Century 21 ចេញ​មុខ​ការពារ​ដំ

Century 21 ចេញ​មុខ​ការពារ​ដំណើរ​ការ​របស់​ខ្លួន

ក្រុម​ហ៊ុន Franchise ដ៏​ធំ​ខាង​ផ្នែក​អចលនទ្រព្យ​ក្នុង​ពិភពលោក Century 21 បាន​ដំណើរការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មាន​ពាក្យ​ចចាម​អារ៉ាម​ថា ក្រុមហ៊ុន​នេះ​មិន​បាន​លក់ Franchise អស់​ចំនួន​គ្រប់គ្រាន់​នោះ​ទេ​។

នាយក​ប្រតិបត្តិ​ដំបូង លោក Kevin Goos បាន​ចាក​ចេញពី​ក្រុមហ៊ុន​ក្នុង​ពេល​ថ្មីៗ​នេះ ដោយ​ប្រធាន Century 21 នៅ​ប្រទេស​កម្ពុជាលោក គុយ វ៉ាត ជា​អ្នក​បន្ត​តំណែង​ពី​លោក Kevin​។ លោក វ៉ាត បាន​ទទួល​ការ​សម្ភាស​ពី កាសែត ភ្នំពេញ ប៉ុស្តិ៍ អចលនទ្រព្យ នៅក្នុង​សប្តាហ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​ក្រុមហ៊ុន​របស់​លោក​។

តើ​លោក​បាន​ធ្វើ​អ្វី​ខ្លះ​មុន​ពេល​បាន​ចូល​មក​កាន់​ក្រុមហ៊ុន Century 21?

ខ្ញុំ​គឺជា​ស្ថានិក និង​ម្ចាស់​ក្រុម​ហ៊ុន​មួយ​ចំនួន ដែល​មាន​ដូចជា ក្រុម​ហ៊ុន​អចលនទ្រព្យ VTrust ក្រុមហ៊ុន VTrust Appraisal ភោជនីយដ្ឋាន Park Café និង​ក្រុមហ៊ុន Phnom Penh Security​។ ខ្ញុំ​ក៏​ជា​ប្រធាន​ក្លិប​វិនិយោគិន​នៅ​ប្រទេស​កម្ពុជា ហើយ​ជាពិសេស ខ្ញុំ​មាន​បទពិសោធ​នៅ ក្នុង​​វិស័យ​អចលនទ្រព្យ​អស់​រយៈ​ពេល​ជាង១០​ឆ្នាំជា​វិនិយោគិន ក៏​ដូចជា​អ្នកទិញ​។ ម្យ៉ាង​ទៀតខ្ញុំ​ក៏ជា​​ប្រធាន​នៅក្នុង​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា។​

តើ​ការ​ទិញ Franchise ពី​ក្រុមហ៊ុន Century 21 អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​អ្វីខ្លះ​?

ក្នុង​នាម​ជា​ក្រុមហ៊ុន​ដើម (Master franchisor) ជាមួយ​នឹង​ការ​គាំទ្រ​ពី​ការិយាល័យ​កណ្តាល គោលដៅ​របស់​ពួកយើង គឺ​បង្កើត​ទំនុក​ចិត្ត ភាព​ជា​អាជីព និង​ភាព​ទៀង​ត្រង់ ទៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា ដើម្បី​លើក​ស្ទួយ​កិច្ចសហការ​រវាង​អ្នក​ទិញ និង​វិនិយោគិន​ក្នុង​ស្រុក និង​អន្តរជាតិ​។

តើ​លោក​នឹង​ពាំនាំ​អ្វី​ថ្មី​ដល់ Century 21?

គោល​ដៅ​របស់​យើង គឺ​ដើម្បី​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ក៏​ដូច​ជា​ភ្នាក់ងារ​អចលនទ្រព្យ ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា បង្កើន​ការ​គោរព​តាម​គោលការណ៍​ក្រម​សីលធម៌ ដើម្បី​ផ្តល់​នូវ​ជំនឿ​ទុក​ចិត្ត និង​ភាពជា​អាជីព​រវាង​អ្នក​ទិញ និង​ភ្នាក់ងារ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ហើយ Century 21 ដែល​ជា​ក្រុមហ៊ុន មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភពលោក គឺ​មាន​​តួនាទី​ក្នុង​ការ​បំពេញ​លក្ខខណ្ឌ​ខាង​លើ​នេះ​។

តើ​ហេតុ​អ្វី​បាន​ជា​លោក​អគ្គនាយក​ប្រតិបត្តិ Kevin Goos ចាក​ចេញ​ពី Century 21?

លោក Kevin បាន​ចាក​ចេញ​ដោយ​សារ​មូលហេតុ​ផ្ទាល់​ខ្លួន ហើយ​ដើម្បី​បន្ត​ការងារ​ផ្ទាល់​ខ្លួន​របស់​លោក​។ ក្នុង​នាម​ជា​ប្រធាន​របស់ Century 21 Cambodia ខ្ញុំ​មាន​មោទនភាព និង​រីករាយ​ណាស់​ដែល​លោក​បាន​ចូលមក​រៀបចំ​ក្រុមហ៊ុន​នេះ​ឡើង ដោយ​បាន​​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​បាន​រីក​ចម្រើន​យ៉ាង​លឿន​នៅ​ក្នុង​ទីផ្សារ ​នេះ​។ ពួក​យើង​នៅ​តែ​ជា​មិត្តភក្តិ​នឹង​គ្នា​ទេ​។

តើ Century 21 មាន​ប្រសិទ្ធ​ភាព​ប៉ុណ្ណា នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា?

ប្រព័ន្ធ​ដ៏​សាមញ្ញ​របស់​ពួក​យើង ដែល​យើង​កំពុង​តែ​ប្រើប្រាស់​នេះ គឺ​ធ្វើ​ការ​សហការ​ជា​គ្រួសារ​ធំ​មួយ ដែល​ចែក​រំលែក​គោលដៅ និង​សេចក្តី​ប្រាថ្នា​រួម​។ ពួក​យើង​ធ្វើ​កិច្ច​សហការ​ភ្ជាប់​ជា​បណ្តាញ និង​ផ្សារ​ភ្ជាប់​ការិយាល័យ​ក្រុម​គ្រួសារ​របស់ Century 21 នៅ​ប្រទេស​កម្ពុជា​ទាំង​អស់ ហើយ​ធ្វើការ​រួមគ្នា​ដើម្បី​ការ​រីកចម្រើន​របស់​ទីផ្សារ​អចលន​ទ្រព្យ​របស់​ ប្រទេស​កម្ពុជា។

តើ​ក្រុមហ៊ុន​អចលនទ្រព្យ​របស់​សហ​រដ្ឋ​អាមេរិក​អាច​នឹង​មាន​ការ​ឆ្លើយតប​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ​?

ក្រុមហ៊ុន​ដើម​របស់ Century 21 គឺ​នៅ​សហរដ្ឋ​អាមេរិក​មែន ប៉ុន្តែ​ស្លាក​យីហោ​នេះ​បាន​សាយ​ភាយ​​ដល់​ទៅ ៧៨​ ប្រទេស នៅ​ជុំ​វិញ​ពិភពលោក ហើយ Century 21 នេះក៏​កំពុងតែ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏​ដូច​ជា​ទ្វីប​អាស៊ី​ផង​ដែរ​។ Century 21 នៅ​ប្រទេស​ជប៉ុន បាន​ដំណើរ​ការ​យ៉ាង​រលូន​អស់​រយៈ​ពេល ៣២​ឆ្នាំ​មក​ហើយ ដោយ​មាន​ការិយាល័យ​ចំនួន​ ៩០០ ហើយ​ការិយាល័យ​នៅ​ប្រទេស​ចិន គឺ​មាន​​ដល់​ទៅ​១០០០​ការិយាល័យ និង​ការិយាល័យ​ ២០០ នៅ​ហុងកុង ប្រទេស​ឥណ្ឌូនេស៊ី តៃវ៉ាន់ និង​ប្រទេស​សិង្ហបុរី​។ នៅ​ប្រទេស​កម្ពុជា ក្នុង​ខណៈ​ពេល​នេះ មាន​ម្ចាស់​អាជីវកម្ម​ជាច្រើន ដែល​មក​ពីក្រុមហ៊ុន​ដែលមាន​ទីតាំងដើម នៅ​ជាច្រើន​ប្រទេស ដូច​គ្នា​នេះ​ដែរ SME ក៏បាន​ទទួល​​ស្គាល់ និង​ធ្វើការ​ជា​មួយនឹង​ក្រុមហ៊ុន​របស់​យើង ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ផង​ដែរ។​

តើ​មាន​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា​ចំនួន​ប៉ុន្មាន ដែល​បាន​ទិញ​ស្លាក​យីហោ​ពីCentury 21?

ក្នុង​ខណៈ​ពេល​នេះ ពួក​យើង​មាន​ការិយាល័យ​ឯករាជ្យ​ចំនួន ១៤​នៅ​ទីក្រុង​ភ្នំពេញ​។ ចាប់​តាំង​ពី​ការ​បើក​ឲ្យ​មាន​ដំណើរការ​របស់​ក្រុមហ៊ុន Century 21 នៅ​ក្នុង​ ប្រទេស​កម្ពុជា​អស់​រយៈពេល​២​ឆ្នាំ​នេះ ពួក​យើង​បាន​សង្កេត​ឃើញ​អ្នក​វិនិ​យោគ​ជាច្រើន ដែល​បាន​ចូល​មកក្នុង​ទីផ្សារ​នេះ​ដោយ​ពួក​គេ​បាន​ឃើញ​ស្លាក​យីហោ​ធំ​របស់​ យើង ដែល​នាំ​មក​នូវ​កេរ្តិ៍​ឈ្មោះ​ល្អ​ដល់​ប្រទេស​កម្ពុជា​។

តើ​អ្នក​ទាំងអស់​គ្នា​គឺ​សុទ្ធ​តែ​រីករាយ​នឹង Century 21 មែន​ឬ​ទេ​?

មិន​មែន​គ្រប់ៗ​គ្នា គឺ​សុទ្ធ​តែ​រីក​រាយ​នោះ​ទេ​។ ប្រសិន​បើ​អ្នក​មាន​ស្លាក​យីហោ​មួយ អ្នក​នឹង​មាន​ឱកាស​ជោគជ័យ​ចំនួន ៥០ ទៅ ៧០​ភាគរយ​។ ប៉ុន្តែ​យើង​ផ្តល់​អនុ​ភាព​ទៅ​ដល់​ការ​ជួយ​គាំទ្រ​ការ​រីក​ចម្រើន​របស់​ ក្រុមហ៊ុន​ដែល​ស្ថិត​នៅ​ក្រោម​ស្លាក​យីហោ​របស់ Century 21​។​

តើ​លោក​មាន​ទំនុក​ចិត្ត​ថា ក្រុម​ហ៊ុន Century 21 នឹង​ទទួល​បាន​ជោគជ័យ​នៅ​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ​?

ពួក​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន Century 21 នៅ​ប្រទេស​កម្ពុជា​ នឹង​ទទួល​បាន​ជោគជ័យ ដូច​ទៅ​នឹង​ក្រុមហ៊ុន Century 21 នៅ​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដូច​ជា ប្រទេស​ជប៉ុន ប្រទេស​ចិន ហុងកុង ផង​ដែរ​។ ឥឡូវ​នេះ យើង​មាន​លោក Hideyuki Nagamatsu ដែល​ជា​ក្រុម​ការងារ​របស់​យើង ដោយ​លោក​បាន​ជួយ​ផ្តល់​ជា​ការ​គាំទ្រ​ផ្នែក​យុទ្ធសាស្ត្រ។ លោក​មាន​បទពិសោធ​រយៈ​ពេល ៣២​ឆ្នាំ ហើយ​ការិយាល័យ​របស់​លោក​រក​បាន​ប្រាក់​កម្រៃ (​កាំមីស្យុង​) ចំនួន​៣២​លាន​ដុល្លារ​។

តើ​លោក​គិត​ថា ប្រទេស​កម្ពុជា​អាច​នឹង​ជួប​ប្រទះ​ការ​លើស​នៃ​ចំនួន​ការ​ផ្គត់ផ្គង់​ប្រៀបធៀប​នឹង​តម្រូវ​ការ​ដែរ​ឬ​ទេ?

ខ្ញុំ​គិត​ថា ទីផ្សារ​ខុន​ដូ​នឹងមាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ក្នុង​ពេល​​អនាគត​នេះ ព្រោះ​វា​កំពុងតែ​រីកលូតលាស់​យ៉ាង​លឿន​។ ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ ឱកាស​ក្នុង​ការ​​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ​គឺ​ជា​រឿង​ល្អ​មួយ​។ តម្លៃ​នឹងត្រូវ​ធ្លាក់​ចុះ ប៉ុន្តែ​ក៏​នឹង​មាន​ឱកាស​ល្អ​ផ្សេងៗ​សម្រាប់​អ្នកទិញ​អន្តរជាតិ ក៏​ដូចជា​វិនិយោគិន​ក្នុង​ស្រុក​ផង​ដែរ​៕

ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៦

ប្រភពៈ ភ្នំពេញប៉ុសិ៏


Was This Post Helpful:

0 votes, 0 avg. rating

Leave a Comment