម​សាងសង់​ជា​ថ្មី

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គ្រោង​នឹង​កោះ​ប្រជុំ​ជាមួយ​អ្នក​គ្រប់គ្រង​អគារ Gold Tower42 ជាន់ ម្តង ទៀត ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​កាល​បរិច្ឆេទ​ច្បាស់​លាស់​ទាក់ទង​នឹង​ដំណើរ ​ការ​សាងសង់​អគារ​នេះ​ជា​ថ្មី​ឡើង​វិញ​។

លោក ហ៊ុយ ណារ៉ា អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាល ពី​ថ្ងៃ​ចន្ទ​ថា ក្រសួង​បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​គ្រប់​គ្រង​អគារ​នេះ​ម្តង​រួច​មក​ហើយ ដោយ​ពួក​គេ​សន្យា ថា នឹង​ចាប់​ផ្តើម​សាងសង់​ឡើង វិញ​នៅ​ខែ​កុម្ភៈ កន្លង​មក​នេះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ពួកគេ​មិន​ទាន់បាន​ចាប់​ផ្តើម​នៅ​ឡើយ​ទេ​។ ពួក​គេ​បាន​សន្យា​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​មិន​បាន​អនុវត្ត​ការ​សាង​សង់​បន្ត​តាម​ការ​សន្យា​នោះ​ទេ​។

លោក​បន្ត​ថា​ ៖ «​ក្រសួង​នឹង​ជជែក​ជាមួយ​គាត់​(​អ្នក​វិនិយោគ)​ឲ្យ​ច្បាស់​ពី​មូលហេតុ​នៃ​ ការ​ផ្អាក​ការ​សាងសង់​រហូត​មក​ទល់​ពេល​នេះ ថា​តើ​ពួកគេ​មាន​ការ​ក្ស័យ​ទុន​ឬ​យ៉ាង​ណា និង​ការ​ចាប់​ផ្តើម​សាង​សង់​នៅ​ពេល​ណា មិន​អាច​ចេះ​តែ​និយាយ​នោះទេ​»​។

លោក​បន្តថា៖ «​ក្នុងនាម​អាជ្ញាធរ​យើង​នឹង​មាន​វិធានការ​ច្បាស់​លាស់​។ បើ​ក្រុម​ហ៊ុន​​មិនមាន​ទុន​សាងសង់​បន្ត​គួរ​ធ្វើ​ការ​ផ្ទេរ​(​ទៅ​ក្រុមហ៊ុន​ ដទៃ​)​ឬ​យ៉ាងណា​»​។

នៅ​ពេល​សាកសួរ​អំពី​វិធានការ​ជាក់លាក់ និង​កោះប្រជុំ​នៅ​ពេល​ណា​លោក ហ៊ុយ ណា​រ៉ា មិន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ទេ ដោយ​ឲ្យ​លោក​ឲ្យ​សួរ​ទៅកាន់​លោក ភឿង សុភ័ណ្ឌ រដ្ឋលេខា​ធិការ​ក្រសួង​ដដែល ដែល​ទទួល​បន្ទុក​ការងារ​នេះ​។

លោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូប​នីយកម្ម និង​សំណង់​បាន​ថ្លែង​ថា លោក​មិន​ទាន់​ច្បាស់​ថា គម្រោង​នេះ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ​ទេ​។

នៅ​ពេល​សួរ​អំពី​ចំណាត់ការ​របស់​ក្រសួង លោក សុភ័ណ្ឌ បាន​ថ្លែងថា​ ៖ «​សូម​សួរ​ទៅ​ខាង​រដ្ឋបាល ដែល​ដឹង​ការងារ​នេះ​ច្រើន​ជាង​ខ្ញុំ​»​។

គម្រោង Gold Tower42 ជា​អតីតៈ​គម្រោង​អគារ​ខ្ពស់​ជាងគេ​នៅ​រាជធានី​ភ្នំពេញ ដែល​បាន​ផ្អាក​ការ​សាងសង់​នៅ​ចុង​ឆ្នាំ​២០០៨ និង​បាន​ចាប់​ផ្តើម​ឡើងវិញ​នៅ​ឆ្នាំ​ ២០១០ ដែល​បាន​សាងសង់​រហូត​ដល់​ជាន់​ទី​៣២ និង​បន្ទាប់​មក​បាន​ផ្អាក​រហូត​មក​ទល់​ពេល​នេះ​។

មាន​ពាក្យ​ចចាម​អារ៉ាម​ជា​បន្ត​បន្ទាប់​ថា គម្រោង​នេះ​ត្រូវ​បាន​ទិញ​បន្ត​ដោយ​ក្រុមហ៊ុន OCIC ប៉ុន្តែ​លោក ទូច សំណាង អគ្គ​នាយក​រង​ក្រុមហ៊ុន​នេះ​បាន​បដិសេធ​ព័ត៌មាន​នេះ​។

ប្រធាន​សន្តិសុខ​ប្រចាំ​ការ​នៅ​អគារ Gold Tower42 បាន​និយាយ​ក្នុង​លក្ខ​ខ​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា លោក​បានឮ​ពី​ការ​សាងសង់​អគារ​នេះ​ឡើង​វិញ​កាលពី​អំឡុង​ដើមឆ្នាំ​នេះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​សកម្មភាព​សាង​សង់​​មិន​ទាន់​បាន​ចាប់​ផ្តើម​ នោះ​ទេ​ហើយ​ក៏​មិន​មាន​ការ​នាំ​ចូល​នូវ​សម្ភារ​សំណង់​ថ្មីៗ​ចូល​មក​ការ​ ដ្ឋាន​នេះ​នោះ​ដែរ​។

លោក​បន្ត​ថា​ ៖ «​ប្រសិន​ជា​ការ​សាងសង់​ចាប់​ផ្តើម នឹង​មាន​ការ​នាំ​ចូល​សម្ភារ​សំណង់​ថ្មីៗ​ចូលមក​ពុំខាន ប៉ុន្តែ​ពេលនេះ​អ្វីៗ​ស្ងប់​ស្ងាត់​មិន​ដឹង​ថា ពេល​ណា​គម្រោង​នេះ​ចាប់ផ្តើម​សាងសង់​ជាថ្មី​នោះ​ទេ​»​។

ជាក់​ស្តែង​កាលពី​ថ្ងៃ​ម្សិល​មិញ​ការ​ដ្ឋាន​សាងសង់​អគារ​នេះ នៅ​តែ​បិទទ្វារ​និង​របង​ស័ង្កសី​ព័ទ្ធ​ជុំវិញ​​ដដែល និង​បាន​បិទ​ទ្វារ​ចូល​ធំ​មួយ​ដែល​ស្ថិត​នៅ​ប្រ៉ប​ផ្លូវ​ព្រះមុនីវង្ស ជា​ផ្លូវ​សំខាន់​សម្រាប់​ចេញ​ចូល​ការ​ដ្ឋាន​នេះ​។

ការ​ព្យាយាម​សុំ​ជួប​អ្នក​គ្រប់គ្រង​​អគារ​នេះ​នៅ​កម្ពុជា​ដែល​ត្រូវ​ សន្តិសុខ​អះអាង​ថា ជា​ជន​ជាតិ​ខ្មែរ មិន​បាន​ជោគជ័យ​ទេ ដោយ​​លោក​​បាន​ប្រាប់​សន្តិសុខ​ថា លោក​កំពុង​ជាប់​រវល់​ប្រជុំ​ពេល​​អ្នកសារព័ត៌មាន​សុំ​ជួប ​ដើម្បី​ធ្វើ​ការ​បំភ្លឺ​ព័ត៌មាន​ទាក់ទង​នឹង​ការ​វិវត្តន៍​របស់​គម្រោង​នេះ​ ។

​អគារ Gold Tower42 ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​YUNWOO និង​សាងសង់​ដោយ​ក្រុមហ៊ុន HANIL ដែលមាន​មូលដ្ឋាន​នៅ​សាធារណរដ្ឋ​កូរ៉េ​។

លោក ប៉ូ អ៊ាវគង់ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេស៊ា​រៀល​អេស្ទេត​បាន​ថ្លែងថា ការ​ចាត់​វិធានការ​ណា​មួយ​ទៅ​លើ​ក្រុមហ៊ុន​វិនិយោគ​គម្រោង​នេះ វា​អាស្រ័យ​លើ​និយត​ករ​របស់​ខ្មែរ​យើង ព្រោះ​កម្ពុជា​មិនទាន់មាន​ច្បាប់​សំណង់​នៅឡើយ គឺ​យើង​មានតែ​សារាចរ​ប៉ុណ្ណោះ ដូច្នេះ​វា​ពិបាក​ទាំងអស់គ្នា​ទាំង​អ្នក​វិនិយោគ និង​រដ្ឋាភិបាល​។

លោក​បន្ត​ថា គម្រោង​នេះ​ប្រហែល​ជាមាន​ភាព​ស្មុគ​ស្មាញ​ច្រើន ទាំង​អ្នក​ទិញ​​គម្រោង​នេះ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ ដូច្នេះ​ពេលនេះ​អ្វី​សំខាន់​គឺ​ទាក់ទង​នឹង​អ្នក​សរសេរ​ច្បាប់​សំណង់​ថា គួរ​សរសេរ​យ៉ាងដូច​ម្តេច និង​ជំរុញ​យ៉ាង​ដូច​ម្តេច​ឲ្យ​ច្បាប់​នេះ​ឆាប់​ចប់ និង​អាច​យក​មក​​អនុវត្ត​បាន ប៉ុន្តែ​យ៉ាង​ណា​ក៏​គួរ​ធ្វើ​ឲ្យ​មាន​តុល្យភាព ដើម្បី​កុំ​ឲ្យ​មាន​ការ​ដាក់បន្ទុក​លើ​អ្នក​វិនិយោគ​ខ្លាំង​ពេក​។

លោក​បន្ត​ថា​ ៖ «​អ្វី​ដែល​សំខាន់​ពេល​នេះ គឺ​ក្រសួង​អាច​កោះ​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ជាថ្មី ដើម្បី​ស្តាប់​បញ្ហា​របស់​អ្នក​វិនិយោគ ហើយ​រក​ដំណោះស្រាយ​យ៉ាង​ដូចម្តេច ហើយ​​បើ​រក​ឃើញ​ថា បញ្ហា​នេះ​ពាក់​ព័​ន្ធ​តែ​អ្នក​វិនិយោគ​តែ​ម្នាក់ តើ​ក្រសួង​គួរ​ដាក់​បន្ទុក​យ៉ាង​ដូចម្តេច​»​។ លោក​បន្ត​ថា​៖ «​ប្រសិន​ជា ​អ្នក​វិនិយោគ​អស់​លុយ តើ​ត្រូវ​ដាក់ លក់​គម្រោង​នេះ​ឬ​យ៉ាង​ណា​?»

នៅ​ពេល​និយាយ​ពី​ការ​ចាប់​ផ្តើម​គម្រោង​នេះ​ឡើង​វិញ លោក ប៉ូ អ៊ាវគង់ បាន​ថ្លែងថា អ្វី​ដែល​សំខាន់​​គឺ​ទំនុក​ចិត្ត​ចំពោះ​គម្រោង​នេះ​មាន​ការ​ធ្លាក់​ចុះ​ បើ​ទោះ​ជា​ទីតាំង​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ក្តី តែ​គម្រោង​ខុន​ដូ​បែបនេះ គឺមាន​ភាព​ប្រកួត​ប្រជែង​ខ្លាំង​ជាមួយ​គម្រោង​ដទៃទៀត​នៅ​តំបន់​ក្បែរៗ​នេះ ហើយ​គោល​គំនិត​នៃ​ការ​វិនិយោគ​គម្រោង​នេះ​ក៏​មិន​មាន​អ្វី​ប្លែក​ពី​គេ​នោះ​ ដែរ​។

បើ​យោង​តាម​ប្រភព​អនាមិក​ដែល​ជា​អ្នក​តាម​ដាន​នៅ​ក្នុង​វិស័យ ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​ផ្តល់​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្តិ៍ អចលនទ្រព្យ ដោយ​បាន​បង្ហាញ​ថា ខណៈ​ពេល​ដែល​គម្រោង​សំណង់​នេះ​ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ជាច្រើន​ឆ្នាំ ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​លើ​គម្រោង​នេះ វា​ពុំ​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​ជម្រើស​ផ្សេង​ណា​មួយ​នៅ​ឡើយ​ទេ​។

​ប្រភព​អនាមិក​នោះ​បន្ត​ថា ទន្ទឹម​នឹង​នោះ «​ការប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​» និង​ការ​សាងសង់​សំណង់​នោះ​ឲ្យ​មាន​គុណភាព​ប្រសិទ្ធភាព ក៏​ពុំ​ត្រូវបាន​គេ​ជឿ​ទុក​ចិត្ត​ប៉ុន្មាន​ដែរ គឺ​រួមទាំង​តម្លៃ​នៃ​ការ​វិនិយោគ​នៅលើ​ទីផ្សារ ពីព្រោះ​ដោយ​ហេតុ​ផល​បណ្តាល​មក​ពី​ការអាក់ខាន​របស់​ម្ចាស់​គម្រោង​ផ្ទាល់​ នៅពេល​បច្ចុប្បន្ន នេះ​តែ​ម្តង។

​ប្រភព​អនាមិក​នោះ​បន្ត​ថា​ ៖ «វិនិយោគិន​ថ្មី ដែល​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ពួក​គេ​នឹង​មិន​ចូល​រួម​ជាមួយ​នឹង​គម្រោង​នេះ ឬ​ក៏​បង់ថ្លៃ​ផ្សេងៗ​ដែល​កំពុង​ជំពាក់​ជាប់​នៅ​ក្នុង​ទីផ្សារ​នោះទេ ហើយ​ពួក​គេ​ក៏​ស្ទាក់ស្ទើរ​ជាមួយ​នឹង​រចនាប័ទ្ម​របស់​សំណង់​នេះ​ផង​ដែរ។ ពួក​គេ​ក៏​គួរតែ​ស្វែងយល់​អំពី​គម្រោង​សំណង់​នេះ​ដោយ​សារ​វា​បាន​ចំណាយ​អស់​ ប្រាក់​ច្រើន​ទៀត​ផង​»​។

នៅ​ពេល​ដែល​វិនិយោគិន​ថ្មី​ណា​មួយ អាច​ពិចារណា​នឹង​ការ បង់​ថ្លៃ​លើ​ចំណាយ​ផ្សេងៗ​ដើម្បី ទទួល​បាន​ឱកាស​វិនិយោគ​បន្ត​លើ​គម្រោង​ដែល​បាន​ប្រឡាក់​ប្រឡូស​កេរ្តិ៍​ ឈ្មោះ​នេះ ពួក​គេ​ប្រហែល​ទំនង​ជា​គឺ​អ្នក​វិនិយោគ​ក្នុង​ស្រុក ព្រោះ​គេ​យល់​ដឹង​ថា ការចំណាយ​ថវិកា​វា​មិន​អាច​តិច​ជាងនេះ ​ចំពោះ​គម្រោង​ថ្មី​ណាមួយ ​ដោយ​​ចាប់​ផ្តើម​ពី​ការ​បុក​គ្រឹះ​ពី​ដំបូង​រហូត​បាន​ដូច​ជា​អគារ Gold Tower 42 នេះ​ទេ​។ ពួក​គេ​​គឺ​ជា​វិនិយោគិន​ក្នុងស្រុក ដែល​អាច​មាន​លទ្ធ​ភាព​ទ្រទ្រង់​ថវិកា​ចំណាយ​ដើម្បី​បញ្ចប់​គម្រោង​អភិវឌ្ឍ​ បែបនេះ​បាន ដោយ​គេ​យល់​ថា វា​មិន​ចាំបាច់​ចំណាយ​ពេល​វេលា​យូរ​តទៅ​ទៀត​ឡើយ ហើយ​គេ​ក៏​រំពឹងថា វា​នឹង​ផ្តល់​ចំណូល​ត្រឡប់​មក​វិញ​បាន​ឆាប់​រហ័ស​ដែរ​។

«​វា​គួរ​តែ​មាន​អ្នក​វិនិយោគ​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់​ដោយ​ផ្ទាល់ រួម​ទាំង​លំហូរ​ថវិកា​ពី​ធនាគារ​។ ដោយ​ពួកគេ​អាច​ចាប់​ផ្តើម​បន្ត​ការសាងសង់​ឆ្ពោះ​ទៅ​មុខ​បាន​ឆាប់​រហ័ស ដោយ​ពុំ​ចាំបាច់​រំពឹង​ពី​ការ​លក់​មុន ឬក៏​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដើម្បី​លក់​យូនីត​សម្រាប់​យក​មក​បញ្ចប់​គម្រោង​នោះទេ​។ វា​ប្រាកដ​ណាស់ ក្នុងការ​ប្រឈម​ជាមួយ​ការ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ក្នុងការ​អភិវឌ្ឍ តែ​វា​ក៏​ប្រាកដ​ក្នុង​ការ​ទទួល​បាន​​ប្រាក់​ចំណេញ និង​មាន​ហានិភ័យ​តិច​ដែរ​»។ នេះ​បើ​យោង​តាម​ប្រភព​អនាមិក​៕

 

ថ្ងៃទី២១ខែមេសាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment